មេដឹកនាំ​សហជីព​មួយរូប​រង​ការ​ចោទប្រកាន់​ពីបទ «បង្ខិតបង្ខំ» ក្នុង​ករណី​ណាហ្គាវើលដ៍

ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ផ្ដល់បទសម្ភាន៍ពេលដាក់ញត្តិនៅក្រសួងការងារពាក់ព័ន្ធបញ្ហាកម្មកររោងចក្រមួយ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

មេដឹកនាំសហជីពដ៏លេចធ្លោមួយរូបត្រូវបានក្រសួងការងារចេញលិខិតព្រមានទាក់ទងនឹងសកម្មភាពបង្ខិតបង្ខំបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបន្តការតវ៉ារបស់ពួកគេ ខណៈក្រសួងលើកឡើងថាក៏នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ក្នុងករណីដែលមេដឹកនាំសហជីពរូបនោះនៅតែបន្តសកម្មភាពល្មើសច្បាប់នេះផងដែរ។

គួរបញ្ជាក់ថា មេដឹកនាំសហជីពនានាក្នុងរយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ត្រូវបានសង្កេតឃើញថា បានចូលរួមផ្ដល់ការគាំទ្រយ៉ាងសកម្មដល់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ និងឃ្លាំមើលដោយយកចិត្តទុកដាក់លើសកម្មភាពតវ៉ារបស់ពួកគេ ដែលក្នុងនោះ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ​ ក៏បានលើកឡើងពីគម្រោងក្នុងការកៀរគរ​កម្មករនិយោជិតពីវិស័យ​កាត់ដេរឱ្យ​ចូលរួម​ក្នុងការ​តវ៉ានេះផង​ដែរ។

ទាក់ទិននឹងករណីនេះ ក្រសួងការងារ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានចេញលិខិតព្រមានប្រធានសហព័ន្ធសហជីពខាងលើនេះ ឱ្យបញ្ឈប់រាល់សកម្មភាពល្មើសច្បាប់ដែលខុសពីវិជ្ជាជីវៈ និងបង្ខិតបង្ខំឱ្យកម្មករបន្តធ្វើកូដកម្ម។

លិខិតរបស់ក្រសួងក៏​បាន​លើកឡើងពី​មាត្រា​ចំនួនបី​ក្នុងច្បាប់ស្ដីពីសហជីព ដែលក្នុងនោះរួមមាន មាត្រា៨១ អំពីការធ្វើសកម្មភាពក្រៅដែនអនុវត្តតាមទីតាំងភូមិសាស្រ្ត ឬតាមវិជ្ជាជីវៈ ឬតាមវិស័យដែលបានកំណត់ក្នុងលក្ខន្តិកៈរប​ស់ខ្លួន ដែលត្រូវពិន័យជាទឹកប្រាក់ប្រមាណជា១ ២៥០ដុល្លារ។

មាត្រា៨៩ អំពីការបង្ខិតបង្ខំឱ្យចូលរួមធ្វើកូដកម្ម ដែលពិន័យជាប្រាក់ប្រមាណជា១ ២៥០ដុល្លារ និងចុងក្រោយ មាត្រា៦៥ អំពីសកម្មភាពរបស់សហជីពដែលចាត់ទុកថាអនុវត្តមិនត្រឹមត្រូវ។

នៅក្នុងលិខិតដដែលនោះ ក្រសួងក៏បានស្នើឱ្យអ្នកស្រី យ៉ាង សុភ័ណ្ឌ បញ្ឈប់ការពាក់ព័ន្ធនឹងក្រុមតវ៉ាណាហ្គាវើលដ៍ផងដែរ។

ទោះជាយ៉ាងណា អ្នកស្រី យ៉ាង សុភ័ណ្ឌ ហាក់មិនមានការព្រួយបារម្ភទាក់ទងនឹងលិខិតឬការព្រមាននេះឡើយ ខណៈអ្នកស្រីបានអះអាងឱ្យដឹងកាលពី​ថ្ងៃ​សុក្រសប្ដាហ៍មុនថា ខ្លួន​នឹង​បន្ត​ការ​គាំទ្រ​ការតវ៉ា​ចំពោះ​បុគ្គលិក​កាស៊ីណូ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញទាំងនោះ។

អ្នកស្រីថា៖ «ខ្ញុំមានអារម្មណ៍ធម្មតា។ ខ្ញុំគ្មានបញ្ហាអ្វីឡើយជាមួយនឹងលិខិតព្រមានរបស់ក្រសួងនោះ ខណៈខ្ញុំ​មិន​យល់ថា​ពួកគេ​ចោទ​ប្រកាន់​ខ្ញុំដោយផ្អែក​លើ​ករណី​អ្វីឡើយ។ ខ្ញុំ​មិន​បាន​ធ្វើសកម្មភាពអ្វី​ខុសច្បាប់​នោះ​ទេ»។

អ្នកស្រី យ៉ាង សុភ័ណ្ឌ បន្តថា ខ្លួនមានសិទ្ធិក្នុងការគាំទ្រសហជីពផ្សេងទៀត និងការតស៊ូមតិរបស់ពួកគេសម្រាប់សិទ្ធិការងារ។

មេដឹកនាំសហជីពខាងលើ កាលពីពេលកន្លងទៅ ក៏ធ្លាប់អះអាងឱ្យដឹងផងដែរថា ខ្លួនក៏នឹងកៀរគរកម្មកររោងចក្រកាត់ដេរឱ្យចូលរួមធ្វើបាតុកម្មគាំទ្រដល់កម្មករណាហ្គាវើលដ៍ ខណៈសហជីពផ្សេងទៀតនៅពេលនោះក៏បានសន្យាគាំទ្រចំពោះសកម្មភាពនេះផងដែរ។

ទោះជាយ៉ាងណា អ្នកស្រីមិនអាចផ្ដល់កាលបរិច្ឆេទជាក់លាក់ថាតើអ្នកស្រី និងសហជីពផ្សេងទៀតគ្រោងចូលរួមជាមួយកម្មករណាហ្គាវើលដ៍ខាងលើនេះនៅថ្ងៃណានោះទេ។

គួររម្លឹកថា បុគ្គលិកកម្មករក្រុមហ៊ុនណាហ្គាវើលដ៍បានផ្ទុះការតវ៉ា គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលកើតឡើងបន្ទាប់ពីមានករណីកម្មករជាង១ ៣០០នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ។

ទាក់ទិននឹងករណីនេះ អ្នកនាង ម៉ម សុវឌ្ឍិន ដែលជាកម្មករតវ៉ាមួយរូបបានឱ្យដឹងកាលពីសប្ដាហ៍មុនថា ការតវ៉ាដែលធ្វើឡើងកាលពីថ្ងៃសុក្រ គឺមានអ្នកចូលរួមតែ៩០នាក់ប៉ុណ្ណោះ ដោយក្នុងនោះ ពួកគេមួយចំនួនទៀតមានអាការមិនស្រួលខ្លួន ដោយសារតែបញ្ហាអាកាសធាតុ។

ទាក់ទិននឹងលិខិតព្រមានរបស់ក្រសួងវិញ អ្នកនាងថា អាជ្ញាធរ​នាពេលបច្ចុប្បន្នហាក់កំពុងតែចាប់ផ្ដើមធ្វើការ​ចោទប្រកាន់​អ្នក​រាល់​គ្នា ដោយលើកឡើងពីមាត្រាមួយចំនួន។

អ្នកនាងបន្តថា ការចូលរួមធ្វើសកម្មភាពតវ៉ានេះ គឺជាការសម្រេចចិត្តពីកម្មករដោយផ្ទាល់ ​និង​មិន​មានការបង្ខិតបង្ខំដោយអ្នក​ណាម្នាក់​ឡើយ។

អ្នកនាង ម៉ម សុវឌ្ឍិន បន្ថែមថា៖ «​ក្នុង​នាម​ជា​កម្មករមួយរូប យើង​ពិតជាមានការសោកស្ដាយយ៉ាងខ្លាំង​ ដែលក្រសួង​ការងារគ្មាន​សមត្ថភាពស្វែងរក​ដំណោះស្រាយ​​។ ហើយផ្ទុយទៅវិញ ពួកគេបែរជាព្យាយាមចោទប្រកាន់អ្នកដទៃ [អ្នកព្យាយាមស្វែងរកដំណោះស្រាយ] ទៅវិញ»។

ទោះជាយ៉ាងណា លោក​ ហេង សួរ ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ បានបញ្ជាក់ឱ្យដឹងថា ការព្រមាននឹងនៅតែបន្តធ្វើឡើង ប្រសិនបើសកម្មភាពល្មើសច្បាប់មិនត្រូវបានបញ្ចប់។

លោកថា៖ «ប្រសិនបើសកម្មភាពល្មើសច្បាប់នៅតែបន្តធ្វើឡើងដោយចេតនា នាយកដ្ឋានវិវាទការងារនឹងនាំបុគ្គលនោះទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់»។

លោក​ ហេង សួរ បន្តថា៖ «នាយកដ្ឋានវិវាទការងារ សង្ឃឹមថា លិខិតព្រមាន ឬការក្រើនរម្លឹកនេះ នឹងអាចឱ្យភាគីពាក់ព័ន្ធទាំងឡាយគិតគូរពិចារណាឡើងវិញអំពីផ្លូវច្បាប់។ ពេលខ្លះ ក្នុងនាមជាពលរដ្ឋ ពួកគេអាចភ្លេច ឬមិនយកចិត្តទុកដាក់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នាយកដ្ឋាន​​ចេញ​លិខិត​ព្រមាន​ ឬ​ការក្រើន​រម្លឹក​ដល់​គាត់ [អ្នកស្រី យ៉ាង សុភ័ណ្ឌ]»។

ជាមួយគ្នានេះ លោកបន្ថែមថា៖ «នៅពេលដែលគាត់បានទទួលលិខិតនោះ គាត់នឹងអានមាត្រាដែលពាក់ព័ន្ធទាំងឡាយសាឡើងវិញ ដោយរូបគាត់នឹងអាចយល់ និងកែប្រែសកម្មភាពរបស់គាត់បាន។ ក្រសួងឬ​មន្ត្រី​ជំនាញ​មិន​ចង់​ឃើញ​អ្នក​ពាក់ព័ន្ធ​ណា​ម្នាក់​ជាប់ទោស ​ដោយពួកគេ​មិន​ដឹង​ថាខ្លួនបាន​ប្រព្រឹត្ត​ខុស​ច្បាប់ ឬ​មិន​ត្រឹម​ត្រូវ​នោះ​ទេ»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Prominent Union Leader Accused of ‘Coercing’ NagaWorld Protests

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ