ប្រធានាធិបតីស្តីទីស្រីលង្កា ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន

បុគ្គលិក​សន្តិសុខ​ឈរ​យាម​នៅ​ខាង​ក្រៅ​អគារ​សភា​ ចំពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ ក្នុង​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២។ (REUTERS/Adnan Abidi)

យោងតាម​ការ​ជូនដំណឹង​មួយ​របស់​រដ្ឋាភិបាល​ស្រីលង្កា ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យម្សិល​មិញនេះ បានឱ្យដឹងថា ប្រធានាធិបតីស្តីទី លោក Ranil Wickremesinghe បានប្រកាសដាក់ប្រទេស​ក្នុង​គ្រា​អាសន្ន (State of emergency) ខណៈរដ្ឋបាលរបស់លោក ព្យាយាម​លុប​បំបាត់​ភាពចលាចល​ក្នុង​សង្គម និងដោះស្រាយវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលកំពុងតែកើតឡើងនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្តីជូនដំណឹង​នោះ​ បាន​បន្ថែមថា៖ «​វា​គឺជា​ការ​ចាំបាច់​ដែល​ត្រូវ​ធ្វើ [ដាក់ប្រទេសក្នុងគ្រាអាសន្ន] ដើម្បី​ផលប្រយោជន៍​​សន្តិសុខ​សាធារណៈ ការការពារ​សណ្តាប់ធ្នាប់​សាធារណៈ និង​ការរក្សាឱ្យបាននូវ​ការផ្គត់ផ្គង់ និង​សេវាកម្ម​ចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ​»​។

គួរបញ្ជាក់ថា លោកប្រធានាធិបតី ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បាន​ដាក់លិខិតលាលែងពីតំណែងជាប្រធានាធិបតីស្រីលង្កា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន​ ​បន្ទាប់​ពី​បានភៀសខ្លួនទៅកាន់ប្រទេសសិង្ហបុរី។

ទាក់ទិននឹងករណីនេះ សភារបស់ប្រទេសស្រីលង្កា កាលពីថ្ងៃសៅរ៍កន្លងទៅ ក៏បានជួបប្រជុំគ្នា ដើម្បីចាប់ផ្តើម​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ប្រទេស​ថ្មីមួយ ដែលក្នុងនោះ លោក Ranil Wickremesinghe ដែលរងនូវការរិះគន់ខ្លាំងពីពលរដ្ឋ ក៏ជាបេក្ខភាពកំពូលមួយរូបក្នុង​ការ​ប្រកួត​ប្រជែង​តំណែង​ជា​ប្រធានាធិបតីពេញ​សិទ្ធិ​ផង​ដែរ។

ប្រទេសស្រីលង្កា ក្នុងរយៈពេលចុងក្រោយនេះ បានទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយ ដែល​មិនធ្លាប់កើតមានពីមុនមក ខណៈទុន​បម្រុង​អន្តរជាតិ​របស់ប្រទេស ក៏ស្ថិតក្នុងកម្រិតទាបបំផុតផងដែរ ដែលបានបង្កឱ្យប្រទេសមួយនេះជួបប្រទះបញ្ហាកង្វះថវិកាធ្ងន់ធ្ងរ សម្រាប់ការនាំចូលអាហារ ឱសថ និងប្រេង​ឥន្ធនៈជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ