កំពុងអង្គុយម្នាក់ឯងក្នុងផ្ទះឈើតូចមួយ ដោយជុំវិញនោះមានទ្រុងជ្រូក មាស៊ីនកិនស្រូវ និងតុរោងការដែលហាក់ដូចជាខានប្រើប្រាស់អស់មួយរយៈពេលហើយ ស្រ្តីជនជាតិទំពូន វ័យកណ្ដាលម្នាក់ បញ្ជាក់ថា សព្វថ្ងៃ អ្នកស្រីរស់នៅតែជាមួយកូនប្រុសតូចៗបីនាក់ដែលកំពុងសិក្សាថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យ។
ស្ត្រីនោះគឺអ្នកស្រី ខាំ សាឡុង ជាប្រពន្ធរបស់លោក ឆន ផល្លា សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិ ដែលត្រូវបានតុលាការខេត្តរតនគិរីផ្ដន្ទាទោសដាក់ពន្ធនាគារ ដោយសារតែសកម្មភាពការពារបរិស្ថានរបស់លោក។
បើទោះជាស្វាមីត្រូវបានសាលាដំបូងខេត្តរតនគិរីបានចេញសាលក្រមម្ដងហើយម្ដងទៀត ផ្ដន្ទាទោសតាមការចោទប្រកាន់របស់មន្រ្តីមូលដ្ឋាននៅទីនោះក៏ដោយ ក៏អ្នកស្រី និងក្រុមគ្រួសារ យល់ថា ការចោទប្រកាន់លើស្វាមីខ្លួនមិនមានភាពស្របគ្នាទៅនឹងអង្គហេតុនោះឡើយ។

រតនគិរី គឺជាខេត្តមួយរបស់ប្រទេសកម្ពុជា ដែលគេដឹងថាមានភោគទ្រព្យធម្មជាតិច្រើន ដូចជា ព្រៃឈើ និងធនធានក្រោមដី មានត្បូង ជាដើម។
អ្នកស្រី ខាំ សាឡុង បច្ចុប្បន្នវ័យ៣៧ឆ្នាំ ឱ្យដឹងថា ស្វាមីរបស់អ្នកស្រីមានស្រុកកំណើតនៅខេត្តកំពង់ចាម និងបានមករស់នៅខេត្តរតនគិរី បន្ទាប់ពីរៀបការកាលពី១៨ឆ្នាំមុន ហើយនៅឆ្នាំ២០១៦ គឺជាពេលដែលស្វាមីរបស់អ្នកស្រី គឺលោក ឆន ផល្លា សកម្មជនការពារធនធានធម្មជាតិបានចាប់ផ្ដើមស្ម័គ្រចិត្តចូលការពារព្រៃឈើដោយមិនមានកម្រៃ។
ចាប់តាំងពីឆ្នាំ២០១៦នោះមក លោក ឆន ផល្លា បានប្រឈមទៅនឹងបញ្ហាជាច្រើនក្នុងពេលបំពេញការងារជាអ្នកការពារធនធានធម្មជាតិស្ម័គ្រចិត្ត។ លោកត្រូវបានអាជ្ញាធរមូលដ្ឋាន និងតុលាការចោទប្រកាន់ជាច្រើនករណី ព្រមទាំងកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់សព្វថ្ងៃ។
អ្នកស្រីបន្តថា តាំងតែពីដើមទីរហូតដល់ពេលបច្ចុប្បន្ននេះ អ្នកស្រីនៅតែជឿជាក់និងពេញចិត្តចំពោះការងាររបស់ស្វាមី ដែលអ្នកស្រីថា លោក ផល្លា មិនដែលប្រព្រឹត្តបទល្មើសដូចដែលអាជ្ញាធរបានចោទប្រកាន់នោះទេ។
អ្នកស្រីបន្តថា ជនជាតិដើមទំពូនទាំងអស់មានដីរៀងៗខ្លួន ដែលស្ថិតនៅភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី កំពុងអាស្រ័យផលដំណាំផ្សេងៗលើដីរបស់ពួកគេ។ អ្នកស្រីនៅតែមិនយល់ចំពោះករណីដែលអាជ្ញាធរចោទប្រកាន់មកលើស្វាមី ក្រោមបទចោទ «កាប់រានដីព្រៃ ឈូសឆាយ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» បើទោះជាដីនោះជាកម្មសិទ្ធិរបស់គ្រួសារអ្នកស្រីតាំងពីយូរមកហើយក្ដី។

អ្នកស្រីថា៖ «គាត់ជាប់គុកសាមុន គេចោទប្រកាន់គាត់ឈូសឆាយព្រៃឈើ គេប្ដឹងគាត់ទៅតុលាការតនគិរី ដល់អ៊ីចឹងមេធាវីគាត់ប្ដឹងទៅសាលាឧទ្ធរណ៍ រឿងមិនពិត។ ដល់គេប្រកាសសាលក្រមនៅហ្នឹង គេរក ឆន ផល្លា អត់មានធ្វើខុស គេទម្លាក់ការចោទប្រកាន់។
អ្នកស្រីបន្តថា៖ «ដល់មួយរឿងទៀត គេថា ឆន ផល្លា ឈូសឆាយនៅព្រៃភ្នំអាតហ្នឹង! គេរក ឆន ផល្លា អត់ឃើញ គេទម្លាក់ គេទម្លាក់ថារឿងញុះញង់ទៅវិញ។ ខាងសាក្សីខាងគេក៏រកអត់ឃើញ ឆន ផល្លា ទៅទេ! ដល់គេរកមិនឃើញ ឆន ផល្លា ទៅ! គេដាក់ ឆន ផល្លា ញុះញង់ទៅកាប់បំផ្លាញព្រៃឈើ»។
ស្ថានភាពគ្រួសាររបស់អ្នកស្រី ខាំ សាឡុង ជួបការលំបាកបន្ទាប់ពីលោក ឆន ផល្លា ជាប់ពន្ធនាគារ ព្រោះថា ស្វាមីអ្នកស្រីប្រកបមុខរបរជាអ្នកកិនស្រូវ កិនសណ្ដែក និងធ្វើជាចុងភៅនៅតាមរោងបុណ្យ ឬរោងការ។ បន្ទាប់ពីលោក ឆន ផល្លា ជាប់ពន្ធនាគារ អ្នកស្រីមិនអាចផ្គត់ផ្គង់គ្រួសារតាមរយៈការធ្វើស្រែបាននោះទេ។
អ្នកស្រីថា៖ «អត់មានធ្វើអីទេ គាត់ប្រជាពលរដ្ឋសុទ្ធសាធ ប្ដីខ្ញុំរកស៊ីតែរត់តុ កិនស្រូវ បុកស្រូវ បុកសណ្ដែក មុខរបរគាត់! ព្រោះខ្ញុំធ្វើស្រែ ធ្វើអី»។
អ្នកស្រី ខាំ សាឡុង ទៅជួបស្វាមីនៅពន្ធនាគារយ៉ាងតិចម្ដងក្នុងមួយខែ ដើម្បីយកថ្នាំលើសឈាមប្រគល់ទៅឱ្យប្ដី។ ក្រៅពីនេះ កូនៗដែលកំពុងសិក្សាថ្នាក់បឋមសិក្សា ក៏ឆ្លៀតពេលទៅស៊ីឈ្នួលគេតាមចម្ការ ដើម្បីជួយរកកម្រៃផ្គត់ផ្គង់គ្រួសារ និងអាចបន្តការសិក្សាបាន។
អ្នកស្រីបន្ត៖ «ខ្ញុំទៅជួបមួយខែម្ដងក៏មាន មួយខែពីរ[ដង]ក៏មាន ខ្ញុំអត់ថវិកាប្អូនអើយ រត់អត់ឈ្នះទេ! ណាមួយកូនខ្ញុំរៀន បន្ទុកលើខ្ញុំ ធ្វើម្ដាយក៏ខ្ញុំហើយធ្វើឪពុកក៏ខ្ញុំ ហើយអត់មានទាំងអង្ករច្រកឆ្នាំងទៀតសព្វថ្ងៃហ្នឹង។ លំបាកមែនទែន ខ្ញុំរស់នៅសព្វថ្ងៃ ណាខ្ញុំគិតកូន ណាខ្ញុំគិតប្ដី គាត់នៅជាប់នៅពន្ធនាគារ គាត់ជំងឺលើសឈាមផង ទឹកនោមផ្អែមផង»។
ទោះបីជាលោក ឆន ផល្លា កំពុងស្ថិតក្នុងពន្ធនាគារក្ដី ក៏លោកនៅរក្សាជំហរថាមិនបានប្រព្រឹត្តខុសនោះទេ ចំណែកអ្នកស្រី សាឡុង ក៏នៅបន្តគាំទ្រស្វាមី ប្រសិនបើមានសេរីភាពឡើងវិញ នឹងចូលរួមការពារព្រៃឈើបន្តទៀត។
អ្នកស្រីបន្តថា៖ «ពេលខ្ញុំទៅម្ដងៗ គាត់តែងតែនិយាយប្រាប់ខ្ញុំថាឱ្យខ្ញុំតស៊ូ គាត់នៅក្នុងពន្ធនាគារហើយនៅតែប្រាប់ថាតស៊ូ គាត់មិនខ្លាចទេ គាត់មនុស្សបរិសុទ្ធ គាត់មនុស្សស្មោះត្រង់ គាត់ថាទេវតាលោកឃើញ គាត់ថាអ៊ីចឹង។ គាត់តែងថាអ៊ីចឹងឱ្យខ្ញុំ»។
នៅចម្ងាយប្រមាណ៥០០ម៉ែត្រពីផ្ទះលោក ឆន ផល្លា បងថ្លៃសកម្មជនរូបនេះ គឺលោក ឆុង មីង បានចង្អុលទៅលើដីដាំដំណាំស្វាយចន្ទី ដែលមានទំហំប្រមាណ៣ហិកតា។ លោក មីង អះអាងថា ដីនេះគឺជាកម្មសិទ្ធិរបស់ប្រពន្ធលោក ឆន ផល្លា និងជាទីតាំងដីដែលលោក ឆន ផល្លា បានដាំដើមស្វាយ ចន្ទី អស់រយៈពេល៣ឆ្នាំមកហើយ តែបែរជាត្រូវបានអាជ្ញាធរមូលដ្ឋានចោទប្រកាន់ថា លោក ឆន ផល្លា បានកាប់រានខុសច្បាប់ និងត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំទៅវិញ។

បុរសរូបនេះនៅតែមានចម្ងល់ជុំវិញការចោទប្រកាន់មកលើប្អូនថ្លៃរបស់លោក ព្រោះលោកថា ប្រជាពលរដ្ឋដទៃមានសិទ្ធិអាស្រ័យផលលើដីរបស់ពួកគេបាន លើកលែងតែលោក ឆន ផល្លា មួយប៉ុណ្ណោះដែលអាជ្ញាធរប្ដឹងផ្ដល់។
លោកថា៖ «គេធ្វើបាន តែគាត់ធ្វើអត់បាន ហ្នឹងខ្ញុំអត់យល់ដែរ! បើគេធ្វើស្រែធ្វើចម្ការបានទាំងអស់គ្នា បើគាត់ធ្វើអត់បាន បើហៅអាត្រាក់ចូលក៏គេឃាត់អាត្រាក់ ចូលភ្ជួរក៏គេអត់ឱ្យភ្ជួរ ដាំស្រូវដាំសណ្ដែកក៏គេអត់ឱ្យដាំ»។
ចំណែកសាក្សីដែលចូលរួមការពារក្ដីករណីលោក ឆន ផល្លា គឺលោក ពក ជា ដែលជាជនជាតិទំពូនបានលើកឡើងថា មូលហេតុដែលលោកធ្វើសាក្សីការពារលោក ឆន ផល្លា ក៏ដោយសារតែលោក ឆន ផល្លា គឺជាសកម្មជនមួយរូបបានចូលរួមការពារព្រៃឈើយ៉ាងសកម្ម តែបែរជាត្រូវជាប់ពន្ធនាគារទៅវិញ។ លោកថា ចំណែកជនល្មើសពិតប្រាកដដែលកំពុងតែកាប់បំផ្លាញព្រៃឈើជារៀងរាល់ថ្ងៃនោះ អាជ្ញាធរពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្តមិនបានអើពើនោះទេ។
លោក ពក ជា បានឱ្យដឹងថា ក្នុងអំឡុងពេលសវនាការនៅសាលាដំបូងខេត្តរតនគិរី កាលពីដើមខែកក្កដាកន្លងទៅ ដែលនៅពេលនោះ តុលាការបានបើកការជំនុំជម្រះលើលោក ឆន ផល្លា ក្រោមបទចោទថ្មីមួយទៀតគឺ «ផ្ដើមគំនិតកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកជាកម្មសិទ្ធិ» លោកបានអះអាងប្រាប់តុលាការថា លោក ឆន ផល្លា មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយលោកនៅតែបន្តស្នើទៅតុលាការឱ្យដោះលែងសកម្មជនរូបនេះ។ តែទោះជាយ៉ាងណាក៏ដោយ តុលាការបានផ្ដន្ទាទោសលោក ឆន ផល្លា ឱ្យជាប់ពន្ធនាគាររហូតដល់៦ឆ្នាំ។
លោក ពក ជា បានរម្លឹកពីការឆ្លើយតបរបស់លោកទៅនឹងសំណួររបស់ចៅក្រមនៅពេលនោះថា៖ «ឆន ផល្លា ហ្នឹង ឈូសឆាយអត់? ខ្ញុំថាអត់មានទេ! កាប់ព្រៃឈើហ្នឹងមានពីណាកាប់? អ្នកស្រុកអ្នកភូមិ អ្នកកាប់ តែគាត់អត់ដែលឃើញព្រៃហ្នឹងទេ មនុស្សមកពីកំពង់ចាមមានដឹងអី!»
វីអូឌី មិនអាចសុំការឆ្លើយតបពីមេឃុំសេដា លោក អង់ ប៊ុនធៀ ដែលជាដើមបណ្ដឹងប្ដឹងលោក ឆន ផល្លា បាននោះទេ។ ចំណែកប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី លោក ផុន ខេមរិន ថាលោកកំពុងជាប់រវល់ប្រជុំ។
រីឯមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសេដា លោក សុខ ណាប៉ែ បានបង្វែរសំណួរឱ្យសួរទៅកាន់តុលាការវិញ។ តែយ៉ាងណា លោកលើកឡើងថា នៅពេលដែលចាប់ខ្លួនលោក ឆន ផល្លា ខាងនគរបាលបានទទួលដីកាចាប់ខ្លួនពីតុលាការ ហើយបដិសេធថាមិនបានចាប់ខ្លួនសកម្មជនការពារធនធានធម្មជាតិរូបនេះបន្ទាប់ពីហៅទៅធ្វើបណ្ណបោះឆ្នោត ដូចការចោទប្រកាន់របស់គ្រួសារសកម្មជនរូបនេះនោះទេ។
លោកថា៖ «បើតាមខ្ញុំដឹង មានដីកាតាំងពីយូរហើយ ប៉ុន្តែគេមិនទាន់អនុវត្ត»។
បន្ថែមពីនេះ មេប៉ុស្ដិ៍រូបនេះបានអះអាងថា មិនមានករណីប្រើអំពើហិង្សាវាយលើលោក ឆន ផល្លា នៅក្នុងវេទិកាសាធារណៈកាលពីខែកក្កដា ឆ្នាំ២០២០ ដូចការចោទប្រកាន់របស់ក្រុមគ្រួសារលោក ឆន ផល្លា នោះឡើយ។
លោកថា៖ «អត់មានគេវាយផងបង! បើមាន មនុស្សរាប់រយនាក់នៅហ្នឹង ទៅលាក់បាំងម៉េចកើត? មិនមែនតែប៉ូលិសឯណា! មានទាំងអភិបាលស្រុក ហើយដល់ឮថាម្នាក់ថាវាយ ហើយមនុស្ស១០០នាក់ទៀតគេថាអត់វាយផង ទៅជឿខាងណាដែរ ខ្ញុំអត់ដឹងដែរ ប៉ុន្តែខ្ញុំឃើញអត់វាយ»។
អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី មានប្រសាសន៍ថា បើទោះជាអាជ្ញាធរមូលដ្ឋានបានចោទប្រកាន់លោក ឆន ផល្លា ចំនួន២ករណី និងបើទោះណាជាសាសាឧទ្ធរណ៍បានច្រានចោលបទចោទចំនួនមួយករណីលើលោក ឆន ផល្លា ក្ដី ក៏សាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី៧ ខែកក្កដា នៅតែចេញសាលក្រមលើករណីទី២ ដោយផ្ដន្ទាទោសលោក ឆន ផល្លា ឱ្យជាប់ពន្ធនារគាររយៈពេល៦ឆ្នាំ ពីបទ «ផ្ដើមគំនិតកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ» ដដែល បើទោះជានៅក្នុងសវនាការ តុលាការមិនបានរកឃើញកំហុសរបស់សកម្មជនបរិស្ថានរូបនេះក៏ដោយ។
លោក ឌិន ខន្នី ចាត់ទុកការផ្ដន្ទាទោសនេះជារឿងអយុត្តិធម៌បំផុតសម្រាប់លោក ឆន ផល្លា និងក្រុមគ្រួសាររបស់គាត់។
លោកថា៖ «ការចោទប្រកាន់នេះ គឺជារឿងអយុត្តិធម៌បំផុត ដែលខ្ញុំចូលរួមស្ដាប់ក្នុងសវនាការលើការសួរដេញដោលអស់រយៈពេលពេញមួយថ្ងៃ មួយព្រឹក។ បើតាមរយៈការសួរដេញដោលនេះ យើងមើលឃើញថា មិនអាចរកឃើញបទល្មើសទាក់ទិននឹងការផ្ដើមគំនិតកាប់រុករានឈូសឆាយឆ្ការដុតដីព្រៃ ដូចអ្វីដែលមន្រ្តីបរិស្ថានបានប្ដឹងលោក ឆន ផល្លា និងគ្នារបស់គាត់៤នាក់ទៀតទេ»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី សោកស្ដាយចំពោះសាលក្រមចុងក្រោយនេះមកលើសកម្មជនបរិស្ថាន ដែលលោកថាធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងលើសេដ្ឋកិច្ចគ្រួសារ និងការសិក្សារបស់កូនៗលោក ឆន ផល្លា ក៏ដូចជាប៉ះពាល់ដល់ឆន្ទៈរបស់សកម្មជនបរិស្ថានដទៃទៀតដែលបានចូលរួមការពារព្រៃឈើនៅក្នុងខេត្តរតនគិរី។
ទាក់ទងករណីផ្ដន្ទាទោសចុងក្រោយនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី ព្រះរាជអាជ្ញារង កែវ ភក្ដី បានប្រាប់វីអូឌីកាលពីថ្ងៃ៣ ខែសីហា ថាការដែលចៅក្រមសាលាដំបូងខេត្តរតនគិរីចេញសាលក្រមសាជាថ្មីនេះ ដោយសារតែជាករណីថ្មីមួយទៀត ហើយចៅក្រមក៏មានសម្អាងហេតុដែលភ្ជាប់ជាមួយសាលក្រមផងដែរ។
ព្រះរាជអាជ្ញារងរូបនេះបន្តថា ចំពោះគ្រួសារ ឬសង្គមស៊ីវិល ស្នើសុំឱ្យដោះលែងដោយគិតថាលោក ឆន ផល្លា គ្មានកំហុសនោះ មិនទាន់អាចទទួលយកបាននោះទេ ព្រោះលោកថា ចៅក្រមមានសម្អាងលើករណីនេះ។
លោកអះអាងបន្ថែមថា៖ «ក្នុងករណីនេះ ខ្ញុំអត់ដឹងថាគ្រួសារគាត់ស្នើសុំឬក៏យ៉ាងម៉េច ព្រោះបញ្ហានេះមិនមានន័យថាពួកគាត់ [គ្រួសារលោក ឆន ផល្លា និងសង្គមស៊ីវិល] នៅពេលដែលរឿងទាំងអស់ទាក់ទងនឹងសង្គមស៊ីវិល ឬសាច់ញាតិគាត់លើកឡើងថាមិនមែនជាបទល្មើស តែចៃដន្យ ឬក៏យ៉ាងម៉េច ដែលអ្នកច្បាប់យល់ឃើញថា វាមានបទល្មើស អាហ្នឹងគឺថាជារឿងមួយផ្សេងទៀត»។
ចំពោះការចេញសាលក្រមជាលើកទី២ ផ្ដន្ទាទោសលោក ឆន ផល្លា ដោយសាលាដំបូងខេត្តរតនគិរីនេះ មេធាវីការពារក្ដីឱ្យលោក ឆន ផល្លា លោក សំ ទិត្យសីហា ឱ្យដឹងថា លោកបានដាក់ពាក្យបណ្ដឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ត្បូងឃ្មុំ រួចហើយ កាលពីថ្ងៃទី១៤ ខែកក្កដា ដោយសង្ឃឹមថា សាលាឧទ្ធរណ៍នឹងច្រានចោលសាលក្រមជាលើកទី២របស់សាលាដំបូងខេត្តរតនគិរី។
លោកថា៖ «សម្រាប់ខ្ញុំជាមេធាវីយល់ឃើញ ទាក់ទងទីមួយ ការសម្រេចក្ដីរបស់សាលាដំបូងខេត្តរតនគិរី នៅតែមិនទាន់[ថា]កូនក្ដីរបស់ខ្ញុំបាទហ្នឹងមានទោសទេ ដោយសារទីមួយ គាត់បានប្ដឹងឧទ្ធរណ៍ សាលក្រមមិនទាន់ចូលជាស្ថាពរទេ ហើយទីពីរ ខ្ញុំសង្ឃឹមថាសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំនឹងស្វែងរកយុត្តិធម៌ និងស្វែងរកការពិតជូនលោក ឆន ផល្លា»៕