ក្រសួង​ស្នើ​ឱ្យ​ឈប់​ប្រើ​ឧបករណ៍​បង្កើន​កម្លាំង​សេវា ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​សេវា​ទូរសព្ទ​ចល័ត

បុរសម្នាក់កំពុងនិយាយទូរសព្ទ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្នើឱ្យពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្រិតគុណភាពសេវាទូរសព្ទចល័តក្នុងបរិវេណបុរីមួយចំនួន។

ក្នុងសេចក្ដីប្រកាស​ព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ឱ្យដឹងថា ក្រសួងបាន​ចុះត្រួតពិនិត្យហ្វ្រេកង់ស៍វិទ្យុ និងធ្វើការវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័តនៅក្នុងបរិវេណបុរីមួយចំនួនក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានេះ ក្រសួង​បានរកឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ​ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) បានបង្កការឆ្លងរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរសព្ទចល័តនៅក្នុងតំបន់នោះ។

ក្រសួងនេះបានបញ្ជាក់ថា៖ «ប្រជាពលរដ្ឋទាំងអស់ដែលកំពុងប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬ ឧបករណ៍ពង្រីកសេវា ធ្វើការរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះដោយខ្លួនឯងនៅតាមផ្ទះរបស់ខ្លួន»។

សេចក្ដីប្រកាស​ព័ត៌មាននេះបាន​បញ្ជាក់ផងដែរថា ក្រសួងជំរុញអ្នកពាក់ព័ន្ធទាំងអស់ឱ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា និង​ឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់ថាជាប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជាជាបន្ទាន់ ចៀសវាងការប្រឈមនឹងវិធានការច្បាប់។

ប្រភពដដែលនេះបានឱ្យដឹងបន្ថែមថា ក្រសួងបាន​ជំរុញឱ្យប្រតិបត្តិករទូរសព្ទចល័តផ្លាស់ប្ដូរគ្រឿងសម្ភារបរិក្ខារ និងបច្ចេកវិទ្យា ព្រមទាំងសាងសង់ស្ថានីយអង់តែនបន្ថែម ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់ និងពង្រឹងគុណភាពនៃសេវាផងដែរ។

បើតាមសេចក្ដីប្រកាស​ព័ត៌មានដដែលនេះ ក៏បានលើកឡើងពីមាត្រា៨៤ នៃច្បាប់ស្តីពីទូរគមនាគមន៍ បានចែងថា ការបង្កើត ការដំឡើង ការប្រើប្រាស់ ឬការកែប្រែហេដ្ឋារចនាសម្ព័ន្ធនិងបណ្ដាញទូរគមនាគមន៍ ឬគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ ដើម្បី​កាត់ផ្តាច់ ​រំខាន ឬការជ្រៀតជ្រែកលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធទូរគមនាគមន៍ ឬបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ