មន្ត្រី​សុរិយោដី​និយាយថា ការអភិវឌ្ឍ​បឹងតាមោក​មាន​អាទិភាព​ខ្ពស់​ជាង​ការអភិរក្ស

ទិដ្ឋភាពមួយផ្នែកនៃបឹងតាមោក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ (រួន រី)

មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិយាយថា ការអភិវឌ្ឍបឹងតាមោកនៅភាគខាងជើងរាជធានីភ្នំពេញ មានអាទិភាពខ្ពស់ជាងការអភិរក្ស ដោយបន្ថែមថាមានតែបឹងដូចជាបឹងទន្លេសាបទេដែលមានតម្លៃក្នុងការអភិរក្ស។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញសមិទ្ធផលរយៈពេល៥ឆ្នាំ នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃពុធ ខណៈអ្នកនាំពាក្យក្រសួងនេះ លោក សេង ឡូត មានប្រសាសន៍ថា អត្ថប្រយោជន៍ដែលទទួលបានពីការអភិវឌ្ឍ គឺច្រើនជាងការអភិរក្សធនធានធម្មជាតិ [សំដៅលើបឹងតាមោក]។

លោក​បន្ត​ថា៖​ «​សម្រាប់ខ្ញុំ នៅ​ពេលដែលការ​អភិវឌ្ឍ​មានអត្ថប្រយោជន៍ច្រើន​ជាង​ការ​អភិរក្ស​ ខ្ញុំ​យល់ឃើញ​ថា​ ការ​ចាត់ថ្នាក់ដីឡើងវិញជា​រឿង​ត្រឹមត្រូវ»។

លោកបន្ថែមថា៖ «ប៉ុន្តែ​ប្រសិនបើ​ការ​អភិរក្ស​មាន​អត្ថប្រយោជន៍​ច្រើន ដូច​ជា​បឹង​ទន្លេសាប​ដែល​ជា​ជម្រក​ត្រី​ក្នុង​តំបន់ ដែល​មិន​អាច​ប៉ះពាល់​បាន​នោះ​ វា​នឹងផ្ដល់​អត្ថប្រយោជន៍​ច្រើន។ ដូច្នេះ​យើងត្រូវអភិរក្ស»។

បឹងតាមោក ត្រូវបានរដ្ឋាភិបាលធ្វើសម្បទានមួយផ្នែកទៅឱ្យឧកញ៉ាក្នុងស្រុក ស្ថាប័នរដ្ឋាភិបាល និងបុគ្គលដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាល។ ប្រជាពលរដ្ឋដែលរស់នៅតាមច្រាំងបឹងតាមោក និយាយថា ពួកគា​ត់មានការព្រួយបារម្ភខ្លាចមានការបណ្ដេញចេញ ហើយពលរដ្ឋប្រមាណ១០នាក់ត្រូវបានចោទប្រកាន់ពីបទញុះញង់ ដោយមានបំណងឱ្យរដ្ឋធានាដីរបស់ពួកគាត់។

ការផ្តល់ដីសម្បទានត្រូវបានធ្វើឡើងនៅទូទាំងប្រទេស ជាញឹកញាប់ ទៅឱ្យបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធនឹងរដ្ឋាភិបាល។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់អំពីករណីបឹងទន្លេសាប និងបានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុម័តលើការចាត់ថ្នាក់ដីឡើងវិញនៅតំបន់ការពារ បន្ទាប់ពីមានការបង្ក្រាបដើម្បីទាមទារយកមកវិញនូវដីរដ្ឋពីការទន្ទ្រានរបស់អ្នកភូមិ។

លោក សេង ឡូត បាននិយាយថា ផ្ទៃដីប្រហែល១២ ០០០ហិកតាត្រូវបានចាត់ថ្នាក់ឡើងវិញពីតំបន់២ ទៅតំបន់១ នៃតំបន់ការពារ ដោយអនុញ្ញាតឱ្យមានកម្មសិទ្ធិឯកជនលើដីនោះ។ លោក​បាន​បន្ថែម​ថា ការ​ចាត់​ថ្នាក់​ឡើង​វិញ​នឹង​ជួយ​ដល់​គ្រួសារ​ចំនួន១០ ០០០នាក់។

តំបន់១នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប អនុញ្ញាតឱ្យមានលំនៅឋានឯកជន និងកម្មសិទ្ធិដីធ្លី ចំណែកឯតំបន់២ អនុញ្ញាតឱ្យពលរដ្ឋអាចប្រកបរបរមួយចំនួនដើម្បីចិញ្ចឹមជីវិត ហើយតំបន់៣ គឺជាតំបន់ការពារយ៉ាងតឹងរ៉ឹង។

លោក​ថ្លែង​ថា៖​ «​អត្ថប្រយោជន៍​ គឺថា​ប្រជាពលរដ្ឋ​ទទួលបាន​ដី ​និង​មាន​សិទ្ធិ​ពេញ​លេញ​លើ​ដី​ ដែល​ពួកគាត់មាន​សិទ្ធិ​ដាំដុះ​និង​គ្រប់គ្រង​»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ថា «មានការកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យ» នៅក្នុងតំបន់អភិរក្សមួយ។ កងរាជអាវុធហត្ថ និងមន្ត្រីខេត្តបានរឹបអូសយកមកវិញនូវផ្ទៃដីរាប់ម៉ឺនហិកតា។ សកម្មភាពនេះកើតឡើងបន្ទាប់ពីប្រតិបត្តិការមួយផ្សេងទៀតក្នុងការបង្រ្កាបការនេសាទខុសច្បាប់នៅបឹងទន្លេសាប រួមទាំងសហគមន៍នេសាទវៀតណាមផងដែរ។

លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដល់ស្ថិតិបន្ថែមមួយចំនួនអំពីវិវាទ និងការផ្ទេរកម្មសិទ្ធិដីធ្លី។ លោក​បន្ត​ថា ផ្ទៃដី​ទំហំ៣ ០០០ហិកតា​ ក្នុង​ឆមាស​ទី១ ឆ្នាំ​នេះ ​ត្រូវ​បាន​ផ្ដល់​ឱ្យអតីត​យុទ្ធជន និង​អតីត​មន្ត្រី​នគរបាលចំនួន៦៩គ្រួសារ។

លោក​បាន​បន្ថែម​ថា ប្រជាពលរដ្ឋ​ចំនួន២ ៥២៤គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​កោះកុង ឧត្តរមានជ័យ ព្រះវិហារ និងខេត្ត​កំពង់ស្ពឺ ទទួលបានដី​ចំនួន៥ ៣៦១ហិកតា និង​សំណងចំនួន២,១៦លាន​ដុល្លារ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋចំនួន១ ២៣១គ្រួសារ ក្នុងចំណោម១ ៣៣៣គ្រួសារ ដែលរងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ខ្នាតធំរបស់ក្រុមហ៊ុន «យូញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី (Union Development Group Co., Ltd.)» នៅស្រុកបទុមសាគរ ខេត្តកោះកុង បានទទួលដីចំនួន៧៥៨ហិកតា និងសំណងចំនួន១,៤៣លានដុល្លារ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Boeng Tamok’s Development Outweighs Preservation of Lake, Says Land Official

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ