យុវជន​ចលនា​មាតាធម្មជាតិ ស្នើ​តុលាការ​ទម្លាក់​បទចោទ​លើ​ពួកគេ​ពាក់ព័ន្ធ​នឹងបទ​«ញុះញង់»

យុវជន​មាតា​ធម្មជាតិ​ទាំង​៣នាក់ រួម​មាន កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និងលោក ថុន រដ្ឋា ក្នុងថ្ងៃសវនាការតុលាការកំពូល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

យុវជនចលនាមាតាធម្មជាតិចំនួន៣នាក់​​ ស្នើតុលាការ​កំពូល​ទម្លាក់​ចោល​បទ​ចោទ​លើពួកគេ​ ពាក់​ព័ន្ធនឹងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយពួកគេ​​​អះ​អាង​ថា​​មិន​បាន​ប្រព្រឹត្តកំហុស​ដូចការ​ចោទ​ប្រកាន់។

យុវជន​មាតា​ធម្មជាតិ​ទាំង​៣នាក់ រួម​មាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ត្រូវបាន​តុលាការជាន់ទាប​ កាត់ទោសជាប់ពន្ធនាគារជាង១ឆ្នាំ ​កាលពីខែឧសភា ឆ្នាំ២០២១ ក្រោម​​បទចោទ​​ប្រកាន់ «​ញុះញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ប្រព្រឹត្ត​កាលពីអំឡុង​ឆ្នាំ២០១៣ ដល់ឆ្នាំ​២០២០​ បន្ទាប់ពីពួកគេ​​បានធ្វើសកម្មភាពរិះគន់បញ្ហាបរិស្ថាន​នៅ​កម្ពុជា ដូចជា ការលុបបឹងតាមោក ការបង្ហូរទឹកស្អុយដោយគ្មានបច្ចេកទេស បញ្ហាសំរាម ដើម្បីទាមទារ​ឱ្យថ្នាក់ដឹកនាំដោះស្រាយ។

ក្រោយ​តុលាការ​ជាន់ទាបសម្រេចឱ្យពួកគាត់ជាប់ពន្ធនាគារនោះ យុវជនមាតាធម្មជាតិ​ទាំង​៣រូបបាន​ដាក់ពាក្យបណ្តឹងសាទុក្ខទៅតុលាការកំពូល ហើយ​តុលាការ​កំពូលបាន​បើក​សវនាការ​នៅព្រឹកថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២២នេះ។

យុវជន​​ចលនាមាតាធម្មជាតិ​ លោក ថុន រដ្ឋា បានឱ្យដឹងនៅបន្ទាប់ពីចូលរួម​សវនាការនោះ​​​ថា ពួក​គាត់​​មិន​បាន​​បង្ក​ភាព​អសន្តិសុខដូ​ច​ការ​ចោទ​ប្រកាន់ឡើយ។ លោកថា សកម្មភាពនៃការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកពីបញ្ហាបរិស្ថាននិងធនធានធម្មជាតិនាពេលកន្លងមក គឺដោយសារតែលោកស្រឡាញ់និងខ្វាយខ្វល់ពីធនធានធម្មជាតិរបស់ជាតិ ហើយចង់ឱ្យថ្នាក់ដឹកនាំដែលមានសិទ្ធិ មានតួនាទី បានឃើញពីបញ្ហាដែលកំពុងកើតឡើង ដើម្បីឈានដល់ការរកដំណោះស្រាយប៉ុណ្ណោះ។

ករណីនេះ លោកថា ក្នុងសវនាការ លោក​​​បានស្នើ​ដល់​តុលាការ​កំពូលពិចារណា​​ក្នុង​ការ​ទម្លាក់​​ចោល​​បទចោទទៅលើ​ពួកគេ​ ខណៈយុវជន​រូបនេះចាត់ទុកការ​ផ្តន្ទា​ទោស​របស់តុលាការ​​ជាន់ទាបទៅលើ​ពួកគេ​​ ថាជារឿងអយុត្តិធម៌។

លោក​ថា៖ «ធម្មជាតិជាក្តីស្រឡាញ់​របស់​ខ្ញុំ​ចេញ​ពី​បេះដូង គ្មាន​អ្នក​ណា​បង្ខំខ្ញុំទេ អ៊ីចឹង​ខ្ញុំ​សុខចិត្ត​លះបង់​អី​ក៏​បាន ដើម្បីរបស់ដែលខ្ញុំស្រឡាញ់។ បើទោះបីជារងការធ្វើបាបបន្តទៀត ក៏ខ្ញុំនៅតែស្រឡាញ់ ហើយខ្ញុំចង់ការពារ​ដដែល។ [ចង់​បាន​អី​ពី​តុលាការ?] សុំត្រឹមក្តីអាណិត​អាសូរតាម​រយៈ​យុត្តិធម៌ ផ្តល់ភាពស្អាតស្អំមកកាន់ពួកខ្ញុំ […] ខ្ញុំអត់ខុសសោះ។ [ស្អាតស្អំសំដៅដល់អី?] ស្អាតស្អំសំដៅដល់ការលើកលែងការចោទប្រកាន់មកលើពួកខ្ញុំ! សងនូវភាពស្អាតស្អំដែលពួកខ្ញុំបានធ្វើកន្លងមក មិនចាំបាច់លើកទឹកចិត្តពួកខ្ញុំ មិនចាំបាច់សរសើរថាសកម្មភាពរបស់ពួកខ្ញុំអស្ចារ្យអីទេ គ្រាន់តែលើកលែងការចោទប្រកាន់មកកាន់ពួកខ្ញុំ គឺគ្រប់គ្រាន់»។

មេធាវីការពារក្តីឱ្យយុវជនមាតាធម្មជាតិ លោក សំ ចំរើន បាន​​ធ្វើសេចក្តីសន្និដ្ឋានក្នុងសវនាការ​ថា ក្នុងសំណុំរឿងនេះពុំមានអង្គហេតុនិង​ភស្តុតាង​ជាក់លាក់​ណា​មួយ​ឡើយ ក្នុងការ​ចោទប្រកាន់ទៅលើ​កូនក្តីរបស់​លោក ពាក់ព័ន្ធនឹងបទញុះញង់។ លោក​បន្តថា បើសិនជា​ការ​លើកឡើងពីបញ្ហា​បរិស្ថាននៅលើបណ្តាញសង្គម​របស់​យុវជនទាំង៣រូបមានកំហុស​ឆ្គង នោះគួរ​មានការ​ណែនាំ​ពួកគេ​ជាជាងការ​ចាប់​ខ្លួនដាក់ពន្ធនាគារ។

លោកមេធាវី សំ ចំរើន បាន​លើកឡើង​បន្ថែមបន្ទាប់ពីសវនាការ​ថា៖ «រឿងគាត់ស្នើសុំតុលាការព្រឹកមិញហ្នឹង ខ្ញុំគាំទ្រ! គឺធម្មតាសាម៉ីខ្លួន គាត់យល់ថា ខ្លួនគាត់ស្អាតស្អំ ត្រឹមត្រូវ គាត់ស្នើសុំឱ្យតុលាការទម្លាក់បទចោទ វាជាសិទ្ធិរបស់ពួកគាត់»។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ដែល​បានចូលរួម​​តាមដានក្នុង​​​សវនាការនេះ​ដែរ បាន​កត់សម្គាល់​នូវ​​ចំណុចវិជ្ជមាននៃសវនាការ​ ត្រង់ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានផ្តល់ឱកាសឱ្យយុវជន​មាតាធម្មជាតិទាំង៣រូបបានលើក​ឡើងពីការកត់សម្គាល់របស់ខ្លួន ក្រោយសេចក្តីសន្និដ្ឋានរបស់មេធាវី ខណៈជាទូទៅ មិនដែល​បាន​អនុញ្ញាតឱ្យជនជាប់ចោទបានធ្វើបែបនេះទេ។ លោកចាត់ទុកថា នេះជារឿង​ល្អ ដើម្បី​ឱ្យ​ក្រុម​យុវជន​បានសំណូមពរពីការចង់បានរបស់ខ្លួន។

លោកបន្ត​ថា៖ «ការចោទប្រកាន់ទៅលើរឿងញុះញង់ វាហាក់ដូចជាអត់បានឆ្លុះបញ្ចាំងអំពីសកម្ម​ភាព​​ពួក​គាត់ដែល​ធ្វើ​លើ​កិច្ចការងារការពារបរិស្ថានដែលជាប្រយោជន៍របស់សង្គមជាតិ​ទៅវិញ។ អ៊ីចឹង​បើចៅក្រមលោកពិនិត្យមើលឃើញអំពីសកម្មភាពទាំងអស់ហ្នឹងជាប្រយោជន៍ទៅដល់​សង្គមជាតិ ទៅដល់ពិភពលោក គឺ​គួរតែមានការទម្លាក់ចោលនូវបទចោទប្រកាន់តាមការស្នើសុំរបស់ពួកគាត់»។

ទោះយ៉ាងណា នៅក្នុងសវនាការ​នាព្រឹកមិញនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក និល ណុន បាន​ប្រកាស​ថា សាលដីកាលើសំណុំរឿងនេះនឹង​ត្រូវ​ប្រកាស​នៅថ្ងៃសុក្រ ទី​២៩ ខែកក្កដា ឆ្នាំ​២០២២​ សប្តាហ៍ក្រោយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ