ប្រធាន​អាស៊ាន​ប្ដូរវេន ថ្កោលទោស​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ដែល​ប្រហារ​ជីវិត​សមាជិក​បក្សប្រឆាំង

(ឆ្វេង) លោក Kyaw Min Yu ដែលគេស្គាល់ថា Ko Jimmy និង (ស្ដាំ) លោក Phyo Zeyar Thaw ដែលជាសកម្មជនប្រជាធិបតេយ្យពីរនាក់ក្នុងចំណោមសកម្មជនប្រជាធិបតេយ្យ ៤ នាក់ ត្រូវបានប្រហារជីវិតដោយអាជ្ញាធរយោធាមីយ៉ាន់ម៉ា ដែលត្រូវបានចោទប្រកាន់ថាបានពាក់ព័ន្ធ “អំពើភេរវកម្ម” ក្នុងប្រទេស។ (REUTUERS)

ក្នុងនាម​ជា​ប្រធានអាស៊ានប្ដូរវេន​​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការសោកស្ដាយ​ដែល​មេដឹក​នាំ​យោធា​មីយ៉ាន់ម៉ា​ប្រហារ​ជីវិតសមាជិកបក្សប្រឆាំង៤រូប បើទោះបី​ជា​លោក​ធ្លាប់​បាន​​​ស្នើ​​ឱ្យ​ពិចារណាឡើង​វិញ​លើការសម្រេចផ្ដន្ទាទោសជនទាំងនោះក៏ដោយ។

កាលពីថ្ងៃចន្ទម្សិលមិញ អាជ្ញាធរ​យោធា​​​មីយ៉ាន់ម៉ាបាន​​ប្រហារ​​ជីវិ​ត​​សកម្មជន​ប្រជា​ធិប​តេយ្យ​ចំនួន៤​នាក់ ដែលត្រូវ​បាន​ចោទ​ប្រកាន់​ថា​​បាន​ចូល​រួមសកម្មភាព​​​ «ភេរវកម្ម» នៅក្នុង​ប្រទេស។ យោង​​តាមសារព័ត៌មានរបស់មីយ៉ាន់ម៉ា Global New Light ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ប្រហារ​ជីវិ​ត​ដោយ​ព្យួរកទាំងនោះ រួមមាន សកម្មជន​ប្រជាធិប​តេយ្យ​ដ៏​លេច​ធ្លោ​ម្នាក់ និង​ជា​អតីតសមាជិកគណបក្សរបស់​លោកស្រី អ៊ុងសាន ស៊ូជី គឺលោក ក្យរ មីនយូ (Kyaw Min Yu), លោក ភ្យូ ហ្សេយ៉ា ថរ (Phyo Zeya Thaw), លោក ឡា មីយូ អោង (Hla Myo Aung) និងលោក អោង ធូរ៉ា ហ្ស (Aung Thura Zaw)។

តាមរយៈសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ របស់ប្រធានអាស៊ាន​​ប្ដូរវេន​ បាន​​​លើក​ឡើង​​ថា អាស៊ាន​ពិត​ជា​មាន​ក្ដីតក់​ស្លុត និងសោក​សៅ ដោយ​សារ​កា​រ​ប្រហារ​ជីវិ​ត​សកម្មជនបក្សប្រឆាំងចំនួន៤រូប បើទោះបី​មាន​ការ​ស្នើ​សុំ​ឱ្យ​ពិចារណា​ឡើង​វិញលើ​សេចក្ដីសម្រេច​ផ្ដន្ទាទោស​លើ​ជនទាំងនោះ​ដោយផ្ទាល់​ពីសំណាក់លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ ក្នុងនាមជាប្រធានអាស៊ាន ក៏ដូច​ជា​សំណូមពរ​ពី​សំណាក់​រដ្ឋសមា​ជិកអាស៊ាន​ដទៃទៀតយ៉ាង​ណាក្ដី។

ប្រធាន​អាស៊ានប្ដូរវេនចាត់ទុកថា នេះ​ជាបញ្ហាដែលអាស៊ានយកចិត្តទុកដាក់យ៉ាងខ្លាំង។

សេចក្ដីថ្លែងការណ៍បន្តថា ខណៈមាន​​ភាព​ស្មុគ​ស្មាញ​នៃ​វិបត្តិ ព្រមទាំង​កម្ដៅ​ទោសៈ​មោហៈ​បាន​ផ្ទុះ​ឡើងគ្រ​ប់​ទិសទី​នៅ​មីយ៉ាន់ម៉ា អាស៊ាន​ជា​រួម​បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់មាន​ការអត់ទ្រាំនិងភាពអត់ធ្មត់ជាអតិបរមា ហើយ​ខិត​ខំ​ចៀស​វាង​មិន​ធ្វើឱ្យ​ជម្លោះ​រីក​រាល​ដាល​កាន់​តែ​ខ្លាំង។

ប្រធាន​អាស៊ានប្ដូរវេន បាន​គូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍​ថា៖ «ការ​អនុវត្ត​ទោស​ប្រហារ​ជីវិ​ត​​ តែមួយ​សប្ដាហ៍​ មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ គឺជាទង្វើមិន​អាច​អត់​ឱន​​បាន​ធ្ងន់​​ធ្ងរណាស់ ព្រោះវាបានទាញថយក្រោយនូវវឌ្ឍនភាព និងថែម​ទាំង​សបញ្ជាក់​ច្បាស់​ពី​កង្វះ​ឆន្ទៈ​គាំទ្រ​កិច្ច​ខិត​​ខំ​​ប្រឹង​​ប្រែង ជាពិសេសរបស់ប្រធានអាស៊ាន ក្នុងការ​ជួយ​ពន្លឿន​វឌ្ឍន​ភាព​នៃការ​អនុវត្តកិច្ចព្រមព្រៀង​ជាឯកច្ឆន្ទ ៥ចំណុច ពោលគឺ​ការ​កសាង​ភាព​ជឿ​ជាក់និង​ទំនុក​ចិត្ត ដើម្បីឱ្យមាន​កិច្ច​សន្ទនាក្នុ​ងចំ​ណោម​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ សំដៅ​បញ្ចប់​អំពើ​ហិង្សា និងសម្រាលទុក្ខវេទនារបស់ប្រជាជនស្លូតត្រង់»។

ក្នុងនាម​ជា​ប្រធាន​អាស៊ាន កម្ពុជាថា​ខ្លួន​​នឹង​​លើក​​បន្ទរ​​នូវ​​សំឡេង​ដ៏លើស​លុប​ក្នុង​មជ្ឈដ្ឋាន​អាស៊ាន ក៏​ដូច​ជា​​សហគមន៍​អន្តរ​ជាតិ ដែល​ជំរុញ​ឱ្យ​អាជ្ញាធរ​ទីក្រុង​ណៃពិដោ ចាត់​វិធាន​ការ​ជាក់​ស្ដែង ដើម្បី​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជាឯកច្ឆន្ទ ៥ចំណុច ឱ្យ​បាន​ពេញ​លេញ និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។

ប្រធានអាស៊ានប្ដូរវេន​បន្តថា៖ «យើងសូមអំពាវនាវយ៉ាងខ្លាំងក្លា និងជាបន្ទាន់ ​ដល់ភាគី​ទាំង​អស់​ឱ្យ​ចៀស​វាង​នូវ​សកម្ម​ភាព​ទាំង​ឡាយ​ណា​ដែល​ធ្វើឱ្យ​វិបត្តិ​នៅមីយ៉ាន់ម៉ា​កាន់​តែ​ធ្លាក់​ដុន​ដាប រារាំង​ដល់​ការ​សន្ទនាដោយ​សន្តិវិធី ​ក្នុង​ចំណោម​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ និង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព សន្តិសុខ និងស្ថិរភាព ទាំងនៅមីយ៉ាន់ម៉ា និងក្នុងតំបន់ទាំងមូល»។

សេចក្ដីថ្លែងការណ៍បន្ថែមថា អាស៊ាននៅតែតាំងចិត្តបន្តរិះរកវិធីសាស្ត្រជួ​យ​មីយ៉ាន់ម៉ាឱ្យ​ត្រលប់​ទៅ​រក​ប្រក្រតី​ភាព និង​ដំណើរ​ការ​កែប្រែទៅ​រក​លទ្ធិប្រជាធិបតេយ្យ ហើយ​ស្វែង​រក​ដំណោះ​ស្រាយ​នយោ​បាយ​ដោយ​សន្តិ​វិធី​​ចំពោះ​វិបត្តិ​បច្ចុប្បន្ន តាម​រយៈ​កិច្ច​សន្ទនា​ប្រកប​ដោយ​បរិយា​បន្ន ដែលដឹកនាំដោយមីយ៉ាន់ម៉ា និង​ជារបស់មីយ៉ាន់ម៉ាខ្លួន​ឯង ស្រប​ទៅតាម​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ៥ចំណុច និងធម្មនុញ្ញអាស៊ាន។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា លោក ជុំ សន្ទរី បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញរឿងនេះ។

លោកថា៖ «ខ្ញុំមិនមានយោបល់បន្ថែមលើសេចក្ដីថ្លែងការណ៍នេះទេ»។

នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ថ្លែងប្រាប់វីអូឌីតាមបណ្ដាញសារអ៊ីម៉ែល​នៅ​ថ្ងៃអង្គារ​​នេះថា ការ​ប្រហារ​​ជីវិ​ត​​អ្នក​នយោបាយ​ប្រឆាំងទាំង​​៤​នាក់​នៅ​​មីយ៉ាន់ម៉ា ជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ​​ និងមិនអាច​ទទួល​យក​បាន។

លោក​ទាម​ទារ​ឱ្យ​ពិភពលោកថ្កោលទោសជាសកលចំពោះករណីនេះ ខណៈ​​លោកចាត់ទុកការកាត់ក្ដីដោយ​​ប្រហារ​​ជីវិតនេះថា កើតឡើងដោយអយុត្តិធម៌ និងដោយហេតុផលនយោបាយ។

លោកបន្តថា របបយោធា​មីយ៉ាន់ម៉ាបានខកខានផ្ដល់ដំណឹងនៃការប្រហារ​ជីវិតជនរងគ្រោះដល់គ្រួសាររបស់​ពួក​គេ ខណៈគ្រួសារអ្នកទាំង៤បានដឹងពីការប្រហារជីវិតតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់មេដឹក​នាំ​យោធា​ទៅ​វិញ។

លោក Phil Robertson ថារបប​យោធា​មី​យ៉ាន់​ម៉ា​បាន​ធ្វើ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាម​ប្រធាន​អាស៊ានប្តូរវេន​​ឆ្នាំ​នេះ មានភាពច្របូកច្របល់ ខណៈ​របបយោធាបានចាកពីសន្តិភាពនិងការផ្សះ​​ផ្សា​ជាតិ ព្រមទាំង​​មិនបានអនុវត្តតាម​កិច្ច​ព្រម​ព្រៀង៥ចំណុចដែលប្រមុខយោធាភូមា លោក Min Aung Hlaing បានយល់ព្រមជាមួយអាស៊ានឡើយ។

លោកថា៖ «ឥលូវនេះ វាដល់ពេលហើយសម្រាប់អាស៊ាន ក្នុងការបដិសេធការចូលរួមពីតំណាងប្រទេសមីយ៉ាន់ម៉ានៅក្នុងព្រឹត្តិការណ៍អាស៊ានទាំងអស់ ដែលនឹងធ្វើឱ្យរបបនោះឯកោបន្ថែមទៀត ហើយឆ្ពោះទៅរកការដាក់ទណ្ឌកម្មលើមេដឹកនាំរបបយោធា និងអាជីវកម្មរបស់ពួកគេ។ រដ្ឋាភិបាលកម្ពុជាត្រូវតែដឹកនាំតំបន់ប្រកបដោយភាពហ្មត់ចត់តទល់នឹងរបបយោធាមីយ៉ាន់ម៉ា ព្រោះវាច្បាស់ណាស់ថា វិធីសាស្ត្រសន្ទនាបែបទន់ភ្លន់នឹងមិនដំណើរការទាល់តែសោះ»។

បើតាមលោក Phil Robertson មីយ៉ាន់ម៉ាអាចនឹងប្រឈមមុខនឹងសម្ពាធនិងទណ្ឌកម្មអន្តរជាតិបន្ថែមទៀត ដោយសារតែការប្រហារជីវិតអ្នកទោសនយោបាយទាំង៤នាក់នោះ។

អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា យល់ថា ការប្រហារជីវិតអ្នកនយោ​បាយបក្ស​ប្រឆាំង​នៅមីយ៉ាន់ម៉ា បង្ហាញពីភាពឃោរឃៅ រឹងទទឹង និង​ការមិនខ្វល់ខ្វាយនឹង​សំណើរ​បស់ប្រធាន​អាស៊ាន ព្រមទាំងជា​ការផ្គើនទៅនឹងអន្តរជាតិ។

លោកបន្ត​ថា ការប្រហារជីវិតនេះអាច​ជាការឆ្លើយតប​ទៅនឹង​​អាស៊ានដែល​​មិន​អញ្ជើញមេដឹកនាំយោធា​មីយ៉ាន់​ម៉ា​ចូល​រួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥។

លោកថា៖ «ការដែលប្រហារជីវិតអ្នកនយោបាយថ្មីៗនេះ វាបានឆ្លុះបញ្ចាំងថា របបសឹកភូមាមិនផ្តល់តម្លៃឱ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានទេ។ អ៊ីចឹង​វាធ្វើឱ្យការខិតខំប្រឹងប្រែងរបស់កម្ពុជាកន្លងទៅ វាហាក់ដូច​ជា​អសារបង់ ហើយវាមិនធ្វើឱ្យវិវត្តន៍ ឬ​ដំណើរ​ការកិច្ចព្រមព្រៀង ៥ចំណុច មានភាពប្រសើរឡើងទេ ប៉ុន្តែវាធ្វើឱ្យស្ថានការណ៍កាន់តែធ្លាក់ចុះថែមទៀតផងដែរ»។

យ៉ាងណា អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយរូបនេះថា ក្នុងនាមប្រធានអាស៊ាន កម្ពុជាអាចថ្កោល​ទោសលើការប្រហារជីវិតនេះជាជំហានទី១ ដើម្បីបង្ហាញថា កម្ពុជាមិនពេញចិត្ត។ បន្ទាប់មកទៀត លោកថា កម្ពុជាអាចប្រមែប្រមូលសំឡេងអាស៊ានទាំង៩ ដាក់សម្ពាធផ្នែកសេដ្ឋកិច្ច និងផ្នែកនានាតាមដែល​អាច​ធ្វើ​បាន ជាជាងតាមទិដ្ឋភាពការទូត ព្រោះថា មេដឹកនាំយោធាមីយ៉ាន់ម៉ាមិនបាន​យក​ចិត្តទុក​ដាក់​នឹង​ភាព​ទន់​ភ្លន់​ឡើយ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង៥ចំណុចរបស់អាស៊ានដែលបានដាក់ចេញក្នុងជំនួបកំពូល​ពិសេស​​ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុង​ប្រទេស​មីយ៉ាន់ម៉ានោះ រួមមាន ទី១. ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាក្នុងប្រទេស ហើយ​គ្រប់​ភាគី​ទាំង​អស់​ត្រូវ​បង្កើន​ការ​អត់​ធ្មត់ឱ្យ​​ដល់​កម្រិត​ខ្ពស់​បំផុត, ទី២.ចាប់​ផ្ដើម​ការ​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាប​នា ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន, ទី៣. ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹង​សម្រួល​ដល់​ការ​សម្រុះសម្រួល​នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមាន​ជំនួយ​ពី​អគ្គ​លេខា​ធិការ​អាស៊ាន, ទី៤. អាស៊ាន​ត្រូវ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈ​មណ្ឌល AHA និង​ទី​៥. ប្រេសិត​​ពិសេស និងគណៈប្រតិភូ នឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បី​ជួប​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ទាំងអស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ