អ្នកជំនាញ​ថា ការ​ស្ដារ​ព្រៃឈើ​ភ្នំតាម៉ៅ​ឡើងវិញ​ត្រូវ​ការ​ពេល​យ៉ាង​ហោច​ណាស់​១០​ឆ្នាំ

សកម្មភាពពលរដ្ឋចូលរួមដាំកូនឈើឡើងវិញនៅលើផ្ទៃដីព្រៃដែលបានឈូសឆាយចោលដោយក្រុមហ៊ុនអភិវឌ្ឍ នៅតំបន់ភ្នំតាម៉ៅ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

រដ្ឋាភិបាល​អាច​នឹង​ត្រូវ​ចំណាយ​ថវិកា​​រាប់​សែន​​ដុល្លារ​​​លើ​​ការ​​ដាំ​ដើមឈើ​ក្នុងព្រៃ​​ភ្នំ​តាម៉ៅ​ឡើងវិញ ​ដែល​​ត្រូវ​បាន​កាប់បំផ្លាញ​​កាលពី​​សប្តាហ៍​​មុន​ ​ក្នុងនោះ​គេ​ក៏​សង្កេត​ឃើញ​មាន​ការ​ចូលរួម​ក្នុង​ការស្ដារ ឬជួសជុល​ការខូចខាត​ព្រៃ​​បាត់បង់​​ឡើងវិញ​ទាំងនេះ​ពី​អ្នក​ស្រឡាញ់បរិស្ថាននានា និង​មួយផ្នែកធំ​ដោយឧកញ៉ា ម៉ុង ឫទ្ធី ផង​ដែរ។

ទោះជាយ៉ាងណា ប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​អះអាង​ថា ខ្លួន​​មិន​បាន​​ពាក់ព័ន្ធ​ក្នុង​ការ​កាប់បំផ្លាញព្រៃឈើ​​នោះ​​ឡើយ ខណៈ​រូបលោក​គ្រាន់តែ​ទទួលបាន​ការអនុញ្ញាត​ពី​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ធ្វើ​ការ​ស្ដារ ឬជួសជុល​ការខូចខាតឡើងវិញ​តែ​ប៉ុណ្ណោះ។​

លោកឧកញ៉ា បាន​ប្រាប់ វីអូឌី ថា ការ​ដាំដើមឈើ​នៅ​ភ្នំតាម៉ៅ​ឡើងវិញនេះ គឺ​អាច​នឹង​ត្រូវ​ចំណាយ​ថវិកា​ច្រើន ខណៈ​ដើមឈើ​មួយ​ដើ​ម​អាច​នឹង​ត្រូវ​ចំណាយ​ប្រមាណជា​ ៦ដុល្លារ។

គួរបញ្ជាក់​ថា ផ្ទៃដីព្រៃ​ភ្នំតាម៉ៅ​ ទំហំជិត​ ៦០០ហិកតា​ដែល​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​ដោយ​រដ្ឋបាលព្រៃឈើ​ត្រូវ​បាន​កាប់បំផ្លាញ​គិត​ចាប់​តាំងពី​ចុងសប្តាហ៍​កន្លង​ទៅ បន្ទាប់ពីតំបន់​នេះ​ត្រូវបាន​រដ្ឋាភិបាល​ប្រគល់ទៅឱ្យ​ក្រុមហ៊ុន​ឯកជ​ន​ដែល​ត្រូវបានគេស្គាល់ថា​ ជា​របស់​លោក​​​ ឡេង ណា​​វ៉ា​​ត្រា និងលោក ឃុន សៀ ដើម្បី​អភិវឌ្ឍ។

ទោះជា​យ៉ាងណា ការដោះដូរ និងអភិវឌ្ឍតំបន់ភ្នំតាម៉ៅនេះ​ត្រូវបាន​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអាទិត្យ​កន្លងទៅ​ចេញបញ្ជា​ភ្លាមៗ ឱ្យ​លុប​ចោល​ទាំងអស់​ចំពោះ​សកម្មភា​ព​នេះ ក្រោយមាន​ប្រតិកម្មពី​មហាជន​យ៉ាងច្រើន។

ទាក់ទិននឹង​ការ​ស្ដារឡើងវិញនេះ​ផង​ដែរ លោក ម៉ុង ឫទ្ធី បានបញ្ជាក់​ឱ្យដឹងថា ក្នុង​​មួយ​ហិក​តា គឺ​ត្រូវការដាំដើមឈើ​ប្រមាណជា ២០០ដើម ដែល​អាច​នឹង​ត្រូវ​ចំណាយ​ថវិកា​សរុប​ច្រើនជាង ៦០ម៉ឺនដុល្លារ។

ក្នុង​នាមជា​ពលរដ្ឋមួយរូប​ដែល​​ធ្លាប់​​រស់​នៅ​ក្បែរ​ភ្នំ​តាម៉ៅ ខេត្ត​តាកែវ និងស្រឡាញ់​ព្រៃឈើ លោកបន្ថែមថា​៖ «សម្រាប់​ហេតុផល [ចូលរួមស្ដារ​ព្រៃភ្នំតាម៉ៅ] គឺដោយសារ​តែខ្ញុំ​ចូលចិត្តដាំ​ដើមឈើ ដូច្នេះខ្ញុំនឹង​ចាប់ផ្ដើម​ដាំវា​ឡើងវិញ។ ខ្ញុំ​​មិន​​ខ្វល់​ថា ​អ្នក​ណា​​កាប់​​ឡើយ​»។

លោកបន្ត​ថា៖ «តាម​បទពិសោធន៍​របស់​ខ្ញុំទាក់ទង​នឹងការ​ដាំដើមឈើ វា​អាចនឹង​ត្រូវចំណាយ​រយៈពេលប្រមាណជា ១០ ឆ្នាំ​សម្រាប់​ព្រៃមធ្យម។ [សម្រាប់​រយៈពេលនេះ​] វា​មិន​មែន​​ជា​​ព្រៃ​ស្ដុកអី​នោះ​​ទេ ប៉ុន្តែ​វា​អាចជា​ព្រៃមធ្យម​»។

ក្រៅពី​ការចូលរួម​របស់​អ្នកជំនាញផ្នែកកសិកម្ម​ខាងលើនេះ ក្នុងនោះកម្មករ​​ប្រមាណជា ១០០នាក់ កាល​ពី​ថ្ងៃ​ចន្ទកន្លងទៅ ក៏​បាន​​ចាប់​ផ្ដើម​សកម្មភាព​ដាំ​កូនឈើ​ឡើងវិញ​​នៅ​ក្នុងតំបន់​ភាគឦសាន​ភ្នំ​តាម៉ៅ ដែល​រងនូវការ​ឈូស​ឆាយ​​ កាល​ពី​​ចុង​សប្ដាហ៍​​មុនផងដែរ​។

កម្មករដាំកូន​ឈើមួយរូប លោក ប្រាក់ វ៉ន អាយុ ៥៧ ឆ្នាំ បាន​ឱ្យដឹង​ថា ខ្លួន​​ទទួលបាន​ប្រាក់​ឈ្នួល ៥០០រៀល​​ក្នុង​ការដាំដើម​ឈើមួយ​ដើម ខណៈរូបលោក​មាន​ភាព​រីករាយ​​ដែល​បាន​​ចូលរួម​​ជាមួយ​​អ្នក​ភូមិ​ផ្សេង​ទៀត​​ក្នុងកិច្ច​ការងារមួយ​នេះ។

លោកបន្តថា៖ «នៅពេល​ដែល​​ខ្ញុំបាន​​មក​ឃើញ​គេ​​កាប់​ឆ្ការ​ព្រៃ​នេះ ខ្ញុំ​មិន​​ពេញចិត្ត​​ចំពោះ​សកម្មភាព​នេះឡើយ។ ប៉ុន្តែ​ខ្ញុំ​សប្បាយ​​ចិត្តឡើងវិញ នៅពេល​ដែលបាន​ចូលរួមចំណែក​​ក្នុងកិច្ចការងារ​ដាំដើមឈើ​ក្នុងតំបន់ឡើង​វិញ។ ខ្ញុំ​ក៏បារម្ភ​​អំពី​សត្វព្រៃផងដែរ​ ខណៈ​ប្រសិន​បើ​​គ្មានដើមឈើក្នុង​ព្រៃ​នោះ សត្វ​អាច​​នឹង​​ជួប​ការ​​លំបាក​»។

ទោះជាយ៉ាងណា បុរសខាងលើនេះ​មិនដឹង​ច្បាស់ថា តើអ្នកណា​ជាអ្នកចេញថ្លៃ​ឱ្យពូកគាត់​ក្នុងការដាំដើមឈើឡើងវិញនេះ​ឡើយ ខណៈ​លោកគ្រាន់តែដឹងថា អាចជា​រដ្ឋបាល​​ភ្នំ​តាម៉ៅ។

វីអូឌី មិនអាចសុំការធ្វើអត្ថាធិប្បាយបាន​ឡើយពី អគ្គនាយករដ្ឋបាលព្រៃឈើ​នៃក្រសួងកសិកម្ម លោក កែវ អូម៉ាលីស និង​ប្រធាន​ឧទ្យាន​សួន​សត្វ និង​មជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ លោក ញ៉ឹក រតនៈពេជ្រ បានទេ​ទាក់ទិននឹង​ករណីនេះ។

ទាក់ទិននឹង​សកម្មភាពចូលរួមដាំដើមឈើឡើងវិញ​កាលពីថ្ងៃចន្ទដដែលនេះ ក្នុងនោះគេ​ក៏សង្កេតឃើញ​មានពលរដ្ឋក្នុងតំបន់​ប្រមាណជា ១០០នាក់ ​​ក៏កំពុងតែ​ប្រមូល​​បំណែកដើមឈើ​ដែលនៅសេស​​ពីការឈូសឆាយផងដែរ។

បុរស​វ័យ ៣៨ឆ្នាំ​ម្នាក់ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើង​ថា លោក​មក​ប្រមូល​យកឈើព្រៃ​ដែល​ឈូសឆាយទាំងនេះ ដោយ​មិនឃើញ​មាន​​អ្នក​ណា​ហាម​ឃាត់​​​ឡើយ​។

បុរស​រូបនេះ​បន្ថែមថា៖ «ខ្ញុំក៏មាន​អារម្មណ៍មិនសប្បាយចិត្ត​ចំពោះរឿងនេះ​ដែរ។ សម្រាប់​ដើមឈើ​​ប្រភេទ​នេះ វា​អាចនឹងត្រូវ​​ចំណាយរយៈ​ពេល​ប្រហែលជា ៤០ឆ្នាំ​ ដើម្បីដុះលូ​តលាស់​ក្នុងទំហំនេះវិញបាន​។

ងាកមកកាន់​តំបន់ប៉ែក​ខាង​ត្បូង ដែលនៅ​ក្បែរទីតាំង​វត្ត​​កណ្តាល​ព្រៃមួយវិញ យុវតីខ្មែរ​ថាវរៈ កញ្ញា ឈឿន ដារ៉ាវី ចូលរួមធ្វើ​យុទ្ធនាការ​​ដាំ​ដើម​ឈើ​ឡើងវិញនេះ​​​បាន​​ឱ្យដឹងដែរ​ថា ​សកម្មជ​ន​​ទាំងឡាយកំពុងតែ​​បំពេញកិច្ច​ការងារនេះ​​ដោយ​ស្ម័គ្រ​ចិត្ត។

យុវតីរូបនេះថ្លែងថា​៖ «​យើង​មិន​​បាន​សុំ​ការ​​អនុញ្ញាត​ឡើយ​»។

សកម្មជន​បរិស្ថានរូបនេះ​​​បន្ថែម​ថា​ ពួកគេ​នឹង​ដាំកូនឈើ​គ្រញូងប្រមាណជា ១០០ដើម ​​ក្នុងរយៈពេលតែ​មួយ​​ថ្ងៃ​ប៉ុណ្ណោះ ខណៈការ​ស្ដារ​ឡើង​វិញ​គួរ​តែ​ជា​​ការ​ទទួល​​ខុស​ត្រូវ​របស់​ក្រុមហ៊ុន​​ដែលកាប់​បំផ្លាញ​ព្រៃ​ឈើ​។

ជាមួយគ្នានេះ នាយករដ្ឋបាល​នៃរដ្ឋបាល​ខេត្តតាកែវ លោក មាស អ៊ុយ បានប្រាប់ វីអូឌី ឱ្យដឹងថា អភិបាល​ខេត្​តក៏នឹង​ចូលរួម​សកម្មភាព​ដាំដើមឈើ​ឡើងវិញ​ផងដែរ​នៅថ្ងៃពុធ ក្នុង​កម្មវិធី​ដាំដែល​រៀបចំឡើងដោយលោក ម៉ុង ឫទ្ធី​។

ទោះជាយ៉ាងណា នាយករដ្ឋបាលខេត្តរូបនេះ មិន​អាច​បញ្ជាក់ពីចំនួនព្រៃ​ឈើ​​សរុបដែលត្រូវ​បានបាត់បង់ ឬ​អាជ្ញាធរ​ណា​ជា​​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ស្តារ​ឡើង​វិញ​នោះ​ទេ។

ត្រឡប់មកកាន់​តំបន់​​ក្បែរ​វត្តថ្ម​អន្ទង ដែលស្ថិតនៅក្នុងបរិវេណសួនសត្វភ្នំតាម៉ៅ​វិញ អ្នកស្រី ជាម សុខុម ជាអ្នក​លក់​​ភេសជ្ជៈមួយរូប បាន​លើកឡើងថា អ្នកស្រី​មាន​​អារម្មណ៍ច្របូកច្របល់​ទាក់ទិន​នឹង​ករណីនេះ​។

អ្នកស្រីថា៖ «បច្ចុប្បន្ន ខ្ញុំ​មាន​អារម្មណ៍ថា​ សោកសៅលាយឡំនឹង​ភាពរីករាយបន្តិចបន្តួច [ចំពោះ​ការបាត់បង់ព្រៃឈើ ហើយដាំឡើងវិញ]។ ការដាំឡើង​វិញ​នឹង​ត្រូវចំណាយ​រយៈពេលជាច្រើនឆ្នាំ ដោយខ្ញុំ​មិន​គិត​ថា​ ខ្ញុំអាច​​នឹង​រស់​ដល់ពេលដែលដើមឈើទាំងនេះដុះលូតលាស់​ធំឡើយ។ ទោះជាយ៉ាងណា ពូកគេក៏​បានទុកព្រៃ​មួយចំនួនតូចដែរ។ វា​ដូចជា​​ អព្ភូតហេតុមួយអ៊ីចឹង​»​៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ At Least 10 Years to Repair One Week of Phnom Tamao Damagepot Port Project

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ