លោក ហ៊ុន សែន បញ្ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ឱ្យ​ដោះស្រាយ​សំណង​ជូន​កម្មករ​ដែល​ថៅកែ​រត់ចោល

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យ​ដោះ​ស្រាយសំណ​ង​​​ជូន​កម្មករ​រោងចក្រ ឃែនធើរេន ដែលត្រូវបានថៅកែបិទទ្វារអាជីវកម្មរត់ចោល ដោយមិនបានបើកប្រាក់ឈ្នួល និង​ទូទាត់អត្ថ​ប្រយោជន៍​ផ្សេងៗ​ជូន​ពួក​គេ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ​ជូននិស្សិត​សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅ​ថ្ងៃទី​១៧ ខែសី​ហា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា លោក​បាន​មើលព័ត៌មានតាមបណ្ដាញសង្គម ដោយឃើញកម្មកររោងចក្រមួយដែល​មាន​គ្នា​ជាង៣០០នាក់បាន​យកញត្តិទៅដាក់នៅខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ដើម្បីសុំ​ឱ្យលោក​ជួយ​ដោះ​ស្រាយវិវាទការងារ​របស់ពួកគេ​​ ប៉ុន្តែរហូតមកដល់ពេលនេះបានរំលងជាច្រើនខែ​ហើយ នៅ​ពុំទាន់​មាន​ដំណោះស្រាយណាមួយសម្រាប់ពួកគេនៅ​ឡើយ។

ពាក់ព័ន្ធករណីនេះ លោក ហ៊ុន សែន បានប្រើសម្ដីខ្លាំងៗ ដោយ​បញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ឱ្យដោះស្រាយ​សំណង​ជូន​កម្មករ តាម​រយៈ​ការ​ខ្ចីលុយ​ពី​រដ្ឋាភិបាល​ទូទាត់​ជូន​ពួក​គេ និង​មាន​ចំណាត់ការ​ជាមួយថៅកែជាក្រោយ ដើម្បី​កុំឱ្យកម្មករទាំងនោះបន្តរងទុក្ខលំបាក។

លោកបន្ថែមថា៖ «ក្មួយៗហ្នឹងគួរឱ្យអាណិតណាស់។ គាត់[កម្មករ]ថា ចុងក្រោយខ្ញុំមិនដឹងទៅកន្លែងណា មានតែមកកន្លែងសម្ដេចនាយកហ្នឹងតែម្ដង ហើយបើមកដល់កន្លែងហ្នឹង ដោះមិនបានទៀត វាចប់។ ឯកឧត្ដម អ៊ិត សំហេង អើយ! កុំពិបាកពេក! អត់មកទេថ្ងៃនេះ ថ្ងៃនេះប្រហែលខាងក្រសួងការងារអត់មានអ្នកមកទៀត។ កាលពីមុន ខ្ញុំធ្លាប់ឱ្យអស់លោកខ្ចីលុយយកទៅដោះស្រាយឱ្យកម្មករ ហេតុអីបានជាពេលនេះលោកមិនដោះ?»

បើទោះជាលោកនាយករដ្ឋមន្ត្រី មិនបានបញ្ជាក់ពីឈ្មោះរោងចក្រ ប៉ុន្តែ​​លោកទំនងសំដៅទៅលើកម្មករ​​នៅរោ​ង​ចក្រ​ឃែនធើរេន ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានតវ៉ានិង​ដេកយាម​នៅមុខ​រោងចក្រ​ប្រមាណ៤ខែ​មក​ហើយ។ ក្រុមកម្មករ​បានដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី កាល​ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ដើម្បី​ស្នើ​លោក​​ ហ៊ុន សែន ជួយ​អន្ត​រាគមន៍ក​រណីថៅកែបិទរោងចក្រ​ដោយ​​មិន​បាន​បើក​ប្រាក់​ឈ្នួល និងទូទាត់​អត្ថប្រយោជន៍ផ្សេងៗជូនពួកគាត់តាមផ្លូវច្បាប់​។

វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីអ្នកនាំពាក្យ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានទេ នៅរសៀលថ្ងៃពុធនេះ។

អ្នកស្រី តាំង ចិន្ដា ដែលអះអាងថាជាកម្មការិនី​​បម្រើការងារនៅរោងចក្រ ឃែនធើរេន រយៈពេល​១៧ឆ្នាំ និយាយ​ទាំង​អួលដើម​កថា អ្នកស្រីសប្បាយចិត្តពេលឮប្រសាសន៍​លោក​នាយករដ្ឋមន្ត្រីបញ្ជាទៅមន្ត្រីក្រោមឱវាទ​ឱ្យដោះ​ស្រាយ​បញ្ចប់​វិវាទ​ការងារនៅរោងចក្រនេះ ខណៈ​អ្នកស្រី និងកម្មករផ្សេងទៀតកំពុងរងទុក្ខលំបាកដោយ​សារ​​ខ្វះខាត​លើ​ការចំណាយប្រចាំថ្ងៃផ្សេងៗ និងដេកយាមមុខរោងចក្រ ហាលថ្ងៃ ហាលភ្លៀង ជាច្រើន​ខែ​មក​ហើយ​។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំត្រេក​អរណាស់ បន់ឱ្យតែគាត់គិតគូរដោះស្រាយឱ្យពួកខ្ញុំឱ្យបានឆាប់។ ទី១ ខ្ញុំប្រឈមមុខអត់ការងារធ្វើ ហើយទី២ ប្រឈមមុខអត់លុយចិញ្ចឹមកូន កូនខ្ញុំនៅតូច ហើយខ្ញុំត្រូវចិញ្ចឹមម្នាក់ឯងទៀត។ ហើយមួយទៀត គ្មានលុយបង់បន្ទប់ជួល ទឹកភ្លើង និងចំណាយប្រចាំថ្ងៃ។ រាល់ថ្ងៃហ្នឹង ខ្ញុំរស់ពឹងលើប្អូនរបស់ខ្ញុំទេ»

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា សាទរ​ចំពោះចំ​ណាត់កា​រ​រប​ស់​ប្រមុខរដ្ឋាភិបាល​ដែល​​​ដោះ​ស្រាយ​បញ្ចប់វិវាទការងារករណីថៅកែរត់ចោលកម្មករនេះ។ លោកក៏បង្ហាញការ​គាំទ្រ​ចំពោះ​ការបញ្ចេញ​កញ្ចប់​ថវិកា​រដ្ឋ​មក​ដោះស្រា​យ​ជូន​កម្មករជាមុន និងដោះស្រាយជាមួយថៅកែជាក្រោយនោះ។

មេសហជីពរូបនេះបានស្នើដល់រដ្ឋាភិបាលកំណត់ជាគោលនយោបាយថ្នាក់ជាតិ ដោយតម្កល់​ប្រាក់​ទុកសម្រាប់​ដោះ​ស្រាយ​ជូន​កម្មករ​ក្នុង​ករណី​ថៅកែ​រោង​ចក្រ​បិទ​ទ្វារ ហើយ​​រត់​ចោលកម្មករ​​ ដើម្បីកុំឱ្យកម្មកររងទុក្ខ​លំបាកដោយការយាមនៅមុខរោងចក្រ និងបញ្ចៀសការដើរតវ៉ារកកិច្ចអន្តរាគមន៍នៅតាមស្ថាប័នរដ្ឋផ្សេងៗ​​ ជាដើម។

លោកបន្ថែមថា៖ «ទាំងអស់នេះ​ជាអ្វីដែលសហជីពចង់បាន ជាអ្វីដែលបងប្អូនកម្មករគាត់សាទរ ហើយយើងក៏ចង់ឃើញយន្តការនេះជាយន្តការសម្រាប់ការដោះស្រាយនៅពេលក្រោយទៀត ប្រសិនជាមានករណីរោងចក្រកាត់ដេរ រោងចក្រផលិតកាបូប រោងចក្រផលិត​ស្បែក​ជើង និង​រោងចក្រដទៃទៀតដែលបានបិទទ្វារ រត់ចោលកម្មករ​​ ដោយមិនបានបើកប្រាក់ឈ្នួលនិងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មករ»

លោក ប៉ាវ ស៊ីណា បន្ថែមថា ករណីថៅកែបិទទ្វារអាជីវកម្ម រត់ចោលកម្មករ​ដោយមិនបានបើកប្រាក់ឈ្នួលនិងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនេះបានកើតឡើងជាបន្តបន្ទាប់ ហើយអាជ្ញាធរពាក់ព័ន្ធមិនដែលចាត់វិធានការ​ឱ្យថៅកែទាំង​នោះមកដោះស្រាយសំណងតាមផ្លូវច្បាប់ជូនកម្មករឡើយ។

បើតាមញត្តិរបស់កម្មករដែលដាក់ទៅខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​​នោះ គឺ​រោង​ចក្រ​ ឃែនធើរេន បានបើកដំណើរការតាំងពីឆ្នាំ១៩៩៧ ដែល​មានថៅកែ​ធំឈ្មោះ YAP FUNG KONG សញ្ជាតិម៉ាឡេស៊ី ហើយនាយកក្រុមហ៊ុនឈ្មោះ CHHOONG WEI PIAU និងបានជំពាក់បំណុលកម្មករ​ចំនួន៣២០នាក់។ ញត្តិដដែលបន្ត​ថា ក្នុង​អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំខ្មែរ ថ្នាក់ដឹកនាំរោងចក្របា​ន​លួច​​ដឹក​សម្ភារចេញ ដូចជា ម៉ាស៊ីន​ភ្លើង ម៉ាស៊ីន​ដេរ​ថ្មីៗ និង​ក្រណាត់ ជាដើម ផ្ទេរទៅរោងចក្រកាត់ដេរសម្លៀក​បំពាក់ ខ្វលលីធី តេក្សស្ទីល ជាក្រុមហ៊ុនមាន​ថៅកែតែមួយជាមួយក្រុមហ៊ុន ឃែនធើរេន។

ប្រភពដដែលបន្ថែមថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ថ្នាក់ដឹកនាំក្រុមហ៊ុន ​រហូតដល់​មន្ត្រីរដ្ឋបាលរោងចក្រ​ បាន​ដាក់ពាក្យ​លាឈប់​ពី​ការ​ងារ ដោយពុំមានអ្នកទទួលខុសត្រូវក្នុងការទូទាត់​ប្រាក់​ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករស្រប​តាម​ច្បាប់​ស្តីពី​ការ​ងារ​ឡើយ ខណៈអាគាររោងចក្រក៏ត្រូវបានបិទទ្វារទាំងស្រុង។

បើតាមសហជីព ថៅកែរោងចក្រ​ ឃែនធើរេន នៅជំពាក់ប្រាក់ឈ្នួល​ចុង​ក្រោយ ប្រាក់​ជូន​ដំណឹង ប្រាក់​សំណង​ជំងឺចិត្ត ប្រាក់អតីតភាពការងារ និងប្រាក់ដំណាច់ឆ្នាំដែលនៅសល់ ដែលតាមការ​គណនា​បឋម​មាន​ទឹក​ប្រាក់​សរុប​ខ្ទង់​៧០​ម៉ឺន​ទៅ​៨០ម៉ឺន​ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ