មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ថា កុមារីម្នាក់​ស្លាប់​ក្រោយ​សត្វឪម៉ាល់​ទិច​ដោយសារ​ប៉ះពាល់​ដល់​សរីរាង្គ​សំខាន់ៗ

លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ថ្លែងក្នុងថ្ងៃដែលលោកត្រូវបានប្រកាសជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ (វេបសាយ៖ រដ្ឋបាលខេត្តស្វាយរៀង)

មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានលើកឡើងថា សារជាតិពុលរបស់ឪម៉ាល់បានធ្វើឱ្យកុមារីវ័យ៧ឆ្នាំម្នាក់ស្លាប់ ក្រោយពីសត្វឪម៉ាល់ទាំងនោះបានទិចនាងជាច្រើនកន្លែង ដែលធ្វើឱ្យប៉ះពាល់ដល់​សរីរាង្គសំខាន់ៗ។

ករណីនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ អំឡុងពេលដែលកុមារីម្នាក់ ​អាយុ៧ឆ្នាំ រស់នៅភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានធ្វើដំណើរទៅចម្ការ និងត្រូវបានខ្យល់បក់បោកធ្វើឱ្យសំបុកសត្វឪម៉ាល់ផ្អើលទិចនាងប្រហែលលើសពី៣០ទ្រនិច នៅលើដៃជើង ដងខ្លួន និងក្បាល ហើយត្រូវបាន​គ្រួសារបញ្ជូនទៅមន្ទីរពេទ្យ។

សេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២៣ ខែសីហា ដែលបានលើកឡើង​ពីរបាយការណ៍របស់មន្ទីរពេទ្យខេត្ត​ ឱ្យដឹងថា ក្រោយពីបាន​សង្គ្រោះបឋម ក្រុមគ្រូពេទ្យបាន​វាយតម្លៃពីស្ថានភាពអ្នកជំងឺឡើងវិញ ​ដោយ​រកឃើញថា ជាតិពុលរបស់សត្វទិចបានពុលទៅលើសារពាង្គកាយសំខាន់ៗគ្រប់ទីកន្លែង ដូចជា តម្រង់នោម ខួរក្បាល បេះដូង និងប្រព័ន្ធដកដង្ហើម។

យ៉ាងណា ក្រោយ​ការជួយសង្គ្រោះ​ជាង២ម៉ោង ស្ថានភាពអ្នកជំងឺនៅតែធ្ងន់ធ្ងរ និងដោយមានការទទូចស្នើសុំពីគ្រួសារ​ ទើបក្រុមគ្រូពេទ្យបានសម្រេចចិត្ត​បញ្ជូនអ្នកជំងឺទៅតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យគន្ធបុប្ជាភ្នំពេញ ទាំងស្ថានភាព​ធ្ងន់ធ្ងរ។ ប្រភពដដែលបន្តថា ដោយសារស្ថានភាពធ្ងន់ធ្ងរ កុមារីរូបនេះបានបាត់បង់ជីវិត ហើយរថយន្តសង្គ្រោះបានដឹកជូនសពមកដល់លំនៅឋានវិញ ដោយពុំគិតថ្លៃសេវាដឹកជញ្ជូន។

ទាក់ទិន​រឿងនេះ ឪពុកម្ដាយកុមារីរូបនោះបានបង្ហាញការមិនសុខចិត្ត ដោយថា គ្រូពេទ្យ​មិនបានយកចិត្តទុកដាក់ដិតដល់ ទើបបណ្ដាលឱ្យកូនស្រីរបស់ពួកគាត់​កាន់តែ​ធ្ងន់ធ្ងរ និងឈានរហូតដល់បាត់បង់ជីវិត។

យ៉ាងណា ​មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង បង្ហាញការសោកស្ដាយចំពោះរឿងអកុសលនេះដែលបានកើតឡើង និងបានចូលរួមរំលែកទុក្ខសោកសម្រាប់ក្រុមគ្រួសារនៃសព ចំពោះករណីមរណភាពរបស់កុមារីរូបនោះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ