យុវជន​ចលនា​មាតាធម្មជាតិ​៣នាក់​នឹង​ចូលបំភ្លឺ​នៅ​តុលាការកំពូល ពាក់ព័ន្ធ​សំណុំរឿង​«ញុះញង់»

កញ្ញា ឡុង គន្ធា – លោក ថុន រដ្ឋា – កញ្ញា ភួន កែវរស្មី សកម្មជនមាតាធម្មជាតិ។ (ហ្វេសប៊ុកសកម្មជន និង មាតាធម្មជាតិ)

យុវជនចលនាមាតាធម្មជាតិ ៣នាក់ អះអាងថា ពួកគេនឹងចូលខ្លួនបំភ្លឺនៅតុលាការកំពូលតាមការកោះហៅ ពាក់ព័ន្ធនឹងបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ ដល់ឆ្នាំ២០២០។

ការអះអាងនេះក្រោយពីអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល បានចេញដីកា៣ដាច់ដោយឡែកពីគ្នា កាលពីខែមិថុនា ឆ្នាំ២០២២ ដោយកោះហៅលោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ក្នុងនាមជនជាប់ចោទ និងជាអ្នកប្ដឹងសាទុក្ខ ​ឱ្យចូលរួមសវនាការនៅព្រឹកថ្ងៃទី២២ ខែកក្កដា ក្នុងសំណុំរឿង «ញុះញង់»។

សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា មានប្រសាសន៍ថា គាត់និងសកម្មជនបរិស្ថាន២នាក់ទៀត រួមមាន កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា នឹងចូលរួមសវនាការនៅតុលាការកំពូល វេលាម៉ោង៨ព្រឹក ពាក់ព័ន្ធនឹងបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

លោក ថុន រដ្ឋា បញ្ជាក់ថា ដើមចមដែលគាត់និងសកម្មជន២នាក់ទៀតចូលសវនាការតាមដីកាកោះរបស់តុលាការកំពូលនោះ ដោយសារតែកន្លងមកពួកគេបានប្តឹងសាទុក្ខទៅតុលាការជាន់ខ្ពស់មួយនេះ ដោយមិនសុខចិត្តនឹងការសម្រេចរបស់សាលាឧទ្ធរណ៍កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយតម្កល់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។

ប្រភពបន្តថា ពួកគាត់ទាំង៣នាក់នឹងចូលទៅបំភ្លឺតាមដីកាកោះ ពីព្រោះពួកគេមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

លោកមានប្រសាសន៍ថា៖ «យើងស្នើឱ្យតុលាការកំពូលផ្ដល់យុត្តិធម៌មកកាន់ពួកយើង ដោយសារតែពួកយើងជាជនដែលស្អាតស្អំ ជាអ្នកដែលគួរតែត្រូវបានលើកទឹកចិត្ត មិនមែនត្រូវបានចោទប្រកាន់តាមផ្លូវតុលាការ រហូតដល់ចោទប្រកាន់បទ “ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម” ទេ។ ដោយសារសកម្មភាពពួកយើងជាសកម្មភាពដែលគួរតែត្រូវបានលើកទឹកចិត្ត ជាការរួមចំណែកសំខាន់ក្នុងការចូលរួមកិច្ចការងារទៅលើធនធានធម្មជាតិដែលមានច្បាប់បានចែង»។

សកម្មជនចលនាមាតាធម្មជាតិម្នាក់ទៀត កញ្ញា ភួន កែវរស្មី និយាយថា គាត់នឹងសកម្មជន២នាក់ផ្សេងទៀតនឹងចូលបំភ្លឺនៅតុលាការជាន់ខ្ពស់ ដោយមិនបារម្ភពីការចាប់ខ្លួនដាក់ពន្ធនាគារជាថ្មីនោះទេ ពីព្រោះពួកគាត់មិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

កញ្ញាចាត់ទុកការចោទប្រកាន់និងចាប់ឃុំខ្លួនពួកគាត់កន្លងមកថា ជាការបំបាក់ស្មារតីអ្នកការពារបរិស្ថាននិងធនធានធម្មជាតិតែប៉ុណ្ណោះ។

កញ្ញាចាត់ទុកថា៖ «ពួកយើងមានគោលជំហរច្បាស់លាស់ ហើយនៅតែប្រកាន់ថាពួកយើងធ្វើសកម្មភាពដើម្បីការពារធនធានធម្មជាតិ។ អ៊ីចឹង ទាក់ទងនឹងការចោទប្រកាន់ទាំងអស់ហ្នឹង គឺពួកយើងយល់ថា គ្រាន់តែជាការចោទប្រកាន់ខុសទំនង គ្រាន់តែចោទប្រកាន់បំបាក់ស្មារតីពួកយើងជាយុវជនកំពុងធ្វើការការពារធនធានធម្មជាតិទាំងអស់ហ្នឹង។ វាពុំមែនជាការចោទប្រកាន់ដោយផ្អែកលើភស្តុតាងត្រឹមត្រូវជាក់លាក់ណាមួយឡើយ»។     

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង មានប្រសាសន៍ថា តុលាការកំពូលត្រូវ​វិនិច្ឆយតាមនីតិវិធីច្បាប់ ដោយឈរលើគោលការណ៍ឯករាជ្យ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ពីព្រោះក្រុមយុវជនទាំងនោះគ្រាន់តែការពារធនធានធម្មជាតិ ទុកជាប្រយោជន៍ជាតិទាំងអស់គ្នាតែប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា៖ «យុវជននិងសកម្មជនបរិស្ថានទាំងអស់នេះពិតជាបានចូលរួមការពារធនធានធម្មជាតិ ជាសកម្មភាពដ៏មានប្រសិទ្ធភាព ហើយសកម្មភាពពួកគេមិនមានបទពិរុទ្ធអ្វីនោះទេ។ ដូច្នេះ តុលាការកំពូលគួរតែបញ្ជាក់ឬចេញសាលដីកាឱ្យសាលាដំបូងឬក៏សាលាឧទ្ធរណ៍ ជាពិសេសតុលាការដែលជំនុំជម្រះសំណុំរឿងញុះញង់នេះ គួរតែពិនិត្យឡើងវិញទៅលើនីតិវិធីដែលខ្លួនបានជំនុំជម្រះកន្លងមក ដើម្បីពិនិត្យ ហើយផ្តល់យុត្តិធម៌ជុំវិញសំណុំរឿងញុះញង់នេះ»។

សកម្មជនមាតាធម្មជាតិទាំង៣នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ​និងតុលាការកាត់ទោសជាប់ពន្ធនាគារជាង១ឆ្នាំ ​ក្រោមបទប្រកាន់ «​ញុះញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ អ្នកទាំង៣ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់លើពួកគេមួយករណីទៀត គឺបទ «រួមគំនិតក្បត់»

ការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ដែលជាបទល្មើសមួយផ្សេងទៀតនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចចាប់ឃុំខ្លួនយុវជនបរិស្ថានចលនាមាតាធម្មជាតិ ៣រូបផ្សេងទៀត ក្នុងនោះមាន កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុធ ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ» ហើយពួកគេត្រូវបានតុលាការ​ឃុំនៅពន្ធនាគារអស់រយៈពេល៥ខែ។

សកម្មជនបរិស្ថានទាំង៦នាក់នោះត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ ការដោះលែងពេលនោះ គឺអ្នកខ្លះបានអនុវត្តទោសចប់តាមការកំណត់របស់តុលាការ ហើយអ្នកខ្លះទៀតត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយទោសនៅសល់ត្រូវព្យួរសាកល្បងប៉ុណ្ណោះ។

ក្រោយដោះលែងពួកគេពីពន្ធនាគារមិនបានប៉ុន្មានថ្ងៃផង សកម្មជនចលនាមាតាធម្មជាតិ​កម្ពុជាទទួលបានពានរង្វាន់ជួរមុខលើសកម្មភាពការពារបរិស្ថានប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០២១។

​ពានរង្វាន់ដែលសកម្មជនចលនាមាតាធម្មជាតិទទួលបានពី​ អង្គការ​អន្តរជាតិ​ហ្រ្វាន់ឡាញ​​ឌីហ្វិឌឺ (Frontline​ ​Defenders) កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ​ចំពោះ​ភាព​ក្លាហាន​និង​ការ​ហ៊ាន​ប្រថុយ​គ្រោះថ្នាក់​ ​ដើម្បី​ការពារ​បរិស្ថាន​​និង​ធនធានធម្មជាតិ​នៅប្រទេស​កម្ពុជា​៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ