សាច់ញាតិ​សកម្មជន​បក្សប្រឆាំង​ថា​ប្ដី​ពួកគាត់​បាន​រង​អំពើ​ហិង្សា​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង

ក្រុមស្ត្រីថ្ងៃសុក្រ ដែលជាភរិយារបស់សកម្មជនបក្សប្រឆាំងចំនួន៣រូបបានកោរសក់ នៅពីមុខការិយាល័យ​សហភាព​អឺរ៉ុប និងបន្តតាមដានញត្តិ ដើម្បីស្នើកិច្ចអន្តរាគមន៍រកយុត្តិធម៌ឱ្យសាច់ញាតិខ្លួនកំពុងជាប់ឃុំ នៅរាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សាច់ញាតិសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ អះអាងថា ប្តីរបស់ពួកគាត់ត្រូវបានគេវាយទាត់ធាក់ជាដំណំនៅក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម ក្រោយផ្ទេរចេញពីពន្ធនាគារព្រៃសកាលពីពេលថ្មីៗនេះ។

ការអះអាងនេះធ្វើឡើង ខណៈ «ក្រុមស្ត្រីថ្ងៃសុក្រ» ដែលជាភរិយារបស់សកម្មជនបក្សប្រឆាំងចំនួន៣រូបបានកោរសក់ នៅពីមុខការិយាល័យ​សហភាព​អឺរ៉ុប នៅរាជធានីភ្នំពេញ ​និងបន្តតាមដានញត្តិ ដើម្បីស្នើកិច្ចអន្តរាគមន៍រកយុត្តិធម៌ឱ្យសាច់ញាតិខ្លួនកំពុងជាប់ឃុំ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ។

ត្រូវជាភរិយារបស់សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិខេត្តព្រៃវែង អ្នកស្រី សោម ចន្ធូ បានប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា ស្វាមីគាត់ និងសកម្មជន១៤នាក់ផ្សេងទៀត ត្រូវសមត្ថកិច្ចដែលយាមក្នុងពន្ធនាគារបញ្ជាឱ្យក្រុមអ្នកជាប់ឃុំដូចគ្នាទះតប់ និងទាត់ធាក់ស្វាមីពួកគាត់ដែលមានវ័យចំណាស់ និងមានជំងឺជាប់ខ្លួនផងនោះយ៉ាងដំណំ។ អ្នកស្រីថា ពួកគាត់បានទទួលដំណឹងនេះ ពេលទៅសួរសុខទុក្ខស្វាមីក្នុងសប្ដាហ៍នេះ ខណៈស្វាមីគាត់បានត្រឹមខ្សឹបប្រាប់ប៉ុណ្ណោះ ព្រោះបារម្ភថាត្រូវគេវាយ​ទាត់ធាក់ជាថ្មីទៀត។

ពេលសួរពីដើមចមដែលនាំឱ្យរងហិង្សា អ្នកស្រីប្រាប់ថា ពួកគាត់បានទិញរបស់ហូបចុក និងសម្ភារប្រើប្រាស់ផ្ញើទៅស្វាមីនៅពន្ធនាគារត្រពាំងផ្លុង ប៉ុន្តែសមត្ថកិច្ចនៅក្នុងនោះបានប្រមូលរបស់របរទាំងនោះយកទៅដុតចោល និងតម្រូវឱ្យពួកគាត់ទិញសម្ភារនៅខាងក្នុងពន្ធនាគារវិញ។ អ្នកស្រីបន្តថា ប្តីរបស់ពួកគាត់បានតវ៉ារឿងការកម្ទេចនោះ ខណៈរបស់របរនៅខាងក្នុងពន្ធនាគារនោះមានតម្លៃខ្ពស់​ ទើបនាំឱ្យឆ្មាំពន្ធនាគារទាំងនោះមិនពេញចិត្ត។

អ្នកស្រីថា៖ «យក[របស់របរចូល]ទៅហ្នឹង ដល់ពេលហើយគេអត់ឱ្យយកចូលទេ! ដល់ពេលគាត់និយាយមួយម៉ាត់ពីរ[ម៉ាត់]ទៅ ពួកប៉ូលិសហ្នឹង គេឱ្យពួកអាជក់គ្រឿងម៉ានៅក្នុងហ្នឹង ឱ្យទៅធ្វើបាបពួកគាត់។ វាយពួកគាត់ ទះកំផ្លៀងគាត់បីបួនដៃ និយាយរួមធ្វើបាបហ្មងហ្នឹង! ទាត់គាត់បីបួនជើងទៀត! ធ្ងន់ជាងគេ[មាន]តែពូ ញ៉ែម វៀន ហ្នឹងទេ គាតបាក់ឆ្អឹងជំនី។ [មន្ត្រីក្នុងពន្ធនាគារជាអ្នកបញ្ជាឱ្យវាយ?] ប៉ូលិសយាមគុកហ្នឹង! វាមើលការខុសត្រូវនៅក្នុងហ្នឹង ហើយវាដឹងរឿងទាំងអស់ ហើយដូចយើងយកចូលទៅហ្នឹង វាដឹងហើយៗម៉េចក៏ឱ្យវាយអ៊ីចឹង! ដល់អ៊ីចឹងខ្ញុំឆ្ងល់ ហួសពីឆ្ងល់មែន»។

អ្នកស្រី សោម ចន្ធូ បន្ថែមថា គាត់មានក្ដីបារម្ភណាស់ថានឹងអាចមានការប្រើហិង្សាលើស្វាមីពួកគាត់បន្តទៀត។

យ៉ាងណា ភរិយាសកម្មជនបក្សប្រឆាំង​រូបនេះថា គាត់និងក្រុមស្ត្រីថ្ងៃសុក្រដទៃទៀតនឹងដាក់ពាក្យប្ដឹងទាមទារយុត្តិធម៌ឱ្យស្វាមី បើទោះជីវភាពលំបាកយ៉ាងណាក៏ដោយ។

វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃ​ក្រសួងមហាផ្ទៃ លោក នុត សវនា បានទេ នៅថ្ងៃសុក្រនេះ។ ចំណែកអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក សន កែវ សូមមិនធ្វើអត្ថាធិប្បាយ ដោយថាលោកជាប់រវល់។

នាយកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អង្គការលោកក៏ទទួលបានព័ត៌មានថា សកម្មជនបក្សប្រឆាំងជាប់ឃុំដែលផ្ទេរទៅពន្ធនាគារត្រពាំងផ្លុងនោះ បានរងហិង្សាក្នុងពន្ធនាគារដែរ។

យ៉ាងណា លោកថា នៅពុំទាន់បានទទួលព័ត៌មានលម្អិតច្បាស់លាស់បន្ថែមទៀតនៅឡើយ។

បើទោះជាបែបនេះក្ដី លោកជំរុញឱ្យស្ថាប័នជំនាញស៊ើបអង្កេតដោយតម្លាភាព ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះតាមច្បាប់ បើករណីមានអំពើហិង្សាកើតឡើងមែននោះ។

លោកថា៖ «ទោះបីជាអ្នកវាយហ្នឹងជាអ្នកណាក៏ដោយ អ្នកបង្កឱ្យមានរបួសស្នាម ឬក៏បង្កឱ្យមានហិង្សាហ្នឹង អ្នកណាក៏ដោយ! ហើយអ្នកដែលពាក់ព័ន្ធ ក៏ត្រូវអនុវត្តទៅតាមផ្លូវច្បាប់ដែរ ពីព្រោះគាត់ជាប់ពន្ធនាគារ ក៏គាត់មានសិទ្ធិដូចពលរដ្ឋដទៃ មិនត្រូវបានទទួលការវាយដំ មិនត្រូវបានទទួលការធ្វើទារុណកម្មចំពោះគាត់ដែរ។ ហើយបើយើងមិនមានចំណាត់ការផ្លូវច្បាប់ក្នុងការស៊ើបអង្កេត ហើយយកអ្នកដៃដល់ ឬក៏អ្នកដែលពាក់ព័ន្ធមកអនុវត្តតាមផ្លូវច្បាប់ទេ អាហ្នឹងវាបង្កនូវវប្បធម៌និទណ្ឌភាពអាក្រក់ ដែលបន្តឱ្យមានអំពើហិង្សានេះតទៅទៀត»។

បើតាមមន្ត្រីសង្គមស៊ីវិលរូបនេះថា សាច់ញាតិជនរងគ្រោះមានសិទ្ធិប្តឹងតាមនីតិវិធី ដើម្បីរកយុត្តិធម៌ និងកុំឱ្យអំពើនេះកើតឡើងជាថ្មីទៀត។

កាលពីថ្ងៃទី២១ ខែសីហា សមត្ថកិច្ចបាន​ផ្ទេរសកម្មជនបក្សប្រឆាំង​​​ចំនួន១៤នាក់ ក្នុងចំណោមអ្នកជាប់ឃុំផ្សេងទៀត ចេញពីពន្ធនាគារព្រៃស ទៅកាន់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្បែរព្រំដែនវៀតណាម ដោយគ្រួសារនិងមេធាវីអះអាងថាមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ និងមិនបានជូនដំណឹងដល់ពួកគេឡើយ។ ​

សាច់ញាតិសកម្មជនគណបក្សសង្គ្រោះជាតិ​ បានបង្ហាញការព្រួយបារម្ភពីបញ្ហាសុខភាពសាច់ញាតិរបស់ពួកគេ ក្រោយពួកគាត់ចាត់ទុកការផ្ទេរស្វាមីគាត់ទៅពន្ធនាគារត្រពាំងផ្លុង ក្បែរព្រំដែនវៀតណាម ថាជាការគំរាមកំហែងផ្នែកនយោបាយ និងធ្វើទុក្ខបុកម្នេញកាន់តែធ្ងន់ធ្ងរមួយកម្រិតទៀតដល់ស្វាមីពួកគាត់ ជាពិសេសធ្វើឱ្យគាត់កាន់តែជួបបញ្ហាប្រឈមច្រើនក្នុងការធ្វើដំណើរទៅសួរសុខទុក្ខស្វាមី ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ