ពលរដ្ឋ​នៅ​សង្កាត់ជើងឯក ស្នើ​អាជ្ញាធរ​រាជធានីភ្នំពេញ​ពន្លឿន​ការ​ផ្ដល់​ប្លង់កម្មសិទ្ធិ​ដីធ្លី​ដល់​ពួកគាត់

រថយន្តដឹកដី ចាក់បំពេញផ្ទៃបឹង ក្បែរផ្ទះពលរដ្ឋ ដើម្បីបង្កើតផ្លូវឆ្លងកាត់តំបន់ដីសើមក្បែរបឹងជើងឯក ក្នុងឆ្នាំ២០២០។ (រូបថត៖ អង្គការសមាគមធាងត្នោត)

ប្រជាពលរដ្ឋ​ប្រមាណ៤០នាក់ តំណាងឱ្យជាង៨០គ្រួសារ​ រស់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ នៅថ្ងៃពុធនេះ បាននាំគ្នា​ទៅ​ប្រមូល​​​ផ្ដុំនៅ​​​មុខរដ្ឋបាល​រាជធានីភ្នំពេញ ដើម្បី​​ជំរុញ​ដល់​អាជ្ញាធរ​​ពន្លឿន​ការ​ផ្ដល់​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់ ខណៈពួកគាត់​បារម្ភ​ពីការ​​បណ្ដេញ​ចេញ​ដោយ​បង្ខំ។

អ្នកស្រី វង្ស ធារី ប្រជាពលរដ្ឋរស់នៅភូមិ​ដូនឪ សង្កាត់ជើងឯក បានឱ្យដឹងថា ចាប់ពីឆ្នាំ​២០២០​មក​ ពួកគាត់បានដាក់លិខិត​​ទៅរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរ​ពាក់​ព័ន្ធ ដើម្បីស្នើសុំ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ប៉ុន្តែ​មក​ដល់ពេល​នេះ ពួកគាត់នៅមិនទាន់ទទួលបាន​បណ្ណ​កម្ម​សិទ្ធិនៅ​ឡើយទេ។

អ្នកស្រីបន្តថា ការដែលពួកគាត់ទៅ​ប្រមូលផ្ដុំនៅរដ្ឋបាលរាជធានីភ្នំពេញ ជាថ្មីទៀត នៅថ្ងៃនេះ គឺដើម្បីជំរុញជាថ្មីទៅអាជ្ញាធរ​ឱ្យ​ជួយ​ពន្លឿនការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគាត់ ដោយសារ​តែបច្ចុប្បន្ន មានក្រុមហ៊ុន​ឯកជនបានទៅអភិវឌ្ឍចាក់ដីលុបបឹងនៅក្បែរៗតំបន់ដែលគាត់រស់​នៅ ធ្វើឱ្យពួកគាត់​បារម្ភខ្លាចមានការ​​បណ្ដេញចេញទាំងបង្ខំនៅពេលខាងមុខ។

អ្នកស្រី វង្ស ធារី និយាយថា៖ «យើងចេះតែខ្លាច បារម្ភភ័យ ព្រោះនៅជុំវិញ[ផ្ទះ]ហ្នឹង ​គេចាក់[ដី]អស់​ហើយ ហើយ​យើងនៅកណ្ដាល​ ដល់អ៊ីចឹងខ្លាចម៉េចទៅ យើងអត់ដឹងថាទៅរស់នៅណា ​[…] អ៊ីចឹង​បានសុំឱ្យគាត់ជួយដោះស្រាយមក ព្រោះកូនចៅនេះអត់មាន​ប្លង់កាន់កាប់ ហើយ​ដីក៏អត់ធំដែរ»។

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ចឹក សុខណៃ ឱ្យដឹងថា ពួកគាត់បានទៅរស់នៅនិងប្រកបរបររកស៊ីចិញ្ចឹមជីវិតនៅភូមិដូនឪ សង្កាត់​ជើង​ឯក តាំង​ពី​ឆ្នាំ១៩៨២ រហូតមកដល់បច្ចុប្បន្ន ដោយ​អាជ្ញាធរ​ពុំទាន់​ផ្ដល់​បណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពួកគាត់​នៅ​​​ឡើយ ខណៈពលរដ្ឋក្នុង​​១គ្រួសារ មានក្បាល​ដី​ចន្លោះពី​៦ទៅ៧​ម៉ែត្រ​ប៉ុណ្ណោះសម្រាប់​សង់​លំនៅ​ឋាន​។

ពលរដ្ឋរូបនេះ​បន្ត​ថា អ្នកភូមិរស់នៅទីនោះជាប្រជាពលរដ្ឋក្រីក្រ ដោយ​ប្រកបរបរ​ដាំ​បន្លែ នេសាទ​​​ត្រី​លើផ្ទៃបឹងជើងឯក ធ្វើសំណង់ និង​ធ្វើ​ការងារ​រោងចក្រ ជាដើម។

អ្នកស្រីបន្ថែម​ថា៖ «ពេលដែលយើងមានបណ្ណកម្មសិទ្ធិស្របច្បាប់ខ្លួនឯង យើងរស់នៅ វាមានទំនុកចិត្តខ្លះ ដល់​ពេល​យើង​រស់នៅលើដីដែលអត់មានបណ្ណកម្មសិទ្ធិអ៊ីចឹង ពួកខ្ញុំរស់នៅទាំងមានអារម្មណ៍ខ្លាច។ ខ្លាច​គេបណ្តេញយើងចេញទៅនៅកន្លែងផ្សេង ​ធ្វើឱ្យយើង​បាត់បង់មុខរបរ។ ពួកខ្ញុំអត់ចង់ផ្លាស់​ប្តូរ​ទៅកន្លែងផ្សេងទេ ព្រោះនៅទីនេះ យើងមានមុខរបរ​រកស៊ីគ្រប់គ្រាន់ នៅជិត​មន្ទីរពេទ្យ សាលារៀន និងនៅជិតកន្លែងធ្វើការ ដែល​ងាយ​ស្រួលឱ្យ​ពួកយើង​ងាយប្រកបរបរ​ចិញ្ចឹម​ជីវិត»

វីអូឌី មិនអាចសុំការឆ្លើយតបពាក់ព័ន្ធនឹងករណីនេះពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអ្នកនាំពាក្យ លោក ម៉េត មាស​ភក្តី បាន​​ទេ​ នៅថ្ងៃអង្គារនេះ។

បើតាមតំណាងពលរដ្ឋដែល​ចូល​ទៅ​ជួបជាមួយ​មន្ត្រី​រដ្ឋបាល​​រាជ​ធានី​ភ្នំ​ពេញ គឺ​មន្ត្រីស្ថាប័ន​នេះបាន​ឱ្យ​ពលរដ្ឋ​ត្រលប់​ទៅលំនៅឋាន​វិញ ហើយជួបជាមួយមន្ត្រីសង្កាត់ និង​មន្ត្រីរដ្ឋបាល​រាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ ដើម្បីរកដំណោះស្រាយ។

កាលពីចុងឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានចេញលិខិតមួយជូនទៅរដ្ឋបាលរាជធានីភ្នំពេញ​ ឱ្យដោះ​ស្រាយ ដោយ​ចេញ​បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅសហគមន៍​ដូនឪ ក្រុម​៣ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយពួកគេដាក់ពាក្យស្នើសុំបណ្ណកម្មសិទ្ធិនេះនៅក្រសួងរៀបចំដែនដី។

ជុំវិញបញ្ហាដីធ្លីនេះដែរ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត ធ្លាប់បានលើកឡើងនាពេលថ្មីៗនេះ​​ថា ការ​ដែល​ប្រជាពលរដ្ឋ​បារម្ភពីបណ្ណកម្មសិទ្ធិដីធ្លី គឺជារឿងត្រឹមត្រូវ។ លោកថា បើសិនជាមិនមានប្លង់កម្មសិទ្ធិ ពួកគាត់នឹងប្រឈមនឹងការបណ្ដេញចេញដោយបង្ខំនៅថ្ងៃណាមួយ ហើយដីរបស់ពួកគាត់អាចនឹងធ្លាក់ទៅក្នុងដៃរបស់ក្រុមហ៊ុនឬជនមានអំណាចណាមួយក្រោម​រូបភាពអភិវឌ្ឍន៍។

ចំណែកប្រធានគម្រោង​សិទ្ធិ​លំនៅ​ឋាន និង​ស្រាវ​ជ្រាវ នៃ​អង្គការ​សមាគម​ធាង​ត្នោត​ លោក ស៊ាង មួយឡៃ មានប្រសាសន៍​ថា រដ្ឋាភិបាល​បានកាត់​ផ្ទៃបឹង​នានា​ជាច្រើន​ឱ្យ​ទៅ​ក្រុម​ហ៊ុន​ឯក​ជន ស្ថាប័ន​រដ្ឋ និងអ្នកមានលុយមានអំណាច ដែល​បង្ក​ឱ្យ​មាន​ភាពអយុត្តិធម៌សង្គម។

មន្ត្រីសង្គមស៊ីវិលរូបនេះលើកឡើងថា ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និងអ្នកមានលុយមានអំណាចទាំងនេះ មានសិទ្ធិទទួលបានដីបឹង​មក​ធ្វើជា​កម្ម​សិទ្ធិ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋក្រីក្រដែលរស់នៅនិងអាស្រ័យផលនៅជាប់បឹងនោះ​រាប់ឆ្នាំ បែរ​ជាមិន​ត្រូវ​ទទួលបាន​កម្ម​សិទ្ធិ​លើដីរបស់ខ្លួន និងត្រូវរងនូវ​ការបណ្តេញចេញពីលំនៅដ្ឋានទាំងបង្ខំថែមទៀត។

លោកបន្ថែមថា៖ «យើងឃើញថា ប្រជាពលរដ្ឋក្រីក្រដែលរស់នៅតាំងពីយូរណាស់មកហើយ នៅតាមទីតាំង​តំបន់ជាប់បឹងនោះ ត្រូវបានគេបណ្តេញចេញ ឬគំរាមកំហែងឱ្យចេញពីទីតាំងហ្នឹង ហើយយកដីនៅទីតាំងហ្នឹងទៅឱ្យអ្នកមានលុយមានអំណាច​វិញ ដែលបញ្ហានេះ វាបង្ក​ឱ្យមានការឈឺចាប់ និងប៉ះពាល់ធ្ងន់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋ»

កាលពីខែមីនា ឆ្នាំ២០២២នេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យជាបន្តបន្ទាប់កាត់ផ្ទៃដី «បឹងជើងឯក» ទំហំជាង១២ហិកតា ស្ថិតក្នុងខណ្ឌមានជ័យ និង​ខណ្ឌ​ដង្កោ រាជធានីក្នំពេញ និង​ក្រុងតាខ្មៅ ខេត្តកណ្ដាល ទៅឱ្យឧកញ៉ា ឡោក ហ៊ួរ និងក្រសួងមហាផ្ទៃសម្រាប់ធ្វើកម្មសិទ្ធិ និងអភិវឌ្ឍន៍ផ្សេងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ