រដ្ឋបាល​ខេត្ត​ព្រះវិហារ​ប្រាប់​ពលរដ្ឋ​រស់​នៅ​តាម​ដង​ស្ទឹង​សែន​​ប្រុង​ប្រយ័ត្ន​​ជំនន់​ទឹក​ភ្លៀង

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា​ស្តីពីប្លង់គោល​ប្រើប្រាស់​ដីក្នុងក្រុងព្រះវិហារ គម្រោងចំណូល-​ចំណាយថវិកាសម្រាប់គ្រប់គ្រងឆ្នាំ២០២៣ បទល្មើសព្រៃឈើ ធនធានរ៉ែ និងការចុះបញ្ជីទ្រព្យ​សម្បតិរដ្ឋ​ដែល​មាន​ក្នុងបញ្ជីសារពើភណ្ឌ នៅសាលប្រជុំសាលាខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះវិហារ)

រដ្ឋបាលខេត្តព្រះវិហារ អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែន និងតាមមាត់ទន្លេមេគង្គ​ ដែលជាតំបន់ងាយរងគ្រោះដោយទឹកជំនន់ ត្រូវប្រុងប្រយ័ត្ន និងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ជៀស​វាងកើតមាននូវគ្រោះថ្នាក់ផ្សេងៗចាប់ពីចុងខែសីហានេះទៅ។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងកាលពីថ្ងៃទី២៧ ខែសីហា​ថា ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករស្ដីពីស្ថានភាពអាកាសធាតុជ្រលងសម្ពាធទាបឥណ្ឌា នឹងរំកិលចុះមកជាមួយនឹងសម្ពាធ(ITCZ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាបស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីកម្រិតកម្ពស់មធ្យមទៅបង្គួរ ។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យខេត្តព្រះវិហារ ទទួលរងភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំងជាប់គ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលធ្វើឱ្យទឹកស្ទឹងសែនហក់ឡើងខ្លាំងលើសពីកម្រិតប្រកាសអាសន្ន ។ គិតត្រឹមថ្ងៃទី២៧ ខែសីហាឆ្នាំ២០២២ នេះស្ទឹងសែនមានកម្ពស់ ១១.៦០ម៉ែត្រ លើសពីកម្រិតប្រកាសអាសន្ន០.១០ម៉ែត្រ។

ករណីនេះ រដ្ឋបាលខេត្តព្រះវិហារ អំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ជាពិសេសអ្នកដែលកំពុងរស់នៅតាមដងស្ទឹងសែន តាមមាត់ទន្លេមេគង្គ និងពលរដ្ឋរស់នៅតំបន់ងាយរងគ្រោះដោយសារទឹកជំនន់ ​ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះមហន្តរាយជាយថាហេតុ ត្រូវប្រុងប្រយ័ត្ន និងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ជៀសសវាងកើតមាននូវគ្រោះថ្នាក់ផ្សេងៗ។

រដ្ឋបាលខេត្តព្រះវិហារ បង្ហាញការជឿជាក់ថា ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តនិងប្រុងប្រយ័ត្ន  ហើយបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ថានភាពកម្ពស់ទឹកស្ទឹងសែន និងទឹកទន្លេ​ ដែលកំពុងហក់ឡើងជាបន្តបន្ទាប់នោះផងដែរ។

បន្ថែមពីនេះ រដ្ឋបាលខេត្តក៏ស្នើទៅប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរដែនដីក្នុងការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុផ្សេងៗដែលបណ្ដាលមកពីជំនន់ទឹកភ្លៀងនាពេលនេះ ឱ្យមានប្រសិទ្ធភាព ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ