កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ចាប់ផ្ដើម​នៅ​កម្ពុជា​ក្នុង​បរិបទ​នយោបាយ​តានតឹង​ខ្លាំង​រវាង​អាមេរិក​និង​ចិន

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត បានចាប់ផ្ដើមហើយនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែសីហា​នេះ ដោយ​មាន​ការចូល​រួម​ថ្លែង​ស្វាគមន៍ និង​បើក​កិច្ចប្រជុំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

កិច្ចប្រជុំនេះមានការចូលរួមពីអគ្គលេខាធិការអាស៊ាន និងរដ្ឋមន្រ្តីការបរទេសអាស៊ានចំនួន៩ លើក​លែង​តែរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា មិន​ត្រូវបានអញ្ជើញឱ្យចូលរួម។

ក្រៅពីរដ្ឋមន្រ្តីការបរទេសអាស៊ានទាំង​៩ កិច្ចប្រជុំនេះក៏មានការចូលរួមពីរដ្ឋមន្រ្តីការបរទេសនៃ​ប្រទេសមហាអំណាចមួយចំនួន រួមមាន​ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក អែនតូនី ប្លីងខិន (Antony J. Blinken) រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន លោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីការ​បរទេស​រុស្សី ស៊ែហ្គេ ឡាវរ៉ូវ (Sergei Lavrov) និងរដ្ឋមន្រ្តីការបរទេសជប៉ុន លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា (Hayashi Yoshimasa) ជាដើម។

ថ្លែងស្វាគមន៍​និងបើកកិច្ចប្រជុំនេះ ប្រមាណ២០​នាទី លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​សំខាន់ៗ​មួយ​ចំនួន​ដែល​តំបន់​អាស៊ាន និង​ពិភព​លោក កំពុង​​ជួប​ប្រទះ ក្នុង​នោះមាន​ទាំង​បញ្ហា​ភូមិ​សាស្រ្តនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលលោក​ថា​តម្រូវ​ឱ្យ​មាន​ដំណោះ​ស្រាយ​រួម​គ្នា​រវាង​ភាគី​ពាក់​ព័ន្ធ។ បញ្ហាទាំងអស់នោះមានដូចជា វិបត្តិជំងឺកូវីដ-១៩ ដែលកំពុងតែអូសបន្លាយនៅលើពិភពលោក ការដាក់សម្ពាធរបស់ប្រទេស​មហា​អំណាច​លើ​ប្រទេស​តូចៗ ការ​កើន​ឡើង​នៃ​សម្ពន្ធ​មិត្ត​តូចៗ​នៅ​លើ​ពិភព​លោក ការ​ប្រកួត​ប្រជែង​ផ្នែក​សព្វា​វុធ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល វិបត្តិ​នយោ​បាយ​នៅ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា សង្រ្គាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែនដែលកំពុងបង្កឱ្យមាន​បញ្ហា​ធ្ងន់​ធ្ងរ​ដល់​សេដ្ឋ​កិច្ច សន្តិសុខស្បៀង ថាមពល និងកំពុងធ្វើឱ្យពិភពលោកបែក​ខ្ញែកគ្នាជាថ្មី។ល។

ចំណែក​នៅក្នុងបរិបទអាស៊ានវិញ លោក ហ៊ុន សែន ក៏​បានថ្លែងរម្លឹកឡើងវិញពីការប្រហារជីវិត​សកម្មជននយោបាយប្រឆាំងចំនួន៤​រូប កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​រប​ប​យោធាមីយ៉ាន់​ម៉ា ដែល​លោក​ថា កម្ពុជានិងពិភពលោកមានការខកចិត្តនិងតក់ស្លុតចំពោះហេតុ​ការណ៍​មួយ​នេះ។

គេសង្កេត​ឃើញ​ថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅពេលនេះ​ ចំ​ពេល​​ដែល​ភាព​តាន​តឹង​ផ្នែក​ភូមិ​សាស្រ្តន​យោបាយរវាង​សហរដ្ឋ​អាមេរិក និងចិន កំពុង​តែឡើង​​​កម្ដៅ​ខ្លាំង​ជា​ថ្មី​ទៀត ក្រោយ​ពី​ប្រធាន​សមាជិក​សភា​អាមេរិក លោកស្រី ណានស៊ី ផេឡូ​ស៊ី (Nancy Pelosi) ធ្វើដំណើរ​ទស្សនកិច្ចទៅដល់កោះតៃវ៉ាន់កាលពីយប់​មិញ ដែល​រដ្ឋាភិបាល​ចិន​ចាត់​ទុក​សកម្ម​ភាព​របស់​អាមេរិក​នៅ​ពេល​នេះ ថា​ជាការរំលោភ​ដែន​​អធិប​តេយ្យ​ភាព​របស់​ចិន ដោយ​សារ​តែ​ប្រទេស​មហា​អំណាច​នៅ​អាស៊ី​មួយ​នេះចាត់ទុកកោះ​តៃវ៉ាន់​​គ្រាន់​​តែជា​អាណា​​​ខេត្ត​មួយ​របស់​ខ្លួន​ប៉ុណ្ណោះ។

មាន​ការ​រំពឹង​ថា កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាស៊ាន​នេះនឹង​អាច​លើក​ឡើង​នូវ​ប្រធាន​បទ​ភាពតាន​តឹង​នយោបាយរវាង​អាមេរិក​និង​ចិន​នៅ​ពេល​នេះ។ ប៉ុន្តែនៅក្នុងសុន្ទរកថាថ្លែងបើករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ នៅព្រឹកនេះ គេមិនឃើញលោក​លើក​ឡើង​អំពីភាព​តាន​តឹង​នេះ​នៅ​ឡើយ បើ​ទោះ​ជាកម្ពុជា​គឺ​ជាមិត្ត​ដែក​ថែប​របស់​ចិន​ក៏​ដោយ។

កិច្ច​ប្រជុំ​រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥​ និង​កិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់​ពីថ្ងៃនេះរ​ហូត​ដល់​ថ្ងៃទី៥ ខែ​សីហា។ ក្នុងរយៈពេល៣ថ្ងៃនេះ គេ​រំពឹង​ថា បញ្ហាប្រឈម​ធំៗ​ទាំង​ថ្មីទាំង​ចាស់​នៅក្នុង​តំប​ន់​អាស៊ាន និងពិភពលោក នឹងត្រូវបានលើកយក​មក​ពិភាក្សា៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ