សង្គមស៊ីវិល​រកឃើញ​ថា​ការ​បិទខ្ទប់​ព័ត៌មាន​ជា​ប្រភព​ជម្លោះ​នៅ​តំបន់​អភិវឌ្ឍន៍

ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោក​ជិត១០០នាក់ តំណាងពលរដ្ឋ២៥០គ្រួសារ រស់នៅភូមិសំរោងត្បូង សង្កាត់សំរោងត្បូង បាននាំគ្នា​ប្រមូលផ្តុំ​ឈរ​លើក​បដា និង​រូបថត​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា នៅក្នុងសហគមន៍​របស់ពួកគេ​ ដើម្បីទាមទារទៅអាជ្ញាធរ​ខណ្ឌព្រែកព្នៅ ចេញបណ្ណកម្មសិទ្ធិ និងធ្វើ​សៀវភៅស្នាក់នៅជូនពួកគាត់ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុមអង្គការសង្គមស៊ីវិលបានរកឃើញថា «ការបិទខ្ទប់ព័ត៌មាន» មិន​បាន​ធានា​ដល់​ការអភិវឌ្ឍ​ប្រកបដោ​​យ​​និ​រន្តរភាពនោះទេ តែជា​ប្រភព​បង្ក​ជម្លោះ​នៅ​តំបន់​អភិវឌ្ឍន៍ ដែលធ្វើឱ្យប្រជាសហគមន៍មួយចំនួន​​ងា​​យ​​រ​ងគ្រោះ។

ការលើកឡើងនេះបានធ្វើឡើង​ក្នុងសិក្ខាសាលាមួយ​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ២០២២ ដែល​រៀបចំ​ដោយ​វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល​ស្តីពីកម្ពុជា (NGOF) វិទ្យាស្ថាន​តស៊ូ​មតិ​និ​​​ងគោលនយោបាយ (API) និង​អង្គការមួយចំននួនទៀត លើប្រធានបទ «ការផ្សព្វ​ផ្សាយ​ពី​របាយ​ការណ៍​អំពីគម្លាត​នៃ​ការចូលរួម​រ​បស់សហគមន៍ ក្នុងដំណើរការធ្វើសេចក្តីសម្រេច​ចិត្ត​សម្រាប់​ការអភិវឌ្ឍ​គម្រោងខ្នាតធំ ការអភិរក្ស និងការអភិវឌ្ឍជនជាតិដើមភាគតិច និងការគ្រប់គ្រងធនធានធម្មជាតិ» ដែលមានតំណាងរដ្ឋាភិបាលចួលរួមផងដែរ។

ប្រធានកម្មវិធីជាន់ខ្ពស់នៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) លោក ម៉ាន់ វ៉ាន់ផានិត បានលើកឡើងថា ការទទួល​បាន​ព័ត៌មាន ការ​ស្នើសុំព័ត៌មាន​សាធារណៈ​ ដែលរដ្ឋាភិបាល និងអាជ្ញាធរ រួមទាំងក្រុមហ៊ុន​ដែលទទួលបានគម្រោងអភិវឌ្ឍន៍ ត្រូវ​បានលាតត្រដាង ឬហៅថា «សិទ្ធិទទួលបានព័ត៌មាន» នឹងជំរុញឱ្យការអភិវឌ្ឍប្រកបដោយចីរភាព។

ប៉ុន្តែ​លោក​ថា ប្រទេសមួយចំនួន រួមទាំងកម្ពុជា ដែលមានគម្រោង​​អភិឌ្ឍន៍ខ្នាតធំ ដូចជា វារី​អគ្គិសនី គម្រោងដី​ស​ម្បទានសេ​ដ្ឋ​កិច្ច ដីសម្បទានសង្គមកិច្ច គម្រោងអភិវឌ្ឍន៍ផ្លូវជាតិធំៗ និងតំបន់អភិវឌ្ឍន៍ជា​ច្រើនទៀត តែង​​​តែ​បង្កផ​ល​​​ប៉ះពាល់ដល់ប្រជាសហគមន៍ដែលរស់នៅតំបន់អភិវឌ្ឍន៍​នោះ​ផ្ទាល់ រហូត​ដល់មានបាតុកម្ម​ជាដើម ដែល​ករណីទាំងនេះកើត​ចេញ​ពីការមិនទទួល​បាន​ព័​​ត៌មាន។

លោកគូសបញ្ជាក់ថា ជាក់ស្តែង អង្គការ API ដែល​កំពុងធ្វើការជាមួយសហគមន៍នៅខេត្ត​​ចំនួន៣ ដែលជា​តំបន់​ជនជាតិ​ដើម​ភាគ​តិចរស់នៅ គឺ​ប្រជាសហគមន៍​បានបញ្ជាក់ថា ពួកគាត់​មិន​បាន​​ដឹង​ព័ត៌​មានជាមុនទេ​​​​ ពី​គម្រោង​​​ដី​សម្បទានសេដ្ឋកិច្ច ដោយ​​ពួកគាត់​បាន​ដឹង​នៅ​ពេល​ក្រុមហ៊ុន​បញ្ជូន​គ្រឿង​ចក្រ​មក​ឈូសឆាយដី​របស់​ពួកគេ។ រីឯ​អាជ្ញាធរវិញ លោកថា ក៏​មិនបាន​ទទួល​​ព័ត៌មាន​ជាក់​លាក់​ដែរ ថាមានក្រុមហ៊ុនប៉ុន្មា​នហើយដែលទៅ​អភិវឌ្ឍនៅតំបន់​នោះ​ និង​ផែនទី​ត្រឹមត្រូវដែរឬទេ។

លោកថា៖ «អ៊ីចឹងនេះហើយ​ដែលជាបញ្ហា ដែលយើងរកឃើញថា វាជាការកង្វះព័ត៌មាន ដែលធ្វើ​ឱ្យ​គម្រោងអភិវឌ្ឍន៍ទាំងអស់នោះ វាមានបញ្ហាត្រូវតែដោះស្រាយ។ ហើយរឿងខ្លះដោះស្រាយ​មិន​ទាន់​ចប់​ទៀត ក្រុមហ៊ុនធ្វើដល់៥ឆ្នាំ១០ឆ្នាំ​ ហើយនៅតែដោះស្រាយមិនចប់ ដោយ​សារ​មិន​មាន​តម្លាភាព​ព័ត៌មាន ហើយមិនព្រមយក​មកអង្គុយជជែកគ្នាឱ្យបានច្បាស់លាស់ កន្លែង​នេះ​ដែលយើងឃើញភាពជាក់ស្តែង»។

បន្ថែមពីនេះ នាយកប្រតិបត្តិអង្គការ​វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល​ស្តីពីកម្ពុជា លោក តឹក វណ្ណារ៉ា បានថ្លែ​ង​ថា ការ​ទទួល​បានព័ត៌មានគ្រប់ជ្រុងជ្រោយ​ពី​គម្រោងអភិវឌ្ឍន៍ ជាធាតុដ៏សំខាន់​មួយដែល​ធានាដល់ការចូលរួមសម្រេចត្រឹម​ត្រូវ និង​ធានាដល់​ការអភិវឌ្ឍ​ប្រកប​ដោយចីរភាព។

លោកថា៖ «ការចូលរួមរបស់សាធារណជន ជាពិសេសសហគមន៍ដែលងាយរងគ្រោះ ក្នុងដំណើរ​ការ​ដែល​ធ្វើសេចក្តី​សម្រេច​ចិត្ត ក្នុងក្របខណ្ឌអភិវឌ្ឍន៍គ​ម្រោងខ្នាតធំហ្នឹង គឺមានសារៈសំខាន់​ណាស់ ដើម្បីធានាការអភិវឌ្ឍប្រកប​ដោយ​ចីរភាព ​ធានាដ​ល់​សសរស្តម្ភចំនួន៣ គឺការអភិវឌ្ឍ​សេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការការពារបរិស្ថាន»។

ក្នុងនោះដែរ អនុប្រធានអង្គភាពវិភាគ និងគោលនយោបាយនៃគណៈកម្មាធិជាតិសម្រាប់ការអភិវឌ្ឍ​​តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោយជាតិ លោកស្រី គង់ ប៊ុណ្ណា មាន​​ប្រសាសន៍​ថា តាម​រយៈ​កំណែ​ទម្រង់វិមជ្ឈការ និងសហវិមជ្ឈការរដ្ឋបាលថ្នាក់ក្រោមជាតិ បានដើរតួនាទីយ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋាន ក្នុងនោះ​មានទាំង​ការអភិឌ្ឍ​ដីធ្លី ធនធានធម្មជាតិ ដើម្បីលើកស្ទួយជីវភាព និងកាត់បន្ថយភាពក្រីក្រ។

យ៉ាងណា លោកស្រី​ថា ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ជារឿងមួយដែលមានសារៈសំខាន់ដែលមិន​អាច​ខ្វះបា​ន ដើម្បីពង្រឹងនូវអភិបាលកិច្ចទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ប៉ុន្តែ​លោក​ស្រី​ថា បញ្ហា​នៅបន្ត​កើត​មាន ដោយ​សារ​តែ​ការ​មិន​ទាន់​យល់​គ្នា ហើយ​លោកស្រីសង្ឃឹម​ថា បញ្ហានឹងត្រូវបានដោះស្រាយ។

លោកស្រីថា៖ «ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមសំណូមពរដល់ប្រជាពលរដ្ឋសហគមន៍ អង្គការ​មិនមែនរដ្ឋាភិបាលនានា សូមពង្រឹងនូវវប្បធម៌នៃការចូលរួមប្រកប​ដោយ​ការ​ស្ថាបនា​ ឈរលើ​មូល​ដ្ឋាន​ច្បាប់ ក្នុងការការពារនូវផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ និង​តម្កល់ឧត្តម​ប្រយោជន៍​ជាតិ​ជាធំ»។

យ៉ាងណា បើតាមមន្ត្រីនៅវិទ្យាស្ថានតស៊ូមតិ​ និងគោលនយោបាយ លោក ម៉ាន់ វ៉ាន់​ផានិត ប្រទេស​ចំនួន​១៣០ហើយដែលបានបង្កើតច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ក្នុងនោះមាន​ទាំង​​ប្រទេសកុម្មុយ​នីស្ត ដូចជា​ វៀត​ណាម និង​ចិន​ផងដែរ ដោយប្រទេសទាំងនោះ​​រកឃើញថា​ ច្បាប់​នេះជំរុញ​ដល់​ការ​អភិវឌ្ឍសេដ្ឋកិច្ច និងធានា​ដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

សម្រាប់នៅកម្ពុជា ​សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបាន​ព័ត៌មាន បាននិង​កំពុង​ស្ថិតនៅក្នុងដៃ​ក្រសួងយុត្តិ​ធម៌​​ជា​ង១ឆ្នាំមកហើយ បើទោះបីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បង្ហាញការ​តាំង​ចិត្ត​ចង់ឱ្យ​ចេញសេចក្តីព្រាងច្បាប់នេះចេញ​រួចនៅចុងឆ្នាំ២០២០ក្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ