ប្រភព​មួយ​ថាលោក ហ្សេលេនស្គី ចង់​ជួប​ប្រធានាធិបតីចិន ដើម្បី​ជួយ​សម្របសម្រួល​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន

លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន។ (REUTERS)

លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសអ៊ុយក្រែន បច្ចុប្បន្ន​កំពុង​តែ​ស្វែង​រក​ឱកាស​ណា​មួយ​ក្នុងការជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បី​ឱ្យលោកជួយសម្របសម្រួលបញ្ចប់​សង្រ្គាមដ៏រ៉ាំរ៉ៃរបស់​ខ្លួនជាមួយ​ប្រទេស​រុស្ស៊ី។ នេះបើតាមសារព័ត៌​មាន South China Morning Post ដែលត្រូវបានយកមកចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន South China Morning Post មេដឹកនាំអ៊ុយក្រែនរូប​នេះ ត្រូវបាន​រាយ​ការណ៍​ថា បាន​ជំរុញឱ្យប្រទេសចិនប្រើប្រាស់ឥទ្ធិពលនយោបាយនិងសេដ្ឋកិច្ចដ៏​ខ្លាំង​ក្លារបស់​ខ្លួន​លើប្រទេសរុស្ស៊ី ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។

ប្រភពដដែលបានបន្តស្រង់សម្តីលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ដោយបានលើកឡើងថា៖ «ពួកគេ [ចិន] ជារដ្ឋដ៏មានឥទ្ធិពលនិងមានសេដ្ឋកិច្ចដ៏ខ្លាំងក្លាមួយ ដូច្នេះ [ពួកគេ] អាចនឹងមានឥទ្ធិពលនយោបាយនិងសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី»។

ជាមួយគ្នានេះ លោកបន្ថែមថា៖ «ប្រទេសចិនក៏ជាសមាជិកអចិន្ត្រៃយ៍មួយ​នៃក្រុមប្រឹក្សា​សន្តិសុខ​នៃអង្គការសហប្រជាជាតិ [UN Security Council] ផងដែរ»។

គួរបញ្ជក់ថា ភាព​តានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះបាន​ចាប់ផ្ដើមកើនឡើង​ខ្លាំង​ បន្ទាប់ពីរុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំទៅ​លើប្រទេសក្បែរខាងរបស់ខ្លួនមួយ​នេះ ដែល​ធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតី លោក ​វ្លាឌីមៀរ ពូទីន​។

ទាក់ទិននឹងករណីនេះ ថ្នាក់ដឹកនាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) កាលពីពេលកន្លងទៅ ក៏ធ្លាប់បានជំរុញដល់ប្រទេសចិន​ឱ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាមួយរុស្ស៊ី ដើម្បីឱ្យប្រទេសមួយ​នេះបញ្ឈប់ការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែនផងដែរ។

ទោះជាយ៉ាងណា ប្រទេសចិនបានធ្វើការឆ្លើយតបថា ការដាក់ទណ្ឌកម្មនានាលើរុស្ស៊ី គឺមិនអាចដោះស្រាយវិបត្តិនៅអ៊ុយក្រែនបានឡើយ ខណៈខ្លួនក៏បានរិះគន់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួនចំពោះការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ