តុលាការ​បើក​សវនាការ​ជំនុំជម្រះ​ជនជាតិចិន​៩នាក់​ពី​បទ​ជួញដូរ​គ្រឿងញៀន​ទៅ​អូស្ត្រាលី

គ្រឿងញៀ ដែលរឹបអូសបាន កាលពីពេលកន្លងទៅ។ រូបភាព៖ ហ៊ី ឆាយ

បុរសជនជាតិចិន៩នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះកាលពីថ្ងៃចន្ទ ទី១៨ ខែកក្កដា ពីបទជួញដូរគ្រឿងញៀនឆ្លងដែនទៅកាន់ប្រទេសអូស្ត្រាលី (Australia) និងនូវែលសេឡង់ (New Zealand)។

ចៅក្រម ញឹម ពិសាល ​បាន​ប្រាប់​តុលាការ​ថា បុរស​ទាំង​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​មុន​ នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​មាន​ការ​សម្របសម្រួល​រវាង​នគរបាល​កម្ពុជា និងនគរបាលចិន។

យោង​តាម​តុលាការ មនុស្ស​ជា​ច្រើន​នាក់​ទៀត​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រទេស​ចិន​ ក្នុង​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​ផង​ដែរ។

លោកបន្តថា​ ការឆ្មក់ចូលចាប់ខ្លួនត្រូវបានធ្វើឡើងនៅទីតាំងពីរផ្សេងគ្នា ក្នុងបុរី «ប៉េងហួតបឹងស្នោ» ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ និងនៅភោជនីយដ្ឋានមួយកន្លែងក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។ ជនសង្ស័យជាជនជាតិចិនទាំងនោះ រួមមាន ឈ្មោះ លូ វៃឆេង (Liu Wei Cheng), ឆេង ហ្ស៊ីឃ័ន (Chen Zhiquan), វ៉ាង លី (Wang Lei), ស៊ុន លាង (Sun Liang), ហ័ងរូមីង (Huang Rui Ming), ស៊ុនហៃតៅ (Sun Hai Tao), លីយីណាំ (Li Yi Nam), វ៉ាងយូ (Wang Yue) និង ហ៊្សូហ្សៅហ្វី (Zhu Xiao Fei)។ 

លោកបន្ថែមថា បុរសទាំងនោះបានវេចខ្ចប់គ្រឿងញៀនដាក់ក្នុងបំពង់ដែករាងបួនជ្រុងទ្រវែង ហើយគ្រោងនឹងនាំចេញទៅកាន់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់។

សមត្ថកិច្ចបានរឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន៣៤៧,៤គីឡូក្រាម ព្រមទាំងជញ្ជីងចំនួន២ និងឧបករណ៍ផ្សេងទៀតដែលប្រើប្រាស់សម្រាប់វេចខ្ចប់គ្រឿងញៀនផងដែរ។ អ្នក​ទាំង​៩​នាក់នោះ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ «​ជួញ​ដូរ​គ្រឿង​ញៀន និង​ការសម្អាតប្រាក់»។

ជនជាប់ចោទ៦នាក់ក្នុងចំណោមជនជាប់ចោទទាំង៩នាក់ ត្រូវបានសាកសួរនៅក្នុងសវនាការពេលព្រឹក ដោយពួកគេភាគច្រើនបដិសេធថាមិនស្គាល់គ្នា ឬមិនដឹងអ្វីឡើយអំពីគ្រឿងញៀននោះ។

វ៉ាងលី (Wang Lei) ដែល​ត្រូវ​បាន​សាកសួរ​ដំបូងគេ​ បាន​ស្នើ​សុំ​មេធាវី​ម្នាក់ទៀតបន្ថែមពី​លើ​មេធាវី​ដែល​បាន​ចាត់តាំង​ដោយ​តុលាការ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​បដិសេធ​ ព្រោះ​វា​មាន​រយៈពេល​ជាច្រើន​ខែមក​ហើយ​ ចាប់តាំងពី​សំណុំរឿងនេះ​ត្រូវ​បាន​យកមកជំនុំជម្រះ។

លោក វ៉ាងលី បានប្រាប់តុលាការថា លោកបានមកដល់ប្រទេសកម្ពុជា កាលពីខែវិច្ឆិកាឆ្នាំមុន ហើយបានចូលរួមក្នុងការវេចខ្ចប់គ្រឿងញៀនតែម្តងប៉ុណ្ណោះ ក្រោយពីគេសន្យាថានឹងផ្តល់ប្រាក់ឱ្យលោកចំនួន១០ ០០០ដុល្លារសម្រាប់ការងារនេះ។ លោក​ក៏​បាន​សារភាព​ថា កន្លង​មក ​លោកធ្លាប់​បរិភោគអាហារជាមួយ​ជន​ជាប់​ចោទ​ម្នាក់​ទៀត។

ទោះជាយ៉ាងណា​ លោកបានបដិសេធថា លោកមិនដឹងអំពីការវេចខ្ចប់គ្រឿងញៀននោះឡើយ។

ជនជាប់ចោទម្នាក់ទៀតឈ្មោះ វ៉ាងយូ (Wang Yue) បានធ្វើសក្ខីកម្មដោយបញ្ជាក់ថា លោកក៏ទទួលបានប្រាក់ចំនួន១០ ០០០ដុល្លារ ប៉ុន្តែមិនបានដឹងអំពីការវេចខ្ចប់គ្រឿងញៀនទេ។

ទន្ទឹមនឹងនោះ លោក ឆេង ហ្ស៊ីឃ័ន (Chen Zhiquan) បាននិយាយថា លោកគ្រាន់តែជាបុគ្គលិកអនាម័យតែប៉ុណ្ណោះ ហើយលោកមិនដឹងអ្វីឡើយអំពីការជួញដូរគ្រឿងញៀន។ លោកក៏មិនបានជួយក្នុងការដឹកជញ្ជូន ឬវេចខ្ចប់គ្រឿងញៀនដែរ។ លោក​បាន​នៅ​ក្នុងប្រទេស​កម្ពុជា​តែ​១០​ថ្ងៃ​ប៉ុណ្ណោះ​ មុន​ពេល​ចាប់​ខ្លួន​ ក្រោយពីគេ​សន្យាជាមួយលោកថានឹងផ្តល់ប្រាក់​​ចន្លោះ​ពី២ ០០០ ទៅ២ ៥០០ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ការងារនោះ។

យ៉ាងណាមិញ ចៅក្រម​ប្រឹក្សា​ម្នាក់​បាន​កត់​សម្គាល់​ថា ជាធម្មតា បុគ្គលិកអនាម័យម្នាក់នៅ
​កម្ពុជា​ទទួល​បានប្រាក់ខែ​ច្រើន​បំផុត២០០ដុល្លារ​ក្នុង​មួយ​ខែ៕


បកប្រែនិងសម្រួលដោយលោក លី សេងហន ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Nine Chinese Stand Trial for Drug Trafficking to Australia

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ