មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា មនុស្សចំនួន២៥នាក់ត្រូវបានឃុំខ្លួន និង១៩នាក់ទៀតត្រូវបានតុលាការចេញដីកាកោះហៅ ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសនេសាទនៅបឹងទន្លេសាប ខណៈសំណុំរឿង៥០ករណីទៀតត្រូវបានបញ្ជូនទៅតុលាការ។
ការបញ្ជាក់នេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ។
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម លោក ពុំ សុថា មានប្រសាសន៍នៅក្នុងសន្និសីទនោះថា ការចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបរហូតមកដល់ពេលនេះ គឺសមត្ថកិច្ចបង្ក្រាបបានឧបករណ៍ឆក់ត្រជាក់ និងឆក់ក្ដៅ ១ ២៨៨គ្រឿង, ឧបករណ៍អួនទឹកសាប ៤០វង់, ម៉ាញ់ ១៤វង់, ឈិបយន្ត ២១គ្រឿង, អួនហ៊ុម ១៩វង់, ស្បៃមុង ឬសាច់អួន ២៣៦ ៣២៩ម៉ែត្រ, លបសាច់ជាស្បៃមុង ២ ២៦១មាត់, បង្គោល ជិត១៥ម៉ឺនដើម, កាណូត ១០៥គ្រឿង និងម៉ាស៊ីនកាណូត ៧៧គ្រឿង ព្រមទាំងបានបញ្ជូនសំណុំរឿងទៅតុលាការចំនួន៥០ករណី ខណៈមនុស្ស២៥នាក់ត្រូវបានឃុំខ្លួន និងចេញដីកាកោះហៅ១៩នាក់។

លោកអះអាងថា បទល្មើសនេសាទនៅបឹងទន្លេសាបជាលក្ខណៈទ្រង់ទ្រាយធំលែងមានទៀតហើយ គឺនៅតែបទល្មើសតូចៗប៉ុណ្ណោះ។
លោកបន្ថែមថា៖ «បទល្មើសដែលសំខាន់ឥលូវនេះនៅសល់តែបទល្មើសឆក់ក្ដៅទេ យើងពិបាកបង្ក្រាបដែរ ព្រោះឧបករណ៍នេះជាឧបករណ៍ចល័ត ប៉ុន្តែសម្រាប់ឧបករណ៍ឆក់ត្រជាក់ ឧបករណ៍អួនធំៗនៅក្នុងបឹងទន្លេសាប យើងបង្ក្រាបបានស្ទើរតែទាំងស្រុង ហើយបច្ចុប្បន្ននេះនៅសល់តែរបាំង។ របាំងនេះ ប្រជានេសាទយើងបានប្រើជាទូទៅ ប៉ុន្តែអ្នកខ្លះគាត់ប្រើខុសទំហំក្រឡានិងប្រវែង ហើយអ្នកល្មើសធំៗហ្នឹងយើងបានបង្ក្រាបជាប្រចាំរាល់ថ្ងៃ»។
ប្រធានរដ្ឋបាលជលផល លោក ពុំ សុថា បានឱ្យដឹងទៀតថា ក្រោយមានការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅបឹងទន្លេសាបជាបន្តបន្ទាប់រួចមក ប្រជានេសាទបានស្នើសុំប្រើប្រាស់សាច់អួនធ្វើជារបាំងក្នុងទំហំ១សង់ទីម៉ែត្រកន្លះ និងប្រវែង៣០០ម៉ែត្រ ប៉ុន្តែក្រសួងកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធមិនព្រមឡើយ ខណៈទឹកក្នុងដែននេសាទកាន់តែរួមតូច ដោយសារបម្រែបម្រួលអាកាសធាតុ និងប្រភេទត្រីមួយកំពុងប្រឈមផុតពូជ។
អ្នកនេសាទរស់នៅខេត្តកំពង់ឆ្នាំង លោក នួន គក់ ដែលទៅរកត្រីនៅតំបន់បឹងទន្លេសាបនៅជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ បានសាទរចំពោះរដ្ឋាភិបាលដែលបានបង្ក្រាប និងមានចំណាត់ការលើជនល្មើស ប៉ុន្តែបច្ចុប្បន្នលោកនៅតែឃើញបទល្មើសឆក់ត្រីទ្រង់ទ្រាយតូចៗកើតមានស្ទើររាល់យប់ និងឆក់ត្រជាក់បានកើតឡើងម្ដងម្កាលនៅពេលយប់។
លោកបន្ថែមថា៖ «យប់ឡើង ពួកវាដើរឆក់ពេញហ្នឹង អាឧបករណ៍ឆក់តូចៗ! ហើយអាឆក់ត្រជាក់ហ្នឹងក៏នៅតែមាន! ប៉ុន្តែវាចូលមកឆក់មួយភ្លែតៗ វាចេញទៅវិញហើយ មិននៅយូរដូចពីមុនទេ»។
ប្រជាសហគមន៍នេសាទនៅខេត្តបាត់ដំបង លោក ជា សារិន បានលើកឡើងថា បទល្មើសនេសាទគ្រប់ប្រភេទក្នុងលក្ខណៈទ្រង់ទ្រាយធំនៅបឹងទន្លេសាបក្នុងខេត្តនេះលែងមានទៀតហើយ ក្រោយរដ្ឋាភិបាលដាក់ចេញវិធានការក្ដៅដើម្បីបង្ក្រាប ប៉ុន្តែបទល្មើសទ្រង់ទ្រាយតូចៗនៅតែបន្តកើតមាន។
លោកបន្ថែមថា៖ «បទល្មើសដាក់ស្បៃមុង១០ទៅ២០ម៉ែត្រ ដើម្បីយកត្រីស៊ី អាហ្នឹងនៅមាន! ប៉ុន្តែវាខុសក្រឡាដែរ ព្រោះច្បាប់គេឱ្យប្រើក្រឡា ៣ហ៊ុន តែគាត់ប្រើក្រឡាល្អិត អ៊ីចឹងវាខុសដែរ»។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅកងទ័ពនិងកងកម្លាំងនគរបាលប្រើប្រាស់ឧទ្ធម្ភាគចក្របាញ់ពីលើអាកាស ដើម្បីបង្ក្រាបបទល្មើសនេសាទ ប្រសិនបើជនទុច្ចរិតតដៃ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្តីបន្ទោសទៅមន្ត្រីពាក់ព័ន្ធថាបង្ក្រាបបានតែបទល្មើសនេសាទតូចៗ ខណៈបទល្មើសធំៗដែលប្រព្រឹត្តដោយអ្នកមានលុយបានអំណាចមិនត្រូវបានបង្ក្រាបឡើយ។
លោកបន្ថែមថា៖ «ពួកហ្នឹងពួកចល័តរហ័ស ហើយពួកហ្នឹងមិនមែនអ្នកក្រទេណា! អស់លោកចាប់បានកន្លងទៅ ថាបទល្មើសនេសាទបង្ក្រាបបានប៉ុណ្ណេះៗ ចាប់បានតែអ្នកចែវទូកទេ ឬអ្នកប្រើប្រាស់ម៉ាស៊ីនតូចៗទេ តែអាធុនធំ អស់លោកចាប់អត់បានទេ។ វាមានអីនៅពីក្រោយខ្នងដែលចាប់មិនបាន វាមកពីមន្ត្រីយើងស៊ីសំណូកគេឬយ៉ាងម៉េច និយាយចំៗ ដោះស្រាយបញ្ហាហ្នឹងមើល៍»។
អាជ្ញាធរខេត្តជាប់បឹងទន្លេសាប បានចាប់ផ្ដើមធ្វើយុទ្ធនាការចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ក្រោយមានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រោយពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច រកឃើញបទល្មើសនេសាទជារបាំងស្បៃមុងក្រឡាល្អិតរាប់គីឡូដីដែលគេដាក់ស្កាត់ចាប់ត្រី និងបទល្មើសឆក់ត្រីដោយប្រើប្រាស់ឧបករណ៍ទំនើបក្នុងទ្រង់ទ្រាយធំនៅបឹងទន្លេសាប កាលពីអំឡុងខែឧសភា ឆ្នាំ២០២២នេះ។
មាត្រា៩៨ នៃច្បាប់ជលផល បានចែងថា ត្រូវផ្ដទ្ទាទោសដាក់ពន្ធនាគារពី៣ទៅ៥ឆ្នាំ ចំពោះជនទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើសដោយប្រើឧបករណ៍ឆក់ និងស្បៃមុងគ្រប់ប្រភេទខុសពីច្បាប់កំណត់ ខណៈមាត្រា១០១នៃច្បាប់នេះបានកំណត់ថា ត្រូវផ្ដទ្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ៥លានរៀល ចំពោះជនទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើស ដោយប្រើមង ឬអួនគ្រប់ប្រភេទ ដែលមានក្រឡាតូចជាង១សង់ទីម៉ែត្រ ក្នុងដែនទឹកសាប។
ចំណែកមាត្រា១០២នៃច្បាប់ដដែលនេះ ចែងថា ប្រសិនបើសកម្មភាពបទល្មើសនោះប្រព្រឹត្តឡើងដោយមន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាល និងមន្ត្រីអាជ្ញាធរផ្សេងទៀត ដោយបានអន្តរាគមន៍ដោយផ្ទាល់ឬប្រយោល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀលទៅ៥០លានរៀល៕