ពលរដ្ឋ​រស់នៅ​ខុសច្បាប់​លើ​តំបន់​រមណីយដ្ឋាន​អង្គរ​ជិត​៧០០គ្រួសារ​ស្ម័គ្រចិត្ត​រុះរើ​ទៅ​រស់នៅ​កន្លែងថ្មី​វិញ

លោក ជា សុផារ៉ា ចុះពិនិត្យមើលសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា​ ក្នុងក្រុងសៀមរាប​ ខេត្តសៀមរាប។ (ហ្វេសប៊ុក៖ ជា សុផារ៉ា)

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅលើសំណង់ខុសច្បាប់តំបន់រមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាប ជិត៧០០គ្រួសារ បានស្ម័គ្រចិត្តរុះរើទៅរស់នៅភូមិធម្មជាតិរុនតាឯក ដែលស្ថិតនៅស្រុកបន្ទាយស្រី​វិញ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងនៅថ្ងៃទី២៤ ខែសីហានេះថា ក្រុមកាងារជំនាញវាស់វែងក្បាលដីបានចំនួន២០ ០៣១ក្បាលដី ក្នុងនោះ ក្បាលដីមានសំណង់ចំនួន១២ ៣១៥ក្បាលដី ក្បាលដីគ្មានសំណង់ចំនួន៦ ៧៣៧ក្បាលដី ក្នុងទំហំសរុប៤០ ១១៨ហិកតានៃទីតាំងទាំងបីដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ទាក់ទិន​បញ្ហានេះ ប្រជាពលរដ្ឋ៦៩៨គ្រួសារ ស្មើនឹង៧២,៤៨ភាគរយ បានស្ម័គ្រចិត្តរុះរើទៅរស់នៅភូមិធម្មជាតិរុនតាឯក ក្នុងនោះមាន២៣៤គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និង៤៤៥គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ ដែល​ត្រូវចូលរួមចាប់ឆ្នោតទទួលយកដីឡូត៍ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ​នៅសាលាខេត្តសៀមរាប។

សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើតូបលក់ដូរសរុបចំនួន៤៤តូប ក្នុងនោះ ៣៤តូបលក់វត្ថុអនុស្សាវរីយ៍ ស្ថិតនៅលើខឿនជុំវិញស្រះស្រង់ ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ និង ១០តូប ស្មើ៧៩ផ្ទះ ស្ថិតនៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក»។

សេចក្ដីប្រកាសដដែលបញ្ជាក់ថា ការអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាល កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពីការបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ