អាមេរិក​នឹង​ប្រកាស​ផ្ដល់​ជំនួយ​យោធា​បន្ថែម​ចំនួន​៣ពាន់លាន​ដុល្លារ​ដល់​អ៊ុយក្រែន

ក្រុមកម្លាំង​អ៊ុយក្រែន​ចូល​រួម​ក្នុង​ការ​ដឹក​ជំនួយ​យោធា​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​បញ្ជូន​តាម​យន្តហោះ ដែល​ជា​ផ្នែក​នៃ​កញ្ចប់​ជំនួយ​ផ្នែក​សន្តិសុខ​សម្រាប់​អ៊ុយក្រែន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Boryspil ខាង​ក្រៅ​ទីក្រុង Kyiv ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ (REUTERS/Valentyn Ogirenko)

មន្ត្រីអាមេរិកមួយរូបបាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកនឹងប្រកាសកញ្ចប់ជំនួយសន្តិសុខថ្មីមួយសម្រាប់អ៊ុយក្រែនប្រហែល៣ ០០០លានដុល្លារ នៅថ្ងៃពុធនេះ ដែលជាកញ្ចប់ជំនួយដ៏ច្រើនបំផុតសម្រាប់ទីក្រុងកៀវ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីអស់រយៈពេល៦ខែកន្លងមក។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ។

កញ្ចប់ជំនួយ​នេះកំពុង​ត្រូវ​បាន​រៀបចំស្របគ្នានៃ​ថ្ងៃបុណ្យ​ឯករាជ្យជាតិ​របស់​អ៊ុយក្រែន​ នៅ​ថ្ងៃ​ពុធនេះ។

កញ្ចប់ជំនួយនេះប្រើប្រាស់មូលនិធិពីគំនិតផ្ដួចផ្ដើមជំនួយសន្តិសុខអ៊ុយក្រែន (USAI) អនុម័តដោយសភា ដែលអនុញ្ញាតឱ្យរដ្ឋបាល លោក Biden ទិញអាវុធពីឧស្សាហកម្មលក់អាវុធ ជាជាងយកពីឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក។

ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ មន្ត្រីរូបនេះបាននិយាយថា កញ្ចប់ជំនួយនេះនឹងផ្ដោតលើគ្រាប់រំសេវ និងប្រព័ន្ធការពារ។

មន្ត្រីដដែល​បាន​និយាយ​ថា ​ចំនួន​និង​ប្រភេទសព្វាវុធអាចមានការ​ផ្លាស់​ប្តូរ​មុន​ពេល​ប្រកាស​ជា​ផ្លូវ​ការ។

ទីក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយយោធាចំនួនជាង១០ពាន់លានដុល្លារ (១០,៦) ដល់រដ្ឋាភិបាលរបស់ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ។

ប្រភពមួយទៀតបានប្រាប់ Reuters ថា ប្រទេសអាល្លឺម៉ង់គ្រោងនឹងផ្តល់សព្វាវុធបន្ថែមទៀត រួមទាំងប្រព័ន្ធការពារដែនអាកាស គ្រាប់រ៉ុក្កែត និងគ្រាប់រំសេវ ដល់អ៊ុយក្រែន ដែលមានតម្លៃជាង៥០០លានអឺរ៉ូ ឬស្មើប្រមាណ៥០០លានដុល្លារ ក្នុងឆ្នាំ២០២៣។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ កំពុងព្យាយាមគ្រប់គ្រងតំបន់ដុនបាស (Donbas)​ រួមមាន ខេត្តលូហាន់ (Luhansk) និងខេត្តដូណេតស្ក៍ (Donetsk) ដែលក្រុមផ្ដាច់ខ្លួនគាំទ្រទីក្រុងម៉ូស្គូដណ្ដើមយកបាន។

ស្ថានទូតអាមេរិកបានប្រាប់ពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីប្រទេសអ៊ុយក្រែន ដោយសារតែភ័យខ្លាចការវាយប្រហារដោយមីស៊ីលពីរុស្ស៊ី ខណៈប្រទេសអ៊ុយក្រែនប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៣១ឆ្នាំ របស់ខ្លួន នៅថ្ងៃពុធនេះ។

ទីក្រុងកៀវ (Kyiv) បាន​ព្រមានតបតទី​ក្រុង​ម៉ូស្គូ​យ៉ាងចាស់ដៃ ប្រសិន​បើ​រុស្ស៊ីហ៊ានបើក​ការ​វាយ​ប្រហារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ