អាជ្ញាធរ​ខេត្តព្រះវិហារ​បញ្ជា​ឱ្យ​ទប់ស្កាត់​ការ​ទន្ទ្រាន​យកដី​ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា​ស្តីពីប្លង់គោល​ប្រើប្រាស់​ដីក្នុងក្រុងព្រះវិហារ គម្រោងចំណូល-​ចំណាយថវិកាសម្រាប់គ្រប់គ្រងឆ្នាំ២០២៣ បទល្មើសព្រៃឈើ ធនធានរ៉ែ និងការចុះបញ្ជីទ្រព្យ​សម្បតិរដ្ឋ​ដែល​មាន​ក្នុងបញ្ជីសារពើភណ្ឌ នៅសាលប្រជុំសាលាខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះវិហារ)

អាជ្ញាធរ​ខេត្តព្រះវិហារ បញ្ជាដល់អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ផ្សព្វផ្សាយ​​ដល់ប្រជាពលរដ្ឋ​ និង​ទប់​ស្កាត់​កា​​រ​កាប់​រាន​ទន្ទ្រាន​យក​ដី​ដោយ​ខុស​ច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ក្នុងលិខិត​របស់រដ្ឋបាលខេត្តព្រះវិហារ ចុះថ្ងៃទី១៥ ខែ​សីហា ​ឆ្នាំ​​២០២២ បានលើកឡើង​​ថា អភិ​បាល​​ស្រុក​ត្រូវ​ខិតខំណែ​នាំនិងបកស្រាយបំភ្លឺអំពីស្ថានភាពនៃ​ការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ និងឆន្ទៈ​របស់​រដ្ឋាភិបាលក្នុងការប្រឹងប្រែងដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីឱ្យ​ពួក​​គាត់​ចូល​​រួម ជាមួយ​អាជ្ញាធរ​ពាក់​ព័ន្ធ​ ដោយ​មិន​ត្រូវ​ជឿ​តាម​កា​រញុះញង់អូស​ទាញរបស់មេខ្យល់ ឬ​ជនខិលខូច​មួយចំនួន​​ដែល​ឆ្លៀត​ឱកាសកេង​យកផល​ប្រយោជន៍ ឬកេងចំណេញពីបញ្ហាដីធ្លី​នេះ។

រដ្ឋបាលខេត្តប​ន្ដថា អាជ្ញាធរស្រុកត្រូវមានវិធានការ​ទប់​ស្កាត់ និងបង្ក្រាបមេខ្យល់និង​ជនខិលខូច​ទាំង​នេះ​​ស្របតាមច្បាប់ជាធរមាន ហើយ​​ចំពោះទីតាំងដីធ្លី​ដែលមានទំនាស់ ត្រូវខិតខំសម្រុះ​​​សម្រួល​ដោះស្រាយដោយសន្តិវិធី តម្លាភាព សុចរិតភាព និងយុត្តិធម៌។

លិខិតរដ្ឋបាលខេត្តបញ្ជាក់​ថា៖ «អាជ្ញាធរក្រុង ស្រុក ត្រូវណែនាំដល់ឃុំ សង្កាត់ មិនត្រូវធ្វើការបញ្ជាក់ ឬចុះហត្ថលេខាលើលិខិតស្នាម ឬឯកសារនានាពាក់ព័ន្ធនឹងដីធ្លីដែលមិនត្រឹមត្រូវតាមច្បាប់ បែបបទ នីតិវិធី និងគោលការណ៍ណែនាំជាធរមាន។ ទន្ទឹមនេះ ត្រូវចាត់វិធានការច្បាប់ឱ្យ​បានម៉ឺងម៉ាត់ចំពោះបុគ្គលជាមន្ត្រីមានសមត្ថកិច្ច ដែលបញ្ជាក់ឬចុះហត្ថលេខាលើលិខិតស្នាមឬឯកសារមិនស្របច្បាប់នានាពាក់ព័ន្ធនឹងដីធ្លី»។

ប្រភពដដែល​បន្ដថា អាជ្ញាធរក្រុងស្រុកក៏ត្រូវណែនាំដល់ឃុំសង្កាត់ឱ្យ​ខិតខំអប់រំប្រជាពល​រដ្ឋចូលរួមថែរក្សាការពារ បរិស្ថាន ធនធានធម្មជាតិ ការពារដីធ្លីសាធារណៈ ដីសហគមន៍ និងចូលរួមអនុវត្តច្បាប់ ដើម្បីរួមគ្នាទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ដីព្រៃ ការរុករានព្រៃដើម្បីយកដី ការចូលទន្ទ្រានកាន់កាប់ដីសាធារណៈ ដីសហគមន៍ និងដីឯកជនតាមគ្រប់រូបភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ