សហជីព​យល់ថា កម្មករ​បន្ត​ប្រឈម​បញ្ហា​ជីវភាព​បើ​ការ​ដំឡើង​ប្រាក់ឈ្នួល​មិន​ឆ្លើយតប​នឹង​ការ​ឡើង​ថ្លៃ​ទំនិញ​ទីផ្សារ

កម្មការិនីម្នាក់នៃរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ឈរទិញអាហារពីអ្នកលក់នៅផ្សារព្រែកជ្រៃ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

សហជីពយល់ថា កម្មករនឹងបន្តប្រឈមបញ្ហាជីវភាពនិងសុខភាព ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនឆ្លើយតបទៅនឹងការឡើងថ្លៃទំនិញទីផ្សារ ខណៈផលប្រយោជន៍មួយចំនួនរបស់កម្មករត្រូវបានបាត់បង់ ក្រោយកាត់បន្ថយថ្ងៃឈប់សម្រាក។

រដ្ឋាភិបាលកំពុងដំណើរការចរចាដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣។

អ្នកគ្រប់គ្រងកម្មវិធីការងារ​ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា តាមរបាយការណ៍សិក្សាស្រាវជ្រាវទៅលើចំណូលនិងចំណាយរបស់កម្មករ គឺរកឃើញថា កម្មករបានចំណាយខ្ពស់ជាងចំណូលដែលពួកគេទទួលបាននាពេលបច្ចុប្បន្ននេះ។

លោក ឃុន ថារ៉ូ បន្តថា បើពិនិត្យមើលលើស្ថានភាពសេដ្ឋកិច្ច និងឱនភាពតម្លៃទំនិញនៅលើទីផ្សារក្នុងឆ្នាំ២០២២នេះ ​គឺបានហក់ឡើងថ្លៃខ្ពស់ ជាពិសេសតម្លៃប្រេងសាំង និងម្ហូបអាហារ ជាដើម ដែលបញ្ហានេះ វាបានប៉ះពាល់ដល់សេចក្តីត្រូវការជាមូលដ្ឋាន និងការចំណាយប្រចាំខែរបស់កម្មករ។

មួយទៀតនោះ លោកថា ចាប់តាំងពីឆ្នាំ២០២០មក រដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់បន្ថយថ្ងៃបុណ្យឈប់សម្រាកជាបន្តបន្ទាប់ ដែលការកាត់នេះបានធ្វើឱ្យកម្មករខាតបង់ផលប្រយោជន៍ និងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគេផងដែរ ខណៈប្រាក់ឈ្នួលរបស់កម្មករដំឡើងបានតិចតួចនោះ។

លោក ឃុន ថារ៉ូ បន្តថា កម្មករបានខាតបង់ប្រាក់ជាមធ្យមប្រមាណ៩៧ដុល្លារក្នុង១ឆ្នាំ ដោយសារការកាត់បន្ថយថ្ងៃឈប់សម្រាកនេះ បើគិតក្នុងក្របខណ្ឌច្បាប់ពីមុន។

លោកបន្ថែមថា៖ «បើយើងមើលការព្យាកររបស់ធនាគារជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ការព្យាករក្នុងទំហំ ៤,៥ទៅ៥ភាគរយ នៃឱនភាពតម្លៃទំនេញទីផ្សារ។ អាហ្នឹងមានន័យថា បើសិនជាយើងគិតជាលក្ខណៈសេដ្ឋកិច្ច អ៊ីចឹងបើយើងគ្រាន់តែពិនិត្យឱនភាពទំនិញទីផ្សារទេ ប្រាក់ឈ្នួល វាគួរតែមានសមាមាត្រទៅនឹង ៤ឬ៥ភាគរយ នៃប្រាក់ឈ្នួលជាមធ្យមរបស់ពួកគាត់ដែរ ហើយបូកផ្សំជាមួយកត្តាផលិតកម្មរបស់គាត់ និងគួបផ្សំនឹងអត្ថប្រយោជន៍ផ្សេងៗរបស់គាត់ ហើយបូកបន្ថែមទៅនឹងការកាត់បន្ថយថ្ងៃឈប់សម្រាកនេះ ខ្ញុំគិតថា កម្មករគាត់គួរតែទទួលបានប្រាក់ឈ្នួលអប្បបរមាសមរម្យ យ៉ាងហោចណាស់ក៏នៅក្នុងទំហំ៣០០ដុល្លារដែរនៅក្នុង១ខែ»

មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិការងាររូបនេះបន្ថែមថា នៅពេលដែលការដំឡើងប្រាក់ឈ្នួលកម្មករមិនឆ្លើយតបទៅនឹងការឡើងថ្លៃទំនិញទីផ្សារទេ វានឹងធ្វើឱ្យកម្មករប្រឈមនឹងបញ្ហាជីវភាព ហើយកម្មករបង្ខំចិត្តធ្វើការថែមម៉ោង ដែលនឹងប៉ះពាល់ដល់សុខុមាលភាពយូរអង្វែងរបស់ពួកគេ ជាដើម។

លោក ឃុន ថារ៉ូ បន្តថា ប្រសិនជាបញ្ហានេះមិនត្រូវបានដោះស្រាយទេ វាបង្ហាញថា រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាពរស់នៅសមរម្យរបស់កម្មករដែលបានធានាដោយរដ្ឋធម្មនុញ្ញនោះទេ។

លោកបន្ថែមថា៖ «ព្រោះនៅក្នុងរដ្ឋធម្មនុញ្ញបាននិយាយច្បាស់ហើយថា រដ្ឋមានកាតព្វកិច្ចនៅក្នុងការលើកកម្ពស់នូវជីវភាពរស់នៅរបស់កម្មករនិយោជិត ទាំងប្រាក់ឈ្នួលសមរម្យ ជីវភាព សុវត្ថិភាព ដែលកម្មករនិយោជិតគាត់អាចទទួលបានសេចក្តីថ្លៃថ្នូរ រស់រានមានជីវិត ក្នុងនាមជាពលរដ្ឋខ្មែរ។ ហើយនៅក្នុងច្បាប់ស្តីពីការងាររបស់យើងក៏បាននិយាយដែរថា ប្រាក់ឈ្នួលអប្បបរមា គឺជាប្រាក់ឈ្នួលមួយដែលធានាទៅដល់សេចក្តីរស់នៅរបស់កម្មករប្រកបដោយសេចក្តីថ្លៃថ្នូរនិងសមរម្យ»

ប្រធានសហភាពការងារកម្ពុជា លោក​ អាត់ ធន់ ឱ្យដឹងថា ការចរចាប្រាក់ឈ្នួលអប្បបរមាកាលពីថ្ងៃទី២៤ ខែសីហានេះ គឺភាគីសហជីពស្នើដាក់តួលេខ២១៥ដុល្លារ និងភាគីនិយោជកស្នើដាក់តួលេខ១៩៤ដុល្លារដូចប្រាក់ឈ្នួលឆ្នាំចាស់ដដែល ខណៈភាគីរដ្ឋាភិបាលមិនទាន់បញ្ចេញតួលេខផ្លូវការនៅឡើយ។

មេសហជីពរូបនេះបញ្ជាក់ថា ភាគីសហជីពស្នើដាក់តួលេខ២១៥ដុល្លារនោះ គឺផ្អែកលើស្ថានភាពគ្រួសារកម្មករ ដែលកម្មករម្នាក់ធ្វើការចិញ្ចឹមសមាជិកគ្រួសារច្រើននាក់ និងមួយទៀតនោះផ្អែកលើការឡើងថ្លៃទំនិញផ្សេងៗនៅលើទីផ្សារ និងផលិតភាពនៃការនាំចេញទៅក្រៅប្រទេស។

លោក អាត់ ធន់ អះអាងថា នៅឆ្នាំ២០២២នេះ ការផលិតមានការកើនឡើងខ្ពស់ និងនាំចេញរហូតទៅដល់១០,១ភាគរយ ហើយការនាំចេញមានទៅអឺរុប អាមេរិក និងប្រទេសមួយចំនួនទៀតដោយរលូន ដែលលោកថា បើប្រៀបធៀបជាមួយប្រទេសក្នុងតំបន់ គឺកម្ពុជានៅតែមានសក្តានុពលដដែល។

លោកបន្ថែថា៖ «អ៊ីចឹងកម្រិតចំណេញក្នុងវិស័យនេះ បើតាមយើងរកឃើញ គឺនៅក្នុងឆ្នាំ២០២១ គឺនិយោជកចំណេញ ៧៩៣លានដុល្លារ ដែលជាចំនួនមួយច្រើន។ ហើយនៅឆ្នាំ២០២២នេះ គឺឃើញថា នឹងមានការកើនឡើងទៀត។ អ៊ីចឹងចំណែកនេះគួរតែមានការចែកផលចំណេញមកកម្មករ។ ហេតុដូច្នេះបានយើងបូកសរុបទាំងអតិផរណា ៥ភាគរយ បូកទាំងផលិតភាព ៣,៦២ភាគរយ បូកសរុបទាំងចំនួននៃការនាំចេញដែលស្មើ២១ដុល្លារ។ ហើយបើយើងយក២១ដុល្លារហ្នឹងមកបូកជាមួយ១៩៤ដុល្លារ វាស្មើនឹង២១៥ដុល្លារ។ នេះគឺជាគោលការណ៍និងទឡ្ហីករណ៍ដែលបានលើកឡើងពេលយើងចរចាជាមួយគេ»

កម្មការិនីបម្រើការងារនៅរោងចក្រ W&D នៅរាជធានីភ្នំពេញ អ្នកស្រី សោម រ៉ាវី និយាយថា ប្រាក់ឈ្នួលគោលត្រឹម១៩៤ដុល្លារនាពេលបច្ចុប្បន្ននេះ គឺអ្នកស្រីមិនអាចផ្គត់ផ្គង់ការចំណាយប្រចាំខែគ្រប់គ្រាន់ឡើយ ខណៈទំនិញនៅលើទីផ្សារបានហក់ឡើងថ្លៃខ្ពស់ និងតម្រូវការចំណាយក្នុងគ្រួសារមានច្រើន។

កម្មការិនីរូបនេះឱ្យដឹងថា អ្នកស្រីត្រូវចំណាយលើការបង់ថ្លៃសាលាឱ្យកូនរៀន ចំណាយលើការហូបចុកប្រចាំថ្ងៃ ទឹកភ្លើង បង់សងធនាគារ និងផ្តល់ជូនឪពុកម្តាយចាស់ជរានៅស្រុកកំណើតចាយវាយផងដែរ។ អ្នកស្រី សោម រ៉ាវី បន្តថា អ្នកស្រីត្រូវបង្ខំចិត្តធ្វើការងារថែមទៀត នៅតែមិនចង់គ្រប់ការចំណាយប្រចាំខែ។ អ្នកស្រីធ្វើការរហូតដល់ម៉ោង៦ល្ងាច បានលុយប្រហែល២៨០ដុល្លារប៉ុណ្ណោះក្នុងខែ។

អ្នកស្រីបន្ថែមថា៖ «ធ្វើរោងចក្រសព្វថ្ងៃ ចាយមិនគ្រប់គ្រាន់ទេ ព្រោះទំនិញនៅលើទីផ្សារថ្លៃគ្រប់សារពើ ហើយខ្ញុំជំពាក់លុយធនាគារដែរហ្នឹង ហើយត្រូវផ្គត់ផ្គង់កូនរៀនផង ផ្តល់ទៅឪពុកម្តាយខ្ញុំនៅស្រុក។ និយាយឱ្យចំ ប្រាក់ខែប៉ុណ្ណឹង វាគ្មានជួយឱ្យជីវភាពយើងបានសមរម្យទេ វាតែមួយរស់ៗទេ»

កម្មករម្នាក់ទៀតបម្រើការងារនៅរោងចក្រមួយក្នុងរាជធានីភ្នំពេញ លោក សឿង ប្រុស និយាយថា ទោះប្រាក់ឈ្នួលកម្មករឡើងដល់២១៥ដុល្លារដូចការស្នើសុំរបស់ក្រុមសហជីព ក៏មិនអាចជួយឱ្យជីវភាពកម្មកររស់បានសមរម្យដែរ ដោយសារតម្លៃទំនេញលើទីផ្សារឡើងថ្លៃ បន្ទប់ជួលមួយចំនួនបានឡើងថ្លៃផងដែរ។

កម្មកររូបនេះបន្តថា ក្នុង១ខែ លោកចំណាយលើថ្លៃម្ហូបអាហារអស់ជាង៣០ម៉ឺនរៀល បន្ទប់ជួល២០ម៉ឺនរៀល បង់សងធនាគារ និងចំណាយផ្សេងៗទៀតសរុបជាង២៥០ដុល្លារ។ លោកថា បើមិនបានធ្វើការថែមម៉ោងទេ គឺចំណាយមិនគ្រប់គ្រាន់ឡើយ។

លោកបន្ថែមថា៖ «ខ្ញុំស្នើសុំទៅរដ្ឋាភិបាល និងសមាគមនិយោជក ប្រសិនជាសហជីពបានស្នើសុំ២១៥ដុល្លារហើយ សុំផ្តល់ឱ្យកម្មករទៅ! ហើយក៏ស្នើសុំទៅសម្តេចពុកជួយអន្តរាគមន៍ឱ្យបានដល់២១៥ដុល្លារនេះផង ព្រោះដើម្បីជីវភាពសមរម្យរបស់កម្មករទេ»

វីអូឌី មិនអាចសុំការបញ្ជាក់ពីអគ្គលេខាធិការ GMAC លោក ខេន លូ និងអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទេ ពាក់ព័ន្ធករណីនេះ ប៉ុន្តែយ៉ាងណា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា កំពុងដំណើរការពិភាក្សាគ្នានៅឡើយ ជុំវិញការដំឡើងប្រាក់ជូនកម្មករសម្រាប់ឆ្នាំ២០២៣នេះ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ គឺការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៣ ត្រូវ​អនុវត្តតាមប្រតិទិន គឺ​ខែកក្កដា ឆ្នាំ២០២២ ជាការចាប់ផ្តើមពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ។ ចំណែកខែសីហា ឆ្នាំ២០២២ ជា​ការចាប់​ផ្ដើម​ពិភាក្សា​ជា​លក្ខណៈ​ទ្វេ​ភាគី និ​ង​ត្រីភាគី ខណៈ​ខែកញ្ញា ឆ្នាំ២០២២ បើក​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣។

គួរបញ្ជាក់​ថា ប្រាក់​ឈ្នួល​អប្បបរមា​​សម្រាប់​កម្មករ​វិស័យ​វាយនភណ្ឌ​កាត់​ដេរ ផលិត​ស្បែក​ជើង និង​​សម្ភារ​ធ្វើ​ដំណើរ នៅ​ឆ្នាំ២០២២នេះ​ មិន​មាន​​ការ​ដំឡើង​ឱ្យ​ពី​ភាគី​និយោជក​នោះទេ គឺ​រក្សា​ទុកត្រឹម​ ១៩២ដុល្លារ ដូចឆ្នាំ២០២១ដែរ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែម២​ដុល្លារ ដែល​ធ្វើ​ឱ្យ​ប្រាក់ឈ្នួល​កម្មករ​ឆ្នាំ២០២២ កើន​ដល់១៩៤ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ