តុលាការ​ខេត្តកោះកុង​ផ្ដន្ទាទោស​តំណាង​ពលរដ្ឋម្នាក់​ជាប់​ពន្ធនាគារ​១ឆ្នាំ ពាក់ព័ន្ធ​ជម្លោះដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ

អ្នក​ស្រី ដេត ហួរ តំណាងពលរដ្ឋសហគមន៍​១៩៧ នៅភូមិតានី ឃុំជីខលើ។ (ផ្ដល់ឱ្យ)

តុលាការ​​សាលា​ដំបូង​​ខេត្ត​​កោះ​កុង ផ្ដន្ទាទោស​​តំណាង​ពលរដ្ឋម្នាក់​ឱ្យជាប់ពន្ធនាគារ១ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២លាន​រៀល ពាក់​ព័ន្ធ​ជម្លោះដីធ្លីរវាងពលរដ្ឋ ​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ។

កាល​ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​កោះកុង​ លោក អេង ចាន់តារា បាន​​កោះ​ហៅអ្នក​ស្រី ដេត ហួរ តំណាងពលរដ្ឋសហគមន៍​​១៩៧ នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ឱ្យចូលសវនាការនៅ​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រោម​បទចោទ «បរិហារបង្កាច់​កេរ្តិ៍ និង​បរិហារកេរិ៍្តជាសាធារណៈ» តាមមាត្រា៣១១ មាត្រា​៣១២ និង​មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ទៅតាមបណ្ដឹងចោទប្រកាន់របស់​ឧកញ៉ា ហេង ហ៊ុយ និងបានប្រកាសសាលក្រមនៅថ្ងៃទី២០ ខែកក្កដា​នេះ។

អ្នក​ស្រី ដេត ហួរ តំណាងពលរដ្ឋសហគមន៍​១៩៧ នៅភូមិតានី ឃុំជីខលើ ប្រាប់វីអូឌីថា នៅថ្ងៃពុធនេះ តុលាការ​បាន​សម្រេច​ផ្ដន្ទាទោស​​​អ្នកស្រី​ឱ្យជាប់ពន្ធនាគាររយៈពេល​១ឆ្នាំ និង​ពិន័យ​ជាប្រាក់ចំនួន២លានរៀល។ អ្នកស្រីចាត់ទុក​ការ​សម្រេច​​​របស់​តុលាការនេះថា ​ជា​រឿង​​អយុត្តិធម៌សម្រាប់អ្នកស្រី ខណៈ​អ្នក​ស្រីមិ​ន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​របស់លោក ហេង ហ៊ុយ នោះទេ។ អ្នកស្រីថា នឹងប្ដឹង​ជំទាស់​ការ​សម្រេច​របស់​តុលាការជាន់ទាបនេះ ទៅ​សាលាឧទ្ធរណ៍​បន្ត​ទៀតនៅ​អំឡុង​ខែ​កក្កដា​នេះ។

តំណាងពលរដ្ឋរូបនេះបន្ត​ថា លោក ហេង ហ៊ុយ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ «ហេង ហ៊ុយ អាគ្រី​​ខាល់ឈ័​រ​គ្រុប» បាន​គប់​គិត​គ្នាជាមួយ​អាជ្ញាធរ ​ក្លែង​ឯកសារ​រំលោភ​យក​ដីធ្លីរបស់ប្រជាពលរដ្ឋចំនួន១៩៧គ្រួសារ នៅភូមិតានី ឃុំជីខលើ ​ស្រុកស្រែអំបិល ខេត្តកោះកុង តាំងពីឆ្នាំ២០០៧ និង​បានប្តឹងតំណាងពលរដ្ឋ​ទៅតុលាការ​យ៉ាងអយុត្តិធម៌ថែមទៀត ក្រោយពួកគាត់នាំគ្នា​តវ៉ានិង​ប្តឹងករណីនេះ​ទៅ​ក្រសួងមហាផ្ទៃឱ្យជួយដោះស្រាយ។

អ្នកស្រីបន្ថែមថា៖ «តុលាការប្រកាសសាលក្រមខ្ញុំនៅថ្ងៃនេះ។ ខ្ញុំឈឺចាប់​ជាទី​បំផុត​ ដែលលោកតុលាការគាត់ជឿទៅតាមលោក ហេង ហ៊ុយ ខណៈប្រជាពលរដ្ឋរាប់រយ​គ្រួសារបានបាត់បង់ដីពិត​ប្រាកដ ដោយ​សារ​លោក ហេង ហ៊ុយ រំលោភ​យក។ ពេល​យើង​បាត់​ប​ង់​ដី ឬបាត់បង់អ្វីមួយយ៉ាងអយុត្តិធម៌ តើមិនឱ្យយើង​តវ៉ា មិនឱ្យយើងនិយាយបានមែន? តើមានច្បាប់មួយណាដែលហាម?»

មេធាវីការពារក្តីអ្នកស្រី ដេត ហួរ លោក សំ ចំរើន ថ្លែងប្រាប់វីអូឌីថា បើទោះជាតុលាការ ផ្តន្ទាទោសអ្នកស្រី ដេង ហួរ ជាប់ពន្ធនាគារក្តី ប៉ុន្តែតុលាការមិនបានចេញដីកាចាប់ខ្លួនកូនក្តី របស់លោកនោះឡើយ។ 

លោកបន្ថែមថា៖ «តាមនីតិវិធីទោស១ឆ្នាំឡើង គឺតុលាការមានសិទ្ធិចេញដីកាចាប់ តែតុលាការក៏អាចមិនចេញដីកាចាប់ដែរ។ តែរឿងនេះតុលាការអត់បាន[ចេញ]ដីកាចាប់ទេ។ អ៊ីចឹងរឿងនេះប្តឹងទៅសាលាឧទ្ទរណ៍»។

វីអូឌី មិនអាចសុំការឆ្លើយតប​​ពីលោក ហេង ហ៊ុយ ដែលជាម្ចាស់ក្រុមហ៊ុន​ ហេង​ហ៊ុយ បានទេ ពាក់ព័ន្ធករណីនេះ។

ប៉ុន្តែលោកធ្លាប់ប្រាប់ វីអូឌី កាលពីអំឡុងឆ្នាំ២០២១​ ថាក្រុមហ៊ុនរបស់លោកមិន​បានរំលោភយកដីរបស់​ពលរដ្ឋនោះទេ។ លោកថា លោកមានបណ្ណកម្មសិទ្ធិ​ត្រឹមត្រូវតាមច្បាប់លើដីនោះ។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត សង្កេតឃើញថា កន្លងមក ទាំងអាជ្ញាធរ និង​អ្នក​មាន​លុយ​មាន​អំណាច ​តែង​តែ​​ប្តឹងប្រឆាំងចំពោះពលរដ្ឋដែលចេញតវ៉ាទាមទារសិទ្ធិនិងការស្វែងដំណោះស្រាយផ្សេងៗ ទៅតុលាការ ដើម្បី​បង្ក្រាបនិងបំបាក់ស្មារតី​ពលរដ្ឋ​កុំឱ្យហ៊ានតវ៉ា ជាពិសេស​ពលរដ្ឋ​មានជម្លោះ​ដី​ធ្លី។ លោក​​ថា ទង្វើ​​នោះ​មិន​អាច​ដោះស្រា​យ​​បញ្ហា​​ច​ប់​​​​ឡើយ តែផ្ទុយទៅវិញ ទង្វើនេះ​បានរំលោភ​សិទ្ធិ​ពលរដ្ឋធ្ងន់ធ្ងរ ជាពិសេស​សិទ្ធិតវ៉ាដោយសន្តិវិធី សិទ្ធិទទួលបានដីធ្លី​និងលំនៅឋានសមរម្យ ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ​។

លោកបន្ថែមថា៖ «សិទិ្ធមានដីធ្លី និង​សិទ្ធិ​មាន​លំនៅឋាន​​សមរម្យ​របស់​ប្រជាពលរដ្ឋ ត្រូវ​បានរំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​​អាជ្ញាធរនិងប្រព័ន្ធតុលាការ។ យើងដឹងហើយថា ពលរដ្ឋ​មានសិទ្ធិ​​ទាម​ទារ​ឱ្យ​មាន​ដំណោះស្រាយ​ឱ្យបានសមរម្យ​សម្រាប់ពួកគាត់ អាហ្នឹង​​ជា​សិទ្ធិដែលមាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​ពិសេសដទៃទៀត ក៏ដូចជាបទដ្ឋានគតិយុត្តដែល​ប្រទេសយើង​បានផ្ដល់សច្ចាប័ន»

ចាប់តាំង​ពី​​ពា​ក់កណ្ដាល​​ឆ្នាំ២០១៩មក ពលរដ្ឋចំនួន១៩៧គ្រួសារ​ មក​ពី​ឃុំ​ជីខលើ និង​ជីខក្រោម បាន​ឡើង​​មក​​តវ៉ា​នៅ​រាជធានី​ភ្នំពេញជាបន្តបន្ទាប់ ដើម្បី​រក​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យជួយ​​ដោះ​ស្រាយ​​វិវាទ​​​ដីធ្លី​​របស់​​​ពួក​​​គាត់ ដោយ​ចោទ​ថា ក្រុមហ៊ុន​ ហេង​ហ៊ុយ បានរំលោភ​យកដីធ្លីពួកគាត់​​តាំង​ពី​​ឆ្នាំ២០០៧។ ប៉ុន្តែករណីនេះ ត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី​ បដិសេធ​​ដោះស្រាយ​​​ឱ្យ​ពលរដ្ឋ​ទាំងនោះ​​ជាបន្តបន្ទាប់ និង​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធឱ្យ​ចាត់វិធានការ​​ផ្លូវច្បាប់​ ចំពោះ​អ្នកដែល​ក្រសួង​ថាបាន​ញុះញង់​ឱ្យ​ពលរដ្ឋ១៩៧គ្រួសារ​​នោះ​​ឡើង​មក​តវ៉ា​ទៀតផង។

ពាក់ព័ន្ធជម្លោះដីធ្លីនេះ មានតំណាងពលរដ្ឋ៩នាក់នៅសហគមន៍១៩៧ រួមមាន អ្នកស្រី អិប តឹង, អ្នកស្រី ដេត ហួរ, អ្នកស្រី កើត នៅ, អ្នកស្រី អ៊ិន ធូ, លោក គង់ មែន និងតំណាងពលរដ្ឋផ្សេងទៀត កំពុងជាប់បណ្តឹងនៅតុលាការ ក្រោមបទចោទ «បរិហារកេរ្តិ៍ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ទៅតាមបណ្ដឹងរបស់លោក ហេង ហ៊ុយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ