សមត្ថកិច្ច​សង្គ្រោះ​ជន​បរទេស​ដែល​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​​ជិត​១០០០​​នាក់​​​រយៈពេល​៨​ខែ​ដើម​ឆ្នាំ​​នេះ

ជនជាតិចិនចំនួន២៨នាក់ (ស្រី២នាក់) ដែលត្រូវបានគេជួញដូររត់ពន្ធដោយខុសច្បាប់ ក្រោយធ្វើការឃាត់ខ្លួនកាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង)

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានឱ្យដឹងថា រយៈពេល​ ៨ខែ ឆ្នាំ២០២២នេះ ​សមត្ថកិច្ចបានសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរ និងរត់ពន្ធមនុស្ស​ជិត ១ ០០០នាក់ ​ខណៈ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អំពាវនាវឱ្យសាធារណជន​ និងភាគីពាក់ព័ន្ធបន្តសហការផ្តល់ព័ត៌មានទាក់ទងនឹងអំពើជួញដូរមនុស្សបន្ថែមទៀត។

​កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានបង្ហាញរបាយការណ៍ទាក់ទង​ការជួញដូរនិងរត់ពន្ធមនុស្ស ​គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែ​សីហា ឆ្នាំ២០២២នេះ។ លោកបន្តថា រយៈពេលជិត៨ ខែមកនេះ ​សមត្ថកិច្ចកម្ពុជា បានរកឃើញនិងជួយសង្គ្រោះជនបរទេសចំនួន ៨៧ករណី ស្មើប្រមាណ ៨៦៥នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៧ករណី ដែលមានជនសង្ស័យ​ចំនួន៦០នាក់។

​សេចក្តីអំពាវនាវដដែលបន្តថា នៅសប្តាហ៍ទី៤ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះជនរងគ្រោះបានចំនួន២៥នាក់(មាន៦សញ្ជាតិ) សរុបចំនួ​ន ៧ករណី និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៣នាក់(មាន៤សញ្ជាតិ) នៅក្នុងខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ ហើយនៅមានករណីសេសសល់បន្ថែមទៀតដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីសង្គ្រោះនិងបង្រ្កាប។

ពាក់ព័ន្ធ​ករណីជួញដូរនិងរត់ពន្ធមនុស្សនេះ​ដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឱ្យដឹងថា ជនបរទេសមួយចំនួនធំត្រូវបានក្រុមឧក្រិដ្ឋជនដែលមានមេខ្លោងនៅក្នុងប្រទេសរបស់ខ្លួន និងមានបក្ខពួកនៅកម្ពុជាប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដើម្បីឆបោកឱ្យឆ្លងដែនខុសច្បាប់ចូលមក​កម្ពុជា។

ការឆបោកទាំងនោះ ដោយពួកគេសន្យាផ្តល់ការងារដែលទទួលបានប្រាក់ឈ្នួលខ្ពស់ ប៉ុន្តែជនទាំងនោះត្រូវបានចាត់ឱ្យបម្រើការងារល្បែងស៊ីសងអនឡាខុសច្បាប់។ ជាមួយគ្នានេះ ពួកគេក៏បានក្លាយជាជនរងគ្រោះនៃអំពើជួញដូរនិងរត់ពន្ធមនុស្សនេះ ហើយត្រូវបានផ្ទេរឬលក់បន្តពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀត ឬពីក្រុមមួយទៅក្រុមមួយទៀត ​ដោយមិនមានការព្រមព្រៀងពីសាមីខ្លួន។ ប្រភពដដែលថា ករណីខ្លះជនរងគ្រោះត្រូវរងអំពើហិង្សា និងការគំរាមកំហែងប្រសិនបើមិនធ្វើតាមការបង្គាប់បញ្ជារបស់ក្រុមឧក្រិដ្ឋជន។

បញ្ហានេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវដល់សាធារណជនជាតិនិងអន្តរជាតិ ស្ថាប័នតំណាងបរទេស សមត្ថកិច្ចនិងបណ្តាភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់និងបង្ក្រាបបានទាន់ពេលវេលា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ