គណបក្សនយោបាយចំនួន៤ដែលនៅក្រៅរដ្ឋាភិបាលស្នើរដ្ឋសភាគ្រប់គ្រងដោយគណបក្ស ប្រជាជនកម្ពុជាកុំឱ្យអនុម័តការស្នើកែរដ្ឋធម្ម នុញ្ញលើកទី១០ដែលស្នើឡើងដោយបក្សកាន់អំណាចដោយសម្អាងថា កែស្នើកែច្បាប់កំពូលជាថ្មីទៀតនេះ បានកាត់បន្ថយអំណាចសភា រារាំងដល់ដំណើរការប្រជាធិបតេយ្យ សេរីពហុបក្សផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញដើម។
ការជំរុញនេះ ធ្វើឡើងតាមរយៈការដាក់ញត្តិរួមគ្នាទៅរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍នេះដែលមានគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋានគណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា។
មួយវិញទៀតការដាក់ញត្តិនេះ ស្របពេលសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មីមួយមាត្រា៨៩មាត្រា៩៨ថ្មីមាត្រា១០២ថ្មី មាត្រា១១៩ថ្មីមួយ និងមាត្រា១២៥ថ្មីនៃរដ្ឋធម្មនុញ្ញនិងមាត្រា៣ថ្មីនិងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលស្នើឡើងដោយគណបក្សប្រជាជនកម្ពុជា បានដល់ដៃគណៈកម្មការជំនាញនៃរដ្ឋសភាកំពុងសិក្សា។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុខមន្ទីររដ្ឋសភា ក្រោយដាក់ញត្តិថាគោលបំណងនៃការដាក់ញត្តិនេះ ដោយក្រុមខ្លួនមើលឃើញថា សំណើធ្វើវិសោធនកម្មមាត្រា១១៩ថ្មីដែលបក្សកាន់អំណាចស្នើឡើងបានកាត់បន្ថយអំណាចសភា លើយន្តការបង្កើតរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោត ។
ក្នុងន័យនេះលោកពន្យល់ថា មាត្រា១១៩ដែលស្នើកែនោះ បានផ្តល់សិទ្ធិអំណាចឱ្យទៅគណបក្សដែលមានសំឡេងឆ្នោតនាំមុខគេ ជាអ្នកស្នើផ្ទាល់ទៅព្រះមហាក្សត្រ ដើម្បីចាត់តាំងនាយករដ្ឋមន្ត្រី ខណៈធម្មនុញ្ញកំពុងចូលជាធរមានផ្តល់សិទ្ធិនេះឱ្យទៅប្រធានរដ្ឋសភា ដោយមានការឯកភាពពីអនុប្រធានទាំងពីរ ជាអ្នកសើ្នព្រះមហាក្សត្រក្នុងការតែងតាំងវីរជន ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។
មួយវិញទៀតលោកថា ការស្នើកែមាត្រា៩៨ បានកាត់បន្ថយតួនាទីតំណាងរាស្ត្រក្នុងការប្រើប្រាស់យន្តការសភា ដើម្បីជំរុញការអនុវត្តច្បាប់ ពាក់ព័ន្ធធ្វើញត្តិបន្ទោសសមាជិករដ្ឋាភិបាល ដោយថាមាត្រាថ្មី បានបង្កើនចំនួនសមជិកសភាពីចំនួន៣០នាក់ ទៅ៤២នាក់វិញដែលជម្រើសនេះធ្វើឱ្យសំឡេងភាគតិចបាត់ឱកាសជំរុញប្រសិទ្ធភាពអនុវត្តច្បាប់ តមតាមស្មារតីរដ្ឋធម្មនុញ្ញ។
បន្ថែមពីនេះ លោកថា រដ្ឋធម្មនុញ្ញដែលកំពុងចូលជាធរមាន តំណាងារាស្ត្រសំឡេងភាគតិចអាចប្រើយន្តការសភា ដើម្បីចូលរួមជំរុញតម្លាភាពសង្គមបាន តែថា មាត្រាស្នើកែថ្មី នឹងរារាំងដល់ដំណើការប្រជាធិបតេយ្យសេរីពហុបក្ស។
លោកថា៖«សំឡេងតំណាងរាស្ត្រតំណាងម្នាក់ៗហ្នឹងតំណាងឱ្យ៥ម៉ឺន និងមណ្ឌលខ្លះដល់ទៅជាង១០ម៉ឺនជាងសំឡេង ហើយ៣០នាក់ហៅថាច្រើនហើយបាទ ដល់ឥឡូវឡើងដល់៤២ទៀត […]យើងគិតថាមិនគួរកែមាត្រាទាំងហ្នឹងទេ អ៊ីចឹងហើយ គោលបំណងយើងៗមិនគាំទ្រការកែហ្នឹងទេ ការធ្វើវិសោធនកម្មហ្នឹងទេ ហើយយើងសុំឱ្យរដ្ឋសភាកុំអនុម័ត្រសំណើធ្វើវិសោធនកម្មហ្នឹង»។
យ៉ាងណា លោកបង្ហាញក្តីសង្ឃឹមថា រដ្ឋសភានឹងពិចារណាលើសំណើនេះ ដោយហេតុថា ពួកគេទាំង៤គណបក្សនេះ ទទួលបានសំឡេងឆ្នោតច្រើនលាននាក់ ហើយក៏មានអាសនៈ នៅតាមឃុំ សង្កាត់ផងដែរក្រោយការបោះឆ្នោតថ្មីៗនេះ តែថា បើសភាបែរជាទាត់ចោលសំណើនេះវិញ គាត់ថា ពលរដ្ឋជាម្ចាស់ឆ្នោតនឹងអស់ចិត្ត ពីការខំប្រឹងប្រែងបំពេញតួនាទីរបស់អ្នកដែលពលរដ្ឋបានផ្តល់ទំនុកចិត្ត ។
អនុប្រធានគណបក្សភ្លើងទៀន លោក ចេប គឹមអ៊ាង មានប្រសាសន៍ថា ការប្រើប្រាស់យន្តការសភា របស់តំណាងរាស្ត្រសំឡេងភាគតិចដើម្បីអញ្ជើញ សមាជិករដ្ឋាភិបាល ឬធ្វើញត្តិបន្ទោស ជាប្រសិទ្ធភាព ក្នុងការជំរុញការអនុវត្តច្បាប់។
ប៉ុន្តែលោកថា បើរដ្ឋសភាមិនពិចារណាលើសំណើនេះ វាឆ្លុះបញ្ចាំងថាស្ថាប័នឃ្លាំមើលការអនុវត្តច្បាប់មួយនេះ បានកាត់បន្ថយអំណាចពលរដ្ឋជាម្ចាស់ឆ្នោត ដែលតំណាងដោយសភាតំណាងរាស្ត្រ។
លោកថា៖«នៅប្រទេសកម្ពុជាយើងអត់ដែលមានទេ អត់ដែលធ្លាប់មានធ្វើញត្តិទេ ត្រឹមតែ៣០អត់ទាន់មានផង ឥឡូវរហូតទៅដល់៤២ទៀតៗ អ៊ីចឹងយើងឃើញថា អាហ្នឹងវាកាត់បន្ថយអំណាចរបស់ប្រជាពលរដ្ឋដែលជាតំណាងសភា»។
ភាពចម្រូងចម្រាសនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ កាលពីថ្ងៃទី១៤កក្កដាឆ្នាំ២០២២ បានប្រើពេលជិត៣ម៉ោង ធ្វើសន្និសីទសារព័ត៌មានប្រាប់អ្នកកាសែតថា ការធ្វើវិសោធនកម្មលើកទី១០នេះ ក៏ដូច៩លើកកន្លងទៅដែរ គឺជាការបំពេញការខ្វះចន្លោះរដ្ឋធម្មនុញ្ញដើម និងបង្ការកុំឱ្យជាប់គាំងស្ថាប័នកំពូលរបស់ជាតិ។ ។
លោកថា៖«ប្រសិនការជាប់គាំងនេះបានកើតមាន តើនឹងមានអ្វីកើតឡើងសម្រាប់ប្រទេសជាតិរបស់យើង? គឺប្រាកដណាស់ កាលណាមានការជាប់គាំង វាអាចក្នុងស្ថានភាពមួយចំនួន វានឹងបង្កើតឱ្យមានភាពច្របូកច្របល់ដែលឈានទៅដល់ហានិភ័យមួយគឺអស្ថិរភាពនយោបាយ»
អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង លើកឡើងថា ការដាក់ញត្តិទាមទារអ្វីមួយរបស់អ្នកនយោបាយនៅក្រៅរដ្ឋាភិបាល ជាសិទ្ធិបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យ ប៉ុន្តែលោកថា សិទ្ធិនេះ មិនអាចបញ្ជាច្បាប់បានទេ ដោយថា គណបក្សកាន់អំណាចជាអ្នកមានសិទ្ធិធ្វើច្បាប់ និងស្នើកែច្បាប់។
លោកថា៖«អាចថាគណៈកម្មការគេយកទៅពិនិត្យមានយោបល់ស្អីហ្នឹង។ ប៉ុន្តែខ្ញុំគិតថាច្បាប់ អ្នកណាគេមានសិទ្ធិធ្វើគេធ្វើបាន ហើយញត្តិគ្រាន់តែជាមតិ ជាសំណូមពរអីប៉ុណ្ណឹងទេ អីចឹងវាមិនអាចធំជាងសេចក្តីសម្រេចរបស់អ្នកនយោបាយដែលគេមានសិទ្ធិធ្វើច្បាប់ ហ្នឹងទេ»។
សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា រដ្ឋសភាបច្ចុប្បន្ន មិនអាចធ្វើអ្វីខុសពីបន្ទាត់នយោបាយ របស់គណបក្សកាន់អំណាចបានទេ បើមិនដូច្នោះទេ ពួកគេនឹងបាត់បង់ពីតំណែងសមាជិកសភា បើបក្សបញ្ចប់សុពលភាព ដោយថា វិធាននេះត្រូវបានចងដោយច្បាប់។
លោកថា៖«សភាជាតិកម្ពុជាយើងអត់ទាន់មានលក្ខណៈឯករាជ្យទេ បើយើងមើលទៅលើគោលការណ៍ច្បាប់សមាជិកសភាទាំងអស់ជាសមាជិកបក្ស អ៊ីចឹងយើងសួរថានរណាជាប្រធានបក្ស? នាយករដ្ឋមន្ត្រី អីចឹងបើនាយករដ្ឋមន្ត្រីជាប្រធានបក្ស ហើយមានឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់ អ៊ីចឹងសមាជិកបក្សមានសិទ្ធិអីតវ៉ាអត់មានទេ?»។
មាត្រា១៣៩នៃច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលប្រកាសឱ្យប្រើកាលពីឆ្នាំ២០១៥ ចំនុចមួយក្នុងចំណោមប្រាំចំនុចបានចែងថា៖«សមាជិកសភាត្រូវបាត់បង់សមាជិកភាពរបស់ខ្លួននៅពេលសាមីខ្លួនបាត់បង់សមាជិកភាពពីគណបក្សនយោបាយរបស់ខ្លួន»។
តែយ៉ាងណា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ យល់ថា ការដាក់ញត្តិរបស់ក្រុមអ្នកនយោបាយនៅក្រៅរដ្ឋាភិបាលជំទាស់ទៅនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ បើសភាទាត់ចោល សភាជាអ្នកខាតបង់ ឬបាត់បង់ជំនឿពីប្រជាពលរដ្ឋ តែក្រុមគណបក្សនយោបាយដែលដាក់ញត្តិវិញ នឹងត្រូវអ្នកគាំទ្រដឹងថា បានប្រឹងប្រែងតវ៉ា ដើម្បីទាមទារសិទ្ធិ ក្នុងនាមអ្នកដែលទទួលបានសន្លឹកឆ្នោតគាំទ្រ៕