កម្ពុជា​នឹង​តភ្ជាប់​បណ្ដាញ​ខ្សែកាប​ក្រោម​បាត​សមុទ្រ​ពី​ហុងកុង ដើម្បី​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​គុណភាព​និង​តម្លៃថោក

ពលរដ្ឋធ្វើដំណើរនៅពីមុខក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ (ហ៊ាន រង្សី)

រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ អះអាង​ថា កម្ពុជាកំពុងគិតគូរតភ្ជាប់បណ្ដាញខ្សែកាបក្រោមបាតសមុទ្រពីហុងកុងមកខេត្តព្រះសីហនុ ប្រទេសកម្ពុជា ប្រវែងជាង២ ៧០០គីឡូម៉ែត្រ ដើម្បីធ្វើឱ្យ​ប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា​មានគុណ​ភាពនិងតម្លៃថោកជាងមុន។

ការអះអាងនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» នាព្រឹកថ្ងៃទី​៤ ខែសីហានេះ​ នៅទីស្តីការ​គណៈ​រដ្ឋមន្ត្រី​។

រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត ថ្លែងថា កម្ពុជាមានបណ្ដាញខ្សែកាបក្រោមបាតសមុទ្រប្រហែល៦៤០គីឡូម៉ែត្រ ហើយក្រសួងកំពុងតែគិតគូរតបន្ថែម​ពីហុងកុង ប្រវែង២ ៧០០គីឡូម៉ែត្របន្ថែមទៀត​។

លោកថា នាខែតុលា ឆ្នាំ២០២២នេះ ក្រសួងនឹងចាប់ផ្ដើមគម្រោងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ ប្រវែងសរុប២ ៧១៥គីឡូម៉ែត្រ ដោយរំពឹងថានាឆ្នាំ២០២៤ គម្រោងតបណ្តាញនេះនឹងបញ្ចប់។

លោក ជា វ៉ាន់ដេត បញ្ជាក់ថា៖ «ហើយសង្ឃឹមថាឆ្នាំ២០២៤នឹងចប់ មកដល់ស្រុកខ្មែរ! នៅពេលនោះ សមត្ថភាពអ៊ីនធឺណិតរបស់យើងគឺធំ ដែលយើងលែងព្រួយអំពី[បញ្ហា]សមត្ថភាពអ៊ីនធឺណិតចូល ហើយយើងក៏នឹងទទួលបានសេវាអ៊ីនធឺណិតថោកជាងបច្ចុប្បន្ន»។

បើតាមរដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍រូបនេះ កម្ពុជាមានអ្នកប្រើប្រាស់សេវាទូរសព្ទចលតប្រមាណ១៩លាន៥០ម៉ឺន (១៩ ៥០០ ០០០)លេខ ក្នុងចំណោមនោះ អ្នកប្រើប្រាស់ប្រមាណជាង១៣លាននាក់ ចំណែកអ្នកប្រើសេវាអ៊ីនធឺណិតមាន​ប្រមាណ១៧លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ