តុលាការ​កាត់ទោស​ថ្នាក់ដឹកនាំ​និង​សកម្មជន CNRP ៧នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​​ពី​១៨ខែ​ដល់​៣ឆ្នាំ

ពន្ធនាគារបញ្ជូនអ្នកជាប់ឃុំមកចូលសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសថ្នាក់ដឹកនាំ ​សកម្មជន និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលត្រូវរំលាយ ចំនួន៧រូប ឱ្យជាប់ពន្ធនាគារចន្លោះពី១៨ខែដល់៣ឆ្នាំ ក្រោមបទ «ញុះញង់ និងប្រមាថអង្គព្រះមហាក្សត្រ» ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្ដាញសង្គម។

ការប្រកាសសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃពុធនេះ បន្ទាប់ពីតុលាការបើកសវនាការកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ លើសំណុំរឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថអង្គព្រះមហាក្សត្រ» ដែលមានជនជាប់ចោទចំនួន៧នាក់។

ជនជាប់ចោទទាំងនោះ រួមមាន លោក ឡុង រី, លោក ម៉ន ផល្លា, លោក ម៉ោញ សារ៉ាត់, លោក ម៉ែន សុថាវរិន្ទ, អ្នកនាង កឹម តុលា ព្រមទាំងអ្នក​ស្រី ឡាញ់ ថាវរី ដែល​ជា​មេឃុំ​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​នៅ​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​មានជ័យ​។ ចំណែកមួយរូបទៀត លោក ម៉ិច ហ៊ាង ជាពលករនៅប្រទេសថៃ និងជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិផង ត្រូវសមត្ថកិច្ចចាប់បញ្ជូនខ្លួនមកកម្ពុជាវិញ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ឃុន សូណា បានប្រកាសសាលក្រមដោយផ្ដន្ទាទោសមេដឹកនាំគណបក្សសង្រ្គោះជាតិ លោក ឡុង រី, លោក ម៉ន ផល្លា, ​លោក ម៉ោញ សារ៉ាត់, លោក ម៉ែន សុថាវរិន្ទ, អ្នកនាង កឹម តុលា ព្រមទាំងអ្នក​ស្រី ឡាញ់ ថាវរី ចំនួន១៨ខែ ក្រោមបទប្រកាន់ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

ចំណែកលោក ម៉ិច ហ៊ាង ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន៣ឆ្នាំ ក្រោមបទប្រកាន់ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថអង្គព្រះមហាក្សត្រ» ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក។

បន្ទាប់ពីស្ដាប់ចៅក្រមប្រកាសសាលក្រមរួច លោក ម៉ិច ហ៊ាង បានស្រែក្នុងបន្ទប់សវនាការ ថាជារឿងអយុត្តិធម៌សម្រាប់រូបលោក ដោយលោកមិនអាចទទួលយកសាលក្រមនេះបានទេ។ លោកបញ្ជាក់ថា រូបលោកនឹងប្ដឹងសាទុក្ខទៅតុលាការជាន់ខ្ពស់បន្តទៀត។

លោកថា៖ «ខ្ញុំមិនទទួលយកដាច់ខាត ការផ្ដន្ទាទោសនេះមិនត្រឹមត្រូវទេ។ ខ្ញុំមិនបានធ្វើដូចការចោទប្រកាន់ទេ។ វាអយុត្តិធម៌សម្រាប់ប្រទេស​កម្ពុជា»។

ការប្រកាសសាលក្រមនាថ្ងៃពុធនេះ ធ្វើឡើងនៅចំពោះមុខជនជាប់ចំនួន២រូប ក្នុងនោះ អ្នកស្រី ឡាញ់ ថាវរី និងលោក ម៉ិច ហ៊ាង ដោយឡែកអ្នកផ្សេងទៀតត្រូវបានធ្វើឡើងដោយកំបាំងមុខ ឬគ្មានវត្តមានក្នុងពេលប្រកាសសាលក្រមឡើយ។ ​

ក្រៅពីផ្ដន្ទាទោស ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ឃុន សូណា បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនលោក ឡុង រី, លោក ម៉ន ផល្លា, លោក ម៉ោញ សារ៉ាត់, លោក ម៉ែន សុថាវរិន្ទ និងអ្នកនាង កឹម តុលា មកអនុវត្តទោសផងដែរ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា ការបន្តកាត់ទោសលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ មិនបានចំណេញអ្វីដល់ជាតិឡើយ ស្របពេលដែលអន្តរជាតិអំពាវនាវឱ្យរដ្ឋាភិបាលបើកលំហ​សិទ្ធិនយោបាយ និងគោរពសិទ្ធិមនុស្សនោះ។

លោកថា៖ «រឿងវិវាទនយោបាយ កម្ពុជាហាក់មិនឃើញមានការចំណេញអ្វីទេ មានតែមានការកត់សម្គាល់ មានការឃ្លាំមើល ការទទូចពីខាងសហគមន៍អន្តរជាតិ ខាងប្រទេសលោកសេរីហ្នឹង គឺគេស្នើឱ្យមានការបើកលំហ​ ដោយកុំមានការរំលោភសិទ្ធិមនុស្ស កុំធ្វើទុក្ខបុកម្នេញទៅលើសកម្មជននយោបាយទាំងអស់ហ្នឹង ហើយផ្ដល់ឱកាសពួកគាត់បានបំពេញសកម្មភាពនយោបាយទៅតាមនិន្នាការដែលខ្លួនពេញចិត្តទាំងអស់។ ប៉ុន្តែផ្ទុយទៅវិញ ទោះបីជាមានការអំពាវនាវពីសហគមន៍អន្តរជាតិក៏ដោយ ក៏ប៉ុន្តែទាំងអាជ្ញាធរកម្ពុជា ទាំងតុលាការ ដូចជានៅតែបន្តនីតិវិធីក្នុងការសម្រេចសេចក្ដី ឬកាត់សេចក្ដីទៅសកម្មជនបក្សជំទាស់ដដែល»។

អំឡុងពេលសវនាការកាលពីថ្ងៃទី២៥ ខែកក្កដា តុលាការបានបង្ហាញសារដែលអ្នកស្រី ឡាញ់ ថាវរី បង្ហោះលើហ្វេសប៊ុករបស់ខ្លួនកាលពីឆ្នាំ២០១៨ ដែលមានខ្លឹមសារឱ្យប្រជាពលរដ្ឋក្រោកឡើងតស៊ូឱ្យមានការផ្លាស់ប្ដូរលើការដឹកនាំរបស់លោក ហ៊ុន សែន។

អ្នកស្រីទទួលស្គាល់ថា ខ្លួនពិតជាបានបង្ហោះសារមែន ប៉ុន្តែអ្នកស្រីគ្មានបំណង«ញុះញង់»ប្រជាពលរដ្ឋនោះទេ។

ចំណែកលោក ម៉ិច ហ៊ាង ក៏បានប្រាប់ទៅចៅក្រមអំឡុងពេលសវនាការថា លោកគ្រាន់តែសម្ដែងមតិទេ ស្របតាមច្បាប់ ក្នុងបំណងឱ្យសង្គមកម្ពុជាមានភាពប្រសើរឡើង ហើយលោកធ្វើដោយចិត្តខ្លួនឯង គ្មានអ្នកណានៅពីក្រោយនោះទេ។

អ្នក​ស្រី ឡាញ់ ថាវរី គឺ​ជា​មេឃុំ​ជាប់​ឆ្នោត​គណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ​ នៅ​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​មានជ័យ កាល​ពី​ឆ្នាំ២០១៧ ហើយ​លោកស្រី​បាន​រស់​នៅ​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ​ជាង៤ឆ្នាំ។ ក្រោយពីបានភៀសខ្លួនអស់រយៈពេល៤ឆ្នាំ នៅ​​ថ្ងៃ​ទី១៩ ខែវិច្ឆិកា ឆ្នាំមុន អាជ្ញាធរ​​ថៃបាន​​​​​​ចាប់​​​ខ្លួន​​និង​បញ្ជូន​អ្នកស្រីមកកម្ពុជា​វិញ​តាមច្រក​ព្រំ​ដែន​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​។

ក្រៅ​ពី​អ្នកស្រី ឡាញ់ ថាវរី នោះ អាជ្ញាធរ​ថៃក៏​បាន​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​​ពីរ​នាក់ទៀតដែល​មាន​ឋានៈ​ជា​ជន​ភៀស​ខ្លួនទទួលស្គាល់ដោយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ​គឺ​លោក វឿង សំណាង និង​លោក វឿន វាសនា ហៅ​​​ «គ្រញូង​​​ព្រៃ​ឡង់» បញ្ជូនមកឱ្យ​អាជ្ញាធរកម្ពុជា ហើយ​តុលាការ​បាន​ចោទ​ប្រកាន់​ពួក​គេ​ទាំង​ពីរ ជុំវិញ​បទ «រួម​គំនិត​ក្បត់» និងឃុំខ្លួននៅ​ដាក់​ពន្ធនាគារ​ព្រៃ​ស​។

ការ​ចាប់​​​បញ្ជូន​ជន​ភៀស​ខ្លួនដែល​ជា​សកម្មជន​បក្ស​ប្រឆាំង​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​ជា​បន្ត​បន្ទាប់​នេះ អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Right watch) និង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) ប្រចាំ​ប្រទេស​ថៃ ​សោក​ស្ដាយ និង​ថ្កោល​ទោស​ចំពោះ​រដ្ឋាភិបាល​ថៃ និង​កម្ពុជា​ ដោយថាកំពុង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​មិន​អាច​ទទួល​យក​បាន​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ