អ្នក​សារ​ព័ត៌មាន វីអូឌី ៥​នាក់ និង​​ក្រុម​យុវជន​ខ្មែរថាវរៈ​ ៤នាក់​ ត្រូវ​បាន​អាជ្ញាធរ​ខេត្តតាកែវ​ ឃាត់​ខ្លួន​ពេល​ចុះ​ថតរូប​នៅ​បរិវេណ​ភ្នំ​តាម៉ៅ

អ្ន​ក​សារ​ព័ត៌មានវីអូឌី ចំនួន ៥​នាក់​ និង​ក្រុម​យុវជន​ខ្មែរថាវរៈ ចំនួន ៤នាក់ ​ត្រូវ​បាន​ ​ចាប់ខ្លួន​ដាក់​រថយន្ត Pick Up បញ្ជូន​ទៅ ​អធិការ​ដ្ឋាន​​នគរបាល​ស្រុកបាទី​ បន្ទាប់ពីចូលយក​ព័ត៌មាន នៅតំបន់ភ្នំតាម៉ៅ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ (រូបថត៖ ហ៊ី ឆាយ)

អ្នកសារព័ត៌មាន វីអូឌី ចំនួន ៥នាក់ ក្នុងនោះ​ជា ជនជាតិខ្មែរ​​៤នាក់ និង​បរទេស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ខេត្តតាកែវ​ឃាត់ខ្លួន ខណៈ​ពួកគេ​ចុះយក​ព័ត៌មាន និង​ថតរូប​នៅក្នុង​បរិវេណ ភ្នំតាម៉ៅ ស្របពេល​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែ​​ចេញ​បញ្ជា​​ឱ្យ​​លុប​ចោល​​ទាំងអស់​​ចំពោះ​​សកម្មភា​ព​ដោះដូរ​និង​អភិវឌ្ឍ​តំបន់​ភ្នំតាម៉ៅ ក្រោយ​មាន​​ប្រតិកម្មពី​​មហាជន​​យ៉ាង​ច្រើន​។

ការឃាត់ខ្លួននេះ​ ធ្វើឡើង​នៅព្រឹក​ថ្ងៃទី១៦ ខែសីហា​នេះ និង​ត្រឹម​ជាង​១សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ចំណាត់ការ​​លោក​នាយក​រដ្ឋមន្ត្រី​លើករណីឈូសឆាយដីព្រៃ​​ភ្នំតាម៉ៅ​។

នៅពេល វីអូឌី ទាក់ទង​ទៅ​កាន់អ្នកកាសែត វីអូឌី ដើម្បីសួរនាំ​ពី​ស្ថានភាព​នៃ​ការឃាត់ខ្លួន ទូរស័ព្ទ​​របស់​នាង​​ត្រូវ​បាន​​អាជ្ញាធរ​​ដែល​​ឃាត់ខ្លួន​​នោះ​បាន​លើក​ទូរស័ព្ទ​ឆ្លើយតប​ជំនួស។ នៅ​ពេលសួរថា ហេតុអ្វីបាន​ជា​ចាប់ខ្លួន​អ្នកសារព័ត៌មាន វីអូឌី មន្រ្តីរូបនោះ​ថា មិនមែន​ជា​ការ​ចាប់ខ្លួន​នោះ​ទេ គ្រាន់តែ​ជាការ​​ហៅ​សួរ​នាំដោយ​សារ​អ្នក​សារព័ត៌មាន វីអូឌី ចូល​ថតរូប​តំបន់​អាជ្ញាធរ​ហាមឃាត់។ ទោះជា​យ៉ាងណា មន្រ្តីរូបនោះ​បដិសេធ​មិន​ប្រាប់​ឈ្មោះ និង​តួនាទី​របស់គាត់​នោះ​ទេ​។

មន្រ្តីមិនប្រាប់ឈ្មោះ​ថ្លែងថា៖ «នេះ​ជា​ទូរសព្ទ​របស់មីអូន [អ្នកសារព័ត៌មាន វីអូឌី ] ទេ តែ​​ទូរសព្ទ​នេះ​​ខ្ញុំ​កាន់! [វីអូឌី បារម្ភពី​សុវត្ថិភាព​​ក្រុម​ការងារ​ថា យ៉ាង​ណា​ហើយ?] កុំភ័យ ងាប់ ១ សង ២០។ ក្រោមការដឹកនាំ បទបញ្ជា មិនឱ្យបងប្អូនណា​ថតផ្សព្វផ្សាយទេ។ [តើគាត់ខុស​អីបាន​មានការឃាត់ខ្លួន?] មិនមាន​ខុស​អីទេ គ្រាន់តែ​មាន​បំរាមហាម​មិន​ឱ្យថត​ហើយ​គាត់​ថត​ចឹង​»។

អ្នកយកព័ត៌មានវីអូឌី ខាងលើបាន​ប្រាប់​តាម​ទូរសព្ទក្រោយ​ពី​អាជ្ញាធរ​ហុច​ឱ្យ​និយាយ​មក​កាន់​សហការី​ថា​ មូលហេតុ​នៃ​កា​រ​ចាប់​ខ្លួន​គឺ​ដោយ​សារ​អាជ្ញាធ​រចោទ​ពួកគាត់ថា បាន​ថតរូប ហើយ​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅ​កាន់ទី​បញ្ជា​ការដាំដើម​ឈើ​ក្នុងបរិវេណ​ភ្នំតាម៉ៅ​។ ទោះជា​យ៉ាងណា​ ព័ត៌មាន​ចុងក្រោយ​ដែល​យើង​ទទួ​ល​បាន​ពី​សហការី អ្នកសារ​ព័ត៌មាន​ទាំង ៥នាក់​ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​។

ក្រៅពីអ្នកសារព័ត៌មានវីអូឌី ចំនួន ៥​នាក់​នេះ ​នៅ​មាន​ក្រុមយុវជនខ្មែរថាវរៈ ចំនួន ៤នាក់​ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​អធិការ​ដ្ឋាន​​នគរបាល​ស្រុកបាទី​ផងដែរ​។ យុវជនទាំង ៤នាក់​នោះ រួមមាន​លោក ហ៊ុន វណ្ណៈ កញ្ញា ឈឿន ដារ៉ាវី កញ្ញា ឆែម ស្រីគា និងលោក សុគន្ធ តុលា​។

កញ្ញា ឈឿន ដារ៉ាវី បានប្រាប់ វីអូឌី នៅមុននេះ​ថា៖ «ពួក​ខ្ញុំត្រូវគេ​ចាប់ហើយ មក​នគរបាល​ស្រុកបាទី»។

ប៉ុន្តែ​កញ្ញា​មិន​បាន​ប្រាប់ពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួននោះ​ទេ ហើយ​នៅពេល​ វីអូឌី ទូរសព្ទ​ទៅសួរបញ្ជាក់បន្ថែម ​មិនមាន​អ្នកលើក​នោះទេ​។ 

ទោះជា​យ៉ាងណា នៅមុនពេល​ចេញដំណើរ​ទៅកាន់​ភ្នំតាម៉ៅ​ កាលពីព្រឹកមិញនេះ កញ្ញា ឈឿន ដារ៉ាវី បានប្រាប់ វីអូឌី ថា ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំតាម៉ៅ​ដើម្បី​ប្រមូល​ស្នាមមេដៃ និង​គ្រោង​ដាក់​ញត្តិ​ទៅ​កា​ន់ មន្ទីរកសិកម្ម​ខេត្តតាកែវ នៅវេលាម៉ោង ២រសៀល ថ្ងៃទី១៦ ខែសីហានេះ​ដើម្បី​ស្នើឱ្យ​ប្រធាន​​មន្ទីរកសិកម្ម​ខេត្តតាកែវ លោក ញិប ស្រ៊ន បកស្រាយ​អំពី​ព័ត៌មាន​ដែលថា មាន​សកម្មភាព​ខួងរណ្តៅ​ជម្រៅ​ជ្រៅ​ បោះបង្គោល​នៅជុំវិញ តំបន់ភ្នំតាម៉ៅ ដោយ​​មិន​ឱ្យប្រជាពលរដ្ឋ​ចូលទៅ​ដាំកូនឈើ និង​មិន​ឱ្យអ្នក​សារព័ត៌មាន​ចូលទៅ​ក្នុងបរិវេណ​នៃតំបន់​នោះ។

មន្រ្តីនគរបាលស្រុកបាទី បានបញ្ជាក់ប្រាប់ វីអូឌី មុននេះថា ពិតជា​មានការចាប់ខ្លួន អ្នកសារព័ត៌មានវីអូឌី ៥រូប និង​ក្រុមយុវជនខ្មែរថាវរៈចំនួន ៤នាក់​ពិត​ប្រាកដ​មែន​។ 

ផ្ទៃដីព្រៃ​ភ្នំតាម៉ៅ​ទំហំជិត ​៦០០ហិកតា​ ​ដែល​ស្ថិត​នៅក្រោម​​ការគ្រប់គ្រ​ង​​ដោយ​​រដ្ឋបាលព្រៃឈើ​​ត្រូវ​បាន​កាប់បំផ្លាញ​ ​គិត​ចាប់​តាំង​ពី​ចុង​ខែកក្ក​ដា​ កន្លង​ទៅ​បន្ទាប់​ពីតំបន់​នេះ​ ​ត្រូវបាន​​រដ្ឋាភិបាល​​ប្រគល់ទៅឱ្យ​​ក្រុមហ៊ុន​ឯកជ​​ន​ ​ដែល​ត្រូវបានគេ​ស្គាល់ថា​ ​ជា​របស់​​លោក ​​​ឡេង ណា​​វ៉ា​​ត្រា និង​លោក ឃុន សៀ ដើម្បី​អភិវឌ្ឍ​។

ទោះជា​​យ៉ាងណា ការដោះដូរ​និងអភិវឌ្ឍ​តំបន់ភ្នំតាម៉ៅ​នេះ​ ត្រូវបាន​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែសីហាកន្លងទៅ ​ចេញ​បទ​បញ្ជា​ភ្លាមៗ​ឱ្យ​​លុប​​ចោល​​ទាំងអស់​​ចំពោះ​​សកម្មភា​ព​នេះ ក្រោយ​មាន​​ប្រតិកម្មពី​​មហាជន​​យ៉ាងច្រើន និង​បញ្ជាឱ្យដំាដើម​ឈើ​ឡើងវិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ