ក្រសួងព័ត៌មាន​ប្រតិកម្ម​របាយការណ៍​ដែល​រកឃើញ​ពី​ការធ្លាក់ចុះ​លំហ​សេរីភាព​ព័ត៌មាន​របស់OHCHR

អាជ្ញាធរខណ្ឌបានរារាំងក្រុមអ្នកសារព័ត៌មាន អំឡុងពេលកូដករណាហ្គាវើលដ៍ប្រមូលផ្ដុំធ្វើកូដកម្មទាមទារដំណោះស្រាយពី​​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រសួងព័ត៌មាន នៅថ្ងៃព្រហស្បតិ៍​នេះ ប្រតិកម្ម​ដោយ​ហៅរ​បាយការណ៍​​​ដែល​រកឃើញ​​​ដោយកា​​រិ​​​យា​​​​​​​ល័យ​​​ផ្នែកសិទ្ធិ​​​មនុ​​ស្ស​របស់អង្គការសហប្រជាជាតិ ថាជារបាយការណ៍​​ដែលធ្វើឡើងឆ្លុះ​​បញ្ចាំង​​តែ​​ភាគី​​ម្ខាង ខ្វះការ​សិក្សាស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ និងធ្វើឡើង​​តម្រូវ​ចិត្តសម្រាប់​​តែ​​មនុ​​ស្ស​​មួយក្រុម។

ប្រតិកម្មតបរបស់​ក្រសួងព័ត៌មាន នៅបន្ទាប់ពីការិយាល័យសិទ្ធិមនុស្ស​របស់អង្គ​​ការ​​សហប្រជាជាតិ ដែល​មានមូលដ្ឋានទៅនៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ​កាលពីថ្ងៃទី៣ ខែ​សីហា បាន​​​ចេញ​​​នូវ​​​របាយ​ការណ៍​មួយដែលបានរកឃើញពី​ការកើនឡើង​នៃការវាយប្រហារ​​លើ​​ប្រព័ន្ធ​​ផ្សព្វ​​ផ្សា​​យរបស់​រដ្ឋាភិបាល ដែលនាំឱ្យមានការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ផ្តល់បទសម្ភាសន៍​ជាមួយ វីអូឌី តាមបណ្តាញសង្គម​តេឡេក្រាម នៅថ្ងៃព្រហស្បតិ៍​នេះ លោក មា​​ស សុភ័ណ្ឌ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌​មាន លើក​ឡើង​ថា របាយការណ៍ដែលចេញដោយ​ការិយា​​​ល័​យ​​​​សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះ គ្មានអ្វីដែលថ្មី និងប្លែកនោះទេ។ ជាងនេះទៀត លោក​ថា របា​​យ​ការណ៍នេះក៏គ្មានអ្វីដែលចាំបាច់ត្រូវយកចិត្តទុកដាក់នោះដែរ ព្រោះរបៀបនៃ​​ការ​ធ្វើ​របាយ​​​កា​​រ​​ណ៍​​​​ គឺ​​ពួកគេប្រមូលព័ត៌មានតែមួយជ្រុង ពីមនុស្សមួយក្រុមតូច ហើយយកមកធ្វើ​​​សេចក្ដីសន្និ​ដ្ឋា​​នថា​នៅមានភាពខ្វះចន្លោះច្រើន និងសេរីភាពសារព័ត៌មាននៅតែត្រូវបានរឹតត្បិតហើយរងការ​​យា​​​​យី​ជាដើម។

តាម​រយៈចម្លើយ​ពិស្ដារចំនួន៤ចំណុច លោក មាស សុភ័ណ្ឌ ឱ្យដឹងទៀត​ថា ផ្អែកលើច្បាប់ដែល​​កំ​​ពុង​​​ដាក់ឱ្យអនុវត្តនេះ គឺអ្នកសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈ​សារព័ត៌មាន អាច​បំពេញតួនាទីនិ​​ង​​​​​ភារកិច្ច​របស់ពួកគេ​យ៉ាងពេញលេញ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយគ្មានឧបសគ្គ​​អ្វី​​នោះ​​ទេ​​​។ មិនតែប៉ុណ្ណោះ ពួកគេទទួលបាននូវការផ្ដល់តម្លៃ និង​សិទ្ធិសេរីភាព ដោយស្មើភាពគ្នាតាម​​​ផ្លូវ​​ច្បាប់ គ្មានការរើសអើងឬប្រកាន់និន្នាការនិងទស្សនៈផ្ទុយគ្នាឡើយ។  

ក្រៅពីនេះ លោកថា ការដែលរដ្ឋាភិបាលបង្កើតច្បាប់និងបទដ្ឋានដទៃទៀត ដូច​ជា ​ច្បាប់​ប្រឆាំង​ជំងឺ​កូវីដ-១​​៩ និ​​ង​​​​​​អនុក្រឹត្យស្ដីពីច្រកទ្វារអ៊ីនធឺណិត​ជាដើមនោះ គឺ​មិនមែន​ជាឧបករណ៍​ក្នុង​ការ​បំ​​បិទ​​​​​​សិទ្ធិ​​​សេ​រីភាព ឬរឹតត្បិតសិទ្ធិបញ្ចេញមតិណាមួយនោះដែរ។ នីតិវិធីដែលតាក់តែងឡើង​​ទាំង​នោះ គឺ​​សំ​​ដៅ​ធានាការពារ​សុខភាពសាធារណៈ​របស់ប្រជាពលរដ្ឋកម្ពុជា ដោយ​​គ្មាន​បម្រើឱ្យ​​ក្រុម​ណា​​​មួយ​​​នោះ​​​ឡើយ​។

យ៉ាងនេះក្ដី របាយការណ៍ដែលចេញដោយ​ការិយាល័យសិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ កា​ល​ពី​ដើម​ខែ​សីហា ឆ្នាំ២០២២ រក​ឃើញ​ថា លំហពលរដ្ឋ និងសេរីភាពខាងសារព័ត៌មាន នៅ​​តែ​​ជា​​​គោល​​ដៅ​នៃការវាយប្រហារ និងរឹតត្បិតខ្លាំងពីរដ្ឋាភិបាល​កម្ពុជា ដូចមុនដដែល។ តាមរយៈ​​សំ​​ណា​​​ក​​ទាំង៦៥នាក់ដែលឆ្លងកាត់ការសម្ភាសនិងស្ទង់មតិ អ្នកសារព័ត៌មានលើក​​ឡើងថា ពួក​គេ​​​​នៅ​​តែប្រឈមមុខនឹងការជ្រៀតជ្រែកក្នុងពេលបំពេញការងារ ស្របពេលដែល៨០​ភាគ​រយ​ទៀតអះ​​​អាង​​​​​ថា ពួកគេត្រូវបានឃ្លាំមើល និងរឹតបន្តឹងដែល​មិនមានសមាមាត្រ ឬភាព​មិន​ចាំបាច់​ពាក់​​​ព័ន្ធ​​​នឹ​​​ង​​​​ការទទួលបានព័ត៌មាន។

របាយការណ៍ដដែលបន្ថែម​ថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលបានអនុម័តយ៉ាង​​​ស​​ក​​ម្ម​​​​នូ​​វច្បាប់ដែលមានអំណោយផល ក្នុងការផ្ដល់អំណាចដល់អាជ្ញាធរក្នុងការរឹតបន្តឹងលើ​​​អ្ន​ក​​​សារ​ព័ត៌​មាននិងអ្នកផ្សេងទៀតឱ្យស្ថិតនៅក្រោមការឃ្លាំមើល ជាពិសេស​ពង្រីក​​​សមត្ថភាព​​រប​​ស់​​​​​រដ្ឋា​​ភិបាល ដើម្បីកាត់បន្ថយការងារប្រព័ន្ធផ្សព្វផ្សាយនិងសេរីភាពក្នុងការបញ្ចេមតិតាមរយៈ​​តុ​​លា​ការ។

នាយក​ប្រតិបត្តិ​នៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលហៅកាត់ថា ខេមបូចា លោក ណុប វី ក៏ឯក​​ភាព​​​ដែរ​ថា អ្វីដែលការិយាល័យសិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិរកឃើញនេះ មិនមាន​​អ្វី​​ដែល​​​ជឿន​លឿននិងថ្មីនោះទេ។ បើតាមអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយរូបនេះ ដើម្បីធ្វើឱ្យមាន​​បរិយាបន្ននៅក្នុងសង្គម​ដោយស្មើភាពគ្នា គ្រប់តួអង្គដែលពាក់ព័ន្ធគួររួមគ្នាដោះស្រាយ​​អ្វី​​ដែល​​ខ្វះ​​ខាត ធ្វើយ៉ាងណាឱ្យមានភាពជឿនលឿនទៅមុខ ទើបជាជម្រើសដែលល្អ។

លោកបន្តថា៖ «ចំណុចសំខាន់ គឺយើងចូលរួមគ្នា ដើម្បីឆ្លើយតប ហើយនិងដើម្បីពិនិត្យមើល​​ឡើង​វិញ​​​នូវអ្វីដែលខ្វះខាតរបស់យើង ដែល​យើងបានពិនិត្យ ហើយនិងរបាយការណ៍​​ដែលបានចង្អុល​​បង្ហា​​ញ​​​​ហ្នឹង ដើម្បីឆ្លើយតបប្រកប​ដោយការស្ថាបនា ហើយនិងការចូលរួមធ្វើ​​ឱ្យមានភាពល្អ​​ប្រសើរ​​ឡើ​ង​​​​​វិញ។ នេះជាអ្វីដែលយើងទាំងអស់គ្នាគួរតែធ្វើ។ ខ្ញុំគិតថា ការដែលយើងជះទឹកដាក់គ្នា វាមិន​​មែ​​ន​​​ជា​​​រឿងមួយដែលល្អទេ»។

របាយ​ការណ៍ដែលចេញដោយក្រសួងព័ត៌មានបង្ហាញ​ថា តាមរយៈការលើកកម្ពស់វិស័យ​​សារ​ព័​​​ត៌​​មា​​ននិងសិទ្ធិសេរីភាព​នៃការបញ្ចេញមតិនេះ នាំឱ្យកម្ពុជាកើនចំនួនអ្នកសារព័ត៌មាន​និងអ្នក​ប្រកប​វិជ្ជា​​​ជី​​​វៈ​អ្នកសារព័ត៌មាន​ដល់​ប្រមាណ៦ ០០០​នាក់ ខណៈដែលអង្គភាពចម្រុះគ្នាត្រូវ​បាន​ចុះ​បញ្ជីដើម្បី​ប្រកបវិជ្ជាជីវៈជាង២ ០០០​ស្ថាប័ន(២ ១១៧ស្ថាប័ន)។

លោក អំ សំអាត នាយកចាត់ការទូទៅ​នៃអង្គការការពារសិទ្ធិមនុស្ស​លីកាដូ យល់ស្របថា ថ្វី​​ត្បិត​​​របា​​យ​​ការណ៍នេះ​ពិតជាគ្មានអ្វីដែលថ្មី តែ​ការព្យាយាមច្រានចោល​ការរកឃើញនេះ​​​ញឹក​​​ញា​​ប់​​​ពេ​​ក ក៏នឹង​មិនផ្តល់ផលល្អប៉ុន្មានទេ សម្រាប់​កំណែទម្រង់គោលនយោបាយ។ បើតាមអ្នក​​ជំនាញ​ផ្នែក​សិទ្ធិ​​​មនុស្ស​​រូប​នេះ ជាជម្រើសដែលនាំឱ្យមានផលវិជ្ជមាន គ្រប់​ភាគីពាក់ព័ន្ធ​គួរត្រួត​ពិនិត្យនិង​​សិ​​ក្សា​​​ឱ្យ​​​​បាន​​ស៊ីជម្រៅទៅលើរបាយការណ៍នេះ ដើម្បីឆ្លុះបញ្ចាំងរកចំណុចដែលខ្វះខាត ហើយ​ទាញ​យ​​​ក​​ផល​ចំ​​ណេញពីរបាយការណ៍ ទើប​ជាវិធីសាស្រ្តដែលជួយឱ្យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាកាន់តែ​​មាន​​​ភាព​​លេចធ្លោ ហើយចៀសវាងបាននូវការរិះគន់នានាថែមទៀតផង។

លោកបន្តថា៖ «ប្រសិនបើជាយើងនៅតែប្រើវប្បធម៌និងទម្លាប់របៀបនេះបន្តទៅ វាអត់មានផល​​ចំ​​ណេ​​​ញអីទេ។ អ្វីដែលជាផលចំណេញ ខ្ញុំគិតថាយើងគួរតែពិនិត្យទៅអ្វីដែលជារបាយការណ៍ឬក៏​​អ​​នុ​​​​​​​​សាសន៍របស់គេ ប្រសិនជារបាយការណ៍និងអនុសាសន៍ហ្នឹងដែលល្អ ហើយយើង​​អាចមក​​យក​​ពិចារណាក្នុងការកែលម្អបាន វាមានផលចំណេញច្រើន ជាជាងការដែល​​បដិសេធចោល​​ទាំង​​ស្រុង»។

ចំណែករបាយការណ៍របស់​ការិយាល័យសិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ រកឃើញថា ចាប់​តាំងពីឆ្នាំ២០១៧មក មានអ្នកសារព័ត៌មានចំនួន២៣នាក់ហើយត្រូវប្រឈមមុខនឹង​​ការ​​ចោ​ទ​​​​​​ប្រ​​កាន់នូវបទល្មើសព្រហ្មទណ្ឌ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត បរិហារកេរ្តិ៍ ឬបទញុះ​​ញង់ ​​ជា​​ដើម ដែលចេញពីលទ្ធផល​នៃការងាររបស់ពួកគេ។ ផ្ទុយពីរបាយការណ៍នេះ ក្រសួងព័ត៌មានបញ្ជា​​ក់​​​​ថា អ្វីដែលសមត្ថកិច្ចរកឃើញពីទោសទណ្ឌនេះ ដោយសារពួកគេបានប្រព្រឹត្តបទល្មើស ហើយ​​ការ​​អនុ​វត្តទោសកំហុស​ទៅតាមនីតិវិធីច្បាប់ ពុំមែនជាការគំរាមកំហែង ឬរឹតត្បិតសេរីភាព​​សារ​​ព័ត៌​មាន​នោះ​ឡើយ។

បើទោះជាបែបណា ប្រទេសកម្ពុជាត្រូវបានអង្គការគម្រោងយុត្តិធម៌ពិភពលោក កាលពីខែតុលា ឆ្នាំ២០២១ ផ្ដល់ចំណាត់ថ្នាក់ជាប្រទេសដែលមាន​នីតិរដ្ឋទាបបំផុត ដោយទទួលបានចំណាត់ថ្នាក់​​១៣៨ ក្នុងចំណោមប្រទេសចំ​​នួន​១៣៩ លើពិភពលោក។ ចំណាត់ថ្នាក់នេះបង្ហាញថា សន្ទស្សន៍នីតិរដ្ឋ​នៅកម្ពុជា គឺល្អ​ជាងប្រ​​ទេស​វ៉េណេស៊ុយអេឡា ក្នុងចំណោមប្រទេសជិត២០០នៅលើ​ពិ​​ភព​​​លោក​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ