ក្រសួង​ការពារជាតិ​តៃវ៉ាន់៖ យោធា​នឹង​ចាត់​វិធានការ​ជាក់ស្ដែង​ក្នុង​ករណី​មាន​ការ​ឈ្លានពាន​ពី​សត្រូវ

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី 蔡英文 អំឡុងពេលចុះពិនិត្យសមយុទ្ធយោធាដែនអាកាស នាចុងខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ 蔡英文 Tsai Ing-wen)

ក្រសួងការពារជាតិរបស់តៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា យោធា​របស់​ខ្លួន​នឹង​បន្ត​ពង្រឹង​ការការ​ពារ​ដែន​កោះ​របស់​ខ្លួន​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈខ្លួនក៏ត្រៀមចាត់​វិធាន​ការ​ជាក់​ស្ដែងក្នុង​ករណី​ដែល​មាន​ការ​ឈ្លាន​ពាន​ពី​សត្រូវផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌​មាន Reuters

ការលើកឡើងនេះត្រូវបាន​ធ្វើ​ឡើង ខណៈកងទ័ពចិនបច្ចុប្បន្នកំពុង​តែ​ធ្វើ​សម​យុទ្ធយោធា​​​នៅ​ទីតាំង​ចំនួន​៦ ដែលរួមមានទាំងការបាញ់ផ្ទាល់នៅលើដែនទឹក និងដែនអាកាស ជុំវិញកោះតៃវ៉ាន់ផងដែរ។

សមយុទ្ធ​យោធា​ដែល​ត្រូវ​បាន​រំពឹង​ថា​ នឹងធ្វើឡើងរហូតដល់ថ្ងៃអាទិត្យខាងមុខនេះ គឺកើតឡើងបន្ទាប់ពី​ប្រធាន​​រដ្ឋសភា​​​​សហរដ្ឋ​អាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) បានធ្វើដំណើរទស្សនកិច្ច​ទៅ​កាន់កោះតៃវ៉ាន់ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត​មិនផ្លាស់​ប្តូរ​របស់​អាមេរិក ក្នុងការគាំទ្រលទ្ធិប្រជាធិប​តេយ្យដ៏រស់រវើករបស់តៃវ៉ាន់។

ទាក់ទិននឹងករណីនេះ ក្រសួងការពារជាតិតៃវ៉ាន់បានបន្ថែមថា យោធារបស់ខ្លួនបច្ចុប្បន្ន​កំពុង​តែ​តាមដាន​យ៉ាង​យកចិត្តទុកដាក់សម្រាប់ស្ថានការណ៍មួយនេះ ទាំងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងតំបន់នៅជិតដែន​កោះរបស់ខ្លួន ខណៈកងទ័ពទាំងអស់ក៏កំពុងតែធ្វើការហ្វឹកហាត់ប្រចាំថ្ងៃជាធម្មតាផងដែរ។

គួរបញ្ជាក់ថា ភាពតានតឹងរវាងតៃវ៉ាន់និងចិនបានកើនឡើងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ខណៈដែលចិននៅតែបន្តអះអាងថាតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន។

ជាការឆ្លើយតប តៃវ៉ាន់​ធ្លាប់​បាន​លើក​ឡើង​ថា ខ្លួននឹងបន្តពង្រឹងការការពាររបស់ខ្លួន ដើម្បីធានាឱ្យបានថាគ្មាននរណាម្នាក់អាចបង្ខំឱ្យកោះនេះ ទទួលយកផ្លូវដែលចិនបានរៀបចំ ដោយមិនផ្តល់សេរីភាព និងប្រជាធិបតេយ្យនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ