លោក Trump ព្យាយាម​រារាំង FBI មិនឱ្យ​ពិនិត្យ​មើល​សម្ភារ​ដែល​រឹបអូស​យក​ពី​លំនៅឋាន​របស់​លោក​នៅ​រដ្ឋផ្លរីដា

រូបថតឯកសារ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រវីដៃពេលគាត់មកដល់អាកាសយានដ្ឋានអន្តរជាតិ Palm Beach ក្នុងទីក្រុង West Palm Beach រដ្ឋ Florida សហរដ្ឋអាមេរិក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ (REUTERS/Carlos Barria/File Photo)

នៅថ្ងៃចន្ទនេះ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trum) បានស្នើឱ្យតុលាការសហព័ន្ធរារាំង FBI មិនឱ្យពិនិត្យមើលសម្ភារដែលបានរឹបអូសកាលពីពីរសប្តាហ៍មុន ពីលំនៅឋានរបស់លោកនៅរដ្ឋផ្លរីដា ជាបណ្ដោះអាសន្ន រហូតដល់មានការតែងតាំងអ្នកត្រួតពិនិត្យជំនាញឱ្យត្រួតពិនិត្យសម្ភារទាំងនោះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ។

សំណើរបស់លោក Trump ដែលដាក់ជូនទៅតុលាការសហព័ន្ធនៅ West Palm Beach រដ្ឋផ្លរីដា បានទាមទារឱ្យក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ផ្តល់ឱ្យលោក​លម្អិតអំពីសម្ភារដែល FBI រឹបអូសពីលំនៅឋានម៉ាអាឡាហ្គោ (Mar-a-Lago) របស់លោក ក្នុងអំឡុងពេលឆែកឆេរកាលពីថ្ងៃទី៨ ខែសីហា ហើយលោកបានស្នើសុំអ្នកស៊ើបអង្កេតឱ្យប្រគល់មកលោកវិញនូវសម្ភារទាំងឡាយណាដែលស្ថិតនៅក្រៅវិសាលភាពដីកាឆែកឆេរ។

សំណើរបស់លោកបានសរសេរ​ថា៖ «យើងមិនអាចឱ្យនយោបាយ​​​ជះឥទ្ធិពលដល់​ការ​គ្រប់គ្រងប្រកបដោយ​យុត្តិធម៌​ឡើយ»។

សំណើនោះក៏បានបន្តទៀតថា៖ «ការអនុវត្តច្បាប់ គឺជាខែលការពារពលរដ្ឋអាមេរិក។ វាមិនអាចត្រូវបានប្រើជាអាវុធសម្រាប់គោលបំណងនយោបាយឡើយ»។

នៅពេលដែលភ្នាក់ងារ FBI បានឆែកឆេរលំនៅឋានលោក Trump លោក មីឆែល ខូហេន (Michael Cohen) និងលោក រូឌី ហ្គូលាននី (Rudy Giuliani) អតីតមេធាវីរបស់លោក Trump នៃការិយាល័យមេធាវីសហរដ្ឋអាមេរិកនៅទីក្រុងម៉ាន់ហាថាន (Manhattan) បានស្នើសុំតែងតាំងអ្នកត្រួតពិនិត្យជំនាញ។

សំណើរបស់លោក Trump ត្រូវបានប្រគល់ទៅឱ្យចៅក្រមថ្នាក់ស្រុករបស់អាមេរិក លោក អៃលីន ខេណន់ (Aileen M. Cannon)។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក អាន់ថូនី ខូលី (Anthony Coley) បាននិយាយថា៖ «ដីកាឆែកឆេរលំនៅឋាន Mar-a-Lago របស់លោក Trump កាលពីថ្ងៃទី៨ ខែសីហា ត្រូវបានចេញដោយតុលាការសហព័ន្ធ»។

គួរបញ្ជាក់ថា បណ្ណសារជាតិបាននិយាយកាលពីខែកុម្ភៈថា ខ្លួនបានរឹបអូសយកឯកសារចំនួន១៥កេសពីលំនៅឋានរបស់លោក Trump នៅរដ្ឋ Florida ដែលបណ្តាញសារព័ត៌មាន Washington Post បានរាយការណ៍ថា លោកបានយកទៅជាមួយនូវឯកសារសម្ងាត់នៅពេលដែលលោកចាកចេញពីទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីចាញ់ការបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ