អាជីវករ​ផ្សារ​អូរឫស្សី​តវ៉ា​ប្រឆាំង​ការ​ដំឡើង​ថ្លៃជួលតូប

អាជីវករផ្សារអូរឫស្សីរាប់សិបនាក់ចេញមកតវ៉ាប្រឆាំងនឹងការដំឡើងថ្លៃជួលតូប នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ (ភិន រតនា)

អាជីវករលក់ដូរនៅផ្សារអូរឫស្សីប្រមាណ២០០នាក់ បន្តការតវ៉ាប្រឆាំងនឹងការដំឡើងថ្លៃជួលតូប ដោយថា ជីវភាពពួកគេនៅមិនទាន់ត្រលប់មករកភាពប្រសើរវិញនៅឡើយ ក្រោយស្ថានភាពឆ្លងជំងឺកូវីដ-១៩។

តាមរយៈលិខិតប្រកាសដែលចុះផ្សាយដោយគណៈកម្មការផ្សារអូរឫស្សី កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ ឱ្យដឹងថា អាជីវករត្រូវមកដាក់ពាក្យនិងបង់ថ្លៃជួលតូបសម្រាប់អាណត្តិថ្មី ដោយក្នុងនោះ តម្លៃប្រាក់ជួលត្រូវបានដំឡើង១០%បន្ថែម ដោយទឹកប្រាក់ត្រូវបង់មានចាប់ពី២ ១៧៨ដុល្លារ ដល់៣​ ៦៣០ដុល្លារ សម្រាប់រយៈពេល២០ឆ្នាំទៅមុខ។

ជាមួយគ្នានេះ លិខិតដដែលឱ្យដឹងថា អាជីករត្រូវបានស្នើឱ្យបង់ជាអាណត្តិ “ការបង់ប្រាក់អាណត្តិ” ដែលត្រូវបានប្រើប្រាស់សម្រាប់ការថែទាំ និងការអភិវឌ្ឍដោយផ្អែកលើទំហំតូបនីមួយៗ។

យ៉ាងណាមិញ ក្រុមអាជីវករនៅផ្សារអូរឫស្សី ឱ្យដឹងថា ពួកគេមិនយល់ស្របនោះឡើយ ចំពោះការដំឡើងថ្លៃប្រាក់ជួលសម្រាប់អាណត្តិថ្មីនេះ ដោយថាពួកគេមានសិទ្ធិក្នុងការលក់ដូរនៅក្នុងតូបកម្មសិទ្ធិរបស់ខ្លួន។ ក្នុងនោះ ក្រុមអាជីវករបានឱ្យដឹងបន្ថែមថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩  បានធ្វើឱ្យការប្រកបអាជីវកម្មរបស់ពួកគេមានការធ្លាក់ចុះ និងធ្វើឱ្យបាត់បង់នូវប្រាក់ចំណូល។

អាជីវករផ្សារអូរឫស្សីរាប់សិបនាក់ចេញមកតវ៉ាប្រឆាំងនឹងការដំឡើងថ្លៃជួលតូប នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។
អាជីវករផ្សារអូរឫស្សីរាប់សិបនាក់ចេញមកតវ៉ាប្រឆាំងនឹងការដំឡើងថ្លៃជួលតូប នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ (ភិន រតនា)

ជាមួយគ្នានេះ ក្រុមអាជីវករក៏បានស្នើឱ្យខាងគណៈកម្មការផ្សារគិតគូរនិងបញ្ចុះថ្លៃពាក់កណ្ដាល (៥០%) លើប្រាក់ដែលអាជីវករត្រូវបង់សម្រាប់អាណត្តិថ្មីនេះ ដែលគិតជាទឹកប្រាក់ប្រមាណជា១ ៤០០ដុល្លារ​ សម្រាប់រយៈពេល២០ឆ្នាំ។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ការចរចារវាងក្រុមអាជីវករ និងអ្នករដ្ឋបាលផ្សារ មិនទាន់មានដំណោះស្រាយនៅឡើយ ដែលពួកគេបានបន្តការតវ៉ានៅខាងមុខផ្សារអូរឫស្សីរយៈពេលពីរថ្ងៃជាប់គ្នា។

អ្នកស្រី ឡេង ស្រី អាយុ៦៩ឆ្នាំ ជាអាជីវករមួយរូបដែលបានទៅតវ៉ាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ឱ្យដឹងថា ពួកគាត់មានបណ្ណកម្មសិទ្ធិតូប ហើយបានយកវាទៅដាក់ដើម្បីយកប្រាក់កម្ចី ដែលពេលនេះ វាធ្វើឱ្យគាត់មិនមានលទ្ធភាពក្នុងការបង់ប្រាក់ជួលសម្រាប់អាណត្តិថ្មីនេះ។

អ្នកស្រីថា៖ «នេះគឺជាទ្រព្យសម្បត្តិរបស់យើង ដែលមានឈ្មោះយើង ដែលយើងបានយកបណ្ណកម្មសិទ្ធិទៅដាក់នៅធនាគារដើម្បីបានប្រាក់កម្ចី ដើម្បីធ្វើជាដើមទុនសម្រាប់ដំណើរការអាជីវកម្ម»។

អ្នកស្រី ទៀង ផល្លី ជាអ្នកលក់ដូរនៅផ្សារអូរឫស្សីអស់រយៈពេលជាង២០ឆ្នាំ ឱ្យដឹងថា នៅដើមឆ្នាំ២០០០ អាជីករទាំងអស់បានធ្វើការបង់ប្រាក់ដោយសារនៅពេលនោះ នៅមានក្រុមហ៊ុនចិនជាអ្នកបានសាងសង់និងជួសជុលផ្សារ។ ប៉ុន្តែអ្នកស្រីថា វាគ្មានហេតុផលអ្វីដែលតម្រូវឱ្យពួកគាត់បង់ប្រាក់ជួលសម្រាប់អាណត្តិថ្មីនៅពេលនេះឡើយ ពីព្រោះមិនសូវមានអ្នកគ្រប់គ្រងផ្សារមកមើលការខុសត្រូវ ហើយណាមួយពួកគាត់មិនមានប្រាក់ ដើម្បីបង់ជូនរដ្ឋបាលផ្សារឡើយ។

«ពួកយើងមិនមានលទ្ធភាពបង់នោះឡើយ សូម្បីតែតម្លៃដើម ពីព្រោះគ្មានបានធ្វើអ្វីឡើយ»។

អ្នកស្រីបន្ថែមថា៖ «ពីមុន ពួកគេជាអ្នកសង់អាគារ ដូច្នេះយើងព្រមបង់ តែឥឡូវពួកគេមិនបានធ្វើអ្វីទេ»។

លោក ហ៊ត វ៉ាន់ធី ជាអ្នកគ្រប់គ្រងផ្សារ ឱ្យដឹងថា អ្នករដ្ឋបាលផ្សារពិគ្រោះយោបល់ជាមួយមន្រ្ដីមូលដ្ឋាន រួចបានសម្រេចដំឡើងថ្លៃប្រាក់ជួលចំនួន១០%បន្ថែម សម្រាប់រយៈពេល២០ឆ្នាំ ដោយផ្អែកលើកត្តាសេដ្ឋកិច្ច ដោយបានប៉ាន់ស្មានក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខនេះ។

លោកអះអាងថា វាមិនអាចទៅរួចទេក្នុងការបញ្ចុះថ្លៃ ៥០% ហើយអ្វីដែលលោកអាចធ្វើបាន គឺស្នើឱ្យសាលាខណ្ឌតម្រូវឱ្យអាជីវករបង់ប្រាក់ក្នុងតម្លៃមុន។

លោកបន្តថា៖ «បើចំនួនអ្នកតវ៉ាមិនកើនឡើង នោះខ្ញុំនឹងស្នើដល់រដ្ឋាភិបាលឱ្យធ្វើការសម្រេច»។

គួរបញ្ជាក់ថា ចំពោះការបង់ប្រាក់ជួលអាណត្តិថ្មី គឺសម្រាប់រយៈពេល២០ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៤០។ រីឯកាលកំណត់សម្រាប់ការបង់ថ្លៃជួលតូប នឹងគិតចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២៕


បកប្រែនិងសម្រួលដោយ កញ្ញា ផុន សុទ្ធីរ័ត្ន ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ O’Russei Market Vendors Protest Increased Maintenance Payment

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ