អ្នកសារព័ត៌មាន​​ VOD និងក្រុមយុវជនខ្មែរថាវរៈ៩នាក់​ត្រូវ​បាន​អាជ្ញាធរខេត្តតាកែវដោះលែង​វិញ បន្ទាប់​ពីឃាត់សួរនាំជាច្រើន​ម៉ោង​​

អ្នកសារព័ត៌មាន​VOD ចំនួន ៥នាក់ និង​សកម្មជនបរិស្ថាន ៤នាក់ ត្រូវបាន​សមត្ថកិច្ច​ខេត្ត​តាកែវ ដោះលែងវិញហើយនៅយប់ថ្ងៃអង្គារ​នេះ ក្រោយឃាត់ខ្លួនសួរនាំជាច្រើនម៉ោង។

នៅព្រឹកថ្ងៃទី១៦ ខែសីហា អ្នកសារព័ត៌មាន VOD ចំនួន៥​នាក់ ក្នុង​នោះមានជន​ជាតិ​ខ្មែរ​​៤​នាក់និង​បរទេស​ម្នាក់ ​ត្រូវ​បាន​សមត្ថ​កិច្ចខេ​ត្ត​តាកែវនាំខ្លួនទៅសួរនាំនៅអធិការដ្ឋាន​នគរបាល​ស្រុក​​បាទី ខណៈ​​ពួក​គេ​ចុះ​យក​ព័ត៌​មាន និង​ថត​រូប​នៅ​ក្នុង​បរិវេណ​ភ្នំតាម៉ៅស្របពេល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទើបតែ​ចេញបញ្ជា​ឱ្យ​លុប​ចោល​ទាំងអស់​ចំពោះ​​សកម្មភា​ព​ដោះ​ដូរ​និងអភិវឌ្ឍតំបន់ភ្នំតាម៉ៅក្រោយមាន​ប្រតិកម្មពី​មហាជន​យ៉ាងច្រើន។

ក្រៅពីអ្នកសារព័ត៌មានវីអូឌីចំនួន ៥ នាក់នេះ នៅមានសកម្មជនបរិស្ថាននៃក្រុមយុវជនខ្មែរ ថាវរៈចំនួន ៤ ​នាក់​ទៀត ក៏ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បាទី​ផ​ង​ដែរ។ យុវជនទាំង ៤ ​នាក់​​​នោះ រួម​មានឈ្មោះ ហ៊ុន វណ្ណៈ ឈឿន ដារ៉ាវី ឆែម ស្រីគា និង សុគន្ធ តុលា។

អ្នករាយការណ៍ព័ត៌មានវីអូឌី ដែលបានចុះទៅយកព័ត៌មាននៅអធិការដ្ឋាននគរបាល​ស្រុក​បាទី បានឱ្យដឹងថា អ្នកសារព័ត៌មាន​VOD និង​សកម្មជនបរិស្ថានទាំង ៩រូបនោះ ត្រូវបាន​សមត្ថកិច្ច​ដោះលែងវិញហើយនៅម៉ោងជាង​ ៦ល្ងាចថ្ងៃអង្គារនេះ ក្រោយសាកសួរ​ជាច្រើន​ម៉ោង និង​តម្រូវឱ្យធ្វើកិច្ចសន្យាជាថ្នូរនឹងការដោះលែង​នេះ។

វីអូឌី មិនទាន់អាចសុំការបញ្ជាក់ជុំវិញករណីនេះពីសមត្ថកិច្ចខេត្តតាកែវបាននៅឡើយទេ។

គួរបញ្ជាក់ដែរថា នៅមុន​ពេល​ចេញ​ដំណើរ​ទៅកាន់​ភ្នំតាម៉ៅ​កាលពីព្រឹកមិញនេះ កញ្ញា ឈឿន ដារ៉ាវី បាន​ប្រាប់វីអូឌីថា ក្រុមយុវជនខ្មែរថាវរៈធ្វើដំណើរទៅកាន់ភ្នំតាម៉ៅដើម្បី​ប្រមូល​ស្នាម​មេដៃ និង​គ្រោង​ដាក់​ញត្តិ​ទៅ​កាន់​មន្ទីរ​កសិកម្មខេត្តតាកែវដើម្បី​ស្នើឱ្យប្រធាន​មន្ទីរកសិកម្ម​ខេត្ត​តាកែវលោក ញិប ស្រ៊ន បកស្រាយអំពីព័ត៌មាន​ដែលថា​មាន​សកម្មភាព​ខួង​រណ្តៅ​ជម្រៅ​ជ្រៅ​បោះ​បង្គោល​នៅ​ជុំវិញ​តំបន់ភ្នំតាម៉ៅដោយមិនឱ្យប្រជាពលរដ្ឋចូលទៅដាំកូនឈើ និងមិន​ឱ្យអ្នកសារព័ត៌មាន​ចូល​ទៅ​ក្នុងបរិវេណនៃតំបន់នោះ។

ផ្ទៃដីព្រៃ​ភ្នំតាម៉ៅ​ទំហំជិត​៦០០ហិកតា​ដែល​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​ដោយ​រដ្ឋបាលព្រៃឈើ​ត្រូវ​បាន​កាប់បំផ្លាញ​គិត​ចាប់​តាំងពី​ចុងខែកក្កដាកន្លង​ទៅបន្ទាប់ពីតំបន់​នេះ​ត្រូវបាន​រដ្ឋាភិបាល​ប្រគល់ទៅឱ្យ​ក្រុមហ៊ុន​ឯកជ​ន​ដែល​ត្រូវបានគេស្គាល់ថា​ជា​របស់​លោក​​​ឡេងណា​​វ៉ា​​ត្រានិងលោកឃុនសៀដើម្បី​អភិវឌ្ឍ។

ទោះជា​យ៉ាងណាការដោះដូរនិងអភិវឌ្ឍតំបន់ភ្នំតាម៉ៅនេះ​ត្រូវបាន​លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃទី ៧ សីហាកន្លងទៅ​ចេញបទបញ្ជា​ភ្លាមៗឱ្យ​លុប​ចោល​ទាំងអស់​ចំពោះ​សកម្មភា​ព​នេះក្រោយមាន​ប្រតិកម្មពី​មហាជន​យ៉ាងច្រើន និងបញ្ជាឱ្យដំាដើមឈើឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ