ផ្នែកខ្លះ​នៃ​ខេត្ត​ជាប់​មាត់សមុទ្រ​អាច​ប្រឈម​ជំនន់ទឹកភ្លៀង ខណៈ​កម្ពុជា​រង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប

ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បក់បោក នៅស្រុកមួយនៃកោះកុង ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology)

ក្រសួង​ធនធានទឹក និងឧតុនិយម អំពាវនាវដល់​ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហា​អាកាស​ធាតុ ដោយថា​ កម្ពុជានឹងទទួលរងឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធសម្ពាធទាប (ITCZ) ហើយ​បណ្ដា​រាជ​ធានី-ខេត្ត នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរឬច្រើន ក្នុង​រយៈពេល៧ថ្ងៃ​បន្ថែម​ទៀត ក្នុង​នោះ ផ្នែក​ខ្លះ​ក្នុង​ភូមិសាស្ត្រខេត្តកោះកុង និងព្រះសីហនុ អាច​នឹង​មាន​ជំនន់ទឹក​ភ្លៀង។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែសីហា​ ឆ្នាំ២០២២នេះ ឱ្យ​​ដឹង​ថា ចាប់​ពី​ថ្ងៃទី​០៣ ដល់ថ្ងៃទី០៩ ខែសីហា​​ កម្ពុជានឹងទទួលរងឥទ្ធិពលពីកម្រិតសម្ពាធទាប (ITCZ) ដែលអូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម ជាមួយនឹង​ខ្យល់​មូសុង​និរតី​បក់ក្នុងល្បឿនបង្គួរ​ទៅខ្លាំង មកលើតំបន់សមុទ្រ។

ស្ថានភាព​អាកាស​ធាតុ​​នេះ ក្រសួង​ថា នឹងបណ្ដាល​ឱ្យ​​កម្ពុជា​​​មាន​​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យមទៅ​បង្គួរឬច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចបណ្ដាលឱ្យផ្នែកខ្លះនៃខេត្តកោះកុង និងខេត្ត​ព្រះសីហនុ អាចប្រឈម​នឹងមានជំនន់ទឹកភ្លៀង ខណៈនៅលើផ្ទៃសមុទ្រ​អាចមានភ្លៀង ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់។

ក្រសួងបន្តថា ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្ដាល​ មានសីតុណ្ហភាពអប្បបរមាពី២៣ដល់២៥អង្សាសេ និងអតិបរមាពី៣២ ដល់៣៤អង្សាសេ។ សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមាពី២២ដល់២៤អង្សាសេ និងអតិបរមាពី៣១ដល់៣៣អង្សាសេ។ ចំណែក​ឯតំបន់សមុទ្រ នឹងមានសីតុណ្ហភាពអប្បបរមាពី​២៣ដល់២៥អង្សាសេ និង​អតិបរមាពី៣១ដល់៣៣អង្សាសេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ