សង្គមស៊ីវិល​ជិត​៤០​ថ្កោលទោស​សកម្មភាព​ហិង្សា​របស់​អាជ្ញាធរ​លើ​កូដករ​ណាហ្គាវើលដ៍​ជាស្ត្រី

កូដករជាស្ត្រីម្នាក់រងរបួសចំច្រមុះ ដោយសារប៉ះទង្គិចជាមួយនឹងកងកម្លាំងការពារ អំឡុងពេលក្រុមកូដករទាំងនោះតវ៉ាទាមទារដំណោះស្រាយការងារ នៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សង្គមស៊ីវិលជិត៤០ដែលកំពុងធ្វើការពាក់ព័ន្ធការលើកកម្ពស់សិទ្ធិការងារ សិទ្ធិស្ត្រី ថ្កោលទោសសកម្មភាពហិង្សារបស់អាជ្ញាធរលើកូដករណាហ្គាវើលដ៍ជាស្ត្រី ដោយទាមទារឱ្យរដ្ឋាភិបាលផ្ដន្ទាទោសតាមច្បាប់ទៅលើជនដែលប្រព្រឹត្តអំពើហិង្សាមកលើពួកគេ ដើម្បី«បញ្ឈប់អំពើហិង្សាលើស្ត្រី» និងជាគំរូសម្រាប់ការអនុវត្តច្បាប់នៅកម្ពុជា។

ការថ្កោលទោសនេះធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី១៥ ខែសីហានេះ និងបន្ទាប់ពីស្ថាប័នក្រៅរដ្ឋាភិបាលទាំងនោះមើលឃើញថា អាជ្ញាធរបានបង្ក្រាបកូដករជាស្ត្រីយ៉ាងព្រៃផ្សៃ ដើម្បីរារាំងមិនឱ្យពួកគេបានទៅធ្វើកូដកម្មនៅក្បែររបងក្រុមហ៊ុនបនល្បែងមួយនេះ ជាកន្លែងដែលពួកគេត្រូវឈរ និងសម្តែងមតិស្របតាមច្បាប់ការងារ។ 

សហជីព និងស្ថាប័នសិទ្ធិមនុស្ស ដែលកំពុងធ្វើការពាក់ព័ន្ធការលើកកម្ពស់សិទ្ធិការងារ សិទ្ធិស្ត្រី ជំរុញឱ្យមានភាពប្រសើរឡើងនូវសមភាពយេនឌ័រក្នុងសង្គមកម្ពុជាចំនួន៣៨ រួមមាន សម្ព័ន្ធសហជីពចលនាកម្មករ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា សហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូន សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងស្ថាប័នជាង៣០ទៀត។

កូដករណាហ្គាវើលដ៍ ប៉ះទង្គិចជាមួយនឹងកងកម្លាំងការពារ អំឡុងពេលក្រុមកូដករទាំងនោះតវ៉ាទាមទារដំណោះស្រាយការងារ នៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
កូដករណាហ្គាវើលដ៍ ប៉ះទង្គិចជាមួយនឹងកងកម្លាំងការពារ អំឡុងពេលក្រុមកូដករទាំងនោះតវ៉ាទាមទារដំណោះស្រាយការងារ នៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្នុងសេចក្តីថ្លែងការណ៍ដដែល សហជីព និងអង្គការក្រៅរដ្ឋាភិបាលទាំងនេះ  ថ្កោលទោសចំពោះរាល់សកម្មភាពបង្ក្រាបរបស់អាជ្ញាធរទៅលើកូដករជាស្ត្រីដែលកំពុងតែធ្វើកូដកម្មអហិង្សា ក្នុងគោលបំណងទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍យកតំណាងកម្មករនិយោជិត និងសមាជិករបស់ពួកគេចូលធ្វើការងារវិញ ដោយថាការបញ្ឈប់ពួកគេកន្លងមកនោះ គឺធ្វើឡើងដោយអយុត្តិធម៌។

ស្ថាប័នសង្គមស៊ីវិលលើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នាថ្កោលទោសរាល់ករណីនៃអំពើហិង្សាទៅលើកម្មករនិយោជិត និងផ្តន្ទាទោសតាមផ្លូវច្បាប់ទៅលើជនដែលប្រព្រឹត្តអំពើហិង្សាមកលើស្រ្តីកូដករ ដើម្បីលើកកម្ពស់នូវការបញ្ឈប់អំពើហិង្សាលើស្ត្រី និងជាគំរូភាពសម្រាប់ការអនុវត្តច្បាប់»។

សេចក្តីថ្លែងការណ៍បន្តថា អាជ្ញាធរបានបង្ក្រាបយ៉ាងព្រៃផ្សៃ ដើម្បីរារាំងមិនឱ្យកូដករទៅធ្វើកូដកម្មនៅក្បែររបងក្រុមហ៊ុនណាហ្គាវើលដ៍។ ​ ពួកគេចាត់ទុកថា នេះជាការបង្ហាញនូវការការពារអ្នកប្រព្រឹត្តអំពើហិង្សា ដោយមិនបានយកអ្នកប្រព្រឹត្តអំពើហិង្សាមកដាក់ទណ្ឌកម្មតាមច្បាប់ដើម្បីព្រមាននោះឡើយ។ ទង្វើបែបនេះ គឺអាជ្ញាធរបានធ្វើឱ្យបរិយាកាសក្នុងសង្គមកម្ពុជា កាន់តែមានគំរូរូបភាពកើនឡើងនូវការបង្ក្រាបពីអាជ្ញាធរ នៅពេលដែលកម្មករនិយោជិត ប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ពួកគេ គឺសិទ្ធិធ្វើកូដកម្ម ដែលធានាដោយអនុសញ្ញាអង្គការពលកម្មអន្តរជាតិលេខ៨៧ និង៩៨ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។

យ៉ាងណា កាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីប្រកាសព័ត៌មានដោយចោទប្រកាន់ថា ហេតុការណ៍បង្ក្រាបនេះបានកើតឡើងដោយសារតែ «កម្មករនិយោជិតបានបុកទម្លុះប៉ារ៉ាស់ និងបង្កអំពើហិង្សាមកលើសមត្ថកិច្ច»។

បើតាមសង្គមស៊ីវិលទាំងនោះ សកម្មភាពបង្ក្រាបនៅថ្ងៃទី១១ ខែសីហា មានកូដករស្ត្រីយ៉ាងតិចចំនួន១៧នាក់បានរងរបួស ទាំងមុខ ទាំងច្រមុះ និងស្ត្រីពីរនាក់ទៀតបានដួលសន្លប់ បន្ទាប់ពីអាជ្ញាធរមួយក្រុមធំបានប្រើប្រាស់ហិង្សាលើកម្មករនិយោជិតដែលកំពុងតែធ្វើកូដកម្ម។

កូដករជាស្ត្រីម្នាក់បានសន្លប់បាត់ស្មារតី ដោយសារប៉ះទង្គិចជាមួយនឹងកងកម្លាំងការពារ អំឡុងពេលក្រុមកូដករទាំងនោះតវ៉ាទាមទារដំណោះស្រាយការងារ នៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
កូដករជាស្ត្រីម្នាក់បានសន្លប់បាត់ស្មារតី ដោយសារប៉ះទង្គិចជាមួយនឹងកងកម្លាំងការពារ អំឡុងពេលក្រុមកូដករទាំងនោះតវ៉ាទាមទារដំណោះស្រាយការងារ នៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

​ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ប្រាប់ VOD នៅថ្ងៃទី១៥ ខែសីហានេះថា សហជីពកំពុងប្រមូលភស្តុតាងករណីហិង្សាគ្រប់រូបភាពទាំងអស់ដែលកើតឡើងលើកូដករ ដើម្បីដាក់ពាក្យប្ដឹង។ យ៉ាងណា កញ្ញាមិនទាន់អាចបញ្ជាក់បានទេថានឹងដាក់បណ្តឹងទៅខាងស្ថាប័នជាតិ-អន្តរជាតិណាខ្លះនោះ។

កញ្ញា ឈឹម ស៊ីថរ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងពេលក្រុមសហជីព តំណាងកូដករ និងកូដករ យកញត្តិទៅដាក់នៅក្រសួងការងារ ដើម្បីសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយនឹងក្រុមកូដករ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
កញ្ញា ឈឹម ស៊ីថរ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងពេលក្រុមសហជីព តំណាងកូដករ និងកូដករ យកញត្តិទៅដាក់នៅក្រសួងការងារ ដើម្បីសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយនឹងក្រុមកូដករ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

កញ្ញាថា៖ «ទើបប្រមូលភស្តុតាងហ្នឹង! និយាយទៅ យើងកំពុងប្រមូលភស្តុតាងគ្រប់ករណីទាំងអស់ដែលកើតលើពួកគាត់ទាំងអស់។ ហើយបន្ទាប់មក យើងនឹងជជែកពិភាក្សាជាមួយនឹងខាងមេធាវី ខាងផ្លូវច្បាប់អីទាំងអស់ហ្នឹង។ ហើយឥលូវនៅក្នុងក្រុមអត់ទាន់សម្រេចទេ ថាតើនឹងត្រូវដាក់ពាក្យបណ្តឹងទៅខាងណាខ្លះ»។

យ៉ាងណា ប្រធានសហជីពណាហ្គារូបនេះថា កូដកម្មនេះនឹងមិនបញ្ចប់ឡើយ បើកូដករមិនទទួលបានដំណោះស្រាយដោយយុត្តិធម៌តាមច្បាប់ការងារ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ចាត់ទុកគម្រោងដាក់ពាក្យប្តឹងនេះ ថាជាសិទ្ធិបុគ្គល។ ​ លោកថា ពួកគេអាចសម្តែងនូវការមិនពេញចិត្តបាន ដរាបណាសកម្មភាពនោះស្របតាមច្បាប់។ លោកបន្តថា ការប្តឹងនេះទៀតសោត គឺមានតែតុលាការទេ ដែលអាចសម្រេចថាជារឿងត្រឹមត្រូវ ឬអត់នោះ។

លោកថា៖ «អាហ្នឹងធម្មតា សិទ្ធិរបស់បុគ្គលរៀងខ្លួនទេ! ការកើតទុក្ខមិនសុខចិត្ត ឬក៏មាននីតិវិធីម៉េចក្នុងការដែលចង់សម្តែងនូវអ្វីដែលខ្លួនអត់សុខចិត្តហ្នឹង អញ្ជើញចុះ! ឱ្យតែស្របតាមច្បាប់ អត់អីទេ! បងអត់មានយោបល់ពីរឿងហ្នឹងដែរ វាជារឿងសិទ្ធិបុគ្គល។ […] អាហ្នឹងជាការលើកឡើងរបស់ភាគីណាមួយ។ រឿងត្រូវឬខុស! ឧបមាថាយើងមានបំណងថាគ្រោងប្តឹងទៅស្ថាប័នតុលាការ អ៊ីចឹងត្រូវឬខុស ទាល់តែស្ថាប័នតុលាការជាអ្នកសម្រេចសេចក្តីសិន»។

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព លើកឡើងថា កម្ពុជាមានច្បាប់ពាក់ព័ន្ធការលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារ។ ដូច្នេះ ពលរដ្ឋដែលរងគ្រោះនូវអំពើហិង្សាពីសំណាក់សមត្ថកិច្ច អាចដាក់ពាក្យប្តឹងបាន ខណៈលោកស្រីចាត់ទុកថា ការប្តឹងរកយុត្តិធម៌នេះជាកិច្ចការសំខាន់។

មន្ត្រីសិទ្ធិមនុស្សរូបនេះថា រឿងដែលអាជ្ញាធរជាអ្នកបម្រើរាស្ត្រត្រូវធ្វើពិតប្រាកដ គឺការប្រឆាំងនូវរាល់ការប្រើហិង្សា មិនមែនការពារអ្នកប្រើហិង្សាទេ។

លោកស្រីថា៖ «ទោះបីជាការជួបជុំណាមួយស្របច្បាប់ ឬមិនស្របច្បាប់យ៉ាងណាក៏ដោយ ការប្រើប្រាស់កម្លាំងនោះ គឺមិនគួរកើតមាន។ ហើយការប្រើកម្លាំងហ្នឹង បើសិនក្នុងករណីចាំបាច់ក៏ត្រូវសមាមាត្រដែរ មិនមែនថាខ្លួនជាកងកម្លាំងមានសមត្ថកិច្ចត្រូវប្រើអាវុធ ឬក៏ត្រូវប្រើកម្លាំងហួសហេតុ ខ្លួនជាបុរសហើយប្រើកម្លាំងទៅលើស្រ្តីដែលទន់ខ្សោយហ្នឹង! អ៊ីចឹងទាំងអស់ហ្នឹងជារូបភាពមួយដែលកម្ពុជាយើងគួរតែលុបបំបាត់ក្នុងការប្រើប្រាស់អំពើហិង្សាទៅលើពលរដ្ឋខ្លួនហ្នឹង»។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា អ្នក​ស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា ការដែលកូដករប្រមូលភស្តុតាងដើម្បីដាក់ពាក្យប្តឹងករណីរងហិង្សាពីសមត្ថកិច្ច គឺជារឿងត្រឹមត្រូវ ដើម្បីបង្ហាញថាពួកគេកំពុងរងនូវភាពអយុត្តិធម៌ និងទាមទារឱ្យស្ថាប័នអនុវត្តច្បាប់ដោះស្រាយបញ្ហាដោយគ្មានការរើសអើង បើទោះជាដឹងថាយុត្តិធម៌នៅសែនឆ្ងាយក៏ដោយ។

អ្នកស្រីថា៖ «ទោះបីយើងដឹងថាយុត្តិធម៌នៅសែនឆ្ងាយសម្រាប់ពួកយើងក៏ដោយ យើងត្រូវតែធ្វើ ដើម្បីបង្ហាញថា តើយើងជាកម្មករហ្នឹងត្រូវបានតុលារការ ឬក៏កន្លែងស្ថាប័នអនុវត្តច្បាប់ហ្នឹងធ្វើការដោះស្រាយបញ្ហាដោយអត់មានការរើសអើងដែរឬអត់។ ជួនកាល យើងដឹងថាយុតិ្តធម៌សែនឆ្ងាយ តែបើសិនជាយើងមិនធ្វើអីសោះ មានន័យថាអ្នកដែលប្រព្រឹត្តហ្នឹងឱ្យរួចខ្លួនរហូត»។

កាលពីថ្ងៃទី១១ ខែសីហា កូដករណាហ្គាវើលដ៍អះអាងថា ស្ត្រីជាកូដករ៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយរងអំពើហិង្សារបស់សមត្ថកិច្ចដែលបានវាយ ទាត់ ធាក់ពួកគេ ក្នុងអំឡុងពេលនៃការតវ៉ានៅក្បែរក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។

ករណីហិង្សានេះកើតឡើងប្រមាណ ៤ ម៉ោងប៉ុណ្ណោះ ក្រោយជំនួបរវាងសហជីពណាហ្គាវើលដ៍ សមាគម សហភាព ព្រមទាំងសហព័ន្ធសហជីព ជាមួយមន្ត្រីក្រសួងការងារ ក្នុងន័យស្នើជួបរដ្ឋមន្រ្តីក្រសួងការងារដោយផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយវិវាទការងារដែលបានអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំ នៅព្រឹកថ្ងៃទី១១ ខែសីហានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ