ពលរដ្ឋ​នៅ​ឧទ្យានអង្គរ​ត្រូវ​បាន​តម្រូវ​ឱ្យ​រុះរើ​សំណង់​គ្មាន​ការ​អនុញ្ញាត

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តនៅរមណីយដ្ឋានអង្គរវត្ត ខេត្តសៀមរាប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

អាជ្ញាធរជាតិអប្សរា បានប្រាប់ប្រជាពលរដ្ឋឱ្យរុះរើដំបូលផ្ទះបាយ ខ្ទម និងសំណង់បន្ថែមផ្សេងទៀតដែលពួកគាត់បានសាងសង់ដោយគ្មានការអនុញ្ញាតក្នុងតំបន់ឧទ្យានបុរាណអង្គរ ដែលអ្នកខ្លះមានពេលតែពីរថ្ងៃប៉ុណ្ណោះក្នុងការរុះរើឱ្យរួចរាល់។

មន្ត្រី​​នៃសមាគមការពារសិទ្ធិមនុស្សអាដហុក ទទួលបន្ទុកផ្នែកជម្លោះដីធ្លី លោក សួស ណារិន បាន​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រមាណ៣០០​នាក់ដែល​រស់នៅ​ចម្ងាយ៣-៤គីឡូម៉ែត្រ​ពី​ប្រាសាទ​អង្គរវត្ត ​រង​ផល​ប៉ះពាល់ពី​ការ​ជូនដំណឹង​របស់​អាជ្ញាធរ​អប្សរា។ លោកបានលើកឡើងថា មិនចាំបាច់ចាត់វិធានការតឹងរ៉ឹងចំពោះប្រជាពលរដ្ឋដែលរស់នៅឆ្ងាយល្មមពីប្រាសាទឡើយ។

អ្នកស្រី អ៊ឹង ចាន់លី អាយុ៥២ឆ្នាំ ជា​អ្នក​លក់​ឧស បាន​និយាយ​ថា ដំបូង​ឡើយ គេតម្រូវ​ឱ្យអ្នកស្រី​រុះរើចេញត្រឹម​ថ្ងៃ​ទី១៤ ខែ​កក្កដា នូវសំណង់​តូចៗ​មួយចំនួននៅ​លើ​ដី​របស់​អ្នកស្រី។ អ្នកស្រីបានបន្ថែមទៀតថា រហូតដល់ផុតកំណត់នៃរយៈពេលដែលអាជ្ញាធរបានកំណត់ អ្នកស្រីមិនបានរុះរើចេញឡើយ ហើយឥឡូវនេះ ឆ្មាំអង្គរបានស្នើឱ្យមន្ត្រីមករុះរើសំណង់គ្មានការអនុញ្ញាតនៅថ្ងៃពុធនេះ រួមទាំងកន្លែងស្នាក់នៅរបស់កូនអ្នកស្រីផងដែរ។

អ្នកស្រី ចាន់លី បាន​ថ្លែង​ថា៖ «​ខ្ញុំ​មិន​បាន​សង់​នៅ​លើចំណីផ្លូវ​ទេ។ ខ្ញុំសង់​លើ​ដី​​ផ្ទាល់​ខ្លួនតែ​ប៉ុណ្ណោះ​»។

អ្នកស្រី​បន្ថែមទៀត​ថា អ្នកស្រីមាន​ប្លង់​ទន់​សម្គាល់​ដី​នេះ​តាំង​ពី​ឆ្នាំ២០១៥មកម៉្លេះ។

អ្នកស្រី គង់ ចាន់នី អាយុ៤២ឆ្នាំ បាន​និយាយ​ថា អ្នកស្រីទទួលដំណឹង​ឱ្យរុះរើសំណង់ដែលអ្នកស្រីសង់បន្ថែម​ប្រវែង៣ម៉ែត្រ​ រួមទាំងផ្ទះបាយ កាលពីថ្ងៃទី២៧ ខែមិថុនា។ ទោះជាយ៉ាងណា អ្នកស្រីបាននិយាយថា អ្នកស្រីបានចរចាជាមួយអាជ្ញាធរ ដើម្បីរក្សាទុកសំណង់នោះ។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល មានប្រសាសន៍ថា ប្រជាពលរដ្ឋប្រមាណ ៦០% បានយល់ព្រមចំពោះគម្រោងរុះរើសំណង់គ្មានការអនុញ្ញាត ហើយប្រជាពលរដ្ឋប្រមាណ ២០% មិនយល់ព្រម។ លោកបន្ថែម​ថា លោកមិន​ប្រាកដ​អំពីប្រជាពលរដ្ឋ ២០% ទៀតឡើយ។

លោកបន្តទៀតថា៖ «យើងកំពុងសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរុះរើសំណង់ទាំង​នោះ។ យើងមិនមែនតម្រូវឱ្យរុះរើសំណង់អគារ​ធំៗ​ឡើយ គឺតម្រូវឱ្យរុះរើតែតូបតូចៗ​ដែល​មិន​មាន​ការ​អនុញ្ញាតប៉ុណ្ណោះ»។

លោក​បន្ថែមទៀតថា សំណង់​គ្មាន​ការអនុញ្ញាតឱ្យសាងសង់​នឹង​ប៉ះពាល់​ដល់​បរិស្ថាន​ប្រាសាទ លុះត្រា​តែ​អាជ្ញាធរ​ចាត់​វិធានការ ប៉ុន្តែ​លោក​មិន​បានបញ្ជាក់​ថាតើ​មាន​ពេល​កំណត់សម្រាប់ប្រជា​​ពលរដ្ឋ​ឱ្យ​រុះរើ​សំណង់​ទាំងនោះ​ដោយស្ម័គ្រចិត្តឡើយ ដែលបន្ទាប់​ពីផុតកំណត់នៃរយៈពេលដែលបានកំណត់​នោះ​ អាជ្ញាធរ​នឹង​ចាត់​វិធានការ​ដោយ​បង្ខំ។

លោកបន្តថា៖ «សំណង់ទាំងនោះប៉ះពាល់បរិស្ថានរមណីយដ្ឋាននេះ។ យើងត្រូវ​បង្ការទុកជាមុន។ ប្រសិនបើយើងមិនបញ្ឈប់ទេ ពួកគាត់នឹងសាងសង់បន្ថែមកាន់តែច្រើនឡើង»៕


បកប្រែនិងសម្រួលដោយលោក លី សេងហន ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Angkor Park Residents Told to Remove Unapproved Constructions

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ