មេធាវីលោក កឹម សុខា រិះគន់តុលាការពីភាពមិនទៅមុខនៃដំណើររឿងព្រហ្មទណ្ឌកូនក្ដីខ្លួន

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ក្នុងថ្ងៃមកចូលសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សហមេធាវីការពារសិទ្ធិឱ្យអតីតមន្រ្តីជាន់ខ្ពស់ នៃគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលា​​ការ​​រំ​​លា​​យ រិះគន់ថា សំណុំរឿងនេះដូចមិនមានភាពជឿនលឿនទេ ខណៈដែលអង្គហេតុចុងក្រោយ ដែ​​ល​តុ​​​លាការបានកំណត់ ហើយដាក់ឱ្យគ្រប់ភាគីមានការដេញដោលលើនីតិវិធីនៃអង្គសេចក្ដី នៅ​​​​​បន្ត​​​សាចុះសាឡើង ដែលជំរុញឱ្យសវនាការនេះចេះតែបន្តអូសបន្លាយពេលវេលាកាន់តែ​​យូរ​​ទៅ​​​ៗ​។

ថ្លែងប្រាប់ វីអូឌី តាមទូរសព្ទ នៅថ្ងៃទី២៧ ខែកក្កដានេះ លោកមេធាវី ផែង ហេង ដែលជាសហ​​មេធា​​វី​​ការ​ពារក្ដីឱ្យលោក កឹម សុខា បញ្ជាក់ថា ទាំងតំណាងអយ្យការ និងសហមេធាវីការពារក្ដីរបស់​​រដ្ឋា​​ភិ​​បាល បានប្រើប្រាស់ឃ្លីបវីដេអូច្រំដែលៗ ដើម្បីយកមកចោទសួរ និងដាក់បន្ទុកក្តីរបស់ខ្លួន​។​​ លោ​​​​​ក​​បន្តថា បើពិនិត្យទៅលើការតាំងសំណួរ ហាក់ចាកឆ្ងាយពីអង្គហេតុដែលនិយាយ​​អំពីបទ​​ប្រ​​ទូ​សរ៉ាយ។

លោកបន្តថា៖ «សំណួរ ឃើញអយ្យការគាត់យកវីដេអូដដែលយកមកចាក់សួរបកទៅ​​បកមក ហើយឃើញវីដេអូមួយពីរហ្នឹង ឃើញថាដូចជាចាក់ប៉ុន្មានសេអង់ជាប់ៗគ្នា។ បើសំណួរវិញ ឃើញតែនៅជុំវិញសម្ដីរបស់ឯកឧត្ដម សម រង្ស៊ី និយាយហ្នឹងមានន័យថាម៉េច! ហើយសម្ដីឯកឧត្ដម កឹម សុខា សម្ដី ហូរ វ៉ាន់ និងសម្ដីរបស់ឯកឧត្តម ប៉ុល ហំម អីហ្នឹង ដែលនៅទីលានប្រជាធិបតេយ្យ សួ​​របកចុះបកឡើងតែពីរឿង​អំពីឯកឧត្ដម កឹម សុខា យកស្បៀងអាហារឱ្យបាតុករអីហ្នឹង»។

លោក ប្លង់ សុផល តំណាងយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងការពារនៅ​​ក្នុងអង្គ​​ជំនុំ​​ជ​ម្រះ​​​ថា ថ្វីត្បិតនេះជាវីដេអូចាស់ ហើយសំណួរខ្លះស្តាប់ទៅហាក់ដូចគ្នាមែន ប៉ុន្តែវាកើតឡើងនៅ​​ទី​​តាំង​​​​​ផ្សេង​​គ្នា​​។ ចំណែកជនជាប់ចោទមានសិទ្ធិមិនឆ្លើយបាន នូវអ្វីដែលតំណាងអយ្យការសួរ រីឯ​​សិទ្ធិ​​នៃការតាំងសំណួរ វាក៏ជាសិទ្ធិរបស់អយ្យការដែរ។​​ តើនេះជាការជំរិតយកចម្លើយ​​ពីជន​​ជាប់​​ចោ​ទ​​​​មែនដែរទេ? នេះជាការឌឺដងវិញឱ្យលោក ផែង ហេង ដែលជាសហមេធា​​វីការពារសិទ្ធិ​​លោ​​ក​​ កឹម សុខា។ សហមេធាវីរូបនេះជម្រាបអង្គសវនាការថា រាល់ការតាំងសំណួររបស់លោក ប្លង់ សុ​​ផ​​ល ដែលជាតំណាងអយ្យការ គឺជាការចាប់ជំរិតយកចម្លើយពីកូនក្តីរបស់ខ្លួន។

គេសង្កេតឃើញថា សម្រាប់សវនាការលើកទី៥០ នៅព្រឹកថ្ងៃពុធនេះ នៅតែជានាទីរបស់តំណាង​​អយ្យ​​ការ និងសហមេធាវីការពារក្ដីរបស់រដ្ឋាភិបាល តាំងសំណួរឱ្យជនជាប់ចោទ លោក កឹម សុខា ឆ្លើយ​​​​។ ភាគីទាំងពីរបានប្រើប្រាស់ឃ្លីបវីដេអូដែលគេដឹងជាទូទៅថា ជាឃ្លីបវីដេអូដែលបាន​​ប្រើ​​ប្រាស់ រួចមកហើយ ហើយក៏ប្រើប្រាស់ច្រើនលើកមកហើយដែរ ក្នុងការចោទសួរនិង​​ដាក់បន្ទុក​​លោ​​​ក កឹម សុខា។

ឃ្លីបវីដេអូដែលតុលាការយកមកធ្វើជាសម្អាងហេតុ ដើម្បីដាក់បន្ទុកនេះ រួមមាន សកម្មភាព​​ធ្វើ​​ម​​ហា​​​​បាតុកម្ម​​នៅទីលានប្រជាធិបតេយ្យ កាលពីចុងខែធ្នូ ឆ្នាំ២០១៣ និងដើមខែមករា ឆ្នាំ២០១៤ ជា​​​​​​ដើម។ បើពិនិត្យអំពីឃ្លីបវីដេអូដែលតុលាការយកធ្វើជាភស្តុតាងក្នុងការចោទសួរនេះ ភាគច្រើន​​ជាស​កម្មភាព នៃការប្រកាសរបស់លោក សម រង្ស៊ី លោក ហូរ វ៉ាន់ និងលោក កឹម សុខា។​​​ តុលាកា​​រ​​ព្យា​​យាម​​ច្បិចយកពាក្យមួយឃ្លាៗរបស់ជនជាប់ចោទ មកតាំងជាសំណួរដើម្បីដាក់បន្ទុក។

សំណួរភាគច្រើនរបស់តំណាងអយ្យការ និងសហមេធាវីការពារក្ដីរបស់រដ្ឋាភិបាល បានចោទសួរជុំ​​វិញ​​គោលបំណងនៃការថ្លែងសារនយោបាយនៅទីលានប្រជាធិបតេយ្យ ហើយហេតុអីបានមាន​​បាតុ​​កម្មក្រៅពីទីលានប្រជាធិតេយ្យ ដូចជាបាតុកម្មនៅផ្លូវវេងស្រេង និងស្ទឹងមានជ័យ ជាដើម។

លើកនេះ លោក កឹម សុខា ដែលនៅក្នុងរង្វង់ក្រចកសេះ សង្កេតឃើញថា ហាក់ព្យាយាមបដិសេធ ក្នុង​​ការឆ្លើយតបរាល់សំណួររបស់មេធាវី និងតំណាងអយ្យការ បើទោះជាលោកត្រូវបាន​​តុលាកា​​រ​​ព្យា​​យាមចោទសួររ​ហូ​​ត​​​​ដល់ម៉ោងបិទបញ្ចប់សវនាការក្តី។ ចម្លើយរបស់ជនជាប់ចោទ ភាគច្រើន​​លោក​​​ជម្រាបអង្គជំនុំជម្រះថា បានឆ្លើយរួចហើយ និងសុំមិនធ្វើអត្ថាធិប្បាយជាដើម។

បើទោះជាបែបណា គេសង្កេតឃើញថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ បញ្ជាក់​​តប​​ទៅ​​នឹ​​ង​​​​តំ​ណាងអយ្យការ ថាអ្វីដែលជនជាប់ចោទមិនឆ្លើយ មានន័យថាគឺជាចម្លើយរួចទៅហើយ ហេតុ​​នេះ​​មិនចាំ​​បាច់ទាមទារឱ្យជនជាប់ចោទត្រូវតែឆ្លើយនូវរាល់សំណួររបស់តំណាងអយ្យការទេ។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះរូបនេះជំរុញឱ្យតំណាងអយ្យការ លោក ប្លង់ សុផល ធ្វើយ៉ាងណារៀបចំសំណួរឱ្យបានខ្លី ដើម្បីបន្ត​​នីតិ​​វិធីថ្មីទៀត។

លោក យី សុខសាន្ត មន្រ្តីស៊ើបអង្កេត និងការពារសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្ស អាដ​​ហុក ឱ្យដឹងថា បើអង្កេតពីការដេញដោលពេញមួយព្រឹកនេះ ដូចរកមិនឃើញអ្វីដែលថ្មីនៅ​​ឡើយ​​ទេ​​​​។​​លោកបន្តថា តុលាការនៅព្យាយាមបន្តសួរនាំជនជាប់ចោទតែអំពីរឿងចាស់ៗដែលបានសួរ​​​រួច​​ហើយ។ ជាងនេះទៀត បើពិនិត្យទៅលើឃ្លីបវីដេអូវិញ ក៏ជាវីដេអូដែលតុលាការយកមកប្រើ​​ប្រា​​ស់ ក្នុងការសួរនាំជនជាប់ចោទជាហូរហែមកហើយដែរ។

លោកបន្តថា៖ «ដែលតាំងសំណួរដោយមិនមានផលប្រយោជន៍ ហើយមើលទៅហាក់ដូចជា​​ពន្យា​​រពេល​​នៃ​​សវនាការ ហើយទាំងព្រះរាជអាជ្ញា ក៏ដូចជាមេធាវី​​ចោទប្រកាន់គ្នា ចេះតែអូសបន្លាយ​​ពេល​​។ ​​​តា​​មកា​​រកត់សម្គាល់របស់ខ្ញុំ នៅថ្ងៃនេះ គឺថាការរីកចម្រើននៃសាលាក្ដីនេះហាក់ដូចជាយឺត»។

បើតាមមន្រ្តីការពារសិទ្ធិមនុស្សរូបនេះ ករណីលោក កឹម សុខា វាជារឿងនយោបាយ ហេតុនេះការប្រើ​​ប្រាស់​​​​តុលាការមកដោះស្រាយ វាមិនងាយចប់ទេ ប្រសិនបើគ្មានការសម្រប​​សម្រួលខាង​​ន​​យោ​បាយនោះ។

ចំណែកនៅខាងមុខបរិវេណតុលាការឯណោះវិញ សង្កេតឃើញថា អ្នកគាំទ្រលោក កឹម សុខា លើ​​ក​​​​នេះ គឺមានចំនួនច្រើន បើធៀបនឹងសព្វមួយដង ស្របពេលកម្លាំងនគរបាលក៏ត្រូវ​​បានគេ​​​​ដាក់​​ពង្រាយ ក្នុងគោលបំណងដើម្បីពង្រឹងសន្តិសុខមានចំនួនច្រើនដែរ នៅព្រឹកថ្ងៃពុធនេះ។

ការជំនុំជម្រះលើកនេះក៏មិនខុសពីលើកមុនៗដែរ នៅនាទីចុងក្រោយនៃសវនាការ ភាគីក្នុងរឿងក្ដីបន្ត​​ពាក់មុខយក្សដាក់គ្នាជាថ្មីទៀត។ គេសង្កេតឃើញថា ភាពតានតឹងកើតឡើង គឺនៅពេល​​​មានសំណួរតាំងឡើងដោយតំណាងអយ្យការ លោក ប្លង់ សុផល និងលោក ឆាយ ហុង។

គេកត់សម្គាល់ឃើញថា សំណួរដែលនាំឱ្យលោក កឹម សុខា ប្រតិកម្ម ដែលផ្តើមដោយ​​តំណាង​​អ​​យ្យ​​​​​​ការ​​លោក ឆាយ ហុង គឺជុំវិញថាតើមូលហេតុអ្វីបានលោកអំពាវនាវឱ្យមានការផ្តល់​​ស្បៀង​​អា​​ហា​​រទៅដល់បាតុករខុសច្បាប់ នៅទីផ្សេងក្រៅពីទីលានប្រជាធិបតេយ្យ?

ស្ថិតនៅក្នុងរង្វង់ក្រចកសេះ លោក កឹម សុខា ឆ្លើយដោយសម្លឹងមើលមុខតំណាងអយ្យការ ថា​​​នេះ​​​ជា​​សំណួរច្រំដែលៗ ប្រហែលជាក្នុងបេះដូងនិងខួរក្បាលលោកខ្មៅ ទើបសួរសំណួរ​​បែប​​នេះ​​បា​ន​​​​​។

បើតាមអតីតមេដឹកនាំជាន់ខ្ពស់រូបនេះ អ្វីដែលលោកអំពាវនាវនៅទីលានប្រជាធិប​​តេយ្យ​​កាល​​ណោះ​​​ គឺសម្ដែងពីសមានចិត្តរបស់លោកចង់ជួយជនរងគ្រោះ ហើយក៏ជាសម្ដីដែល​​សន្តិភាព​​ដែរ​​។ ទាក់​​​ទិ​​​ន​​សំណុំរឿងសន្ទិដិ្ឋភាព ឬត្រូវរ៉ូវដោយសម្ងាត់ជាមួយភ្នាក់ងារបរទេសនេះ តុលាការនឹង​​កំ​​​ណត់​​​យក​​ថ្ងៃ​​​ទី៣ ខែសីហា ជាថ្ងៃដែលនឹងត្រូវបន្តនីតិវិធីដេញដោលជាថ្មីទៀត៕​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ