ស្ថានទូត​ហ្វីលីពីន​ស្នើ​ឱ្យ​ជួយ​សង្រ្គោះ​ពលរដ្ឋ​របស់​ខ្លួន​ចំនួន​៤នាក់​ដែល​ត្រូវ​បាន​បង្ខាំង​ទុក​ក្នុង​កាស៊ីណូ​មួយ​កន្លែង​ក្នុង​ខេត្តកោះកុង

រូបខាងឆ្វេងបង្ហាញពីទីតាំង Long Bay Duty Free Shop និងសណ្ឋាគារកាស៊ីណូ Long Bay យកចេញពីការបង្ហោះនៅលើគេហទំព័ររបស់ក្រុមហ៊ុន Zheng Heng Group ចំណែករូបភាពនៅខាងស្ដាំគឺជារូបថតនៃអគារដូចគ្នា។ (ផ្ដល់ឱ្យ)

នគរបាលបាននិយាយថា ពលរដ្ឋហ្វីលីពីនចំនួន៤នាក់ដែលត្រូវបានស្ថានទូតហ្វីលីពីនស្នើសុំឱ្យជួយសង្រ្គោះកាលពីដើមខែនេះ លែងនៅទីតាំងក្រុមហ៊ុន​ ​«យូញៀន ឌីវីឡុបមិន គ្រុប – Union Development Group (UDG)» ខេត្តកោះកុងទៀតហើយ នៅពេលមន្រ្តីនគរបាលទៅដល់។

លិខិតរបស់ស្ថានទូតហ្វីលីពីន ផ្ញើជូនអាជ្ញាធរកម្ពុជា ចុះថ្ងៃទី៨ ខែសីហា បានឱ្យដឹងថា ពលរដ្ឋហ្វីលីពីនចំនួន៤នាក់ត្រូវបានបង្ខាំងនៅជាន់ទី៤ នៃកាស៊ីណូ Long Bay ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង។ តាមរយៈលិខិតនោះ ​ស្ថានទូតបាន​ឱ្យដឹង​ថា​ ពលរដ្ឋហ្វីលីពីនទាំងនោះត្រូវ​បាន​តម្រូវ​ឱ្យ​បង់​ប្រាក់​ច្រើន​ ដើម្បី​អាចចេញពីក្រុមហ៊ុន។

ការបង្ខាំងទុកនេះហាក់ដូចជារូបភាពនៃពលកម្មដោយបង្ខំ និងការជួញដូរមនុស្ស ដែលជនបរទេសត្រូវបានបញ្ឆោតឱ្យមកប្រទេសកម្ពុជា បន្ទាប់មកត្រូវបានបង្ខំឱ្យប្រព្រឹត្តអំពើឆបោកតាមអ៊ីនធឺណិតជាសកល ឬប្រឈមមុខនឹងអំពើហិង្សា។

អ្នក​នាំពាក្យ​នគរបាល​ខេត្ត​កោះកុង លោក ស សារ៉ាត់ មាន​ប្រសាសន៍​ថា កម្លាំង​របស់​លោក​បាន​ទទួល​លិខិតពីស្ថានទូត​ហ្វីលីពីន​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី១០ ដល់​ថ្ងៃ​ទី១៧ ខែ​សីហា។ លោក​បាន​ថ្លែង​នៅ​ថ្ងៃ​ទី២០ ខែ​សីហា​ ថានគរបាល​នៅ​តែបន្ត​ធ្វើ​ការ​លើ​ករណី​នេះ​នៅ​ពេល​នោះ។

លោក ស សារ៉ាត់ បាននិយាយកាលពីថ្ងៃសុក្រថា ចាប់តាំងពីពេលនោះមក មន្ត្រីនគរបាលបានចូលទៅកាន់កាស៊ីណូ ដែលមានទីតាំងស្ថិតនៅក្នុងគម្រោងក្រុមហ៊ុន យូញៀន ឌីវីឡុបមិន គ្រុប (UDG) ដែលមានភាពចម្រូងចម្រាស ប៉ុន្តែមិនឃើញជនរងគ្រោះឡើយ។

លោកបន្តថា៖ «ករណីនេះបានបញ្ចប់ហើយ។ ក្រុមការងារ​​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​នោះ ហើយ​បាន​រក​ឃើញ​ថា ជនរងគ្រោះបាន​ចាកចេញ​មុន​យើង​ទៅ​ដល់​ទីនោះ»។

លោក​បាន​បដិសេធ​ថា​មិន​មាន​ការ​បង្ខាំងមនុស្សទុកឡើយ ដោយនិយាយថាមិនមាន​ការ​ជួញ​ដូរ​មនុស្សនោះទេ ​បើ​ទោះ​បី​ជាកាលពីពេល​ថ្មីៗ​នេះ ​មន្ត្រី​ថ្នាក់​ជាតិបានទទួលស្គាល់ពីស្ថានការណ៍ជួញដូរមនុស្ស​ក៏​ដោយ។

លោកបន្ថែមថា៖ «គ្មាន​ការ​បង្ខាំងអ្នកទាំង៤នោះ​ទេ។ ពួក​គេ​មក​ធ្វើ​ការ ហើយ​ឥលូវ​បាន​ចាក​ចេញហើយ»។

ស្ថានទូតហ្វីលីពីន មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះឡើយ។

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម VnExpress នគរបាលវៀតណាមបាននិយាយអំពីការលំបាកក្នុងការធានាការជួយសង្គ្រោះពលរដ្ឋរបស់ខ្លួនដែលចាញ់បោកគេ និងជាប់នៅក្នុងប្រទេសកម្ពុជា។

ដោយស្រង់សម្តីរបស់លោក ឃុង ង៉ុកអាញ់ (Khong Ngoc Oanh) រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈវៀតណាម សារព័ត៌មាន​ដដែលនេះ​បាន​រាយការណ៍ថា មនុស្ស​រាប់​ពាន់​នាក់​ប្រហែល​ជា​ត្រូវ​បាន​រត់ពន្ធ​មក​ប្រទេស​កម្ពុជាដើម្បីជួញដូរ។ លោក ង៉ុកអាញ់ បាន​បន្ត​ថា ប៉ុន្តែ​មានការលំបាកក្នុងការចូលទៅកាន់ទីតាំងឆបោកនៅ​កម្ពុជា​។

ទីភ្នាក់ងារសារព័ត៌មាន VnExpress បានរាយការណ៍ថា នៅក្នុងឆមាសទីមួយឆ្នាំនេះ ពលរដ្ឋវៀតណាមចំនួន២៥០នាក់ដែលចាញ់បោកគេទៅធ្វើការដោយខុសច្បាប់នៅកម្ពុជា ត្រូវបានជួយសង្គ្រោះ៕


បកប្រែ និងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Filipinos Who Sought Rescue in Koh Kong Not There When Police Arrived

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ