របប​យោធា​មីយ៉ាន់ម៉ា​អនុវត្ត​ទោសប្រហារជីវិត​លើ​សកម្មជន​ប្រជាធិបតេយ្យ​៤នាក់

មនុស្ស​ម្នាក់​បង្ហាញ​ម្រាម​ដៃ​បី​លើក​ឡើងនៅ​មុខ​ផ្ទាំង​បដា​ដែល​មាន​រូប​លោកស្រី​ អ៊ុងសាន ស៊ូជី អំឡុង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ ២០២១។ (REUTERS/Stringer TPX)

អាជ្ញាធរ​យោធារបស់​ប្រទេសមីយ៉ាន់ម៉ា បាន​ប្រហារ​ជីវិត​សកម្មជន​ប្រជាធិបតេយ្យចំនួន៤នាក់ ដែលត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ចូល​រួម​អនុវត្ត «អំពើភេរវកម្ម» នៅក្នុងប្រទេស។ នេះបើតាមការរាយការណ៍​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​មួយ​នៅថ្ងៃចន្ទនេះ ដែលត្រូវបានយកមកចុះផ្សាយបន្តដោយទីភ្នាក់​ងារ​សារ​ព័ត៌​មាន Reuters

តាមរយៈការកាត់ទោសប្រហារជីវិត​ក្នុងសវនាការ​បិទទ្វារ​ កាលពីខែមករាកន្លងទៅ បុគ្គលទាំង៤នាក់​នេះត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថាបាន​ចូល​រួម​ចំណែក​ជួយ​ដល់​កង​ជីវពល​ ក្នុងការប្រយុទ្ធដោយបង្ហូរឈាមតទល់នឹងកងទ័ព​ដែលទទួលបានអំណាចតាមរយៈរដ្ឋប្រហារកាលពីឆ្នាំមុន។

យោងតាមសារព័ត៌មានរបស់មីយ៉ាន់ម៉ា Global New Light ក្នុងចំណោមអ្នកដែលត្រូវបានប្រហារជីវិតដោយ​ព្យួរកទាំងនោះ រួមមាន សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោម្នាក់ លោក ក្យរ មីនយូ (Kyaw Min Yu) ឬត្រូវបានគេស្គាល់ថា ជីមី (Jimmy) អតីតសមាជិកគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី លោក ភ្យូ ហ្សេយ៉ា ថរ (Phyo Zeya Thaw) និងពីរនាក់ផ្សេងទៀត គឺលោក ឡា មីយូ អោង (Hla Myo Aung) និងលោក អោង ធូរ៉ា ហ្ស (Aung Thura Zaw)។

ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាច​ស្វែងរកការធ្វើអត្ថាធិប្បាយណាមួយភ្លាមៗពីអ្នក​នាំ​ពាក្យ​យោធា​​បានឡើយ ទាក់ទិននឹងការប្រហារជីវិតនេះ។

ទោះជាយ៉ាងណា អ្នក​នាំពាក្យ​របប​យោធា​មីយ៉ាន់ម៉ា លោក​ Zaw Min Tun កាលពីខែមុន ធ្លាប់បាន​ថ្លែងការ​ពារ​ការ​កាត់​ទោស​នេះ​ ដោយ​ថា សកម្មភាពនេះ [ប្រហារជីវិត] ត្រូវបានប្រើប្រាស់​នៅក្នុងប្រទេសជាច្រើន [មិនមែនមានតែប្រទេសមីយ៉ាន់ម៉ា]។

លោកថា៖ «យ៉ាងហោចណាស់ ជនស៊ីវិលស្លូតត្រង់ចំនួន៥០​នាក់ ដោយមិនរាប់បញ្ចូលកងកម្លាំងសន្តិសុខ បាន​ស្លាប់ដោយ​សារ​តែ​ពួក​គេ»។

លោកបន្ថែមថា៖ «តើវាអាចជារឿងអ​យុត្តិធម៌យ៉ាងដូចម្ដេច? សកម្មភាព​ចាំបាច់​នានាត្រូវ​តែអនុវត្តដើម្បីដោះស្រាយបញ្ហា»។

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ គិតចាប់តាំងពីក្រុមយោធាបាន​ដណ្តើម​យកអំណាច​មក​គ្រប់​គ្រង កាលពីខែកុម្ភៈឆ្នាំមុន និងបានផ្តួលរំលំរដ្ឋាភិបាល​ជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបង្កឱ្យមានជាបាតុកម្មកើតឡើងជាញឹកញាប់នៅក្នុងប្រទេស។

ជាមួយគ្នានេះ យោងតាមសមាគមជំនួយអ្នកទោស​នយោបាយ (AAPP) មនុស្សជាង២ ០០០នាក់ ត្រូវបាន​សម្លាប់​ដោយ​កង​កម្លាំងសន្តិសុខមីយ៉ាន់ម៉ា និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន គិត​ចាប់​តាំង​ពី​រដ្ឋប្រហារ​ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​មុន។

ទោះជាយ៉ាងណា តួលេខនេះត្រូវបានចាត់ទុកដោយរបបយោធាថា​ជាការបំផ្លើសការពិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ