កសិករ​ដាំស្វាយចន្ទី​នៅ​ខេត្តកំពង់ចាម​ត្អូញត្អែរ​ពី​តម្លៃ​លើ​ទីផ្សារ​គ្មាន​លំនឹង

កសិករម្នាក់កំពុងឈរមើលចម្ការស្វាយចន្ទីខ្លួន នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។ (មេង គ្រុយពន្លក)

កសិករដាំស្វាយចន្ទីខេត្តកំពង់ចាមមួយចំនួនបានត្អូញត្អែរពីតម្លៃស្វាយចន្ទី​គ្មានលំនឹង ឬគ្មានស្ថិរភាពលើទីផ្សារ ដែលបណ្ដាលឱ្យពួកគេប្រឈមការខាតបង់ ឬទទួលបានប្រាក់ចំណេញតិចតួចស្ទើរតែមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន។

មានវ័យ៥២ឆ្នាំ កសិករដាំស្វាយចន្ទី​នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម លោក ស៊ូ សារឿន មានប្រសាសន៍ថា តម្លៃស្វាយចន្ទី​តែងធ្លាក់ចុះរាល់ពេលដល់រដូវប្រមូលផល និងនៅពេលកសិករសម្រុកយកទៅលក់ច្រើន ខណៈការចំណាយលើវត្ថុធាតុដើមមានការឡើងថ្លៃជារៀងរាល់ឆ្នាំ។

លោក សារឿន បន្តថា រដូវប្រមូលផលមកដល់ភ្លាម ស្វាយចន្ទីអាចមានតម្លៃ៦ ០០០រៀលក្នុងមួយគីឡូ​ ប៉ុន្តែបន្ទាប់កសិករបេះស្វាយចន្ទី​យកទៅលក់ច្រើន កន្លះខែក្រោយ ធ្លាក់ចុះមកត្រឹម៣ ០០០រៀល ទៅ៤ ០០០រៀល​។

លោក សារឿន បន្ថែមថា ចម្ការស្វាយចន្ទី​របស់លោកដែលមានទំហំមួយហិកតា ត្រូវបាញ់ថ្នាំគីមីដើម្បីលូតលាស់បានល្អ យ៉ាងហោចណាស់ត្រឹម៣ដងក្នុងមួយឆ្នាំ ខណៈការបាញ់ថ្នាំមួយលើកត្រូវចំណាយចន្លោះ៥០ដុល្លារ ទៅ១០០ដុល្លារ។

លោក សារឿន និយាយថា៖ «ខ្ញុំលក់៥ ៥០០រៀល ស្អែកគេឡើង៦ ៥០០រៀល។ ខ្ញុំសោកស្ដាយជាមួយតម្លៃដែលឡើង យើងលក់តែមួយតោន ខាតមួយថ្ងៃ៥០ម៉ឺនរៀល ទៅ១លានរៀលភ្លាម លុយមិនងាយរកណា! ​វាចំណេញដែរ តែបានហូប បានស៊ី វាអត់មានសល់អី»។

លោក សារឿន បន្ថែមថា៖ «វត្ថុធាតុដើមឡើងថ្លៃរាល់ឆ្នាំ ឆ្នាំនេះមួយគុណពីរ។ ថ្នាំបាញ់ស្មៅមួយប៊ីដុង៦ ០០០រៀល ឡើងដល់១៣ ០០០រៀល។ តែឆ្នាំនេះ [ដល់រដូវបាញ់ថ្នាំ] មិនដឹងឡើងប៉ុន្មានទេ ព្រោះអត់ទាន់ដល់រដូវវា»។

លោក សារឿន ឱ្យដឹងទៀតថា រដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់តាំងពីដើមឆ្នាំ បណ្ដាលឱ្យស្វាយចន្ទីរបស់លោកខូចអស់ស្ទើរពាក់កណ្ដាល។

លោក ជុម សុភាព វ័យ៤៦ឆ្នាំ ជាកសិករនៅភូមិស្ពឺ ឃុំស្ពឺ មួយរូបទៀត ដែលមានចម្ការចន្ទី ៥ហិកតា បានប្រាប់ថា អំឡុងពេលរដូវប្រមូលផលចាប់ពីខែមករា ដល់ខែមិថុនា តម្លៃស្វាយចន្ទី​តែងធ្លាក់ចុះនៅថ្ងៃចុងសប្ដាហ៍ និងឡើងថ្លៃវិញនៅដើមសប្ដាហ៍។  

លោក សុភាព និយាយថា៖ «ព្រួយបារម្ភគឺតម្លៃទីផ្សារ វាស្រុតចុះ អត់មានគេជួយរកទីផ្សារបានតម្លៃខ្ពស់។ ទូទៅ គ្រប់ដំណាំកសិកម្មទាំងអស់ដែលពលរដ្ឋប្រមូលផល គឺទម្លាក់ថ្លៃតែម្ដង»។

លោក សុភាព ឱ្យដឹងដែរថា ភ្លៀងធ្លាក់តាំងពីដើមឆ្នាំ បណ្ដាលឱ្យគ្រាប់ស្វាយចន្ទី​របស់លោកដែលរៀបនឹងប្រមូលផលទៅហើយ ចំនួន៥ហិកតានោះ ខូចខាត សល់ត្រឹមមួយហិកតាប៉ុណ្ណោះ។

លោក តុប វ៉ាន់ឌី ប្រធានសមាគមស្វាយចន្ទីប្រចាំខេត្តកំពង់ចាម បានឱ្យដឹងថា មានកត្តាបី​ដែលកសិករដាំស្វាយចន្ទី​ក្នុងខេត្តនេះជួបបញ្ហាប្រឈមនោះគឺ បញ្ហាអាកាសធាតុ បញ្ហាទីផ្សារ និងថ្នាំជីគីមីផង។

លោក វ៉ាន់ឌី បន្តថា ភ្លៀងធ្លាក់ដើមឆ្នាំ ដែលជារដូវប្រមូលផលស្វាយចន្ទី​ បណ្ដាលឱ្យគ្រាប់ស្វាយចន្ទី​ខូចគុណភាព បូករួមទាំងតម្លៃលើទីផ្សារគ្មានលំនឹងផង បាននាំឱ្យឈ្មួញទម្លាក់តម្លៃ ខណៈថ្នាំគីមី និងជីកសិកម្ម ឡើងថ្លៃឥតស្រាកស្រាន្ត។

លោក វ៉ាន់ឌី និយាយថា៖ «នៅខេត្តកំពង់ចាម កសិករប្រឈមបញ្ហាមួយ គឺអាកាសធាតុ ភ្លៀងមកអត់ចំរដូវ ព្រោះចន្ទី​អត់ត្រូវការភ្លៀងប៉ុន្មានទេ ដល់រដូវផ្កា រដូវប្រមូលផល។ មួយទៀត បញ្ហាតម្លៃលើទីផ្សារ និងជីថ្នាំ ឡើងថ្លៃ»។

បើតាមប្រធានសមាគមស្វាយចន្ទីខេត្តកំពង់ចាមរូបនេះ ឱ្យដឹងទៀតថា ភាគច្រើនកសិករនៅខេត្តកំពង់ចាមតែង​ដាំស្វាយចន្ទី​លើដីចម្ការរបស់ខ្លួន ហើយស្វាយចន្ទី​នៅខេត្តនេះត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាមទាំងស្រុង តាមរយៈឈ្មួញជនជាតិខ្មែរ ដែលមានទំនាក់ទំនងជាមួយឈ្មួញនៅវៀតណាម។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម លោក ស៊ឹម ថាវីរ: មានប្រសាសន៍ថា តម្លៃដំណាំកសិកម្មគ្រប់ប្រភេទលើទីផ្សារ តែងឡើងចុះ ដោយមិនអាចកំណត់បានឡើយ។

លោក ថាវីរៈ បន្ថែមថា រាល់ប្រភេទដំណាំកសិកម្មមួយណាធ្លាក់ថ្លៃ លោកនឹងចងក្រងជាសហគមន៍ដើម្បីលក់ជាដុំ ទើបមានទម្ងន់ក្នុងការចរចាពីតម្លៃ។ ដោយឡែក ទាក់ទិននឹងជីឡើងថ្លៃ មន្ទីរកសិកម្មបានណែនាំបច្ចេកទេសដល់កសិករក្នុងការផលិត ដើម្បីចំណាយតិចលើវត្ថុធាតុដើមក្នុងស្រុក។

លោក ថាវីរៈ និយាយថា៖ «ពិបាកដែរ! ទីផ្សារ វាឡើងចុះៗ ដូចយើងដឹង មិនមែនតែស្វាយចន្ទីទេ គ្រប់មុខដំណាំ ទីផ្សារ យើងមិនអាចឡើងចុះស្រេចតែយើងកំណត់ទេ។ បើឡើងថ្លៃតាមយើងចង់បាន មិនងាយទេ ព្រោះអ្នកទិញចង់បានថោក អ្នកលក់ចង់បានថ្លៃ»។

បើតាមប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាមរូបនេះ ឱ្យដឹងថា នៅខេត្តនេះមានផ្ទៃដីដាំដំណាំស្វាយចន្ទី​ជាង២ម៉ឺនហិកតា ដែលទទួលទិន្នផលសរុបជាង២ម៉ឺនតោនក្នុងមួយឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ