អាមេរិក​ដាក់​កម្ពុជា​ក្នុង​បញ្ជីខ្មៅ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស

ក្រុមជនសង្ស័យជាជនជាតិចិនចំនួន១៤នាក់ ត្រូវបានកម្លាំងចម្រុះសហការបង្ក្រាបឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់និងជំរិតទារប្រាក់ នៅចំណុចសណ្នាគារ ប៉ូស៊ីកាណូប៊ូទិក សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាក់កម្ពុជានៅចំណាត់ថ្នាក់ទី៣ ក្នុងបញ្ជីខ្មៅ នៅឆ្នាំ២០២២នេះ ពាក់ព័ន្ធនឹងអំពើឆបោក​​ទ​ង់​ក្រហម (Red Flags Scam Operations) ​ការ​ជួញ​ដូរ​​ជនបរទេស​​ចូល​មក​​ក្នុង​ប្រទេសកម្ពុជាដែលកំពុងមានការ​កើនឡើង ក៏ដូចជាការរំលោភ​បំពាន​ផ្សេង​​ទៀត ពាក់ព័ន្ធនឹងពលករចំណាកស្រុក។

យោងតាមរបាយការណ៍ស្ដីពី​ការ​ជួញដូរ​មនុស្ស​ប្រចាំឆ្នាំរបស់​ក្រសួងការបរទេស​អាមេរិក ដែល​​​ចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារ​ម្សិលមិញ បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​​ស្ថិត​ក្នុង​បញ្ជី​តាមដាន​ចំណាត់ថ្នាក់២ ក្នុង​​របាយការណ៍​របស់​សហរដ្ឋ​អាមេរិក ​ក្នុង​​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​​នេះ។ របាយការណ៍បន្តថា ប្រទេសដែលមិនមានភាព​ប្រសើរ​ឡើង ត្រូវបាន​ទម្លាក់​ចំណាត់​ថ្នាក់​ដោយ​ស្វ័យប្រវត្តិ​ទៅចំណាត់ថ្នាក់ទី៣ (បញ្ជីខ្មៅ) បន្ទាប់​​​ពី​រយៈពេ​ល​២ឆ្នាំ​​នៅក្នុងបញ្ជីតាម​ដាន ប៉ុន្តែកម្ពុជាបានទទួលការពន្យារពេលមួយឆ្នាំ នៅឆ្នាំ​២០២១។ របាយការណ៍នេះក៏បានបញ្ជាក់ផងដែរថា «រាជធានី-ខេត្តទាំង​២៥របស់ប្រទេសកម្ពុជា គឺជាប្រភពនៃការជួញដូរមនុស្ស»

របាយការណ៍ដដែលបន្ត​ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា រួម​ជាមួយប្រទេសចិន ម៉ាកាវ វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កូរ៉េខាងជើង ប៊្រុយ​ណេ ស៊ីរី អាហ្វហ្គានីស្ថាន ស៊ូដង់ខាងត្បូង និងរដ្ឋចំនួន១២ផ្សេងទៀត ជាប្រទេស​ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣។ នៅពេលប្រទេសក​ម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ទី​៣ នឹង​អាច​ធ្វើឱ្យ​មាន​​ការរឹត​ត្បិតលើជំនួយបរទេស បើទោះ​បី​ជា​​មិនមែនជាការចាំបាច់ និង​ជាការសម្រេចចិត្តផ្នែកនយោបាយ​រប​ស់​ប្រធានាធិបតីសហរដ្ឋអាមេរិកក៏ដោយ។

វីអូឌី បានចងក្រងឯកសារស្ដីពីការជួញដូរ ការ​ងារ​ដោយ​បង្ខំ និង​ការ​ធ្វើ​ទារុណ​កម្ម​លើ​ជនបរទេស​ក្នុង​ប្រតិបត្តិការឆបោកទូទាំងប្រទេស។ ជាធម្មតា បុគ្គលដែលត្រូវបានជួញដូរ គឺជាពលរដ្ឋ​​​ចិន វៀតណាម ថៃ តៃវ៉ាន់ និងម៉ាឡេស៊ី រួមទាំងមានករណីជួញដូរមួយចំនួនទៀត ដែលត្រូវ​បានរាយការណ៍ពីបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី​ផ្សេង​ទៀត។

របាយការណ៍ទាំងនេះត្រូវបានគាំទ្រដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និង​អង្គការមិនមែ​នរ​ដ្ឋាភិបាល​ផ្សេង​ទៀត ដែលបានចងក្រងឯកសារអំពីការរំលោភបំពានទាំងនេះផងដែរ។

របាយការណ៍ TIP របស់សហរដ្ឋអាមេរិក បានបង្ហាញសង្ខេបអំពី​ប្រតិបត្តិការឆបោក ដោយ​រៀប​​រាប់​​លម្អិត​អំពី​ការរំលោភសិទ្ធិការងារ និងបញ្ហាជួញដូរមនុស្ស ​ដែល​កំពុង​តែ​កើត​មាន​នៅ​ក្នុងប្រទេសកម្ពុជា ដូចជា ការងារដើម្បីដោះបំណុល​នៅ​ឡ​ឥដ្ឋ ការ​ជួញដូរកូនស្រី​ដែលកំពុងមានការកើនឡើងនៅបរទេស និង​ការរំលោភបំពានដែលប្រជាជនចំណាកស្រុកកំពុងជួបប្រទះ។

របាយការណ៍ដដែលនេះបង្ហាញថា មាន​របាយការណ៍គួរឱ្យទុកចិត្ត ដែលបង្ហាញថា មន្ត្រី​មួយ​ចំនួន​សម​​គំនិត​ក្នុង​​ប្រតិ​បត្តិ​ការឆបោក និងអំពាវនាវឱ្យបង្កើនការកាត់ទោសអាជ្ញាធរដែល​ប្រព្រឹត្ត​​ខុស។

របាយការណ៍ដដែលនេះបានបង្ហាញទៀតថា៖ «អង្គការមិនមែនរដ្ឋាភិបាលបានចោទប្រកាន់ថា ​នគរបាលនិងមន្ត្រីផ្សេងទៀតសមគំនិតក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលបាន​បង្ខំ​ប្រជាជនចិន ប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍ និងជនបរទេសរាប់រយនាក់ ឱ្យធ្វើកា​រ​នៅ​​ក្នុង​វិស័យ​សេវា​បម្រើ​អតិថិជន​នៅក្រុង​ព្រះ​សីហនុ និងទីតាំងផ្សេងទៀត»។

របាយការណ៍នេះក៏អំពាវនាវឱ្យមានការបង្កើន​កិច្ចខិតខំប្រឹងប្រែង​អនុវត្តច្បាប់ប្រឆាំងនឹងប្រតិ​បត្តិ​ការឆបោកតាម​អ៊ីនធឺណិត រួមទាំងការចោទប្រកាន់ពីការងារដោយបង្ខំ និងប្រឆាំង​នឹង​មន្ត្រី​ដែល​សម​គំនិ​ត​ក្នុង​ប្រតិបត្តិការឆបោកនេះ និងឧក្រិដ្ឋកម្មជួញដូរដែលពាក់ព័ន្ធ។

នគរបាលកម្ពុជាបានជួយសង្គ្រោះមនុស្សដែលត្រូវបានបង្ខំឱ្យធ្វើការក្នុងប្រតិបត្តិការឆបោកជាបន្តបន្ទាប់ ដែលជា​ញឹកញាប់ធ្វើឡើងតាមការទូត​ពីប្រទេសកំណើតរបស់ជនរងគ្រោះ។ យ៉ាងណាក៏ដោយ នគរបាលកម្ពុជាបាន​បដិសេធ​យ៉ាងដាច់អហង្ការថា មិនមានការកើនឡើងនៃករណីទាំងនេះឡើយ ដែលជួនកាលបានកំណត់ការឃុំខ្លួនពលករថាជាវិវាទការងារ ឬការខ្វែងគំនិតគ្នាលើកិច្ចសន្យាការងារ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង សុំមិនធ្វើការបកស្រាយជុំវិញ​បញ្ហា​នេះ ដោយលោកស្រីអះអាងថា អ្នកសារព័ត៌​មាន​សួរ​សំណួរនេះដដែលៗ។

ចំណែក​អ្នកនាំពាក្យក្រសួងមហាផ្ទៃ​ លោក ខៀវ សុភ័គ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន មិនអាចសុំការបញ្ជាក់​បានទេ នៅរសៀលថ្ងៃនេះ។

អ្នកនាំពាក្យ​សមាគមការពារសិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា ចង់​ឃើញ​ស្ថាប័ន​ពាក់ព័ន្ធរបស់កម្ពុជា​ដើរតួនាទីក្នុងការ​អនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ហើយត្រូវត្រួតពិនិត្យឱ្យ​បាន​ច្បាស់​លាស់​ទៅលើជនបរទេសដែល​មាន​ជំនួញនៅកម្ពុជា និងកំពុងប្រើប្រាស់អគារពាណិជ្ជកម្ម ដើម្បីរកស៊ីភាគហ៊ុនផ្សេងៗ ចៀសវាងការ​យក​ទីតាំងផ្សេងៗនៅ​កម្ពុជាទៅប្រព្រឹត្តនូវបទល្មើសណាមួយ​ដែល​ធ្វើឱ្យប៉ះពាល់ដល់មុខមាត់និង​កិត្តិ​យស​កម្ពុជានៅ​​លើឆាកអន្តរជាតិ។

លោកមានប្រសាសន៍ថា៖ «ពេលដែលពិនិត្យហើយ គួរតែមានការជជែកគ្នាជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ដើម្បីរកដំណោះស្រាយ និងដើម្បីកុំឱ្យមានឈ្មោះរបស់ប្រទេសកម្ពុជាហ្នឹងកាន់តែប៉ះពាល់មកដល់មុខមាត់នៃប្រទេសកម្ពុជា ពាក់ព័ន្ធទៅរឿងការជួញដូរមនុស្ស និងរឿងអនឡាញហ្នឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ