មន្ត្រីជំនាញ​ផ្អាក​ចរាចរ​ម្សៅ​លាប​ទារក​និង​កុមារ​១២ប្រភេទ ក្រោយ​រកឃើញ​ផ្ទុក​សារធាតុគីមី​អាច​បង្ក​ជំងឺ​មហារីក​ដល់​អ្នកប្រើប្រាស់

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ធ្វើតេស្តវិភាគសំណាក​ម្សៅទារកនិងកុមារ ដែលធ្វើពីម្សៅតាល់ (Talc) ដែលសង្ស័យមានសារធាតុ​អាសបេស្តុស នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក.ប.ប.)

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បាន​ផ្អាកជាបណ្ដោះអាសន្ន ការនាំចូល ចែកចាយ និងប្រមូលពីទីផ្សារ ចំពោះម្សៅលាបទារកនិងកុមារចំនួន១២ប្រភេទ ក្រោយរកឃើញផ្ទុកសារធាតុគីមី អាសបេស្តុស (Asbestos) ​ ដែលអាចបង្កជំងឺមហារីកចំពោះអ្នកប្រើប្រាស់។

ក្នុងសេចក្ដីជូនដំណឹងស្ដីពី ការរកឃើញសារធាតុ «អាសបេស្តុស» នៅក្នុងផលិតផលម្សៅលាបទារកនិងកុមារ និងវិធានការបណ្ដោះអាសន្នដែលអគ្គនាយកដ្ឋាន ក.ប.ប. ​កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ប្រភេទម្សៅទាំងនោះ រួមមាន ចនសុន បេប៊ី ផៅឌ័រ (Jonhson’s baby powder 380g), ចនសុន ប្លុសសោម បេប៊ី ផៅឌ័រ (Jonhson’s blossom baby powder 380g), ឌីនីឃីត បេប៊ីផៅឌ័រ (D-nee kids baby powder 380g), ឡាហ្វែ ប៊ីឡាវ (Laffair Be Love 320g), កូឌូម៉ូ បេប៊ី ( Kodomo Baby) ​ព្រមទាំងប្រភេទម្សៅលាបមួយចំនួនទៀត។ ​

ចំណែកក្រុមហ៊ុនដែលនាំចូលនិងចែកចាយផលិតផលម្សៅលាបទាំងនោះ រួមមាន ក្រុមហ៊ុនចនសុន អែន ចនសុន អិលធីឌី (Johnson & Johnson Ltd), ក្រុមហ៊ុន ណេអូ ហ្វេកថូរី ខូអិលធីឌី (Neo Factory co.,Ltd), ក្រុមហ៊ុន ឡាហ្វែ ខូភើរេសិន (Laffair Corporation Sdn Bhd Ltd), ក្រុមហ៊ុន ឡាយអិន ខូភើរេសិន (Lion Corporation) និងក្រុមហ៊ុន ហ្គ្រីនវីល ខូអិលធីឌី (Greensville Co.,Ltd) ដែលផលិតផលទាំងនោះនាំចូលមកពីប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។

សេចក្ដីជូនដំណឹងដដែលឱ្យដឹងទៀតថា ក្រុមហ៊ុនដែលនាំចូលនិងចែកចាយផលិតផលម្សៅលាបទាំងនោះ ត្រូវផ្អាកជាបណ្ដោះអាសន្នការនាំចូល ចែកចាយ និងប្រមូលពីទីផ្សារ ហើយត្រូវរាយការណ៍មកអគ្គនាយកដ្ឋាន ក.ប.ប អំពីបរិមាណផលិតផលដែលប្រមូលមក និងទុកពេល២សប្តាហ៍​ ចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងការសហការជាមួយ ក.ប.ប ដើម្បីនាំយកសំណាកនៃផលិតផលដែលត្រូវបានរកឃើញមានសារធាតុអាសបេស្តុសនោះ ទៅវិភាគបន្តនៅមន្ទីរពិសោធន៍ភាគីទី៣ ដែលមានសមត្ថភាព និងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។​

អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប លោក ផាន អូន មានប្រសាសន៍ថា មន្ត្រីជំនាញបានធ្វើពិសោធលើម្សៅលាបទាំងនោះម្តងហើយម្តងទៀត  ហើយនៅតែឃើញមានសារធាតុគីមីអាសបេស្តុស។ ករណីនេះ លោកថា ក្រសួងបានឱ្យផ្អាកការនាំចូលនិងចែកចាយជាបណ្ដោះអាសន្ន ដើម្បីធានាបាននូវការការពារសុខភាពប្រជាពលរដ្ន និងតម្រូវឱ្យខាងរោងចក្រដែលផលិតម្សៅទាំងនោះធ្វើតេស្តឆ្លើយតបមកវិញ។

លោកថា៖ «យើងក៏ទុកឱ្យខាង Industry [រោងចក្រ] ហ្នឹង គេធ្វើតេស្តតបជាប្រការណាមួយ ព្រោះគាត់មានយន្តការធ្វើតេស្តរបស់គាត់ យើងមានយន្តការធ្វើតេស្តរបស់យើង»។

លោកក៏បានបញ្ជាក់ថា សារធាតុអាសបេស្តុសនេះត្រូវបានហាមក្នុងផលិតផលគ្រឿងសម្អាង ហើយវត្តមានសារធាតុនេះអាចបង្កឱ្យកើតជំងឺមហារីកផងដែរ។

ទាក់ទិន​បញ្ហានេះ អគ្គនាយកដ្ឋាន ក.ប.ប តម្រូវឱ្យក្រុមហ៊ុនត្រូវបន្តកិច្ចសហការជាមួយរោងចក្រផលិត និងសមត្ថកិច្ចជំនាញ ក.ប.ប ដោយឈរលើគោលការណ៍តម្លាភាព និងគាំទ្រដោយមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីធានាបាននូវរាល់ផលិតផលម្សៅលាបខ្លួនទារកនិងកុមារនេះ ត្រូវបានចែកចាយនិងដាក់លក់នៅលើទីផ្សារ ដោយគ្មានសារធាតុអាសបេស្តុសទៀតឡើយ។

វីអូឌី មិនអាចសុំការបំភ្លឺពីអគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល លោក ហុក គឹមចេង និងអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ឌឌីន បានទេ កាលពីថ្ងៃទី២៤ ខែសីហា។

​ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី មានប្រសាសន៍ថា ប្រភេទសារធាតុអាសបេស្តុស អាចបង្កឱ្យមានប្រតិកម្មស្បែក ជំងឺមហារីកស្បែក និងមហារីកក្នុងកោសិកាស្បែក។ លោកបន្តថា ក្រសួង​ពាក់ព័ន្ធគួរសហការគ្នាដោយយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងលើអ្នកនាំចូលផលិតផលប្រភេទម្សៅដែលផ្ទុកសារធាតុអាសបេស្តុសនេះ​ រួមទាំងផលិតផលផ្សេងៗដែលមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់។ លើសពីនេះ ត្រូវមានវិធានការ​ពិនិត្យផលិតផលទាំងនោះឡើងវិញ និងដកហូត ហើយអាចបំផ្លាញចោល ប្រសិនបើផលិតផលទាំងនោះមានបញ្ហា។

លោកមានប្រសាសន៍ថា៖ «កន្លងមក យើងធ្វេសប្រហែស ដោយសារយើងអត់បានយកទៅពិនិត្យឱ្យបានត្រឹមត្រូវ និងចុះបញ្ជិកានៅក្នុងក្រសួងពាក់ព័ន្ធទាំងប៉ុន្មានហ្នឹង។ កន្លែងហ្នឹងហើយមានផលប៉ះពាល់ទៅដល់អនាគតក្មេង ហើយទៅដល់បងប្អូនប្រជាពលរដ្ឋយើង»។

លោកបានបញ្ជាក់ថា ផលិតផលនីមួយៗដែលនាំចូលគួរត្រួតពិនិត្យនិងសិក្សាពីសារធាតុគីមីដែលអាចមានក្នុងផលិតផលទាំងនោះឱ្យបានច្បាស់ ប្រសិនបើមានការនាំចូលផលិតផលមកក្រោយទៀត គួរពិនិត្យឱ្យបានត្រឹមត្រូវនិងជាប្រចាំ។

លោកថា៖ «ការនាំចូលស្អីៗ [ផលិតផល] ក្រោយ គួរណាតែពិនិត្យឱ្យបានត្រឹមត្រូវ ហើយមានវិធានការជាប្រចាំ ដូចថា មួយត្រីមាស យើងត្រូវការពិនិត្យប៉ុន្មានដងៗ ដើម្បីយកទៅចូលឡាបូ [មន្ទីរពិសោធន៍] ចង់ដឹងមើលថាគាត់បន្លំផលិតផលក្លែងក្លាយជាមួយអាសុទ្ធហ្នឹងយ៉ាងម៉េចខ្លះ»។

តាមរបាយការណ៍កិច្ចប្រជុំក្រុមការងារកម្រងព័ត៌មាន​ជាតិនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដែលរៀបរៀងដោយលោក លោក ហ្វីលីប ហាហ្សេលតុន​ ជាប្រធានគម្រោងក្របខណ្ឌទំនាក់ទំនងវិជ្ជាជីវៈថ្មី នៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសវៀតណាម បានឱ្យដឹងថា អាស៊ី គឺជាតំបន់ចុងក្រោយបំផុតក្នុងពិភពលោក ដែលប្រើប្រាស់សារធាតុអាសបេស្តុសច្រើន។ ​នៅឆ្នាំ២០១៨ សារធាតុអាសបេស្តុស ក្នុងចំណោមការនាំចូលលើពិភពលោកមានចំនួន ៩៧% ទៅកាន់ប្រទេសអាស៊ី ហើយសារធាតុនេះអាចបង្កឱ្យកើតជំងឺមហារីក ប្រសិនបើប្រើប្រាស់និងប៉ះពាល់រយៈពេលយូរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ