កម្ពុជា​នឹង​ចុះ​ត្រួតពិនិត្យ​កន្លែង​រស់នៅ​ជនបរទេស ដើម្បី​ទប់ស្កាត់​មុខ​សញ្ញា​ជួញដូរ​មនុស្ស

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេង)

ក្រសួងមហាផ្ទៃ នឹងបើកប្រតិបត្តិការ​ទ្រង់ទ្រាយធំ​​​ត្រួត​​ពិនិត្យ​កន្លែងរស់​នៅ​របស់​ជន​បរទេស​ទាំង​អស់នៅក្នុងប្រទេស​កម្ពុជា លើកលែងតែមន្ត្រីការទូត ដើម្បីពិនិត្យភាពស្របច្បាប់ និងទប់ស្កាត់មុខសញ្ញាពា​ក់​ព័ន្ធនឹងការជួញដូរមនុស្ស។

ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ នៅបណ្ឌិត្យសភានគរបា​ល​កម្ពុជា ខេត្តកណ្ដាល កាល​ពីថ្ងៃ​ម្សិល​មិញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែង​ថា ក្រសួង​មហាផ្ទៃនឹង​បើកប្រតិបត្តិការទ្រង់ទ្រាយធំត្រួតពិនិត្យ​នៅកន្លែងស្នាក់​នៅរបស់​ជន​បរទេស​ទាំង​អស់នៅកម្ពុជា រួម​មាន នៅ​តាម​សណ្ឋាគារ ការ​ដ្ឋាន និង​ក្រុមហ៊ុន​នានា ប៉ុន្តែលើកលែងជនបរទេស​ដែល​ជា​មន្រ្តីការទូត។ ពាក់ព័ន្ធការងារបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយនេះ លោកថា​ ក្រសួងនឹងរៀបចំផែនការឱ្យបានហ្មត់​ចត់​បំផុត ដើម្បីរកមុខសញ្ញា និងទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជា។

លោក ស ខេង ថ្លែងថា៖ «អ្នក​​ម​ក​​ធ្វើកា​រ​ងា​រ​​នៅ​កន្លែង​ការដ្ឋាន​ផ្សេងៗ ក្រុមហ៊ុន​វិនិយោគទាំងអស់ហ្នឹង គឺត្រូវតែត្រួត​ពិនិត្យ ហើយ​ត្រួតពិនិត្យនេះគ្មានក្នុងបំណងអីទេ គឺ​ក្នុងបំណងឱ្យរកឃើញថា អ្នកដែល​មក​កម្ពុជា​ហ្នឹង គឺចូល​ដោយ​ត្រឹមត្រូវតាមច្បាប់ឬមិនត្រឹមត្រូវ! ធ្វើការ​នៅកម្ពុជាហ្នឹងមានច្បាប់ការងារអត់! ហើយរកឱ្យឃើញអ្នកដែល​ជា​មុខ​សញ្ញានៃជួញដូរមនុស្ស»។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​រូបនោះថ្លែងបន្ត​ថា ដើម​ចម​ដែលនាំឱ្យអង្គការហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា អង្គការហ្វា ដាក់កម្ពុជាក្នុងបញ្ជីប្រផេះ ដោយសារតែកម្ពុជានៅតែជួបបញ្ហាប្រឈមមួយ​ចំនួ​ន​ដែល​នៅ​សេស​សល់ ហើយ​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ រួមមាន បទល្មើសគ្រឿងញៀន បទល្មើសចរាចរណ៍ ការជួញដូរព្រៃ​ឈើ សត្វ​ព្រៃ និង​ការជួញដូរមនុស្ស ជាដើម។ ករណីនេះ លោកថា ថ្នាក់ដឹកនាំ​បានជំរុញទៅស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវ​ពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់បញ្ហាប្រឈមទាំងនោះផងដែរ។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក កៅ វណ្ណថន បាន​ទេ នៅរសៀលថ្ងៃនេះ ។

នាយកប្រតិបត្តិ​អង្គការ​តម្លា​ភាព​កម្ពុជា លោក ប៉ិច ពិសី ​បង្ហាញការ​គាំទ្រចំពោះការអនុវត្តប្រតិបត្តិការ​ត្រួត​ពិនិត្យ​នេះ ប៉ុន្តែលោកថា ប្រតិបត្តិការនេះគួរ​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ​ ក៏​ដូច​ជា​មន្រ្តី​អនុវត្តច្បាប់ផ្សេងទៀត នោះទើបការ​​ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យពាក់​ព័ន្ធនឹងការជួញដូរមនុស្សមាន​​ប្រសិទ្ធភាពខ្ពស់។

លោកថា៖ «ខ្ញុំគិតថា ឱ្យតែរដ្ឋាភិបាលមានឆន្ទៈក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្ស យើងសង្ឃឹមការអនុវត្តនោះនឹងមានប្រសិទ្ធភាព តែយើងនឹងចាំមើលថាប្រតិបត្តិការនោះនឹងចេញប្រតិបត្តិការជាផ្លែផ្កាកម្រិតណា»។

ស​ហ​រដ្ឋ​អា​មេ​រិ​ក ​កា​លពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០​២២​នេះ ​បាន​ចេ​ញរ​បា​​​​យ​​​កា​រណ៍​ថ្មី​មួយដា​ក់​ប្រទេ​ស​មួ​យចំនួ​នក្នុ​ង​ប​ញ្ជីខ្មៅនៃកា​រជួ​ញ​ដូ​រ​​ម​នុស្ស​របស់ខ្លួន​ ​ក្នុ​ងនោះ​មាន​ទាំ​ង​កម្ពុ​ជាផ​​​​ង​ដែរ។​

ការ​ដាក់កម្ពុជា​​​ក្នុ​​ងបញ្ជីខ្មៅនៅ​ពេលនេះ​ ត្រូវ​បាន​សហ​រដ្ឋ​​អា​មេរិក​ស​ម្អា​ង​ថា​ ​​កា​រ​ជួញ​ដូរ​​ជនបរទេស​​​ចូល​មក​​ក្នុង​​ប្រទេស​កម្ពុជាកំពុ​ង​មានការ​កើ​នឡើង ក៏ដូចជាការរំលោភ​បំពាន​ផ្សេង​​ទៀតពាក់ព័ន្ធនឹងវិស័យការងារ ពលករ​ចំណាក​​ស្រុក ហើយ​​ម​ន្ត្រី​​​មួ​យ​ចំនួន​សម​​គំនិត​ក្នុង​​ប្រតិ​បត្តិ​ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។

តែយ៉ាង​​ណា ក្រៅពីដាក់កម្ពុជាក្នុងបញ្ជីខ្មៅ ក្រសួងការបរទេសអាមេរិកក៏​បាន​អំពាវ​នាវ​ឱ្យ​កម្ពុជាបង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​អនុវត្ត​ច្បាប់ប្រឆាំងនឹងប្រតិ​បត្តិ​ការឆបោកតាម​អ៊ីនធឺណិត រួមទាំង​ការចោទប្រកាន់​ពីការ​​ងារ​​ដោយ​បង្ខំ និង​ប្រឆាំង​នឹង​មន្ត្រី​ដែល​សម​គំនិ​ត​ក្នុង​ប្រតិបត្តិការឆបោកនេះ និងឧក្រិដ្ឋកម្មជួញដូរដែលពាក់ព័ន្ធ។

ក្នុង​របាយការណ៍នោះ អាមេរិកបានដាក់កម្ពុជា វៀតណាម តំបន់​ម៉ាកាវ​របស់ចិន និង​ប្រទេស៣ទៀត​នៅតំបន់​​អាស៊ាន ពី​​បញ្ជី​ស្ថិត​​ក្រោម​ការឃ្លាំមើលនៅកម្រិត២ ទៅកម្រិត៣ ដែលគេស្គាល់ជាទូទៅថា «បញ្ជីខ្មៅ» ដែលជាកម្រិតដ៏អាក្រក់។ អាមេរិកចោទប្រកាន់ថា កម្ពុជានិងប្រទេសទាំងនោះមានកិច្ចខិតខំតិចតួច និងមិនបានគោរពតាមស្តង់ដារនៃការលុបបំបាត់ការជួញដូរមនុស្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ