ក្រសួង​អំពាវនាវ​ឱ្យ​ម្ចាស់​រថយន្ត​បញ្ឈប់​ការ​តវ៉ា​រឿង​កែចង្កូត ខណៈ​មន្ត្រី​កំពុង​ពិភាក្សា​លើ​មតិ​សំណូមពរ

ពលរដ្ឋធ្វើចរាចរណ៍នៅម្ដុំស្ពានជ្រោយចង្វារ ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ម្ចាស់រថយន្តធុនធំ ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូន មិនត្រូវឆ្លៀតឱកាស​ក្នុងការប្រមូលផ្ដុំ ដើម្បីស្នើសុំលើលក្ខខណ្ឌណាមួយពាក់ព័ន្ធនឹងការកែច្នៃ​ចង្កូត​រថយន្តពីស្ដាំមកឆ្វេង​ ខណៈ​មន្ត្រីជំនាញ​​កំពុងពិភាក្សានិង​​ពិចារណាលើមតិសំណូមពរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ បានចេញសេចក្ដីជូនដំណឹងមួយ ដោយ​​បាន​អំពាវនាវ​ដល់ម្ចាស់យានយន្តគ្រប់ប្រភេទ រួមទាំងក្រុមហ៊ុនដឹកជញ្ជូន កុំឱ្យប្រើឱកាស​នៃការប្រមូលផ្ដុំក្នុងរូបភាពណាមួយ ដើម្បីធ្វើការស្នើសុំឱ្យមានការលើកលែងលើលក្ខខណ្ឌពាក់​ព័ន្ធ​នឹង​ការកែច្នៃ​យានយន្ត​ខុស​លក្ខណៈបច្ចេកទេស ដែល​បានធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។

អគ្គនាយកនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក ឈួន វ៉ន់ មាន​ប្រសាសន៍នៅថ្ងៃសុក្រនេះថា ក្នុងករណីមានការមិនយល់ស្របណាមួយ​ ជុំវិញការសម្រេច​របស់​ប្រមុខរដ្ឋាភិបាល ដែល​ឱ្យ​ម្ចាស់រថយន្ត​ចង្កូតស្តាំ អាចទៅបង់ពន្ធបាន ដោយ​មិនចាំបាច់កែចង្កូតនោះ ម្ចាស់​រថយន្ត​ចង្កូតស្តាំដែលកែទៅឆ្វេងរួច អាចផ្ញើជាលិខិតសំណូមពរទៅកាន់ក្រសួងឬអាជ្ញាធរពាក់ព័ន្ធ ដើម្បីជួយស្វែងរកជាដំណោះស្រាយនិងពិភាក្សាគ្នា ដោយ​ចៀសវាង​ការ​បំផុសឱ្យមានការប្រមូល​ផ្ដុំបិទផ្លូវ ដែល​ធ្វើឱ្យមានការកកស្ទះ ក៏ដូចជាប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។

លោក​បន្ថែមថា ជុំវិញ​ករណីនេះ ក្រសួងបានកំពុងធ្វើការប្រជុំពិភាក្សា ដើម្បីជជែកពិចារណាសម្រេចទៅលើមតិសំណូមពររបស់ពលរដ្ឋ​ តែលទ្ធផលជាយ៉ាងណានោះ គឺពុំទាន់ដឹងឡើយ។

លោកថា៖ «ទាក់ទងនឹងប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល នេះជាការអនុគ្រោះ ការយោគយល់ដល់បងប្អូនយើង​ដែលមានការលំបាកក្នុងការបង់ពន្ធផង ដូរចង្កូតផង អ៊ីចឹងទៅណា»។

លោកបន្តថា៖ «ចំពោះការធ្វើចរាចរណ៍ គ្រាន់ចង់ជម្រាបជូនថា យើងប្រកាន់ស្ដាំ យើងប្រើចង្កូតឆ្វេងហើយ ប៉ុន្តែយើងឃើញថាប្រទេសមួយចំនួនក៏មានឡានមួយចំនួនក៏ប្រើចម្រុះអ៊ីចឹងដែរ ដូច្នេះគ្រាន់តែថាបងប្អូនដែលគាត់ប្រើចង្កូតស្ដាំហ្នឹង បងប្អូនយើងត្រូវតែប្រយ័ត្នអ៊ីចឹងទៅណា ពេលយើងធ្វើការបើកបរអ៊ីចឹងទៅ»។

លោក ម៉ុន សុខ អាយុ៥៩ឆ្នាំ រស់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលជាម្ចាស់រថយន្តដឹកដីចង្កូត​ស្ដាំមិនទាន់​កែ ឱ្យដឹងថា ជាការប្រសើរ ប្រសិនបើរដ្ឋាភិបាលមិនតម្រូវឱ្យម្ចាស់រថយន្ត​កែចង្កូត។ លោកថា ចំពោះការតវ៉ាកាលពីថ្ងៃម្សិលមិញនោះ គឺ​ពួកគាត់​គ្រាន់តែចង់ដឹង​ពី​លទ្ធផល​សម្រេច​ពីក្រសួងឬអាជ្ញាធរពាក់ព័ន្ធ លើទិន្នន័យជាក់លាក់ដែលពួកគាត់ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​តែ​ប៉ុណ្ណោះ។

លោកថា៖ «ហ្នឹងហើយវាអត់អីទេ ព្រោះអត់កែ អាហ្នឹងវាធូរតិច! ដល់គេឱ្យ​កែទាំងចង្កូតទៅ វាមាន​តែទៅខ្ចីលុយអង្គការ»។

ការអំពាវនាវរបស់ក្រសួងបានធ្វើឡើង ក្រោយពីម្ចាស់រថយន្តនិងអ្នកបើកបររថយន្ត​ចង្កូតស្តាំដែលមិនទាន់បានបង់ពន្ធ និងម្ចាស់រថយន្តនិងអ្នកបើកបររថយន្តចង្កូតស្តាំកែទៅចង្កូតឆ្វេងរួច បាន​នាំគ្នា​ប្រមូល​ផ្តុំ​តវ៉ាជាបន្តបន្ទាប់​ ទាមទារលក្ខខណ្ឌ​ផ្សេងៗ ជុំវិញរឿងកែចង្កូតរថយន្ត​ និងការបង់ពន្ធ នៅក្នុង​សប្តាហ៍​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ