លោក​ ​ហ៊ុន​ ​សែន​ ​បញ្ជា​ឱ្យ​លុប​ចោល​ទាំង​អស់​ចំពោះ​ការ​អនុញ្ញាតិ​ឱ្យ​ដោះ​ដូរ​​និង​អភិវឌ្ឍន៍​តំបន់​ភ្នំ​តាម៉ៅ​

ទិដ្ឋភាពថតពីលើអាកាស ពីសកម្មភាពឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅ ក្នុងទំហំទ្រង់ទ្រាយធំ ស្ថិតនៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាភ្លាមៗ ឱ្យលុបចោលទាំងអស់ចំពោះការអនុញ្ញាតិឱ្យដោះដូរ និងអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅ ក្រោយមានប្រតិកម្មពីមហាជនយ៉ាងច្រើន ស្នើឱ្យរាជរដ្ឋាភិបាលពិចារណា ក្នុងការ​ផ្តល់ដីព្រៃតំបន់ភ្នំតាម៉ៅស្ទើរតែទាំងស្រុងទៅឱ្យក្រុមហ៊ុនឯកជន ដោយត្រូវរក្សាទុកតំបន់នេះ​ជាតំបន់អភិរក្សសម្រាប់ក្មេងជំនាន់ក្រោយឡើងវិញ។

ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យនេះ បានលើកឡើងថា ​នាប៉ុន្មានថ្ងៃមកនេះ មានសំណូមពរជាច្រើនមកកាន់រាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្មបានពន្យល់ថា សួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។

ដោយសារសំណូមពរទាំងនោះ លោក ហ៊ុន សែន អះអាងថា លោកបានបញ្ជាឱ្យលុបចោលទាំងអស់ចំពោះគម្រោងដោះដូរដី និងអភិវឌ្ឍន៍​នៅតំបន់ភ្នំតាម៉ៅ ហើយបញ្ជាក្រុមហ៊ុនដែលឈូសឆាយបញ្ឈប់សកម្មភាពជាបន្ទាន់ និងត្រូវដាំដើមឈើនៅតំបន់ដែលខ្លួនបានឈូសឆាយឡើងវិញ។

ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា៖ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា១.លប់ចោលទាំងអស់នូវរាល់ការអនុញ្ញាតិឱ្យធ្វើការដោះដូរនិងអភិវឌ្ឍន៍។ ២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។ ៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ បញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ»។

ការសម្រេចរបស់រាជរដ្ឋាភិបាលពេលនេះ កើតឡើងភ្លាមៗ ក្រោយពេលមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើន បានបញ្ចេញប្រតិកម្មរិះគន់ឬ សម្តែងការមិនពេញចិត្តទៅនឹងរាជរដ្ឋាភិបាល ​ចំពោះ​ការផ្តល់ដីព្រៃធម្មជាតិតំបន់សួនសត្វភ្នំតាម៉ៅ ទៅឱ្យក្រុមហ៊ុនឯកជន ក្រោមហេតុផលដើម្បីអភិវឌ្ឍន៍ ដោយថានឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងជម្រកសត្វព្រៃធ្ងន់ធ្ងរនៅតំបន់នោះ។

តាមរូបភាពពីប្រព័ន្ធផ្កាយរណបបង្ហាញថា គ្រឿង​ចក្រ​​ជា​ច្រើនគ្រឿង​របស់ក្រុមហ៊ុនឯកជន​បាន​ឈូសឆាយដីព្រៃជុំវិញសួនសត្វភ្នំតាម៉ៅអស់ប្រមាណ ១៣០ហិកតាក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ស្របពេលអ្នករាយការណ៍ព័ត៌មានវីអូឌីកាលពីថ្ងៃសុក្រ​ ​បានបង្ហោះដ្រូនជាថ្មីម្ដងទៀតបង្ហាញថា ​ការឈូសឆាយដីព្រៃភ្នំតាម៉ៅមានសន្ទុះកាន់តែលឿន និងកាន់​តែជិតដល់វត្តថ្ម​អន្ទងដែលស្ថិតនៅក្នុងបរិវេណសួនសត្វភ្នំតាម៉ៅ​។

ភ្នំតាម៉ៅដែលមានចំងាយប្រមាណ៤០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានផ្ទៃដីសួនសត្វ ៤០០ហិកតា និង​ផ្ទៃដីទំហំ ២ ៣០០ហិកតាជាព្រៃដែលព័ទ្ធជុំវិញសួនសត្វ​។ ប៉ុន្តែក្នុងចំណោមផ្ទៃដីទំហំ ២ ៣០០ហិកតានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ធ្លាប់ប្រាប់វីអូឌីថា ដីទំហំប្រមាណ ១ ៥០០ហិកតា ត្រូវបានរដ្ឋាភិបាលប្រគល់ឱ្យក្រុមហ៊ុនឯកជន ក្រោមហេតុផលដើម្បីអភិវឌ្ឍសាងសង់ជាលំនៅឋាន និងសំណង់អគារ ព្រមទាំងជាកន្លែងចិញ្ចឹមសត្វជាដើម។ ​

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Southeast Asia Globe កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុនឯកជនចំនួន៣ ដែលគេដឹងថា ជាប់ពាក់ព័ន្ធការទទួលបានដីព្រៃប្រមាណ១ ៥០០ នៅតំបន់ភ្នំតាម៉ៅពីរដ្ឋាភិបាល​នោះ ​ រួមមាន ក្រុមហ៊ុន «បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ (Bati Tourism & Development)»​ ​ក្រុមហ៊ុន «ធីភី ម៉ូរ៉ាល់ គ្រុប ​ (TP Moral Group)» និងក្រុមហ៊ុន «ឆាយណា ប៉ោយប៉ែត សែ៍ថឺឡាយន៏ ស៊ីធី ឯ.ក (China Poipet Satellite City)»។

ប្រភពដដែលឱ្យដឹងទៀតថា លោក ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា ជានាយកក្រុមហ៊ុនអចលនទ្រព្យ ឆាយណា ប៉ោយប៉ែត សែ៍ថឺឡាយន៍ ស៊ីធី ក៏ដូចជាក្រុមហ៊ុន Galaxy Navatra Group និង Galaxy Navatra Investment។ ដោយឡែក ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ត្រូវបានដឹកនាំដោយលោក ឃុន ទី លោក ឃុន សេងផេង និងលោក ឃុន សៀ ហើយលោក​ ឃុន សៀ មានអចលនទ្រព្យជាច្រើននៅ​កម្ពុជា។

នៅថ្ងៃអាទិត្យនេះដែរ បើតាមទំព័រហ្វេសប៊ុករបស់លោក ឡេង ណាវ៉ាត្រា បានសរសេរថា លោកគាំទ្ររាជរដ្ឋាភិបាលក្នុងការលុបសេចក្តីជូនដំណឹងឬ ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ ហើយសុំឱ្យពលរដ្ឋដែលស្រលាញ់កូនឈើមកដាំកូនឈើជាមួយលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ