មេដឹកនាំ​តៃវ៉ាន់​ប្រាប់​មន្រ្តី​អាមេរិក​ថា «សម្ពន្ធមិត្ត​ប្រជាធិបតេយ្យ​ត្រូវតែ​ឈរ​ជាមួយគ្នា»

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី 蔡英文 អំឡុងពេលចុះពិនិត្យសមយុទ្ធយោធាដែនអាកាស នាចុងខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ 蔡英文 Tsai Ing-wen)

តៃវ៉ាន់ និងសហរដ្ឋអាមេរិក គឺជាសម្ពន្ធមិត្តសន្តិសុខនិងសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយសម្ពន្ធមិត្តប្រជាធិបតេយ្យត្រូវតែឈរជាមួយគ្នា។ នេះបើតាមលោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ បានប្រាប់មន្រ្តីសហរដ្ឋអាមេរិកដែល​ទៅធ្វើទស្សនកិច្ចដែនកោះមួយនេះ កាលពីថ្ងៃចន្ទ និង​ត្រូវបានទីភ្នាក់ងារសារព័ត៌មាន Reuters យក​មក​ចុះផ្សាយ​នៅ​ថ្ងៃទី២២ ខែ​សីហា ឆ្នាំ២០២២​នេះ។

សុន្ទរកថារបស់លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) ទៅកាន់លោក អ៊ីរិក ហល់ខម (Eric Holcomb) អភិបាលរដ្ឋ អ៊ីនឌីណា (Indiana) សហរដ្ឋអាមេរិក ធ្វើឡើងជាលើកទី៣ នៃដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក រួមទាំង​ប្រធាន​សភា លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ដែលបានធ្វើឱ្យចិនខឹងសម្បារ ដោយចិនចាត់ទុកថា​ តៃវ៉ាន់ជាអាណាខេត្តរបស់ខ្លួនតែប៉ុណ្ណោះ។

ប្រទេសចិនបានធ្វើសមយុទ្ធយោធានៅជិតកោះតៃវ៉ាន់ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោក​ស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi)។ រដ្ឋាភិបាលកោះតៃវ៉ាន់បានច្រានចោលការទាម​ទារ​អធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ដោយ​និយាយ​ថា ពលរដ្ឋតៃវ៉ាន់អាចសម្រេចអំពីអនាគត​របស់​ពួក​គេ។

លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) បានប្រាប់លោក អ៊ីរិក ហល់ខម (Eric Holcomb) ក្នុងអំឡុង​កិច្ចប្រជុំនៅឯការិយាល័យរបស់លោកស្រី ក្នុងទីក្រុងតៃប៉ិ ថា៖ «តៃវ៉ាន់បានប្រឈមនឹងការគំរាមកំហែង​ផ្នែកយោធាពីប្រទេសចិន នៅក្នុងនិងជុំវិញច្រកសមុទ្រតៃវ៉ាន់»។

នៅក្នុងសុន្ទរកថា​ដែលបាន​ផ្សាយ​ផ្ទាល់​នៅ​លើទំព័របណ្ដាញសង្គម លោកស្រី សៃ អ៊ីងវេន បន្ថែម​ថា៖ «នៅពេលនេះ សម្ពន្ធមិត្តប្រជាធិបតេយ្យត្រូវតែឈរ​ជាមួយ​គ្នា និង​ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ»។

លោក​ស្រីបន្ថែម​ថា៖ «សន្តិសុខសេដ្ឋកិច្ចគឺជាសសរស្តម្ភដ៏​សំខា​ន់នៃ​សន្តិសុខជាតិ និង​ក្នុងតំបន់​។ តៃវ៉ាន់​មាន​ឆន្ទៈ និង​អាច​ពង្រឹង​កិច្ចសហប្រតិបត្តិការជាមួយដៃគូប្រជាធិបតេយ្យ ក្នុងការកសាងខ្សែចង្វាក់ប្រជាធិបតេយ្យប្រកប​ដោយនិរន្តរ​ភាព»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ