ទីបំផុត លោក រ៉ានីល វីក្រេមេស៊ីងហ្កេ ត្រូវ​បាន​សភា​បោះឆ្នោត​ជា​ប្រធានាធិបតី​ស្រីលង្កា​ថ្មី

ប្រធានាធិបតីស្តីទី លោក រ៉ានីល វីក្រេមេស៊ីងហ្កេ (Ranil Wickremesinghe)។ (ហ្វេសប៊ុក៖ Ranil Wickremesinghe)

សមាជិកសភារបស់ប្រទេសស្រីលង្កា នៅ​ថ្ងៃពុធនេះ បានបោះឆ្នោតឱ្យប្រធានាធិបតីស្ដីទី លោក រ៉ានីល វីក្រេមេស៊ីងហ្កេ (Ranil Wickremesinghe) ជាប់ជាប្រធានាធិបតីថ្មី ដោយសង្ឃឹមថា រូប​លោក​នឹងអាច​ទាញ​​​​​ប្រទេសមួយនេះឱ្យចេញ​ពី​វិបត្តិសេដ្ឋកិច្ចនិង​នយោបាយដ៏អាក្រក់​បំផុតរបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ថ្លែងបន្ទាប់ពីបញ្ចប់កិច្ចការរាប់សន្លឹកឆ្នោត អគ្គលេខាធិការសភាស្រីលង្កា បានឱ្យដឹងថា៖ «លោក រ៉ានីល វីក្រេមេស៊ីងហ្កេ ត្រូវបានជ្រើសរើសជាប្រធានាធិបតីថ្មីក្រោមរដ្ឋធម្មនុញ្ញ»។

ក្នុងចំណោមសមាជិកសភា​ដែលមាន​ចំនួន២២៥រូប ក្នុងនោះមាន១៣៤សំឡេងបាន​ផ្តល់​​ការ​​គាំទ្រដល់លោក រ៉ានីល វីក្រេមេស៊ីងហ្កេ ខណៈបេក្ខជន២រូបផ្សេងទៀត ដែលរួមមាន​លោក Dullas Alahapperuma ទទួលបាន៨២សំឡេង​ និងលោក Anura Kumar Dissanayake ទទួលបានត្រឹមតែ៣សំឡេងប៉ុណ្ណោះ។

ទោះជាយ៉ាងណា មានការលើកឡើងថា បើលោក រ៉ានីល វីក្រេមេស៊ីងហ្កេ ដែលរងនូវការរិះគន់ដោយប្រជាជនស្រីលង្កាជាច្រើន ទទួលបានតំណែងជាប្រធានាធិបតីថ្មីនេះ វាអាចនឹងបង្កឱ្យមានបាតុកម្មកាន់តែខ្លាំងឡើងនៅក្នុងប្រទេស។

ទាក់ទិននឹងករណីនេះ ​ពលរដ្ឋរស់នៅក្នុងរដ្ឋធានី​កូ​ឡំ​បូមួយរូប លោក Duminda Nagamuwa បាននិយាយ​ថា៖ «យើង​ប្រឆាំងដាច់ខាតចំពោះលោក លោក រ៉ានីល។ គាត់​គឺជា​មន្រ្តី​ពុករលួយ»។

លោកបន្តថា៖ «ប្រសិនបើលោក រ៉ានីល ចូលមក [ឡើងកាន់អំណាច] យើងមិនអាចមានស្ថិរភាពបានឡើយ»។

គួរបញ្ជាក់ថា ប្រទេសស្រីលង្កា ក្នុងរយៈពេលចុងក្រោយនេះ បានទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយដែលមិនធ្លាប់កើតមានពីមុនមក ខណៈទុនបម្រុងអន្តរជាតិរបស់ប្រទេសក៏ស្ថិតក្នុងកម្រិតទាបបំផុតផងដែរ ដែលបានបង្កឱ្យប្រទេសមួយនេះជួបប្រទះបញ្ហាកង្វះថវិកាធ្ងន់ធ្ងរសម្រាប់ការនាំចូលអាហារ ឱសថ និងប្រេងឥន្ធនៈ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ