យុវជនខេត្ត​កំពង់ចាម ៣៥នាក់ ធ្វើ​យុទ្ធនាការ​ជិះកង់​បរិច្ចាគឈាម​នៅ​មន្ទីរពេទ្យបង្អែក

ក្រុមយុវជនដែលមានឈ្មោះថា «ជិះកង់ឆាខ្វៃ» ថតរូបនៅពីមុខមជ្ឈមណ្ឌលផ្ដល់ឈាមនៃមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម ដើម្បីចូលរួមផ្តល់ឈាម ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ (សុខ ហេង)

ក្រុមយុវជននៅខេត្តកំពង់ចាម ៣៥នាក់ ដែលជាអ្នកស្រឡាញ់សុខភាព និងតែងតែជួយការងារសង្គម បានផ្ដួចផ្ដើមគំនិតជាលើកដំបូង ដោយជ្រើសរើសយកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ប្រមូលផ្ដុំគ្នា ដើម្បីបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យទុកសម្រាប់ជួយសង្គ្រោះដល់ព​ល​រដ្ឋដែលត្រូវ​​ការឈាមដើម្បីប្រើប្រាស់។

យុទ្ធនាការរបស់ក្រុមយុវជនជិះកង់នេះ គឺក្នុងគោលបំណងឱ្យប្រជាពលរដ្ឋចេះស្រឡាញ់សុខភាព រួមសាមគ្គីភាពគ្នា ជួយការងារសង្គម និងចេះជួយដល់អ្នកដទៃ។ ដោយយុទ្ធនាការនេះចាប់ពីអា​ហារដ្ឋាន យូខេស៊ី ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ដែលមានចម្ងាយ៤គីឡូម៉ែត្រ ឆ្ពោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

ប្រធានក្រុមធ្វើយុទ្ធនាការជិះកង់ដែលមានឈ្មោះថា «សុខភាពជិះកង់កំពង់ចាម» លោក ជា ជាង បានលើកឡើងថា លោកបង្កើតក្រុមសុខភាពជិះកង់កំពង់ចាម មានសមាជិកជាង១០នាក់ គោលបំណងនៃក្រុមជិះកង់នេះបង្ហាញឱ្យយុវជនសព្វថ្ងៃ កែប្រែគំនិតមកស្រឡាញ់សុខភាព តាមរយៈការជិះកង់ហាត់ប្រាណ និងរួមគ្នាបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះដល់អ្នកដទៃដែលកំពុងត្រូវការឈាមជួយសង្គ្រោះបន្ទាន់។

លោកបន្តថា៖ «ការជិះកង់របស់ “សុខភាពកំពង់ចាម” នេះ គឺទី១ គោលបំណងធំបំផុត គឺដើម្បីសុខភា​​ព​​បាន[ល្អប្រសើរ] ហើយទី២ គឺជាការប្រមូលផ្ដុំនូវមជ្ឈមណ្ឌលការហាត់ប្រាណ សម្រាប់បងប្អូនប្រជាពលរដ្ឋទូ​ទៅ​»។

ស្រដៀងគ្នានេះដែរ លោក ដន ផុសនិត ដែលជាអ្នកដឹកនាំយុវជនជិះកង់ ហើយជាប្រធានក្រុមឈ្មោះ ​​«ជិះកង់ឆាខ្វៃ» បានបង្ហាញពីសារៈសំខាន់នៃការផ្ដល់ឈាមថា ការបរិច្ចាគឈាមនេះ វាមា​​ន​​អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ហើយនឹងជួយធ្វើឱ្យយើងលុបបំបាត់ការធុញថប់ក្នុងអា​​រម្ម​​​ណ៍ ជួយបញ្ចុះគីឡូ មិនឱ្យឡើង។ លោកបន្តអះអាងថា ការផ្តល់ឈាមនេះ វាបានជួយសង្គ្រោះមនុ​​ស្ស​ម្នាក់មិនឱ្យស្លាប់បាន ដូច្នេះវាមានន័យខ្លាំងសម្រាប់អ្នកក្រីក្រ ឬអ្នកកំពុងត្រូវការឈាម។

លោកបន្តថា៖ «អ្វីដែលសំខាន់ ចង់ចែករំលែកទាក់ទងជាមួយនឹងបញ្ហាសុខភាព ហើយក៏ដូចជាការចែ​​ករំលែកទៅដល់ប្រជាជន ទាក់ទងនឹងមន្ទីរពេទ្យពីការផ្ដល់ឈាម ជាទូទៅការផ្ដល់ឈាម វាអត្ថប្រយោជន៍ជាច្រើន ដូចជា ការធ្វើឱ្យយើងបាត់នូវអារម្មណ៍ស្ត្រេស ទី២ ទាក់ទងទៅជាមួយនឹងការបង្កើតនូវឈាមក្រហមថ្មីឡើងវិញ ឈាមក្រហមចាស់ត្រូវបានបរិច្ចាគ ហើយឈាមថ្មីត្រូវបានបង្កើតថ្មី»។

លោកបន្ថែមទៀតថា៖ «វាធ្វើឱ្យយើងហ្នឹងផ្ដល់ឈាមទៅឱ្យប្រជាជនក្រីក្រដែលគេខ្វះខាតឈាម ប្រៀ​​បបានទៅនឹងធានាគារឈាមអ៊ីចឹង សរុបជារួម ហៅថាធានាគារឈាម។ ហើយការចូលរួមក្រុមកង់របស់ខ្ញុំមានគ្នា រហូតដល់២០នាក់ គឺក្រុមកង់ឆាខ្វៃ ហើយការផ្ដល់ឈាមនេះមានអារម្មណ៍ថាសប្បាយរីករាយ ដែលបានជួបជុំគ្នាជាច្រើន ក៏ដូចជារីករាយក្នុងការផ្ដល់ឈាមហ្នឹង»។

ជុំវិញរឿងនេះ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត ច្រឹង នរិទ្ធ ប្រាប់វីអូឌីឱ្យដឹងថា មកដល់ពេលនេះ ឈាមដែលបានផ្ដល់ក្នុងមន្ទីរពេទ្យបង្អែក បើធៀបនឹងចំនួន​​អ្នកប្រើ​​​ប្រា​ស់ គឺមិនទាន់គ្រប់ចំពោះតម្រូវការនោះទេ។ លោកបន្តថា ដោយសារភាពចាំបាច់របស់អ្នកប្រើប្រាស់​​ឈាមមាន​ចំនួនលើសពីការផ្គត់ផ្គង់ ហេតុនេះនាំឱ្យមន្ទីរពេទ្យចេះតែបន្តខ្វះខាតឈាមសម្រា​​ប់ព្យា​​បាល​អ្នកជំ​ងឺ​​​​​ជាដរាប។

លោកបន្តថា៖ «យើងឃើញថាចំនួន [អ្នកត្រូវការឈាម] ហ្នឹងវាលើសចំនួនដែលយើងបានប្រមូល[កា​​រ​​បរិច្ចាគឈាម] តែជាធម្មតា យកមក យើងបំបែកពីឈាមក្រហមសុទ្ធទៅជាប្លាស្មា ហើយពេលខ្លះចាំបាច់បំប្លែងពីប្លាស្មា ទៅប្លាកែតទៀត។ បើប្រៀបទៅ [តម្រូវការឈាម]មានលើសចំនួនទៅនឹងការប្រមូលហ្នឹង»។

លោកបញ្ជាក់បន្ថែមទៀតថា៖ «ចំពោះអ្នកជួបប្រទះកន្លងមកហ្នឹង ជាពិសេសស្រ្តីឆ្លងទន្លេ មានការហូរឈាមច្រើន អ្នកជំងឺដែលមានគ្រោះថ្នាក់ចរាចរណ៍ អ្នកជំងឺដែលស្លេកស្លាំង ដែលមានជំងឺគ្រាប់ឈាម ឬក៏មានជំងឺខួរឆ្នង គាត់តែងតែមកដាក់ឈាមដើម្បីសង្គ្រោះជីវិត»។

បើតាមអនុប្រធានមន្ទីរពេទ្យបង្អែករូបនេះ ក្នុងរយៈពេ​​ល​​ត្រឹ​​​មខែ​​​​១១ ក្នុងឆ្នាំ២០២២នេះ ​មន្ទីរពេទ្យប​​​ង្អែ​​​​ក​​ខេត្តកំពង់ចាម ទទួលបានការបរិច្ចាគឈាមពីសប្បុ​​​រសជនមានចំនួន ២ ៩២៥ផ្លោក សម្រាប់ជូនអ្នក​​ជំងឺ។ បើគិតពីតួលេខនេះ គឺជាចំនួនមួយដែលនៅតែមិនទាន់គ្រប់ចំពោះតម្រូវការដែល​​​នឹង​​ត្រូ​​​វ​​​​​ប្រើ​​​ប្រា​​ស់​នៅក្នុងមន្ទីរពេទ្យនេះនៅឡើយទេ។

លោកវេជ្ជបណ្ឌិត ច្រឹង នរិទ្ធ ឱ្យដឹងទៀតថា ចំ​​ពោះ​​​​​លក្ខខណ្ឌក្នុងការផ្ដល់ឈាមឱ្យអ្នកជំងឺក្នុងមន្ទីរពេទ្យវិញ លុះត្រាតែមានការបញ្ជាក់ពីមន្ទីរសុខា​​ភិបាលផ្ទាល់ ទើបផ្ដល់ជូនពួកគាត់ ហើយការផ្តល់ជូននេះទៀតសោត លុះត្រាមានអាការ ដូចជា ស្រ្តីសម្រាលកូន ហូរឈាមចេញក្រៅច្រើន ដូចជាអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ និងអ្នកជំងឺដែលមានស្ថានភាពស្លេកស្លាំង ឬក៏អ្នកជំងឺឈាមសស៊ីឈាមក្រហម ជាដើម។

ចំណែកទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ថ្លែងថា ការបរិច្ចាគឈាមនេះមិនត្រឹមតែជួយផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់​​មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងមិនធ្វើឱ្យមនុស្សមានជំងឺបេះដូង ជាពិសេ​​ស​​កា​​រផ្ដល់ឈាមនេះ វាក៏នឹងជួយរក្សាតុល្យភាពទម្ងន់បានល្អថែមទៀតផង​។

លោកបន្តថា៖ «អ្នករងគ្រោះ ក៏ដូចជាពិសេស ស្រ្តីសម្រាលកូន ដែលមានតម្រូវការឈាមនៅពេលសម្រាលកូន អ៊ីចឹងអត្ថប្រយោជន៍នៃការបរិច្ចាគឈាម គឺមាន២សំខាន់ ទី១ គាត់បានជួយសង្គ្រោះអាយុជីវិតអ្នកដែលត្រូវការឈាម ទី២ ធ្វើឱ្យសុខភាពរបស់ក្រុមធាក់កង់ហ្នឹងកាន់តែល្អប្រសើរ»។

ឆ្លើយតបរឿងនេះ អភិបាលរងខេត្តកំពង់ចាម លោក ហាន កុសល គាំទ្រនិងលើកទឹកចិត្តចំពោះក្រុមយុវជនជិះកង់ ដែលបានលះបង់ពេលវេលា និងស្ម័គ្រចិត្តមកបរិច្ចាគឈាមនៅមន្ទីរពេទ្យបង្អែក ដោយលោកមើលឃើញថាជាទង្វើសប្បុរសធម៌មួយនៅក្នុងសង្គម។ លោកអំពាវនាវដល់ប្រ​​​ជា​ពលរដ្ឋ និងជាពិសេសក្រុមយុវជន ត្រូវរួមគ្នាបរិច្ចាគឈាមជូនមន្ទីរពេទ្យឱ្យបានគ្រប់គ្នា ដើម្បីស​​ង្គ្រោះមនុស្សដែលកំពុងត្រូវការឈាម។

លោកបន្តថា៖ «សកម្មភាពការផ្ដល់ឈាមនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ជួយសង្គ្រោះអាយុជីវិត។ ដូច្នេះហើយ ក្នុងនាមខ្ញុំជាយុវជនម្នាក់ ជាប្រជាពលរដ្ឋម្នាក់ ជាប្រធានសហភាពសហព័ន្ធយុវជនខេត្តកំពង់ចាម ហើយក៏ជាអភិបាលរងខេត្តកំពង់ចាម ក៏សូមអំពាវនាវដល់ពុកម្តាយ បងប្អូនប្រជាពលរដ្ឋ យុវជនទាំងអស់ សុំឱ្យជ្រះថ្លា ដើម្បីចូលរួមបរិច្ចាគឈាមខ្លួនឯង ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់អ្នកដទៃ»។

សម្រាប់នាយកប្រតិបត្តិ នៃអង្គការសកម្មភាពសម្រាប់ការអប់រំ ខេត្តកំពង់ចាម លោក សៅ វណ្ណា យ​​​ល់​ឃើញថា ការងារសប្បុរសធម៌របស់ក្រុមជិះកង់ ទៅបរិច្ចាគឈាមនេះ គឺជាកាយវិការមួយដែលគួរឱ្យកោតសរសើរ និងលើកទឹកចិត្តឱ្យបន្តការធ្វើបែបនេះជាបន្តទៅទៀត។ លោកបន្តថា យុវជនអា​​ច​ជួយសង្គមបានច្រើនទៀត ដូចជា ជួសជុលផ្លូវខូចក្នុងភូមិ ដាំដើមឈើ ជួយមនុស្សចាស់ និងមនុ​​ស្សងាយរងគ្រោះ ជាដើម។  

លោកបន្តថា៖ «ប្រសិនបើយុវជនយើងគិតដូចគ្នា ការជួយដល់សង្គម[ថា]វាមានសារៈបែបហ្នឹង។ សម្រាប់ពូ ក្នុ​​ងនាមជាអង្គការក្រៅរដ្ឋាភិបាលដែរ គិតថាវាល្អប្រសើរ ដែលយុវជនទាំងនោះគួរតែបន្ត ហើ​​យ​អាជ្ញាធរពាក់ព័ន្ធត្រូវតែបន្តការគំាទ្រ»។

គេសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជន សិល្បករ និងអ្នកនយោបាយមួយចំនួនចេញធ្វើសកម្មភាពមនុស្សធម៌ជាហូរហែ។ កាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ តារាចម្រៀង លោក អ៊ួន បឋម ហៅ សាយ ក៏ទើបបញ្ចប់ការរត់ចម្ងាយ ៣០៣គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅសៀមរាប ក្នុងរយៈពេល៩ថ្ងៃ។ ការរត់រយៈចម្ងាយឆ្ងាយនេះ ក្នុងគោលបំណង​​​ដើម្បី​​ស្វែ​​ង​​​រកថវិកាក្នុងការទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ និងព្យាបាលកុមារដែល​​មានជំងឺមហារីក។ តាមរយៈ​​ស​កម្មភាពនេះ លោក អ៊ួន បឋម ហៅ សាយ រកប្រាក់បានជិត ៧ម៉ឺនដុល្លារអាមេរិក (៦៦ ៤៧០) ហើយថវិកាទាំងនោះ លោកបានបរិច្ចាគដើម្បីមន្ទីរពេទ្យកុមារអង្គរទាំងអស់៕


អត្ថបទដោយលោក សុខ ហេង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ