សហគមន៍​ជំរុញ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឱ្យ​តម្លាភាព ក្រោយ​រកឃើញ​បទល្មើស​នៅ​ព្រៃព្រះរការ​ជិត​៣០០ករណី​បន្ថែម​ទៀត

រូបភាពថតពីលើអាកាសនៅតំបន់អភិរក្សព្រៃព្រះរការ អំឡុងថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ)

សហគមន៍ជនជាតិដើមភាគតិចកួយនៅខេត្តព្រះវិហារ ជំរុញទៅអាជ្ញាធរពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ឱ្យ​មាន​តម្លាភាព​ទៅ​លើ​ក្រុមជនល្មើស និងឈ្មួញ ដែលគប់គិតគ្នាកាប់បំផ្លាញព្រៃឈើតំបន់អភិរក្ស ​ស្របពេល​ពួកគាត់រក​ឃើញបទល្មើសនៅ «តំបន់ព្រៃព្រះរការ» កើតមានជិត៣០០ករណីបន្ថែមទៀត។ ​

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែង​មានជ័យ​ ខេត្តព្រះវិហារ ស្ដីពីការរកឃើញបទល្មើសព្រៃឈើ បានឱ្យដឹងកាលពីម្សិលមិញថា ប្រជាសហគមន៍​បានប្រទះឃើញនូវបទល្មើសកាប់បំផ្លាញព្រៃឈើចំនួន២៦០ករណី និង៣៦៧ក្ដារបន្ទះ អំឡុងពួកគេ​ចុះល្បាតក្នុងតំបន់ព្រៃព្រះរការ ៣ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី១៥​ ដល់ថ្ងៃទី១៧ ខែកក្កដា​​។

វត្ថុតាងដែលប្រជាសហគមន៍ប្រមូលបាននៅដែនជម្រកសត្វព្រៃព្រះរការនោះ រួមមាន ដែកឆាបចំនួន១២ដើម ប្រេងម៉ាស៊ូត សាំង និងឈើដែលត្រូវរងការកាប់​បំផ្លាញមានមុខ​កាត់​ចាប់​ពី៣០សង់ទីម៉ែត្រ ដល់១៥០សង់ទីម៉ែត្រ ដែលជាប្រភេទឈើគគីរ ពពេល ផ្ដៀក កកោះ និងឈើទាល ឬជាឈើ​ដែល​សហគមន៍​ទាញ​អនុផលជ័រច្បោះ។

សេចក្ដីប្រកាសដដែលបញ្ជាក់ថា ការកើនឡើងនូវបទល្មើសព្រៃឈើជារៀងរាល់ថ្ងៃនេះ បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញពីកង្វះសមត្ថភាព និងឆន្ទៈក្នុងការការពារព្រៃឈើ ធនធានធម្មជាតិ ពីសំណាក់​ក្រសួង​បរិស្ថាន ​និង​អាជ្ញាធរពាក់ព័ន្ធ ដែលវាបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបរបរដងជ័រច្បោះ ក៏ដូចជាបរិស្ថាន និងទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិចកួយ ជាដើម។

ករណីនេះ សហគមន៍ជនជាតិដើមភាគតិចកួយនៅខេត្តព្រះវិហារ ជំរុញទៅអាជ្ញាធរមូលដ្ឋាន និងក្រសួង​បរិស្ថាន​ ពង្រឹងការអនុវត្តច្បាប់ឱ្យមានតម្លាភាពទៅលើជនល្មើស និងឈ្មួញ ដែល​គប់គិតគ្នាកាប់បំផ្លាញព្រៃឈើ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាសហគមន៍ ដើម្បីទប់ស្កាត់​បទល្មើស​ព្រៃឈើឱ្យមានប្រសិទ្ធភាពខ្ពស់ ។

សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ពង្រឹងការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការ​ទទួល​ខុសត្រូវ។ បង្កើតយន្តការតាមដាន​ការអនុវត្តច្បាប់​របស់​មន្ត្រី​មូលដ្ឋាន និងដាក់ទោសទណ្ឌបើសិន​រកឃើញថាជាប់ពាក់ព័ន្ធ​នឹងការស៊ី​សំណូក​ជាមួយឈ្មួញខិលខូច»។

ប្រភពដដែលក៏អំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការរារាំងសិទ្ធិសេរីភាពក្នុងការចូលរួមចំណែក​ការពារ​ព្រៃឈើ ធនធានធម្មជាតិរបស់ប្រជាពលរដ្ឋមូលដ្ឋាន ជនជាតិដើមភាគតិច និងសាធារណជន ​ដូចមាន​ចែង​ក្នុងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ មាត្រា២១ និង២៩ និងរដ្ឋធម្មនុញ្ញ មាត្រា៣៥។ លើសពីនេះ ​បើកទូលាយនិងបង្កបរិយាកាសល្អដល់​អង្គការសង្គមស៊ីវិល​ សាធារណជន សហគមន៍មូលដ្ឋាន ក្នុងការរួមចំណែក​ធ្វើ​សកម្មភាពដើម្បីការពារ ថែរក្សា និងអភិរក្សព្រៃឈើ ធនធានធម្មជាតិ ដែលជាសម្បត្តិរួម​។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្រ្តា បានទេ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញនេះ។

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគម​បណ្ដាញយុវជនកម្ពុជា លោក ហេង គឹម​ហុង មាន​ប្រសាសន៍ថា បទល្មើសព្រៃឈើដែលជនជាតិដើមភាគតិចកួយរកឃើញនោះ បានក្លាយជាការព្រួយបារម្ភ​បន្ថែមថ្មីមួយទៀតដល់ការគំរាមកំហែងទៅដល់អត្តសញ្ញាណនិងជំនឿសាសនារបស់ប្រជាជនជនជាតិដើម​ភាគតិច។

ករណីនេះ លោក ហេង គឹមហុង ស្នើទៅអាជ្ញាធរពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង​ទៅ​លើ​ជនល្មើស ដើម្បីកាត់បន្ថយកុំឱ្យមានបទល្មើសបែបនេះកើតឡើងបន្តទៀត។

លោកស្នើដូច្នេះថា៖ «ក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ត្រូវពិនិត្យឡើងវិញលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះជនទាំងឡាយណាដែលជាអ្នកប្រព្រឹត្តបទល្មើស»។

ក្នុង​ទិវាបរិស្ថានពិភពលោក ឆ្នាំ២០២២ ចេញផ្សាយនាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ក្រោម​មូល​បទស្តីពី «លើកកម្ពស់ការចូលរួមការពារបរិស្ថាន​ ដើម្បីចីរភាពធនធានធម្មជាតិ និងសុខុមាលភាពមនុស្ស​ជាតិ» ក្រុមយុវជន សហគមន៍ សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន២៧​ស្ថាប័ន បានធ្វើ​សេចក្ដីថ្លែងការណ៍រួមថា ​បើទោះបី​ជា​រដ្ឋាភិបាល​បាន​ខិត​ខំ​បង្កើន​នូវចំនួន​តំបន់​ការ​ពារ​ធនធានធម្មជាតិ​ក្ដី ប៉ុន្តែវាពុំបានឆ្លើយតបជា​មួយ​ការកើនឡើង​នូវ​សកម្មភាពកាប់​បំផ្លាញនិង​ឈូសឆាយដីព្រៃជាច្រើនហិកតា រួមទាំង​នៅ​ក្នុងដែនជម្រកសត្វព្រៃ និង​តំបន់ដទៃ​ទៀត ​ជា​រៀង​រាល់​ថ្ងៃ​នោះ​ទេ។

​អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២២​​ បានចេញ​របាយការណ៍​ដោយ​បង្ហាញ​​​ថា ក្នុង​ឆ្នាំ​២០២១ ព្រៃឈើ​​​​​​ជាង៦ ០០០​​ហិកតា ​​នៅ​តំបន់ជម្រកសត្វព្រៃ«​ព្រៃឡង់​» និង«​​ព្រៃ​ព្រះ​រការ» ត្រូវបានកាប់បំផ្លាញ​ ដោយ​​មាន​​​​ការ​ទទួល​​​​សំណូក​ និង​ការ​​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​​​របស់​អាជ្ញាធរ​​ពាក់ព័ន្ធ។

ទំហំនៃការបាត់បង់ផ្ទៃដីព្រៃឈើនៅតំបន់ការពារទាំងពីរនេះ អង្គការលើកលែងទោសអន្តរជាតិ​ អះអាងថា មានទំហំស្មើនឹងទីលានឬតារាងបាល់ទាត់ចំនួនជិត១ម៉ឺនទីតាំង (៨ ៧៨៤)។

រាជរដ្ឋាភិបាល​បាន​ដាក់បញ្ចូល​ព្រៃ​ព្រះ​រការ ​ជា​ដែន​ជម្រក​សត្វ​ព្រៃ​​ កាល​ពី​ឆ្នាំ២០១៦។ ព្រៃ​អភិរក្ស​​មួយ​​នេះមាន​ទំហំ៩៦ ០០០​ហិកតា គ្រប​ដណ្ដប់​លើ​ភូមិសាស្ត្រប្រជុំ​​​​ស្រុកចំនួន៣ រួម​មាន ​​ស្រុក​​​ជាំ​ក្សាន្ត ស្រុក​ត្បែង​មានជ័យ និង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ